ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ទទួល​បាន​ចំណូល​ជាង​30​លាន​ដុល្លារ​ពី​ការ​ផ្ដល់​ទិដ្ឋាការ​ដល់​ជន​ជាតិ​ចិន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វត្តមាន​នៃ​ភ្ញៀវ​ទេសចរ​និង​វិនិយោគិន​ចិន​នៅ​កម្ពុជា​កាលពី​ឆ្នាំ​២០១៧ ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា បាន​កើនឡើង​ដល់​ជាង​១​លាន​នាក់ និង​បាន​ផ្ដល់​ប្រយោជន៍​ជា​ច្រើន​ដល់​ប្រទេស​ជាតិ ក៏​ដូច​ជា​ពលរដ្ឋ​ក្នុងស្រុក​។ ជាក់ស្ដែង គ្រាន់តែ​ការ​ផ្ដល់​សេវា​ទិដ្ឋាការ​ជូន​ជនជាតិ​ចិន​មក​កម្ពុជា កាលពី​ឆ្នាំ​២០១៧…

រាជធានី​ភ្នំពេញ ៖ វត្តមាន​នៃ​ភ្ញៀវ​ទេសចរ​និង​វិនិយោគិន​ចិន​នៅ​កម្ពុជា​កាលពី​ឆ្នាំ​២០១៧ ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា បាន​កើនឡើង​ដល់​ជាង​១​លាន​នាក់ និង​បាន​ផ្ដល់​ប្រយោជន៍​ជា​ច្រើន​ដល់​ប្រទេស​ជាតិ ក៏​ដូច​ជា​ពលរដ្ឋ​ក្នុងស្រុក​។ ជាក់ស្ដែង គ្រាន់តែ​ការ​ផ្ដល់​សេវា​ទិដ្ឋាការ​ជូន​ជនជាតិ​ចិន​មក​កម្ពុជា កាលពី​ឆ្នាំ​២០១៧ ក៏​អាច​រក​ចំណូល​បាន​ជាង​៣០​លាន​ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ ។ នេះ​បើ​តាម​ប្រសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា។

សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ថ្លែង​កន្លង​មក​ថា ប្រទេស​ចិន​កំពុង​រីក​ចម្រើន និង​មានការ​អភិវឌ្ឍ​ខ្លាំង ហើយ​វត្តមាន​ចិន មិនមែន​មាន​តែ​នៅ​កម្ពុជា​នោះ​ទេ សូ​ម្បី​តែ​ប្រទេស​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​ដែល​នៅ​កៀក​នឹង​អា​មេ​រិ​ក ក៏​មាន​ជនជាតិ​ចិន​ទៅ​វិនិយោគ​ទៅ​ទីនោះ​ដែរ ។

សម្ដេច​ថ្លែង​បន្ដ​ថា ៖« ជនជាតិ​ចិន​មក​កម្ពុជា បាន​ផ្ដល់​ប្រយោជន៍​ជា​ច្រើន​ដល់​រាជ​រដ្ឋា​ភិបាល និង​ប្រជាជន ។ កាលពី​ឆ្នាំ​មុន​នេះ ជនជាតិ​ចិន​ដែល​មក​ដល់​កម្ពុជា​មាន​ប្រមាណ​១​លាន​នាក់ ដូចនេះ គ្រាន់តែ​ចំណូល​ដែល​បាន​មក​ពី​ការ​ផ្ដល់​ទិដ្ឋាការ (​វី​សា​) ជូន​ជាតិ ក៏​បាន​ប្រមាណ​៣០​លាន​ដុល្លារ​អា​មេ​រិ​ក​ដែរ ហើយ​នៅ​ពេល​ជនជាតិ​ចិន​មក​ដល់​កម្ពុជា ក៏​ត្រូវ​មានការ​ចំណាយ​នានា​ទៅ​លើ​ថ្លៃ​សេវាកម្ម​ផ្សេង​ៗ ដូច​ជា ការ​ស្នាក់​នៅ និង​ហូប​ចុក ព្រមទាំង​ដំណើរ​កម្សាន្ត​ទៅ​តំបន់​រមណីយដ្ឋាន​នានា​ផង​ដែរ » ។

សម្ដេច​បន្ថែម​ថា ដោយសារ​តែ​ចិន​មក​កម្ពុជា​ច្រើន ហើយ​វិនិយោគ​ក៏​ច្រើន ទើប​មាន​អ្នក​ច្រណែន​ចិន និង​បាន​ចោទ​ថា ចិន​មក​ស្រុក​ខ្មែរ​មិនល្អ ហើយ​ក៏​មាន​អ្នកខ្លះ​ថា សម្ដេច​ទៅ​កៀក​ចិន​ពេក​ហើយ ក៏​ប៉ុន្តែ​ចិន​គេ​បាន​ផ្ដល់​តម្លៃ​ដល់​កម្ពុជា និង​មិន​ជ្រៀតជ្រែក​កិច្ចការ​របស់​កម្ពុជា​ទេ ។ ចិន​គេ​មក​វិនិយោគ ដឹង​វិនិយោគ​, ទេសចរណ៍ ដឹង​ទេសចរណ៍ មិន​ដូច​ប្រទេស​ដទៃ បែរជា​ចង់​មក​ប្រដៅ​កម្ពុជា​ទៅ​វិញ ។

ក្រសួងទេសចរណ៍​កម្ពុជា ក៏​បាន​កំណត់​យក​ចិន​ជា​គោលដៅ​ទាក់ទាញ​ទេសចរណ៍​ដ៏​សំខាន់​មក​ទស្សនា​នៅ​តំបន់​រមណីយដ្ឋាន​នានា ហើយ​ក្រសួង​ក៏​បាន​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍ វប្បធម៌​របស់​កម្ពុជា​ដល់​ប្រទេស​ចិន ដើម្បី​ឲ្យ​ជនជាតិ​ចិន​មក​ទស្សនា​កម្សាន្ត​កាន់តែ​ច្រើន ។

លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​លើក​ឡើង​នា​ពេល​កន្លង​មក​ថា បច្ចុ​ប្បន្ន​នេះ ចិន​បាន​ឈរ​នៅ​លំដាប់​កំពូល​សម្រាប់​ភ្ញៀវ​ទេសចរ​នៅ​កម្ពុជា ដូចនេះ ដើម្បី​ឲ្យ​ចិន​មក​ទស្សនា​នៅ​កម្ពុជា​កាន់តែ​ច្រើន​ទៀត​នោះ ក្រសួងទេសចរណ៍ ដែល​ជា​សេនា​ធិ​ការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​រៀបចំ​ត្រៀម​នូវ​ម​គ្គុ​ទេ្ទ​សក៍​ទេសចរណ៍​បន្ថែម ក្នុង​នោះ​កម្ពុជា​ក៏​មាន​អ្នកជំនាញ​ទេសចរណ៍​កាន់តែ​ច្រើន​ផង​ដែរ ។

លោក​ក៏​បាន​បន្ត​ថា ទេសចរ​ចិន មិនមែន​មក​ទស្សនា​តែ​នៅ​កម្ពុជា​ទេ ហើយ​ក៏​មិនមែន​តែ​កម្ពុជា​នោះ​ដែរ ដែល​ចង់បាន​ភ្ញៀវ​ទេសចរ​ចិន ពោល​គឺ​ចិន​បាន​ទៅ​ទស្សនា​នៅ​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​តំបន់​អាស៊ាន និង​ក្រៅ​តំបន់ ។ ហើយ​ប្រទេស​ទាំងនោះ​ក៏​ចង់បាន​ភ្ញៀវ​ទេសចរ​ចិន ទៅ​ទស្សនា​នៅ​ក្នុង​ប្រទេស​របស់​ពួក​គេ​ដែរ ។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​ឆ្នាំ​២០១៧ ចំនួន​ទេសចរ​ចិន​មក​ទស្សនា​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​កើនឡើង​រហូត​ដល់​ជាង​១​លាន​នាក់ ។ ដោយឡែក លំហូរ​វិនិយោគទុន​បរទេស​នៅ​កម្ពុជា ចិន​ក៏​បាន​ឈរ​លំដាប់​កំពូល ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​កំពុង​ជំរុញ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ទាក់ទាញ​វិនិយោគិន​ចិន​បន្ថែម​ទៀត​ដែរ ដើម្បី​មក​បណ្ដាក់ទុន​វិនិយោគ​ទៅ​លើ​វិស័យ​នានា ។ បច្ចុប្បន្ន វិនិយោគិន​ចិន​នៅ​កម្ពុជា បាន​វិនិយោគ​ទៅ​លើ​វិស័យ​សំណង់ អចលនទ្រព្យ និង​កាត់ដេរ ដែល​ជា​វិស័យ​ស្នូល​សម្រាប់​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ កាលពី​រសៀល​ថ្ងៃ​ទី​៧ កុម្ភៈ លោក ស្យុ​ង បូ (Xiong Bo) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បាន​លើក​ឡើង​ថា ប្រជាជន​ចិន​ដែល​មក​កម្ពុជា​​ច្រើន​ជាងគេ គឺជា​ភ្ញៀវ​ទេសចរ ។ កាលពី​ឆ្នាំ​២០១៧ ភ្ញៀវ​ទេសចរ​ចិន​ប្រមាណ​ជា​១​លាន​២​សែន​នាក់​បាន​មក​ទស្សនា​នៅ​កម្ពុជា ហើយ​ចំនួន​នេះ​រំពឹង​ថា នឹង​កើនឡើង​ដល់​​២​លាន​នាក់​នៅ​ឆ្នាំ​២០២០ ។

លោក ស្យុ​ង បូ កត់​សម្គាល់ថា ៖« វត្តមាន​របស់​ប្រជាជន​ចិន និង​វិនិយោគិន​ចិន​នៅ​កម្ពុជា គឺ​ដើម្បី​ជួយ​ជំរុញ និង​ចូលរួម​អភិវឌ្ឍន៍​វិស័យ​សង្គមកិច្ច និង​សេដ្ឋកិច្ច​របស់​កម្ពុជា» ។ ទោះបីជា​យ៉ាងនេះ​ក្ដី ក៏​មាន​ជនជាតិ​ចិន​មួយ​ចំនួន​តូច​ប្រព្រឹត្ត​ល្មើសច្បាប់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​កេរ្ដិ៍ឈ្មោះ​ជនជាតិ​ចិន​ទាំងមូល ។ ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ក៏​បាន​ស្នើ​ឲ្យ​ស្ថាប័ន​អនុវត្ត​ច្បាប់​នៅ​កម្ពុជា ចាត់វិធានការ​តឹងរ៉ឹង​ចំពោះ​ប្រជាជន​ចិន​ដែល​ប្រព្រឹត្ត​បទល្មើស​ទាំងនោះ និង​អំពាវនាវ​ឲ្យ​ប្រជាជន​ចិន​ទាំង​ឡាយ​ដែល​មក​កម្ពុជា រក្សា​ភាព​ថ្លៃថ្នូរ និង​គោរព​តាម​ច្បាប់​ព្រះរាជាណាចក្រ​កម្ពុជា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ