ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ប្រាប់​ពី​តិច​និក​មើល​រថយន្ដ​Lexus RX300

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ Lexus RX300 ជា​រថយន្ត​មានការ​ពេញ​និយម​បំផុត​ពី​អ្នក​ប្រើប្រាស់​ក្នុង​អំឡុង​ឆ្នាំ​២០០០​ដល់​ឆ្នាំ​២០០៥ តែ​ក្រោយ​ពី​មាន​ម៉ូ​ឌែ​ល​ផ្សេង​ៗ​ចូល​មក ឥទ្ធិពល​របស់ RX300 ត្រូវ​ថមថយ​បន្ដិច ។…

រាជធានី​ភ្នំពេញ ៖ Lexus RX300 ជា​រថយន្ត​មានការ​ពេញ​និយម​បំផុត​ពី​អ្នក​ប្រើប្រាស់​ក្នុង​អំឡុង​ឆ្នាំ​២០០០​ដល់​ឆ្នាំ​២០០៥ តែ​ក្រោយ​ពី​មាន​ម៉ូ​ឌែ​ល​ផ្សេង​ៗ​ចូល​មក ឥទ្ធិពល​របស់ RX300 ត្រូវ​ថមថយ​បន្ដិច ។ រថយន្ត​ប្រភេទ​នេះ​មាន​តម្លៃ​សមរម្យ​ដែល​ប្រជា​ពលរដ្ឋ​ភាគច្រើន​អាច​មាន​លទ្ធភាព​ទិញ​ប្រើប្រាស់ ។

បើ​តាម​អ្នកជំនាញ​រថយន្ដ បាន​និយាយ​ថា រថយន្ត​នេះ​មាន​ផលិត​ចាប់ពី​ឆ្នាំ​១៩៩៩ ដល់​ឆ្នាំ​២០០៣ ហើយ​ឆ្នាំ​បន្ទាប់ ក្រុមហ៊ុន​បាន​ចាប់ផ្ដើម​ចេញ​ម៉ូ​ឌែ​ល Lexus ផ្សេង​វិញ ។

រថយន្ត Lexus RX300 បែងចែក​ជា​៥​ប្រភេទ គឺ​ប្រភេទ Base Option, Full Option, Half Full Option, Coach Edition និង Silver Edition ប៉ុន្ដែ​យ៉ាងណា នៅ​កម្ពុជា​សម្រាប់​ប្រភេទ Coach Edition និង Silver Edition មិនសូវ​មាន​ប្រើ​នោះ​ទេ ។

តាម​រយៈ​ការ​ពន្យល់​របស់​លោក សៅ រឹ​ទ្ធី អ្នកជំនាញ​មើល​រថយន្ត​បាន​បង្ហាញ​ជា​សាធា​រណៈ​ពី​របៀប​មើល​ថា រថយន្ត Lexus RX300 មើលទៅ​ប្រហាក់ប្រហែល​គ្នា និង​ស្ទើរតែ​មិនដឹង​ថា​វា​ផលិត​នៅ​ឆ្នាំ​ណា ក៏​ប៉ុន្តែ​មាន​វិធី​មើល​ម្យ៉ាង គឺ​គេ​មើលទៅ​លើ​ចង្កូត និង​គ្រឿង​តុបតែង​ខាងក្នុង ។

លោក​ថា ៖« រថយន្ត​ផលិត​នៅ​ឆ្នាំ​១៩៩៩ និង​២០០០ ចង្កូត​និង​គ្រឿង​តុបតែង​ខាងក្នុង​ធ្វើ​ឡើង​ដោយ​ស្បែក​ទាំងអស់ ក៏​ប៉ុន្តែ​ចាប់ពី​ឆ្នាំ ២០០១ ដល់​២០០៣ វា​បាន​បំពាក់​ដោយ​ឈើ ប្រណីត ទាំង​ចង្កូត និង​កន្លែង​ដាក់​ម៉ា​ញ៉េ » ។

លោក​បន្ត​ថា ចំពោះ Base Option, Half Full Option និង Full Option មាន​ចំណុច​ជា​ច្រើន​ដែល​ត្រូវ​មើល ក៏​ប៉ុន្តែ​លោក​លើកយក​ពី​ចំណុច​ត្រួស​ៗ​មក​បង្ហាញ ។ ជាក់ស្ដែង គេ​មើលទៅ​លើ​ចង្កៀង​ផ្នែក​ខាងក្រោម ត្រង់​អំ​ពូ​ល​កង្កែប​។ លោក​ថា ៖« Lexus RX300 ប្រភេទ Base Option ចង្កៀង​ផ្នែក​ខាងក្រោម ឬ​ហៅ​ថា អំ​ពូ​ល​កង្កែប វា​អត់​រេ​នោះ​ទេ នៅ​ពេល​យើង​កាច់ចង្កូត​ទៅ​ឆ្វេង​ឬ​ទៅ​ស្ដាំ តែ​ចំពោះ​ប្រភេទ Half Full Option វិញ អំ​ពូ​ល​នឹង​រេ​ទៅ​តាម​ចង្កូត ហើយ​វា​មាន​អំ​ពូ​ល​ឡាស៊ែ​មួយទៀត ។ ដោយឡែក ចំពោះ​រថយន្ត Full Option វា​ទំនើប​ជាង Half Full Option ត្រង់​វា​មាន​ម៉ា​ញ៉េ Touch និង​មាន​ផែនទី​នៅ​ក្នុង​រថយន្ត​ស្រេច តែ Base Option និង Half Full Option អត់​មាន​ម៉ា​ញ៉េ Touch និង​ផែនទី​នៅ​ក្នុង​រថយន្ត​ទេ » ។

លោក​ក៏​បាន​ប្រាប់​គន្លឹះ​លើ​ការ​មើល​រថយន្ត ផ្សេង​ទៀត​ដែរ គឺ​រថយន្ត Lexus RX300 Coach Edition និង Silver Edition ។

លោក​ថា ៖« រថយន្ត Lexus RX300 Coach Edition គេ​សម្គាល់​ទៅ​លើ​ពណ៌​រថយន្ត​។ រថយន្ត​ប្រភេទ​នេះ គេ​ផលិត​ឡើង​មាន​៣​ពណ៌ គឺ​ពណ៌​ទឹកមាស ពណ៌​ស និង​ខ្មៅ​ប្រផេះ ហើយ​សម្រាប់​រថយន្ដ​នីមួយ​ៗ បើ​ពណ៌​ស គឺ​ស​ទាំងអស់ មិន​មាន​ពណ៌​លាយ​ដូច​រថយន្ត Base Option, Half Full Option ឬ Full Option ដែល​វា​មាន​២​ពណ៌ គឺ​ផ្នែក​ខាងលើ​ពណ៌​ផ្សេង ខាងក្រោម​ពណ៌​ផ្សេង​នោះ​ទេ ។ ដោយឡែក​ចំពោះ​រថយន្ត Lexus RX300 Silver Edition គេ​ផលិត​ឡើង​តែ​១​ពណ៌​ប៉ុណ្ណោះ គឺ​ពណ៌​ទឹកប្រាក់ និង​មាន​លក្ខណៈ​ស្រ​ដៀង​នឹង Lexus RX300 Coach Edition ដែរ » ។

លោក​បន្ថែម​ថា លក្ខណៈ​សម្គាល់​មួយទៀត​ចំពោះ​រថយន្ត Lexus RX300 Coach Edition និង Silver Edition គឺ​ត្រង់​ផ្នែក​ខាង​មុខ​ចំណុច​បន្ទះ​ម៉ាស៊ីន ត្រង់​កន្លែង​ដាក់​ឡូ​ហ្គោ​។ រថយន្ត Lexus RX300 ធម្មតា វា​មាន​ឆ្កូត​ៗ​ចុះ​ក្រោម តែ​សម្រាប់ Coach Edition និង Silver Edition វា​មាន​ជា​សំណាញ់​ៗ ។ ម្យ៉ាងវិញទៀត ការ​រចនា​ផ្នែក​ខាងក្នុង​រថយន្ត ក៏​មាន​លក្ខណៈ​ខុស​គ្នា​បន្តិច​ដែរ​ពី​រថយន្ត Lexus RX300 ធម្មតា ។

រថយន្ត Lexus RX300 នៅ​មាន​ចំណុច​ជា​ច្រើន​ទៀត​ដែល​ត្រូវ​មើល និង​ត្រូវ​ដឹង តែ​ថ្ងៃនេះ សូម​លើកយក​ចំណុច​ប៉ុណ្ណេះ​មក​បង្ហាញ​ដើម្បី​ឲ្យ​អ្នក​ដែល​ចង់​ទិញ​រថយន្ត អាច​យក​ជា​ទុន​សម្រាប់​និយាយ​ចរចា​ជាមួយ​អ្នកលក់ ឬ​ទុកជា​ចំណេះដឹង​មួយ​កុំ​ឲ្យ​គេ​បោក​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ