ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវវ័យ​ប្រើប្រាស់​ប័ណ្ណឥណទាន​កំពុង​កើនឡើង​យ៉ាង​គំហុក

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ និន្នាការ​នៃ​ការ​ប្រើប្រាស់​ប័ណ្ណឥណទាន​បាន​និង​កំពុង​កើនឡើង​គួរ​ឲ្យ​កត់​សម្គាល់ ស្រប​ពេល​ចរន្ដ​នៃ​ការ​ទិញ​ទំនិញ​តាម​អន​ឡាញ​កំពុង​មាន​សន្ទុះ​ខ្លាំង​នៅ​កម្ពុជា ។ កា​រវិ​វត្ត​នៃ​ការ​ចាយប្រាក់​តាម​អេ​ឡិច​ត្រូ​និក​នេះ ក៏​បាន​ឆ្លុះ​បញ្ចាំង​ពី​ភាព​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ផង​ដែរ ។ យោង​តាម​របាយការណ៍​ស្ដី​ពី​ស​ន្ទ​ស្សន៍​ឥណទាន​លក្ខណៈ​បុគ្គល​របស់​ការិយាល័យ​ឥណទាន​កម្ពុជា ហៅ​កាត់​ថា…

រាជធានី​ភ្នំពេញ ៖ និន្នាការ​នៃ​ការ​ប្រើប្រាស់​ប័ណ្ណឥណទាន​បាន​និង​កំពុង​កើនឡើង​គួរ​ឲ្យ​កត់​សម្គាល់ ស្រប​ពេល​ចរន្ដ​នៃ​ការ​ទិញ​ទំនិញ​តាម​អន​ឡាញ​កំពុង​មាន​សន្ទុះ​ខ្លាំង​នៅ​កម្ពុជា ។ កា​រវិ​វត្ត​នៃ​ការ​ចាយប្រាក់​តាម​អេ​ឡិច​ត្រូ​និក​នេះ ក៏​បាន​ឆ្លុះ​បញ្ចាំង​ពី​ភាព​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ផង​ដែរ ។

យោង​តាម​របាយការណ៍​ស្ដី​ពី​ស​ន្ទ​ស្សន៍​ឥណទាន​លក្ខណៈ​បុគ្គល​របស់​ការិយាល័យ​ឥណទាន​កម្ពុជា ហៅ​កាត់​ថា (CBC) បាន​បង្ហាញ​ថា ក្នុង​ត្រីមាស​ទី​៤​ឆ្នាំ​២០១៧ ចំនួន​អ្នក​ស្នើ​សុំ​ប័ណ្ណឥណទាន​បាន​កើនឡើង​រហូត​ដល់​៩៤% ធៀប​នឹង​ត្រីមាស​ទី​៣ ។ តួលេខ​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា ចំនួន​អ្នក​ប្រើប្រាស់​បន្ត​កើនឡើង​នៅ​ត្រីមាស​ទី​៤​នេះ បន្ទាប់​ពី​ធ្លាក់​ចុះ​នៅ​ត្រីមាស​ទី​២ បន្ទាប់​មក​បាន​កើនឡើង​បន្តិច​ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​២០១៧ ។
របាយការណ៍​បាន​បញ្ជាក់​ថា ការ​ស្នើ​សុំ​ប័ណ្ណឥណទាន​កើនឡើង​យ៉ាង​ខ្លាំង​បែប​នេះ ភាគច្រើន​នៅ​រាជធានី​ភ្នំពេញ និង​នៅ​ខេត្តសៀមរាប​ដែល​ជា​តំបន់​មាន​សកម្មភាព​សេដ្ឋកិច្ច​ខ្ពស់ ។

នាយក​ប្រតិបត្តិ​ការិយាល័យ​ឥណទាន​កម្ពុជា ហៅ​កាត់​ថា ស៊ី​ប៊ី​ស៊ី លោក អឿ សុធា​រ័​ត្ន បាន​ប្រាប់​កោះសន្តិភាព នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ ថា បច្ចុប្បន្ន​នេះ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ​ចំនួន​កំពុង​ចាប់​យក​ទីផ្សារ​នេះ ដោយ​ព្យាយាម​ទាក់ទាញ​អតិថិជន​របស់​ខ្លួន​បន្ថែម ហើយ​អតិថិជន​ដែល​និយម​ប្រើប្រាស់​ប័ណ្ណឥណទាន​ភាគច្រើន ជា​យុវវ័យ​ដែល​មាន​អាយុ​ចន្លោះ​ពី​២០​ទៅ​៣៩​ឆ្នាំ ។

លោក​បន្ត​ថា ៖« ការ​ប្រើប្រាស់​ប័ណ្ណឥណទាន​មាន​អត្ថប្រយោជន៍​ខុស​គ្នា​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​មួយ​ទៅ​ស្ថាប័ន​មួយទៀត ។ ប៉ុន្តែ​ជា​គោល ការណ៍ តាម​រយៈ​ប័ណ្ណឥណទាន​នេះ អតិថិជន​អាច​ទូទាត់​ថ្លៃ​ទិញ​ទំនិញ ឬ​ប្រើប្រាស់​សេវាកម្ម​ផ្សេង​ៗ​ដោយ​មិន​ចាំបាច់​មាន​សាច់ប្រាក់ ហើយ​អតិថិជន​អាច​ទូទាត់​សង​ប្រាក់​វិញ​ទៅ​តាម​ថ្ងៃ​កំណត់​នា​ពេល​ក្រោយ » ។

លោក វី​ន​សិន លីង (Vincent Ling) អនុប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន UnionPay ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូទាត់​ប្រាក់​តាម​អេ​ឡិច​ត្រូ​និក​ទូ​ទាំង​ពិភពលោក បាន​ប្រាប់​កោះសន្តិភាព នា​ពេល​ថ្មី​ៗ​នេះ​ថា បច្ចុប្បន្ន និន្នាការ​នៃ​ការ​ចាយប្រាក់​តាម​អេ​ឡិច​ត្រូ​និក ដូច​ជា ប្រើប្រាស់​កាត​ឥណទាន (Credit Card) និង​ឥណ​ពន្ធ (Debit Card) កំពុង​កើន​ឡើង​​នៅ​កម្ពុជា ស្រប​ពេល​យុវជន​កំពុង​មាន​កំណើន​ខ្ពស់ ហើយ​លោក​មាន​ជំនឿ​ថា និន្នាការ​នេះ​នឹង​បន្ដ​កើនឡើង​ថែម​ទៀត ស្រប​ពេល​សេដ្ឋកិច្ច​កម្ពុជា​បន្ដ​មាន​កំណើន​រឹង​មាំ និង​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​។ លោក​ថា ការ​ទូទាត់​តាម​អេ​ឡិច​ត្រូ​និក​ទទួល​បាន​អត្ថប្រយោជន៍​លើស​ពី​ការ​ចាយវាយ​តាម​លុយ​សុទ្ធ និង​មាន​សុវត្ថិភាព​ខ្ពស់ ។

លោក វី​ន​សិន លីង ថ្លែង​ដូច្នេះ​ថា ៖« ការ​ប្រើប្រាស់​សេវា​ទូទាត់​តាម​អេ​ឡិច​ត្រូ​និក បាន​ផ្ដល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ដូច​ជា រហ័ស​ទាន់ចិត្ត សុវត្ថិភាព​ខ្ពស់ មិន​បារម្ភ​ពី​ការ​បាត់បង់ ចោរឆក់​ឬ​ប្លន់ ងាយស្រួល​ដាក់​តាម​ខ្លួន និង​ចាយវាយ​នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស » ។

លោក​បញ្ជាក់​ថា ៖« គិត​មក​ដល់​ពេល​នេះ ក្រុមហ៊ុន​របស់​លោក​បាន​ផ្ដល់​កាត​ជូន​អតិថិ​ជន​ប្រមាណ​ជាង​១៥​ម៉ឺន​នាក់​ហើយ និង​បាន​សហការ​ជាមួយ​ធនាគារ​នៅ​កម្ពុជា​ចំនួន​១៥ ក្នុង​នោះ ៥​ធនាគារ​មាន​សិទ្ធិ​ចេញ​កាត​ជូន​អតិថិជន ដើម្បី​ប្រើប្រាស់​នៅ​តាម​ព្រ​លាន​យន្ដហោះ បណ្ដា​ភោជនីយដ្ឋាន ហាង​លក់ទំនិញ និង​សណ្ឋាគារ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ដែល​មាន​បំពាក់​ស្លាក UnionPay » ។

អ្នកវិភាគ​សេដ្ឋកិច្ច​កម្ពុជា លោក​បណ្ឌិត ម៉ី កល្យាណ មាន​ប្រសាសន៍​ថា និន្នាការ​ប្រើ​ប្រាស់​លុយ​អេ​ឡិច​ត្រូ​និក គឺជា​និន្នាការ​ក្នុង​សកលលោក​ទាំងមូល ដែល​ប្រទេស​អភិ​វឌ្ឍន៍​បាន​ប្រើប្រាស់​យូរ​មក​ហើយ ហើយ​កម្ពុជា​ក៏​កំពុង​មាន​និន្នាការ​តាម​សកល​ដែរ បើ​ទោះជា​យឺត​ពេល​បន្តិច​ក្តី ។

លោក​បន្ត​ថា ដោយសារ​តែ​បច្ចេកវិទ្យា​ជឿនលឿន មនុស្ស​ប្រើ​ស្មា​ត​ហ្វូ​ន​ស្ទើរ​គ្រប់​គ្នា ទើប​ជំរុញ​ឱ្យ​ការ​ទូទាត់​លុយ​តាម​អេ​ឡិច​ត្រូ​និក​មាន​ភាព​លឿន និង​មាន​ប្រសិទ្ធភាព​ជាង​មុន ។

លោក​បណ្ឌិត​ពន្យល់​បន្ថែម​ថា ដោយសារ​ល្បឿន​នៃ​ការ​ប្រើប្រាស់​លុយ​លឿន​បាន​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​កាន់តែ​រីក​ចម្រើន​ជាង​មុន និង​សកម្មភាព​សេដ្ឋកិច្ច​មាន​កំណើន​ផង​ដែរ ។

លោក​បណ្ឌិត ម៉ី កល្យាណ ថា ៖« ក្នុង​ទ្រឹស្តី​សេដ្ឋកិច្ច​មាន​ទ្រឹស្តី​នៃ​ល្បឿន​នៃ​ការ​ប្រើ​ប្រាស់​លុយ កាលណា​ល្បឿន​នេះ​លឿន​ទៅ​ៗ ល្បឿន​នៃ​ការ​ជួញដូរ និង​ការ​ធ្វើ​សេដ្ឋកិច្ច​ហ្នឹង​ក៏​លឿន​ដែរ » ។

បើ​ទោះបី​ការ​ទូទាត់​លុយ​តាម​អេ​ឡិច​ត្រូ​និក​ងាយស្រួល និង​លឿន​ក៏​ដោយ លោក​បណ្ឌិត ម៉ី កល្យាណ លើក​ឡើង​ថា វា​ក៏​អាច​ផ្តល់​ហានិភ័យ ឬ​គ្រោះថ្នាក់​ដែរ ដូច​ជា លួច​ចូល​យក​ទិន្នន័យ (Hacker) ដែល​ទាមទារ​ឱ្យ​ទាំង​រាជរដ្ឋាភិបាល និង​ឯកជន ត្រូវ​ខិតខំ​ការពារ​ដើម្បី​បញ្ចៀស​ហានិភ័យ​ទាំងនោះ​ឱ្យ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ