ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​​២នាក់​ចូលប្លន់​​ផ្ទះលក់កាហ្វេ​​ប្រមូល​យក​គ្រឿង​​អលង្ការ​​វាយម្ចាស់​ផ្ទះ​បែក​ក្បាល​ដេរ​ជាង​​៥០ថ្នេរ

15 ឆ្នាំ មុន

ស្រុកអង្គស្នួល, ខេត្តកណ្តាល​ ៖ ​ផ្ទះលក់​​កាហ្វេ​​ធំគ្រាន់បើ​មួយត្រូវ​ចោរ​​២នាក់​​​គាស់​បង្អួច​​ចូល​ចាប់​មនុស្សចង និង​ប្លន់​យកគ្រឿងអលង្ការ​​លុយ​កាក់​ចេញទៅ​​បាត់​​ដោយសុវត្ថិភាព​​បន្សល់​ទុក​​​ឱ្យជនរងគ្រោះ​​​រង​របួស​បែកក្បាល​​ពីរនាក់​​​ម្តាយកូន​ដេរអស់​​​រាប់សិប​ថ្នេរ ​កាលពីវេលា​ម៉ោង​​​២និង​​៣០នាទី​​​រំលងអធ្រាត្រ​​​ឈាន​ចូល​ថ្ងៃទី​​​៤ មីនា ២០១១ នៅភូមិ​​អង្គស្នួល​ទី​៣ ឃុំ​ពើក ​ស្រុកអង្គស្នួល ។

ស្ត្រីម្ចាស់ផ្ទះ​លក់កាហ្វេ​​ឈ្មោះ​សុខ ភឿន អាយុ​​​៤៩​ឆ្នាំ ​រង​របួស​​បែកក្បាល​ដោយ​សារ​តែ​​ចោរ​វាយ​​នឹង​ដែក​ស្បែងដេរ​អស់​​​៥០ថ្នេរ​…ស្ត្រី​​រូប​​នេះ​​​​មានប្តី​​ជា​មន្ត្រី​​ប៉ូលិស​​នៅព្រំដែន​…​ចំណែក​កូនស្រីរបស់ម្ចាស់​ផ្ទះ​​ឈ្មោះ​លឹម សុខា អាយុ​​២៨​ឆ្នាំ ​ត្រូវចោរ​​វាយ​នឹង​​​​ដែកស្បែង​​បែក​ក្បាល​​​ដេរ​អស់​​​៥ថ្នេរ​​ផងដែរ ។ ​​ទ្រព្យសម្បត្តិ​​​ដែល​ចោរ​​ប្រមូល​យកទៅ​មាន​​ខ្សែ​ដៃ​​ប្លាទីន​​២​តម្លឹង​​៣ជី ខ្សែ.ក​​ប្លាទីន​​​៨ជី ​ខ្សែ​ដៃ​​ដាំ​ត្បូង​​១ខ្សែ​​ក្រវិល​​ពេជ្រ​​១គូ ​តម្លៃ​ប្រហែល​​១.០០០​ដុល្លារ ​ប្រាក់​​​៥០០ដុល្លារ ​បន្តោងមាស​​២ជី និង​ទូរស័ព្ទ​​ដៃ​​១គ្រឿង ។

ចំណែក​​ចោរប្លន់​​មានគ្នា​​​២នាក់​​ ប្រដាប់​​ដោយ​​កាំភ្លើង​​​​ខ្លី​​១ដើម ដែកស្បែង​​១ និង​ឧបករណ៍​ដូយ​​រថយន្ត​​១​សម្រាប់​គាស់​ និងលើក​​ទ្វារ​…​ពេលពួកចោរ​​គាស់​​បង្អួច​​ចូលផ្ទះ​លក់កាហ្វេ​​ខាងលើ​នេះ ​គឺពួកគេ​​បានចាប់កូន​​ម្ចាស់​​ផ្ទះចង​ដៃ​​ចង​ជើង និង​គំរាម​​មិន​ឱ្យស្រែក ​បើហ៊ាន​​ស្រែក​បាញ់សម្លាប់​​ចោល​…​ដោយសារ​តែ​ម្ចាស់ផ្ទះ​​​ប្រកែក​​មិនព្រម​​​ប្រគល់​ទ្រព្យសម្បត្តិ​​ឱ្យ​ពួកចោរ​​នោះ ទើប​ពួកចោរ​​ទាញដែក​​ស្បែង​​វាយ​បែក​ក្បាល​​​​ដេរ​ច្រើន​ថ្នេរ​​បែបនេះ ហើយ​​គេចខ្លួន​​​តាម​​ផ្លូវ​​​ក្រោយ​បាត់ទៅ ៕​