ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាធារ​ណជន​​​​​ហួស​​ចិត្ត​ជា​ខ្លាំង​ ធ្លាយរឿងប្តឹង​ប្រពន្ធ​និង​បងថ្លៃ​ដាក់គុក ​​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យោង​​តាម​ប្រភព​ព័ត៌មាន​ពី​សាច់ញាតិ​នាង ទូច រស្មី ហៅ​ម៉ី ដែល​អះអាង​ថា​ ជា​ភរិយា​របស់​​លោក ជា សំ​អាន…

រាជធានីភ្នំពេញ ៖ យោង​​តាម​ប្រភព​ព័ត៌មាន​ពី​សាច់ញាតិ​នាង ទូច រស្មី ហៅ​ម៉ី ដែល​អះអាង​ថា​ ជា​ភរិយា​របស់​​លោក ជា សំ​អាន ប្រធាន​មន្ទីរពហុ​ព្យាបាល​វិសាល​សុខ បានឱ្យ​ដឹង​បន្ថែម​​ថា នាង ទូច រស្មី មាន​អាយុ​៣៣​ឆ្នាំ និង​មាន​បងប្អូន​៣​នាក់ គឺ​បងស្រី​ម្នាក់ និង​បងប្រុស​ម្នាក់​ឈ្មោះ ទូច សុធា ។

នាង ទូច រស្មី ជា​ស្ត្រីមេម៉ាយ​មានកូន​២​នាក់ កាលពី​មិន​ទាន់​បាន​លោក ជា សំ​អាន ជា​ប្តី លុះ​ពេល​បាន​លោក​ជា សំ​អាន ក៏​បានកូន​ម្នាក់​ទៀត ពោល​គឺ​សព្វថ្ងៃ​នាង ទូច រស្មី មានកូន​៣​នាក់ ហើយ​នាង​និង​បងប្អូន​ជា​កូន​កំព្រា​​គ្មាន​ឪពុក​ម្តាយ​ទីពឹង​ទេ ។

ប្រភព​ព័​ត៌​មានបាន​ឱ្យ​ដឹង​ទៀត​ថា កាល​នាងនៅ​ជា​ស្រី្ត​មេម៉ាយ នាង​ចូល​ចិត្ត​លេង​តាំង​ហ្គោ​ ដែល​ជា​ប្រព័ន្ធ​ប្រើ​ក្នុង​ទូរស័ព្ទ​ដូច​ហ្វេ​ស​ប៊ុ​ក បច្ចុប្បន្ន​នេះ​ដែរ តាម​រយៈ​សារ​អេ​ឡិច​ត្រូ​និក​ ។ ដោយសារ​តែ​ការ​លេង​តាំង​ហ្គោ​នោះ​ហើយ ទើប​ក្នុង​អំឡុង​ឆ្នាំ​២០១៤ ក៏​បាន​ជួប​បុរស​ម្នាក់​គឺ​លោក ជា សំ​អាន ប្រធាន​មន្ទីរ​ព្យាបាល​វិសាល​សុខ និង​តែងតែ​ទាក់ទង​សាសង​គ្នា​រាល់​រាត្រី​។ រហូត​ដល់​ឆ្នាំ​២០១៦ ក៏​ផ្តើម​ចេញ​រូបរាង​ជា​ទំនាក់​ទំនង​​ស្នេហា​គ្នា​ជិត​ស្និទ្ធ ហើយ​នាង​ចេះ​តែ​រៀបរាប់​ប្រាប់​លោក ជា សំ​អាន ថា នាង​ចង់​បើក​កន្លែង​រកស៊ី​លក់ដូរ​មួយ​សមរម្យ ដើម្បី​បាន​ប្រាក់​ចិញ្ចឹម​កូន ។

ពេល​នោះ​ លោក ជា សំ​អាន ក៏​មានការ​អាណិតអាសូរ និង​បាន​ដាក់ចិត្ត​ព្រមព្រៀង​ស្រឡាញ់​ជា​ប្តី​ប្រពន្ធ តែ​មិន​បាន​រៀប​ការ​ពេញ​ច្បាប់ទេ ។ លោក ជា សំ​អាន បាន​ផ្តល់​លុយកាក់​ឲ្យ​នាង ទូច រស្មី ជួល​ផ្ទះ​បើកហាង​លក់​ទឹកដោះគោ​ស្រស់ ដែល​មា​នទី​តាំងនៅ​ក្នុង​បុរី​សេ​វិ​ន​វីឡា ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​(​កន្លែង​កើតហេតុ​នោះ​) ។  ការ​បើកហាង​លក់​ទឹកដោះគោ​ស្រស់​នោះ​ លោក ជា សំ​អាន បាន​ឲ្យ​បងប្រុស​នាង ទូច រស្មី គឺ​ឈ្មោះ ទូច សុធា ស្នាក់​នៅ​បន្ទប់​មួយ និង​ជួយ​មើល​ការ​ខុស​ត្រូវ​ដែរ ហើយ​លោក ជា សំ​អាន ក៏​​ចេញចូល​រស់នៅ​ជាមួយ​នាង​ដូច​ប្តី​ប្រពន្ធ​ស្របច្បាប់​ទៅ​ហើយ​ ។ ការ​រស់នៅ​ជាមួយ​គ្នា​តាំងពី​អំឡុង
ឆ្នាំ​២០១៦ ​រហូត​មកនាង ទូច រស្មី ក៏​បង្កើត​បានកូន​ម្នាក់​ជាមួយ​លោក ជា សំ​អាន​។ ប៉ុន្តែ​ក្នុង​រយៈពេល​១​ឆ្នាំ​ចុង​ក្រោយ​នេះ ចំណង​ស្នេហ៍​ឥត​ខាន់ស្លា​នេះ​ចេះ​តែ​មាន​ភាព​រកាំរកូស និង​ឈ្លោះ​គ្នា​ជា​ញឹកញាប់ គ្រាន់តែ​មិន​ក្លាយជា​រឿង​ធំដុំ ។

លុះ​នៅ​រសៀល​ថ្ងៃ​ទី​៩ ខែកុម្ភៈ នាង ទូច រស្មី មក​ពី​ក្រៅ​ដល់​ផ្ទះ​ (​ហាង​) ​ស្រាប់តែ​ឃើញ​ប្តី​របស់​នាង​នៅ​ក្នុង​បន្ទប់​ជាមួយ​ស្រី​ក្មេង​ម្នាក់ ដែល​នាង​មិន​បាន​ស្គាល់ឈ្មោះ​ទេ ប៉ុន្តែ​មាន​គេ​ស្គាល់​ថា​​ ស្រី្ត​ម្នាក់​នោះ​ឈ្មោះ ស្រី​រ័​ត្ន ជា​ពិធី​ការិនី ។ ខណៈ​ប្រពន្ធ​ឃើញ​ប្តី​យក​ស្រី​មក​ដេក​ដល់​ក្នុង​បន្ទប់​ដូច្នោះ ក៏​កើតជា​ជម្លោះ​រវាង​ប្តី​-​ប្រពន្ធ ហើយ​ពេល​នោះ​ស្រី​រ័​ត្ន បាន​រំដោះខ្លួន​ចេញ​បាត់​ទៅ​អត់​ហ៊ាន​នៅ​តតាំង​ទេ ។

ពាក្យពេចន៍​ដែល​សាច់ញាតិ​នាង ទូច រស្មី រៀបរាប់​នេះ គឺ​ពួក​គាត់​បាន​មក​ពី​សម្តី​ផ្ទាល់មាត់​របស់​នាង ទូច រស្មី ឆ្លើយ​បំភ្លឺ​នៅ​ចំពោះ​មុខ​តុលាការ ដែល​មាន​មេធាវី​ការពារ​ក្តី​អង្គុយ​ស្តាប់​ផង​ដែរ ។ ពេល​នាង​ឈ្លោះ​គ្នា​ជាមួយ​ប្តី ដំបូង​ប្តី​នាង​ឆ្លើយ​បដិសេធ​ថា នេះ​មិនមែន​ជា​ស្រី​យក​មក​ដេក​រួម​ភេទ​ជាមួយ​គ្នា​ទេ គឺជា​ស្ត្រី​ម៉ាស្សា ដែល​គាត់​ហៅ​មក​ឲ្យ​ធ្វើ​សរសៃ​ឲ្យ ។ ទោះជា​យ៉ាងណា​ ប្តី​ប្រពន្ធ​នេះ​បាន​ទាស់សម្តី​គ្នា​កាន់តែ​ខ្លាំង​ឡើង និង​ស្រែក​ឡូឡា​ប្រវាយប្រតប់​គ្នា​ពេញ​ផ្ទះ ។

ពេល​នោះ​លោក ទូច សុធា ដែល​ជា​បង​បង្កើត​នាង ទូច រស្មី ឮ ក៏​ចេញពី​បន្ទប់ ហើយ​ឃើញ​ដូច្នោះ​ ក៏​ស្ទុះ​ទៅ​ឃាត់​អ្នក​ទាំង​ពីរ និង​បាន​ទៅ​ចាប់​លោក ជា សំ​អាន ការពារ​ខ្លាច​ប្រើ​ហិង្សា​ធ្ងន់ធ្ងរ​ណាមួយ​ទៅ​លើ​ប្អូនស្រី​របស់​ខ្លួន​ ។ ស្រប​ពេល​លោក ទូច សុធា ចាប់ដៃ​លោក ជា សំ​អាន ជាប់ នាង ទូច រស្មី ក៏​ស្ទុះ​ទៅ​ទាញ​បាន
កា​តូ​ទឹក​ជ័រ ​ឬ​ហៅ​បោយ​សម្រាប់​ស្រោច​ផ្កា យក​ទៅ​វាយ​ក្បាល​ប្តី​ពីរ ​បី​ប៉ូ​ក ​បណ្តាល​ឲ្យ​បែក​ហូរ​ឈាម​ដេរ​បី​បួន​ថ្នេរ ។

មហាជន​ដែល​បាន​តាមដាន​រឿង​ក្តី​បែកក្បាល​​នេះ បាន​នាំ​គ្នា​ចាត់​ទុក​​ថា រឿង​ប្រពន្ធ​យក​កា​តូ​ទឹក​ជ័រ ​វាយ​ក្បាល​ប្តី​បែក​ឈាម​ក្បាល​​បន្តិចបន្តួច ខណៈ​ទាន់ប្តី​កំពុង​យក​ស្រី​មក​ដេក​ក្នុងផ្ទះ​នោះ មិនមែន​ជា​រឿង​ធ្ងន់ធ្ងរ​ទេ ហើយ​ក៏​មិន​គួរ​​ប្តឹង​ឱ្យ​​ប្រពន្ធ​និង​បងថ្លៃ​ជាប់គុក​ដែរ ។ ប៉ុន្តែ​ដោយសារ​លោក ជា សំ​អាន ខ្មាស​គេ និង​អាង​មន្ត្រី​ធំ​ម្នាក់ ​ជួយ​អន្តរាគមន៍​ពីក្រោយ ដែល​មិន​ខុស​ពី​ពាក្យ​ថា  «​ឆ្នាំង​មិន​ក្តៅ បែរជា​ក្តៅ​គម្រប​» ទើប​បានជា​រឿង​នេះ​ ​ធ្វើ​ឲ្យ​លោក ជា សំ​អាន ឆេះដុំ និង​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​កង​រាជ​ធា​វុ​ធ​ហត្ថ​រាជធានី​ភ្នំពេញ ឲ្យ​ចាប់​ប្រពន្ធ និង​បងថ្លៃ នាំ​យក​ទៅ​ចាត់ការ​តាម​ផ្លូវច្បាប់ ។

ថ្ងៃ​ទី​១៣ ខែកុម្ភៈ កងរាជអាវុធហត្ថ​បាន​បញ្ជូន​នាង ទូច រស្មី និង លោក ទូច សុធា ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ប្រគល់​ជូន​តំណាង​អយ្យការ​សាកសួរ និង​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ ។ នៅ​សាលា​ដំបូង គេ​ឃើញ​សាច់ញាតិ​នាង ទូច រស្មី តាម​ទៅ​មើល​ចំណាត់ការ​របស់​តុលាការ​ដែរ ចង់​ដឹង​ពី​ទោស​ប្រពន្ធ​យក​កា​តូ​ទឹក​វាយ​ប្តី​ឈាម​តិចតួច ខណៈ​ប្តី​យក​ស្រី​មក​ដេក​ក្នុង​បន្ទប់ វា​ទៅ​ជា​យ៉ាងម៉េច​ដែរ ?

ទីបំផុត តំណាង​អយ្យការ​បាន​ធ្វើការ​ចោទប្រកាន់​នាង ទូច រស្មី និង លោក ទូច សុធា ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រ​២១៨​នៃ​ក្រមព្រហ្មទណ្ឌ ។ បន្ទាប់​មកសំណុំរឿង​នេះ​ បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ហើយ​នៅ​រសៀល​ថ្ងៃ​ដដែល ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​២​នាក់​បងប្អូន​នេះ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

មានការ​កត់​សម្គាល់ថា ពេល​សមត្ថកិច្ច​បញ្ជូន​នាង ទូច រស្មី និង​បងប្រុស​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រុម​គ្រួ​សារបាន​នាំ​យក​កូនស្រី​ម្នាក់​អាយុប្រមាណ​៣​ឆ្នាំ ដែល​នាង​មាន​ជំងឺ​គ្រុនផ្តាសាយ​ឲ្យ​ទៅ​ជួប​ម្តាយ មុន​ពេល​ម្តាយ​ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ ។ ប៉ុន្តែ​មានការ​អះអាង​ថា កូនស្រី​ម្នាក់​នេះ​ មិនមែន​ជា
កូនលោក ជា សំ​អាន ទេ គឺ​កូន​ប្តី​មុន ឯ​កូន​ជាមួយ​លោក ជា សំ​អាន តូច​ជាង​នេះ ។ អ្នក​ច្បាប់​បាន​លើក​ឡើង​ថា ទោស​នាង​ទូច រស្មី យក​កា​តូ​ទឹក​ជ័រ​វាយ​ក្បាល​ប្តី​នៅ​ពេល​ទាន់ប្តី​នាំ​ស្រី​មក​ដេក​ក្នុង​បន្ទប់ មិន​គួរ​ឃុំខ្លួន​នាង​​ទេ ប្រសិនបើ​៣​ប៉័ងតោ​វិញ​យក​ទៅ​ឃុំ អាច​គ្មាន​អ្នក​ណា​ជួយ​ឈឺឆ្អាល​ឡើយ​។

ម្យ៉ាងទៀត ពេល​ឃុំខ្លួន​ស្ត្រី​ជា​ម្តាយ​ ដែល​មានកូន​តូច​ដល់​ទៅ​៣​នាក់ សួរ​ថា តើ​បន្ទុក​ចិញ្ចឹម​បីបាច់​ថែរក្សា​កូន​នោះ អ្នក​ណា​ទទួលខុសត្រូវ បើ​នាង ជា​កូនកំព្រា​គ្មាន​ឪពុក​ម្តាយ​ផង ។ អ្នក​ច្បាប់​លើក​ឡើង​ទៀត​ថា ចំណែក​លោក ទូច សុធា ជា​បងប្រុស​បង្កើត និង​ជា​បងថ្លៃ​លោក ជា សំ​អាន ដែរ ហើយ​គ្រាន់តែ​បាន​ទៅ​ឃាត់​និង​ចាប់ដៃ​លោក ជា សំ​អាន កុំ​ឲ្យ​កើត​មាន​អំពើ​ហិង្សា​លើ​ប្តី​ប្រពន្ធ​ធ្ងន់ធ្ងរ រឿង​អី​ត្រូវ​ចោទប្រកាន់ និង​ឃុំខ្លួន​លោក ទូច សុធា ដែរ ។ ចំណុច​ខាងលើ​នេះ អ្នក​ច្បាប់​ចង់​និយាយ​ថា គួរតែ​តុលាការ​ក្រឡេក​មើល​អង្គ​ហេតុ និង​អង្គច្បាប់​ឡើង​វិញ​ផង កុំ​ចេះ​តែ​ឃុំ​តាម​ខ្យល់​បក់បោក វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​អ្នក​ដទៃ និង​កិត្តិ
យស​តុលាការ​ដែរ ។

ព័ត៌មាន​ទាំង​អស់នេះ​ ភ្នា​ក់ងារ​កោះសន្តិភាព​ ទទួល​បាន​តែ​ពី​ភាគី​ចុងចោទ​ ដែល​បាន​បំភ្លឺ​ប៉ុណ្ណោះ ចំណែក​ដើមបណ្តឹង​មិន​អាច​ទាក់ទង​បាន​ទេ ៕

អត្ថបទសរសេរ ដោយ