ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​វង ក្មេង​ស្រី​តែ​ម្នាក់​គត់រៀន​គែន​បន្តវេន​ពី​ជីតា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​វ័យ​ទើបតែ​១៥​ឆ្នាំ ស្រី​វង គឺជា​កុមារី​ទី​មួយ​ពី​ខេត្តឧត្តរមានជ័យ​ដែល​រៀន​ឧបករណ៍​គែន​ពី​ជីតា​របស់​ខ្លួន​ក្នុង​គោលបំណង​បន្តវេន និង​អភិរក្ស​ឧបករណ៍​ភ្លេងបុរាណ​ដ៏​ចំណាស់​មួយ​នេះ​មិន​ឲ្យ​បាត់បង់ ។ ស្រី​វង មាន​ឆន្ទៈ​ក្នុង​ការ​ថែរក្សា​ឧបករណ៍​គែន ដែល​ជា​ឧបករណ៍​ស្ទើរតែ​បាត់​មុខ​ពី​ប្រទេស​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ក្នុង​វ័យ​ទើបតែ​១៥​ឆ្នាំ ស្រី​វង គឺជា​កុមារី​ទី​មួយ​ពី​ខេត្តឧត្តរមានជ័យ​ដែល​រៀន​ឧបករណ៍​គែន​ពី​ជីតា​របស់​ខ្លួន​ក្នុង​គោលបំណង​បន្តវេន និង​អភិរក្ស​ឧបករណ៍​ភ្លេងបុរាណ​ដ៏​ចំណាស់​មួយ​នេះ​មិន​ឲ្យ​បាត់បង់ ។

ស្រី​វង មាន​ឆន្ទៈ​ក្នុង​ការ​ថែរក្សា​ឧបករណ៍​គែន ដែល​ជា​ឧបករណ៍​ស្ទើរតែ​បាត់​មុខ​ពី​ប្រទេស​កម្ពុជា ខណៈ​ពេល​ទើបតែ​រៀន​បាន​ជាង​មួយ​ឆ្នាំ ប៉ុន្តែ​កុមារី​រូប​នេះ​មានចិត្ត​ចង់​បង្រៀន​ដល់​អ្នក​ដទៃ​ទៀត ដែល​មាន​គោលបំណង​ក្នុង​ការ​រៀន​ឧបករណ៍​មួយ​នេះ ព្រោះតែ​កង្វះ​គ្រូបង្រៀន ក៏​ដូច​ជា​អ្នក​ស្គាល់​នូវ​ឧបករណ៍​មួយ​នេះ ។

ស្រី​វង​រួម​ជាមួយនឹង​ជីតា​របស់​នាង​បាន​សម្តែង​ឲ្យ​ទស្សនិកជន​បាន​ទស្សនា ក្នុង​ពេល​ដែល​នាង​បាន​ចូលរួម​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​ការ​រួម​គ្នា​រវាង​រថយន្ត​តន្ត្រី​ទិព្វ និង​សិល្បៈ​ខ្មែរ​អមតៈ​ផ្សព្វផ្សាយ​សិល្បៈ​បុរាណ​ខ្មែរ ដែល​បាន​ធ្វើ​ឡើង​នៅ​សារមន្ទីរ​ជាតិ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

កុមារី​ស្រី​វង អះអាង​ប្រាប់​អ្នក​សារព័ត៌មាន​ថា «​នាង​ខ្ញុំ​មាន​អារម្មណ៍​សោកស្តាយ​ដែល​ខ្មែរ​យើង​មួយ​ចំនួន​មិន​ស្គាល់​ឧបករណ៍​គែន​នេះ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​រឹតតែ​ចង់​រៀន​បន្ថែម​ទៀត​ដើម្បី​ឲ្យ​បន្ត​រស់រៀន​មានជីវិត​ក្នុងស្រុក​ខ្មែរ ។

ដោយសារ​តែ​តា​ខ្ញុំ គាត់​ចាស់​ហើយ ហើយ​ក៏​គ្មាន​អ្នក​ចង់​រៀន​បន្ត​ផង​ទៀត ណាមួយ​ខ្ញុំ​ក៏​ស្រឡាញ់ ហើយ​ខ្ញុំ​ក៏​ចង់​ឲ្យ​វប្បធម៌​គែន​ក្នុង​ប្រទេស​ខ្មែរ​យើង​មាន​ភាព​រីក​ចម្រើន​ឡើង​វិញ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​សម្រេចចិត្ត​រៀន​ឧបករណ៍​មួយ​នេះ​»​។

កុមារី​ស្រី​វង​បាន​ផ្តាំផ្ញើ​ដល់​ជនរួមជាតិ​ខ្មែរ​ឲ្យ​ចូលរួម​ជួយ​អភិរក្ស និង​ថែរក្សា​ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ​គែន​ឲ្យ​បាន​គង់វង្ស​ទាំងអស់​គ្នា ព្រោះតែ​ឧបករណ៍​នេះ​ជា​របស់​ខ្មែរ​តាំងពី​ដូនតា​មក ។

ជីតា​របស់​កុមារី​ស្រី​វង លោក​ម៉ុ​ន ហៃ អាយុ​៦០​ឆ្នាំ គ្រូ​គែន​នៅ​ខេត្តឧត្តរមានជ័យ ហើយ​ក៏​ជា​គ្រូ​របស់​កុមារី ស្រី​វង​ដែរ ។ គាត់​គឺជា​គ្រូ​តែ​ម្នាក់​គត់​ដែល​បង្រៀន​នៅ​ខេត្តឧត្តរ​មាន​ជ័យ ហើយ​ចំណេះដឹង​ដែល​លោក​ទទួល​បាន​ពី​គ្រូ​របស់​លោក​មិន​ទាន់​បាន​ពេញលេញ​នៅឡើយ​ទេ ព្រោះ​លោកគ្រូ​របស់​លោក​បាន​ចែក​ឋាន​មុន​នឹង​បញ្ចប់​ការ​បង្រៀន​រូប​លោក​ទៅ​ទៀត ។

លោក​ម៉ុ​ន ហៃ ធ្លាប់​បាន​ទទួល​ពាក្យ​រិះគន់​ថា ឧបករណ៍​គែន​ទៅ​រៀន​ធ្វើ​អី ? ចិញ្ចឹមជីវិត​រស់​ដែរ​អី ? ប៉ុន្តែ​លោក​នៅ​តែ​ជម្នះ និង​យកឈ្នះ​នូវ​ពាក្យ​ទាំងនេះ លោក​តស៊ូ​រៀន​ឧបករណ៍​រហូត​បាន​ក្លាយជា​គ្រូ​គែន​បច្ចុប្បន្ន ។

ដោយសារ​តែ​គ្មាន​ការ​ចាប់អារម្មណ៍​នូវ​ឧបករណ៍​មួយ​នេះ លោក​ម៉ុ​ន ហៃ ក៏​ពិបាក​ក្នុង​ការ​ស្វែងរក​សិស្ស​មក​បង្រៀន​ដើម្បី​ចែករំលែក​ចំណេះដឹង​បន្ត​ទៀត ពោល​គឺ​គ្មាន​សិស្ស​មក​រៀន​នូវ​ឧបករណ៍​មួយ​នេះ​ឡើយ ក្រៅពី​ចៅស្រី​របស់​លោក កុមារី​ស្រី​វង​ផ្ទាល់​តែ​ម្តង។

គែន ជា​ឈ្មោះ​គ្រឿង​ភ្លេង​មួយ​បែប​សម្រាប់​ផ្លុំ ធ្វើ​ដោយ​ឫស្សី​ពក តូច​ៗ ឬ​ដោយ​ឫស្សី​ភ្នំ​២​យ៉ាង ។ គេ​យក​កំណាត់​ឫស្សី​នោះ​មក​តម្រៀប​ជា​២​ជួរ​ចង​ផ្អោប​គ្នា ។ ក្នុង​១​ជួរ​ចំនួន​៥​កំណាត់​ក៏​មាន​៦​កំណាត់​ក៏​មាន ៨​កំណាត់​ក៏​មាន មាន​អណ្តាត​សម្រាប់​ផ្លុំ​លឺ​សូរ​រំពង​ស្រួយ ។

ពាក្យ​គែន មាន​ន័យ​ជា​ខ្មែរ​ថា ជា​ការ​ស្រឡាញ់ ការ​គោរព​បូជា ឬ​ជា​ការ​លេង​ដើម្បី​ដាស់​ព្រលឹង ។ ដើម្បី​បន្លឺ​សូរ​សំឡេង​គែន អ្នកលេង​អាច​ផ្លុំ​ខ្យល់​ចូល និង​បឺត​ខ្យល់​ចេញ ។ វិធី​នេះ​វា​មាន​ភាព​ស្រ​ដៀង​ទៅ​នឹង​ឧបករណ៍​ម៉ូ​នី​កា ដែល​គេ​ត្រូវ​ផ្លុំ និង​បឺត​ខ្យល់​ចូល​ដើម្បី​បន្លឺ​សំឡេង ។ គេ​ជឿ​ថា ម៉ូ​នី​កា អាច​នឹង​វិ​វ​ឍ្ឍ​ចេញពី​ឧបករណ៍​គែន​ខ្មែរ ។

ឧបករណ៍​គែន​គេ​អាច​លេង​បាន ជា​បី​ទម្រង់​គឺ​ល្ខោន​គែន សិល្បៈ​គែន និង​ចម្រៀង​គែន។ គេ​អាច​យក​ឧបករណ៍​នេះ លេង​ចូល​ក្នុង​វង់ភ្លេង​សម័យ​ក៏​បាន វង់ភ្លេង​បុរាណ​ក៏​បាន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​គេ​អាច​លេង​គែន ច្រៀង​ផ្តោះផ្តង ដូច​ជា​ការ​ច្រៀង​អា​យ៉ៃ​ក៏​បាន ។

គែន​មាន​អ្នក​យល់​ច្រឡំ​ថា ជា​របស់​ប្រទេស​ឡាវ ថៃ ខ្មែរសុរិន្ទ ឬ​របស់​អ្នក​ស្ទឹង​ត្រែង​ជាដើម តែ​ឧបករណ៍​ភ្លេង​នេះ គឺ​បុព្វបុរស​ខ្មែរ​បាន​បង្កើត​មក​តាំងពី​សម័យ​បុរេប្រវត្តិ ពោល​គឺ​មាន​តាំងពី​មុន​កំណើត​នៃ​ប្រទេស​ឡាវ​ទៅ​ទៀត​។ ភស្តុ​តាង​មួយ​ចំនួន​ត្រូវ​បាន​រក​ឃើញ​ថា​មាន​រូប​គែន នៅ​ក្នុង​ស្គរ​ម​ហោ​ធឹ​ក ដែល​មាន​តាំងនៅ​ក្នុង​សារមន្ទីរ​ជាតិ​កម្ពុជា​សព្វថ្ងៃ ។

ឧបករណ៍​គែន​ស្ទើរតែ​បាត់​រូបរាង​ទៅ​ហើយ​ក្នុង​ខេត្តឧត្តរមានជ័យ ក៏​ដូច​ជា​តំបន់​ផ្សេង​ទៀត​ក្នុង​ប្រទេស​កម្ពុជា ព្រោះតែ​គ្មាន​ការ​អើពើ​ពី​ប្រជាជន​នៅ​ក្នុង​តំបន់​ទាំងនោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ