ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ​កីឡាការិនី​ប្រណាំង​កង់​កម្ពុជា​ដណ្ដើម​បាន​មេដាយ​នៅ​មី​យ៉ា​ន់​ម៉ា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កីឡាការិនី​ប្រណាំង​កង់​កម្ពុជា​ពីរ​រូប​គឺ​ហេង ស៊ីវ​ឡា​ង ដណ្ដើម​បាន​មេដាយមាស​១​គ្រឿង និង​ហេង ស៊ីវ​ហ្គេ​ច ដណ្ដើម​បាន​មេដាយ​ប្រាក់​១​គ្រឿង​ពី​ព្រឹត្តិ ការណ៍​ប្រកួតប្រណាំង​កង់​ជ្រើសរើស​ជើងឯក​អាស៊ី Individual…

រាជធានី​ភ្នំពេញ ៖ កីឡាការិនី​ប្រណាំង​កង់​កម្ពុជា​ពីរ​រូប​គឺ​ហេង ស៊ីវ​ឡា​ង ដណ្ដើម​បាន​មេដាយមាស​១​គ្រឿង និង​ហេង ស៊ីវ​ហ្គេ​ច ដណ្ដើម​បាន​មេដាយ​ប្រាក់​១​គ្រឿង​ពី​ព្រឹត្តិ
ការណ៍​ប្រកួតប្រណាំង​កង់​ជ្រើសរើស​ជើងឯក​អាស៊ី Individual Time Trail Women
Master នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា ក្នុង​ចំណោម​កីឡាការិនី​មក​ពី​២៤​ប្រទេស​ចូលរួម​។

កីឡាការិនី​ជម្រើសជាតិ​កម្ពុជា​ទាំង​២​រូប​បាន​វិល​ត្រឡប់​មក​ដល់​មាតុប្រទេស​វិញ​កាលពី​យប់​ថ្ងៃ​ទី​១២ កុម្ភៈ ដោយ​ទទួល​បាន​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក នុ​ត សា​អាន ប្រធាន​សហព័ន្ធ​កីឡា​ប្រណាំង​កង់​កម្ពុជា នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។

លោក​ឧកញ៉ា​វង្ស ខាន់​ពៅ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រណាំង​កង់​កម្ពុជា បានឱ្យ​ដឹង​ថា កីឡាការិនី​ហេង ស៊ីវ​ឡា​ង ធ្លាប់​បាន​ទៅ​ចូលរួម​ប្រកួត​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ម្ដង​រួច​មក​ហើយ​កាលពី​ឆ្នាំ​មុន​ដែល​ជា​ការ​ប្រកួត​លក្ខណៈ​បើក​ទូលាយ​ប្រចាំ​ប្រទេស​ដោយ​ដណ្ដើម​​បាន​មេដាយមាស​១​គ្រឿង ។ ដោយឡែក​សម្រាប់​ការ​ប្រកួត​លើក​នេះ​មាន​លក្ខណៈ​ធំ​ជាង​មុន​ដោយ​មាន​កីឡាការិនី​រាប់រយ​នាក់​មក​ពី​បណ្ដា​ប្រទេស​ចំនួន​២៤​នៅ​លើ​ពិភពលោក​ចូលរួម​។

លោក​បន្ត​ថា ការ​ប្រកួត​នេះ​មានការ​បែងចែក​ទៅ​តាម​កម្រិត​អាយុ​និង​ជំនាញ គឺ​អាយុ​ក្រោម​១៨​ឆ្នាំ អាយុ​ក្រោម​២៣​ឆ្នាំ និង​អាយុ​៣៥​ឆ្នាំ​ឡើង​សម្រាប់​វិញ្ញាសា​ជំនាញ​ចម្ងាយ​២២​គីឡូម៉ែត្រ ។ ចំណែក​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា​ទាំង​ពីរ​រូប​នេះ​ប្រកួត​ក្នុង​ប្រភេទ​អាយុ​៣៥​ឆ្នាំ​ឡើង​ដែល​ពុំ​មាន​កីឡាការិនី​ប្រទេស​ណា​មាន​សមត្ថភាព​លើ​កីឡាការិនី​កម្ពុជា​បាន​ឡើយ​។

កីឡាការិនី​ហេង ស៊ីវ​ឡា​ង បានឱ្យ​ដឹង​ថា នេះ​ជា​លើក​ទី​១​ហើយ​នៅ​ក្នុង​អាជីព​កីឡា​ប្រណាំង​កង់​ដែល​អ្នកស្រី​ឈ្នះ​មេដាយមាស​ពី​ការ​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​បែប​នេះ ហើយ​ក៏​ជា​លើក​ទី​២​ផង​ដែរ​ដែល​អ្នកស្រី​ឈ្នះ​មេដាយមាស​ពី​ការ​ប្រកួត​អន្តរជាតិ​នៅ​ក្រៅប្រទេស ។ ម្ចាស់​មេដាយមាស​កីឡា​ប្រណាំង​កង់​រូប​នេះ​បន្ត​ថា មូលហេតុ​ដែល​នាំ​ឱ្យ​អ្នកស្រី​ដណ្ដើម​បាន​ជ័យជម្នះ​បែប​នេះ ដោយសារ​តែ​សមត្ថភាព​មានការ​កើនឡើង​ជាង​មុន ម្យ៉ាង​អាច​មក​ពី​ការ​ប្រកួត​ប្រភេទ​អាយុ​ក៏​ថា​បាន​ដែរ ។ ប៉ុន្តែ​បើ​តាម​ការ​អះអាង​ពី​មន្ត្រី​សហព័ន្ធ​កីឡា​ប្រណាំង​កង់​កម្ពុជា​ថា ជា​រៀងរាល់ថ្ងៃ​បើ​ទោះជា​មិន​បាន​ចេញ​ទៅ​ប្រកួត ក៏​អ្នកស្រី​នៅ​តែ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​យ៉ាង​យកចិត្តទុកដាក់​បំផុត​ដែរ ។ ដូច្នេះ​លទ្ធផល​ល្អ​នា​ពេល​នេះ​មិនមែន​បាន​មក​ដោយ​ចៃដន្យ​នោះ​ទេ​។

គួរ​រំលឹក​ផង​ដែរ​ថា ព្រឹត្តិការណ៍​ប្រណាំង​កង់​ជា​លក្ខណៈ​អន្តរជាតិ​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​នេះ​សហព័ន្ធ​កីឡា​ប្រណាំង​កង់​កម្ពុជា បាន​បញ្ជូន​ប្រតិភូ​កីឡា​ទៅ​ចូលរួម​ប្រកួត​ចំនួន​៦​នាក់​ក្នុង​នោះ​កីឡាករ​៣​នាក់ កីឡាការិនី​២​នាក់ និង​គ្រូបង្ហាត់​១​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ