ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រគល់​ម៉ូតូ​ត្រៃ​មួយ​គ្រឿង​ដល់​អធិ​ការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​ដង្កោ

15 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ម៉ូតូ​ប្រដេញ​​ធុន​ត្រៃ​មួយ​គ្រឿង​ ត្រូវ​បាន​លោក​​គិត សុផា អភិ​បាល​ខណ្ឌ​ដង្កោ ​ទិញ​ប្រគល់​ទៅ​ឱ្យ​អធិ​ការ​ដ្ឋាន​នគរ​បាល​ខណ្ឌ សម្រាប់​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​ការ​ល្បាត​​ស្ទាក់​​ចាប់​បទ​ល្មើស​នានា ជា​ពិសេស​ការ​ពារ​ក្បួន​គណៈ​ប្រតិភូ​អាស៊ាន​ដែល​អញ្ជើញ​​​មក​ចូល​រួម​កិច្ច​ប្រជុំ​នៅ​រាជ​ធានី​ភ្នំពេញ​នា​ពេល​ខាង​មុខ​នេះ។ ពិធី​ប្រគល់ និង​ទទួល​ម៉ូតូ​ខាង​លើ​នោះ​បាន​ប្រព្រឹត្ត​​ធ្វើ​កាល​ពី​​ព្រឹក​ថ្ងៃ​ទី​៧ មីនា នៅ​​សាលា​ខណ្ឌ​ដង្កោ ដោយ​លោក​ប៊ន សំអាត អធិ​ការ​​នគរ​បាល​ខណ្ឌ​អញ្ជើញ​ទៅ​ទទួល​ដោយ​ផ្ទាល់ និង​មាន​ការ​ចូល​រួម​ពី​សំណាក់​មន្ត្រី​​នគរ​បាល​ទូទាំង​ខណ្ឌ​ផង​ដែរ។

លោក​គិត សុផា ​បាន​ថ្លែង​ថា ម៉ូតូ​ប្រដេញ​​ធុន​ត្រៃ​មួយ​គ្រឿង​នេះ​គឺ​លោក​ទិញ​ប្រគល់​ជូន​ដល់​កម្លាំង​នគរ​បាល​អធិ​ការ​ដ្ឋាន​ខណ្ឌ សម្រាប់​ជិះ​រួម​ជា​មួយ​នឹង​ម៉ូតូ​ដែល​មាន​ស្រាប់​ផ្សេង​ទៀត ដើម្បី​ធ្វើ​សកម្ម​ភាព​ល្បាត​​ស្ទាក់​ចាប់​បទ​ល្មើស​នានា ជា​ពិសេស​ការ​ពារ​តាម​ដង​ផ្លូវ​ពេល​ក្បួន​គណៈ​ប្រតិភូ​អាស៊ាន​មក​ចូល​រួម​ប្រជុំ​នៅ​រាជ​ធានី​ភ្នំពេញ​នា​ពេល​ខាង​មុខ​។ ជាង​នេះ​​ទៀត​ រង្វាន់​ម៉ូតូ​នេះ​គឺ​ជា​ការ​លើក​ទឹក​ចិត្ត និង​ឆ្លើយ​តប​ទៅ​នឹង​ស្នា​ដៃ​ដែល​អធិ​ការ​ដ្ឋាន​​ខណ្ឌ​ដង្កោ​បង្ក្រាប​បាន​ក្រុម​ជួញ​ដូរ និង​ចែក​ចាយ​គ្រឿង​​ញៀន​ជន​ជាតិ​ស្បែក​ខ្មៅ​ជា​បន្ត​បន្ទាប់​ក្នុង​ពេល​ថ្មី​ៗ​កន្លង​មក​ផង​ដែរ។ លោក​អភិ​បាល​ខណ្ឌ​បាន​សម្តែង​នូវ​ការ​កោត​សរ​សើរ​យ៉ាង​ខ្លាំង​ដល់​កម្លាំង​​នគរ​បាល​នៃ​អធិ​ការ​ដ្ឋាន​ខណ្ឌ​ដែល​បាន​ឯក​ភាព​គ្នា​ជា​ធ្លុង​មួយ​អនុ​វត្ត​ការ​ងារ​ចាប់​បង្ក្រាប​បទ​ល្មើស​ផ្សេង​ៗ​ ជា​ពិសេស​យុទ្ធនា​ការ​បង្ក្រាប​ចរា​ចរ​គ្រឿង​ញៀន​នេះ​តែ​ម្តង ហើយ​ទន្ទឹម​នឹង​នេះ​លោក​ក៏​បាន​សំណូម​ពរ​ឱ្យ​មាន​ការ​ខិតខំ​ប្រឹង​ប្រែង​ជា​បន្ត​ទៀត។

លោក​ប៊ន សំអាត អធិ​ការ​​នគរ​បាល​ខណ្ឌ​ដង្កោ​បាន​ថ្លែង​ថា ការ​បង្ក្រាប​ក្រុម​​ជួញ​ដូរ​គ្រឿង​ញៀន​​ ជា​ពិសេស​ក្រុម​ជន​ជាតិ​នីហ្សេ​រីយ៉ា ក្នុង​ពេល​​កន្លង​មក​នេះ គឺ​ដោយ​សារ​បាន​ការ​ណែ​នាំ​ពី​អគ្គ​ស្នង​ការ​​នគរ​បាល​​ជាតិ លោក​អភិ​បាល និង​ស្នង​ការ​​នគរបាល​​រាជ​ធានី​ភ្នំពេញ ជា​ពិសេស​​ការ​ជួយ​ជ្រោម​ជ្រែង​ជា​ថវិកា ក្នុង​ការ​ស្រាវ​ជ្រាវ​នានា។ មិន​តែ​ប៉ុណ្ណោះ​ ក្រោយ​ពេល​ចាប់​បាន​ក្រុម​ជួញ​ដូរ​គ្រឿង​ញៀន​ទាំង​នោះ​​លោក​អភិ​បាល​ខណ្ឌ​តែង​តែ​ឧបត្ថម្ភ​​ថវិកា​ជា​​ការ​លើក​ទឹក​ចិត្ត​ជា​បន្ត​បន្ទាប់​ផង​ដែរ។ ​លោក​អធិ​ការ​ បាន​ថ្លែង​អំណរ​គុណ​យ៉ាង​​ជ្រាល​ជ្រៅ​ចំពោះ​លោក​អភិ​បាល​ខណ្ឌ​ដែល​​តែង​តែ​គិតគូ​រដល់​កង​កម្លាំង​​ នគរ​បាល​ ហើយ​ក្នុង​នាម​​លោក​ជា​អធិ​ការ​​​លោក​សូម​ប្តេជ្ញា​ចិត្ត​ថា នឹង​ខំ​ប្រឹង​​ប្រែង​​ធ្វើការ​ស្រាវជ្រាវ​​រក​បទ​ល្មើស​​ផ្សេងៗ​ និង​បង្ក្រាប​​ឱ្យ​បាន​​ជា​បន្ត​ទៀត៕