ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូត្រ ប៊ុ​ន​ធី ត្រៀម​កណ្ដាប់ដៃ​បំបាក់​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​អន្តរជាតិ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១៧ កុម្ភៈ ស្អែក​នេះ ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​នៅ​បន្ត​បើក​ការ​ប្រដាល់​ជា​លក្ខណៈ​អន្តរជាតិ នៅ​ក្នុង​ទីតាំង​របស់​ខ្លួន​ដែល​ស្ថិត​នៅ​ព្រែក​កំ​ពិស​ម្ដុំ​ព្រែក​ហូរ​ជាយ​រាជធានី​ភ្នំពេញ​កាន់តែ​មានការ​ចាប់អារម្មណ៍ បន្ទាប់​ពី​សង្វៀន​នេះ​ទើប​ជម្រើស​បាន​ជើងឯក​ក្នុង​ចំណោម​៣២​រូប ហើយ​បន្ត​បើក​រេញ​ប្រកួត​ជ្រើសរើស​ជើងឯក​រដូវ​កាល​ថ្មី…

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១៧ កុម្ភៈ ស្អែក​នេះ ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​នៅ​បន្ត​បើក​ការ​ប្រដាល់​ជា​លក្ខណៈ​អន្តរជាតិ នៅ​ក្នុង​ទីតាំង​របស់​ខ្លួន​ដែល​ស្ថិត​នៅ​ព្រែក​កំ​ពិស​ម្ដុំ​ព្រែក​ហូរ​ជាយ​រាជធានី​ភ្នំពេញ​កាន់តែ​មានការ​ចាប់អារម្មណ៍ បន្ទាប់​ពី​សង្វៀន​នេះ​ទើប​ជម្រើស​បាន​ជើងឯក​ក្នុង​ចំណោម​៣២​រូប ហើយ​បន្ត​បើក​រេញ​ប្រកួត​ជ្រើសរើស​ជើងឯក​រដូវ​កាល​ថ្មី ។

កីឡាករ សូត្រ ប៊ុ​ន​ធី បាន​ក្លាយជា​សមាស​ភាព​របស់​កម្ពុជា​តែ​មួយ​រូប​គត់​ដែល​នឹង​ប្រកួត
ជាមួយ​កីឡាករ​ថៃ ខណៈ​ដែល​ការ​ប្រកួត​ទាំង​មូល​ក៏​មានការ​ប្រកួត​ជម្រុះ​ជើងឯក​វគ្គ​ថ្មី​រវាង​កីឡាករ​ខ្លាំង​ៗ៤​រូប​សម្រាប់​ការ​ជម្រុះ​រដូវ​កាល​ទី​២​ក្នុង​ស​ប្ដា​ហ៍​ទី​៥​ផង​ដែរ ដើម្បី​បន្ត​ស្វែងរក​ជើង​ខ្លាំង​ឱ្យ​គ្រប់​១៦​រូប​ក្នុង​ចំណោម​៣២​រូប ដើម្បី​បញ្ចប់​ការ​ប្រកួត​ជុំ​ទី​១​។

ការ​ប្រកួត​ដែល​នឹង​ចាប់ផ្ដើម​ធ្វើ​ពី​ម៉ោង​៥ ល្ងាច​នៅ​ព្រែក​កំ​ពិស​នេះ មានការ​រំពឹង​ខ្ពស់​មិន
ខុស​ពី​ការ​ប្រកួត​អន្តរជាតិ​មុន​ៗ​នោះ​ទេ ដោយ​សារ​តែ​ភាព​ជាក់ស្ដែង​គឺ​ព្រឹត្តិការណ៍​ដំណើរ​​ការ​ចំ​ពេល​ល្ងាច​ថ្ងៃ​សម្រាក ដែល​ជា​ថ្ងៃ​មនុស្ស​ម្នា​នៅ​តំបន់​ព្រែក​កំ​ពិស​និយម​មក​ទស្សនា​កកកុញ​ស្របគ្នា​នៅ​តំបន់​ប៉ុស្ដិ៍​លេខ​៥​ក៏​មាន​កំណើន​អ្នក​រស់នៅ​ច្រើន​ក្រោយ​មាន​វត្តមាន​សំណង់​បុរី​ព្រោងព្រាត​ប្រដេញ​គ្នា ។ កីឡាករ​កម្ពុជា​និង​ថៃ​២​រូប គឺ​សូត្រ ប៊ុ​ន​ធី និង​ជើង​ខ្លាំង​មក​ពី​ប្រទេស​ថៃ​ឈ្មោះ Pich Thang នឹង​ក្លាយជា​គូប្រកួត​​ស៊ីសាច់​ហុត​ឈាម​ជាមួយ​គ្នា​នៅ​ក្នុង​ថ្ងៃ​នោះ ។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា នៅ​ក្នុង​ថ្ងៃ​នោះ​កីឡាករ​កម្ពុជា​ចំនួន​៤​រូប​ក៏​ត្រូវ​ប៉ះ​គ្នា​ក្នុង​លក្ខណៈ​ជម្រុះ​ចាញ់​ធ្លាក់​ៗ​សម្រាប់​ស​ប្ដា​ហ៍​ទី​៥​ផង​ដែរ ទើប​មាន​អ្នក​ទស្សនា​ភាគច្រើន​យល់​ថា វត្តមាន​របស់​កីឡាករ​ទាំង​កម្ពុជា និង​ថៃ មិន​ថា​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ឬ​ការ​ប្រកួត​ជា​លក្ខណៈ​ជម្រុះ​យក​អ្នក​ខ្លាំង​ទៅ​ប្រកួត​យក​ជើងឯក ពិតជា​ធ្វើ​ឱ្យ​អ្នក​ស្នេហា​វិស័យ​ប្រដាល់​ចាប់អារម្មណ៍​។

លោក​អះអាង​ថា បើ​ទោះជា​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​មានការ​ចាប់អារម្មណ៍​រួច​ជា​ស្រេច ក៏​ប៉ុស្តិ៍​លេខ​៥​នៅ​តែ​បាន​បញ្ចូល​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​មួយគូ​ៗ​ដើម្បី​ឱ្យ​រឹតតែ​ទាក់ទាញ​ផង​ដែរ ។ វត្តមាន​របស់​សមាសភាព​គូ​អន្តរជាតិ ក៏​ត្រូវ​បាន​សម្រាំង​យ៉ាង​ពិសេស​ផង​ដែរ ដើម្បី​ឱ្យ​អ្នក​ទស្សនា​កាន់តែ​កន្ត្រាក់​អារម្មណ៍​នៅ​ពេល​កីឡាករ​ប្រកួត​គ្នា។ លោក​បញ្ជាក់​ថា សមាស​ភាព​ខាង​កម្ពុជា​សម្រាប់​ការ​ប្រកួត​ជាមួយ​ថៃ​លោក​ជឿជាក់​ខ្លាំង​លើ​កីឡាករ សូត្រ ប៊ុ​ន​ធី ដោយសារ​តែ​កីឡាករ​រូប​នេះ​ធ្លាប់​បាន​ឡើង​ប្រកួត​នៅ​លើ​សង្វៀន​អន្តរជាតិ​របស់​ប៉ុស្តិ៍​លេខ​៥​ច្រើន​លើក​មក​ហើយ តែងតែ​ធ្វើ​ឱ្យ​រញ្ជួយ និង​ទាក់ទាញ​ដល់​អ្នក​ទស្សនា ។

លោក​ប្រកាស​ថា វត្តមាន​ចុះ​មក​របស់​កីឡាករ​ថៃ Pich Thang មាន​តែ​សូត្រ ប៊ុ​ន​ធី​ប៉ុណ្ណោះ ដែល​លោក​ចាត់​ទុក​ថា​មានបទពិសោធន៍ និង​មាន​សមត្ថភាព​គ្រប់គ្រាន់​អាច​ឱ្យ​ប្រកួត​ជាមួយ ។ លោក​ក៏​បាន​កំណត់​ឱ្យ​កីឡាករ​កម្ពុជា​រូប​នេះ ហ្វឹកហាត់​ជាប់​លាប់​មិន​តិច​ជាង​១​ស​ប្ដា​ហ៍​ផង​ដែរ​មុន​ពេល​ផ្គូផ្គង ទើប​លោក​យល់​ថា​សមាសភាព​របស់​កីឡាករ​កម្ពុជា​រូប​នេះ​គ្រប់គ្រាន់​សម្រាប់​ឱ្យ​ប៉ុស្តិ៍​លេខ​៥​ដាក់​ឱ្យ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​នៅ​ថ្ងៃ​សៅរ៍​នេះ​បាន ។ លោក​ថា កីឡាករ​កម្ពុជា និង​ថៃ​សុទ្ធតែ​ត្រូវ​បាន​អះអាង​ថា មានការ​ត្រៀម​ខ្លួន​ច្បាស់លាស់ ដោយសារ​តែ​ភាគី​ម្ខាង​ៗ​ចង់​ឈ្នះ​ការ​ប្រកួត​រៀងខ្លួន និង​មិន​ចង់​បាត់បង់​ក្រេ​ឌី​ត​ក្រោយ​ពេល​ប៉ះ​គ្នា ។ មួយគូ​នេះ មានការ​ចាប់អារម្មណ៍​ភាគច្រើន​ថា​នឹង​មាន​អ្នក​ស្នេហា​វិស័យ​ប្រដាល់​ជក់ចិត្ត​ដោយសារ​ជា​បទ​ពិសោធន៍ កីឡាករ សូត្រ ប៊ុ​ន​ធី មិនសូវ​មាន​ទម្លាប់​ឡើង​វាយ​លាក់​ដៃ​ស្រាប់​ទៅ​ហើយ​។

លោក សេង ក​ដិ​កា បន្ត​ថា ជំនួប​អន្តរជាតិ​ដែល​បាន​ធ្វើ​ឡើង​នៅ​ប៉ុស្តិ៍​លេខ​៥ មិនមែន​សុទ្ធតែ​រន្ថើន​ព្រឹត្តិការណ៍​ជើងឯក​ឱ្យ​អ្នក​ទស្សនា​កាន់តែ​មាន​អារម្មណ៍​កញ្ជ្រោល​នោះ​ទេ ប៉ុន្តែ​សម្រាប់​ជំនួប​រវាង​សូត្រ ប៊ុ​ន​ធី និង​កីឡាករ​ថៃ Pich Thang គឺ​លោក​ជឿជាក់​ដោយ​សារ​កីឡាករ​ថៃ​លោក​ស្គាល់​ថ្វីដៃ​ច្បាស់ ហើយ កីឡាករ​កម្ពុជា​ក៏​ល្អ​ស្ថិត​ក្នុង​ទំនុកចិត្ត​លោក តាំងពី​មុន​ផ្គូផ្គង ។ បើ​ទោះជា​កីឡាករ​កម្ពុជា​ត្រូវ​ប្រឈម​នឹង​កីឡាករ​ថៃ​ជា​គូ​ប្រកួត ដែល​ជា​កីឡាករ​ល្អ ក៏​លោក​នៅ​តែ​ប្រកាស​ថា សូត្រ ប៊ុ​ន​ធី មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​តតាំង និង​មាន​សង្ឃឹម​ឈ្នះ​ច្រើន​ផង​ដែរ ។ ជំនួប​រវាង​ពួក​គេ​លោក​នៅ​តែ​ថា​មិនមែន​ជា​រឿង​ចៃដន្យ និង​មិនមែន​ជា​រឿង​ធម្មតា ដោយសារ​មានការ​ព្រៀង​ទុក​ពី​សំណាក់​រូប​លោក​ដែល​ជា​អ្នក​ផ្គូផ្គង​នៅ​ប៉ុស្តិ៍​លេខ​៥ និង​ការ​រៀបចំ​ទុក​ពី​សំណាក់​អ្នកដឹកនាំ​កីឡាករ​ថៃ​មក​តែ​ម្ដង ។

លោក​ថា មួយគូ​នេះ អ្នក​ណា​ឈ្នះ​ក្រៅពី​ទទួល​បាន​ទឹកប្រាក់​ច្រើន​ជាង​ក៏​ទទួល​បាន​ទំនុកចិត្ត​ពី​អ្នកគាំទ្រ​កាន់តែ​ខ្លាំង​ផង​ដែរ ។ ផ្ទុយ​ទៅ​វិញ បើ​ចាញ់​ការ​ប្រកួត​ហើយ​ជា​កីឡាករ​កម្ពុជា​ទៀត គឺ​មិន​ត្រឹមតែ​អាម៉ាស់​ប៉ុណ្ណោះ​ទេ​ក៏​នឹង​មានការ​រិះគន់​ធ្ងន់ធ្ងរ​នៅ​ក្នុង​ស្រទាប់​អ្នក​ចូល​ចិត្ត​កីឡា ព្រោះតែ​ថា​ប្រកួត​លែង​កើត ឬ​ធ្លាក់ដៃ​។ យ៉ាងណាមិញ លោក​ថា កីឡាករ​កម្ពុជា ដ្បិតថា​រូប​លោក និង​អ្នកគាំទ្រ​ទុកចិត្ត​ពី​សមត្ថភាព​យ៉ាងហ្នឹង​តែបើ​គេ​ប្រកួត​មិនល្អ ឬ​មិន​អស់ពី​សមត្ថភាព ក៏​ពិតជា​រង​ការ​រិះគន់​មិន​តិច​ដែរ ។ លោក​ថា ជំនួប​របស់​ពួក​គេ​ត្រូវ​បាន​ដាក់​យ៉ាង​ពិសេស​សម្រាប់​ថ្ងៃ​សៅរ៍​ស​ប្ដា​ហ៍​នេះ តែ​ក៏​ទាមទារ​ឱ្យ​ប្រឹងប្រែង​ណាស់​ដែរ គឺ​មិន​អាច​សំអាង​ត្រឹម​ថា​ជា​កីឡាករ​ល្បី​ស្រាប់ មានការ​គាំទ្រ​ស្រាប់ ហើយ​ក៏​ខ្វះ​ការ​ប្រឹង​ប្រឹង​នោះ​ទេ​។

លោក​នៅ​តែ​ចាត់​ទុក​ថា សូត្រ ប៊ុ​ន​ធី នៅ​ល្អ និង​មានការ​គាំទ្រ​នៅ​លើ​សង្វៀន​ប្រដាល់​អន្តរជាតិ ទើប​លោក​ជឿ​លើ​សមត្ថភាព​ពូកែ​គេច និង​ពូកែ​វាយ​សន្ធាប់​របស់​គេ​ហើយ​ឈាន​ដល់​ការ​ផ្គូផ្គង​ឱ្យ​ប៉ះ Pich Thang ក្នុង​ស​ប្ដា​ហ៍​នេះ​។

សម្រាប់​ការ​ប្រកួត​៤​នាក់​ជា​លក្ខណៈ​មិត្តភាព​ដែល​ជា​ការ​ជម្រុះ​ជើងឯក​វគ្គ​ថ្មី​នៅ​ស​ប្ដា​ហ៍​ទី​៥​នេះ​វិញ លោក​ថា​នឹង​មាន​វត្តមាន​សុទ្ធសឹងតែ​ជា​កីឡាករ​ល្អ​ៗ​នៅ​ក្នុង​ពិភព​ប្រដាល់​តែ​ម្ដង​ប៉ះ​គ្នា ដោយសារ​ក្នុង​ចំណោម​សមាសភាព​ថ្មី​ទាំង​៣២ គឺ​លោក​បាន​ដាក់​ចម្រុះ​កីឡាករ​ជើង​ចាស់ និង​កីឡាករ​ល្អ​ៗ ដែល​ធានា​ថា​នឹង​ទាក់ទាញ​មិន​ចាញ់​ការ​ប្រកួត​អន្តរជាតិ​ដែល​បាន​សម្រិតសម្រាំង​ឡើយ ។ លោក​បញ្ជាក់​ថា ការ​ប្រកួត​លើក​នេះ ក៏​មិន​ខុស​ពី​រូបមន្ត​ដែល​ធ្លាប់​បាន​ធ្វើ​នោះ​ទេ គឺ​អ្នក​ឈ្នះ​បាន​ឡើង​វគ្គ​បន្ត ហើយ​សម្រាប់​អ្នក​ចាញ់​គឺ​ធ្លាក់​ហាលអាវ ។ លោក​អះអាង​ថា​ ការ​ប្រកួត​របស់​លោក គឺ​មិន​មាន​អ្នក​ឈ្នះ​ក្នុង​វគ្គ​ណាមួយ​ដោយ​គ្មាន​ការ​ប្រឹងប្រែង​នោះ​ទេ ដោយ​លោក​បញ្ជាក់​ថា អ្នក​បាន​ឡើង​អង្គុយ​​កៅអី​៤​នាក់​បើក​ឆាក​ក្នុង​វគ្គ​១៦​នាក់​សម្រាប់​ស​ប្ដា​ហ៍​ទី​១ ទី​២ និង​ទី​៤​មុន​នេះ បាន​ឡើង​ទាំង​វេទនា​នោះ​ផង ។

លោក​ថា ការ​ប្រកួត​ចាញ់​ធ្លាក់​ៗ​សុទ្ធតែ​ទាមទារ​ឱ្យ​កីឡាករ​ម្នាក់​ៗ​ត្រៀមខ្លួន​ខុស​ពី​ការ​ប្រកួត​តាម​របៀប​សន្សំ​ពិន្ទុ ដោយសារ​តែ​អ្នក​មិន​ខំប្រឹង​ប្រែង គឺ​ដឹង​តែ​ធ្លាក់​ហើយ​បាត់​ឱកាស ដែល​តម្រូវ​ឱ្យ​អ្នក​មានមុខ​ឡើង​ប្រកួត​ត្រូវ​តែ​ប្រកួត​ប្ដូរ​មិន​ខ្វល់​ពី​គ្រោះថ្នាក់ និង​លាក់​ថ្វីដៃ ពោល​គឺ​ធ្វើ​យ៉ាងម៉េច​ឱ្យ​តែ​ឈ្នះ​។

ទន្ទឹម​នឹង​ការ​ប្រកួត​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ក៏​មានការ​ប្រកួត​​ជា​លក្ខណៈ​អន្តរជាតិ​ផង​ដែរ ទាំង​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ មិន​ខុស​ពី​ស​ប្ដា​ហ៍​កន្លង​ទៅ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ