ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​នៅ​ស្ទឹង​ត្រែង​បារម្ភ​ពី​ទីផ្សារ ខណៈ​ទិន្នផល​កសិកម្ម​កើនឡើង

6 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ការ​បង្កបង្កើន​ផល​ស្រូវ​របស់​ប្រជា​កសិករ​នៅ​ខេត្តស្ទឹងត្រែង កាលពី​ឆ្នាំ​២០១៧ មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ទាំង​ការ​ពង្រីក​ផ្ទៃដី និង​ទិន្នផល ដែល​ធ្វើ​ឲ្យ​ពួក​គាត់​រីករាយ​សប្បាយចិត្ត ដោយសារ​តែ​អាកាសធាតុ​អំណោយផល​ល្អ ។ ទោះបីជា​យ៉ាងនេះ​ក្ដី…

ខេត្តស្ទឹងត្រែង ៖ ការ​បង្កបង្កើន​ផល​ស្រូវ​របស់​ប្រជា​កសិករ​នៅ​ខេត្តស្ទឹងត្រែង កាលពី​ឆ្នាំ​២០១៧ មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ទាំង​ការ​ពង្រីក​ផ្ទៃដី និង​ទិន្នផល ដែល​ធ្វើ​ឲ្យ​ពួក​គាត់​រីករាយ​សប្បាយចិត្ត ដោយសារ​តែ​អាកាសធាតុ​អំណោយផល​ល្អ ។ ទោះបីជា​យ៉ាងនេះ​ក្ដី ពួក​គាត់​បាន​សម្ដែង​ក្ដី​បារម្ភ​ចំពោះ​តម្លៃនៅលើទីផ្សារ​ដែល​មិន​ស្ថិតស្ថេរ ។

យោង​តាម​របាយការណ៍​បូក​សរុប​ប្រចាំឆ្នាំ​២០១៧ របស់​រដ្ឋបាល​សាលាខេត្ត​បង្ហាញ​ថា ការ​ពង្រីក​ផ្ទៃដី​បង្កបង្កើន​ផលដំណាំ​ស្រូវ​បាន​ហក់​ឡើង​ដល់​ជាង​២,៨​ម៉ឺន​ហិ​កតា ស្មើ​១០៤%​នៃ​ផែនការ​ជាង​២,៧​ហិ​កតា ដែល​ទិន្នផល​ស្រូវ​សរុប​ប្រមូល​បាន​ជាង​៧,១​ម៉ឺន​តោន គិត​ជា​អង្ករ​ស្មើ​ជាង​៣,៩​ម៉ឺន​តោន ។ ទិន្នផល​នេះ​បាន​លើស​តម្រូវការ​ស្បៀង​ជាង​១,៩​ម៉ឺន​តោន សម្រាប់​ពលរដ្ឋ​សរុប​ជាង​១៤,៣​ម៉ឺន​នាក់ ។

របាយការណ៍​បន្ត​ថា ក្រៅពី​ដំណាំ​ស្រូវ ផ្ទៃដី​មួយ​ចំនួន​ក៏​បាន​ពង្រីក​ដើម្បី​កែ​ច្នៃ​ដាំ​ដំណាំ​រួម​ផ្សំ​ផង​ដែរ​ដែល​មាន​ផ្ទៃដី​សរុប​ជិត​៤​ពាន់​ហិ​កតា ស្មើ​១១១%​នៃ​ផែនការ​៣,៥​ពាន់​ហិ​កតា និង​បាន​ហុច​ផល​សរុប​ជាង​៨​ពាន់​តោន ។

រីឯ​ដំណាំ​សម្រាប់​ឧស្សាហកម្ម ក៏​បាន​អនុវត្ត​លើ​ផ្ទៃដី​សរុប​ចំនួន​ជិត​១,៧​ម៉ឺន​ហិ​កតា ស្មើ​១០៣%​នៃ​ផែនការ​ជាង​១,៦​ម៉ឺន​ហិ​កតា និង​ទិន្នផល​សរុប​ជាង​២៧,៧​ម៉ឺន​តោន ។
ចំណែក​​ផ្ទៃដី​ដាំ​ដំណាំ​កៅស៊ូ​សរុប​ស្មើ​ជាង​១,៨​ម៉ឺន​ហិ​កតា ដែល​មាន​ផ្ទៃដី​ចៀរ​ជ័រ​ប្រមាណ​ជាង​២,៦​ពាន់​ហិ​កតា ក្នុង​នោះ​ដំណាំ​កៅស៊ូ​ជា​លក្ខណៈ​គ្រួសារ​ស្មើ​ជាង​៤,៨​ពាន់​ហិ​កតា និង​មាន​ផ្ទៃដី​ចៀរ​ជ័រ​សរុប​ជាង​១,៥​ពាន់​ហិ​កតា ។

ទាន់​ទង​នឹង​កំណើន​ផ្ទៃដី​ដាំ​ដុះ​កសិកម្ម ហើយ​សម្រេច​បាន​ភោគផល​ដ៏​ល្អ​នោះ ប្រជា​ពលរដ្ឋ​ក៏​បាន​សម្តែង​នូវ​ការ​បារម្ភ​ផង​ដែរ​ចំពោះ​ទីផ្សារ​តម្លៃ​ទិន្នផល​មិន​ស្ថិតស្ថេរ ហើយ​តម្រូវការ​ទិន្នផល​ពី​ឈ្មួញ​មិន​ទៀងទាត់ ដូច​ជា ផលដំណាំ​បង្កបង្កើន​បាន​ហើយ ប៉ុន្តែ​បែរជា​ទីផ្សារ​ទម្លាក់​តម្លៃ ឬ​មិន​ទទួលយក​ទៅ​វិញ ។

អាជ្ញាធរ​ពាក់ព័ន្ធ ក៏​បាន​ស្វះ​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម​ដែល​មាន​ទំនុកចិត្ត​កំណត់​ទៅ​លើ​តម្លៃ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​ប្រជាពលរដ្ឋ ។

ជាមួយ​គ្នា​នេះ ខេត្តស្ទឹងត្រែង​នឹង​មាន​សកម្មភាព​សេដ្ឋកិច្ច​កាន់តែ​ប្រសើរ​ឡើង ក្នុង​ចំណោម​ខេត្ត​ចំនួន​៤ បន្ទាប់​ពី​រដ្ឋ​សភាជាតិ​បាន​សម្រេច​អនុម័ត​លើ​កិច្ចព្រមព្រៀង​ស្ដី​ពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍​រវាង​កម្ពុជា​-​ឡាវ និង​វៀត​ណាម ។

ស្ទឹង​ត្រែង គឺជា​ខេត្ត​មួយ​ស្ថិត​នៅ​ភូមិភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ដែល​ពលរដ្ឋ​៦៩%​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម និង​ក្រៅពី​នេះ ពឹងផ្អែក​លើ​វិស័យ​ឧស្សាហកម្ម សេវាកម្ម និង ពាណិជ្ជកម្ម ជាដើម ដែល​ជា​ប្រភព​ចំណូល​សេដ្ឋកិច្ច​ដ៏​សំខាន់​សម្រាប់​ពលរដ្ឋ​ក្នុង​ខេត្ត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ