ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ឆ្នាំ​ចិន​ជិត​មក​ដល់​ប្លែក​ភ្នែក​នឹងការ​តុបតែង​លំអ និង​ការ​លក់ដូរ​នានា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​នឹង​ឈាន​មក​ដល់​នៅ​ថ្ងៃ​ទី​១៦ ទី​១៧ និង​១៨ ខែកុម្ភៈ នៅ​ក្នុង​រាជធានី​ភ្នំពេញ តាម​គេហដ្ឋាន​អ្នក​ជាប់សែស្រឡាយ​ចិន ហាង​ទំនិញ និង​ក្រុមហ៊ុន​ឯកជន​ជា​ច្រើន​បាន​រៀបចំ​តុបតែង​លម្អ​ជា…

រាជធានី​ភ្នំពេញ ៖ ខណៈ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​នឹង​ឈាន​មក​ដល់​នៅ​ថ្ងៃ​ទី​១៦ ទី​១៧ និង​១៨ ខែកុម្ភៈ នៅ​ក្នុង​រាជធានី​ភ្នំពេញ តាម​គេហដ្ឋាន​អ្នក​ជាប់សែស្រឡាយ​ចិន ហាង​ទំនិញ និង​ក្រុមហ៊ុន​ឯកជន​ជា​ច្រើន​បាន​រៀបចំ​តុបតែង​លម្អ​ជា បណ្តើរ​ៗ​ហើយ ។

ជនជាតិ​ខ្មែរ​ជាប់សែស្រឡាយ​ចិន​បាន​ចាប់ផ្តើម​រៀបចំ​គេហដ្ឋាន​របស់​ខ្លួន​ដោយ​បិទ​អក្សរ ចង​គោម​ភ្លើង និង​ដាក់​តាំង​ដើម​ផ្កា​អង្គារ​សិ​ល និង​ផ្កាស្បៃរឿង​ទៅ​តាម​ចំណង់​ចំណូលចិត្តរៀង​ៗ​ខ្លួន ខណៈ​ពេល​ដែល​បណ្តា​ក្រុមហ៊ុន និង​ហាង​ជា​ច្រើន​ក៏​បាន​តុបតែង​ដូច​គ្នា​ដែរ​ត្រៀម​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ។ ការ​តុបតែង​ទៅ​តាម​ប្រពៃណី​នេះ​គឺ​ក្នុង​គោលបំណង​ទទួល​បាន​ជោគជ័យ លាភ​សំណាង និង​ហុងស៊ុយ​ល្អ សម្រាប់​ឱកាស​ចូល​ឆ្នាំ​ថ្មី ។

ការ​ដាក់​លក់​ទាំង​សម្ភារ​សម្រាប់​សែនព្រេន ជាមួយនឹង​ដើម​ផ្កាអង្គារសិល្ប ផ្កាស្បៃរឿង និង​ដើម​ក្រូច បាន និង​កំពុង​តែ​មមាញឹក​ខ្លាំង​នៅ​តាម​ដង​វិ​ថី​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ខណៈ​ពេល​ដែល​ការ​លក់​ទា​ខ្វៃ និង​ជ្រូក​ខ្វៃ​នៅ​តាម​ទី​នានា​នោះ​ក៏​មានការ​មមាញឹក​ដូច​គ្នា​ផង​ដែរ ។

លោក​សុខ លី ម្ចាស់​ហាង​លក់​អីវ៉ាន់​មួយ​នៅ​ផ្សារ​អូរ​ឫស្សី​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៣ កុម្ភៈ ២០១៨​ថា ហាង​របស់​លោក​បាន​ត្រៀម​រួច​ជា​ស្រេច​នូវ​សម្ភារ​មួយ​ចំនួន​សម្រាប់​ការ​ដាក់​សែន និង​តាំង​លម្អ​នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​ខាង​មុខ ។ ហាង​របស់​លោក​មាន​លក់​របស់របរ​គ្រប់​រដូវ​កាល​មិន​ថា​ចូល​ឆ្នាំ​នោះ​ទេ ពោល​គឺ​ទាំង​ចូល​ឆ្នាំ​ខ្មែរ ឆេ​ង​ម៉េ​ង ចូល​ឆ្នាំ​សាកល …​។ ហាង​របស់​លោក​មានការ​លក់​ទាំង​បោះ​ដុំ និង​លក់រាយ ទៅ​តាម​អតិថិជន​ត្រូវការ ហើយ​ជិត​មក​ដល់​ចូល​ឆ្នាំ​ចិន​នេះ​ហាង​របស់​លោក​លក់ដាច់​គួរសម ទាំង​អតិថិជន​ដែល​ទិញ​ទៅ​លក់​បន្ត ។

បើ​តាម​លោក​សុខ លី ជា​ទូទៅ​ការ​ជាវ​សម្ភារ​យក​ទៅ​សែន​ពី​អតិថិជន គឺ​មិន​ដូច​គ្នា​ឡើយ ពោល​គឺ​មាន​អ្នកខ្លះ​សែន​តិច និង​ខ្លះ​សែន​ច្រើន​ទៅ​តាម​ទម្លាប់​របស់​ពួក​គេ ។ បើ​អ្នក​សែន​​សមរម្យ​ល្មម ហើយ​មាន​សម្ភារ​គ្រប់គ្រាន់​គឺ​ត្រូវ​ចំណាយ​ចាប់ពី​១០០​ទៅ​២០០​ដុល្លារ ។

ហាង​របស់​លោក​បាន​ត្រៀម​សម្ភារ​ទាំង​អស់នេះ​ប្រហែលជា​កន្លះ​ខែ​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​មក​ដល់ ហើយ​អតិថិជន​ជាវ​ច្រើន​គឺ​នៅ​កៀក​បុណ្យ​តែ​ម្តង​ចន្លោះ​ពី​មួ​យស​ប្តា​ហ៍ ពោល​គឺ​មុន​ថ្ងៃ​ដក​ជើងធូប ។

លោក​ឌួ​ង វុ​ទ្ធី មាន​អាសយដ្ឋាន​នៅ​ចាក់​អង្រែ​ក្រោម ជា​អ្នក​ជាប់សែស្រឡាយ​ចិន​ឲ្យ​ដឹង​ថា ក្រុម​គ្រួសារ​របស់​លោក​បាន​ត្រៀម​រួច​ជា​ស្រេច​នូវ​គ្រឿង​ប្រដាប់ប្រដារ ផ្សេង​ៗ សម្រាប់​​ពិធី​សែន​នា​ឱកាស​ចូល​ឆ្នាំ​ចិន​មក​ដល់ ។ ជា​ទូទៅ​ក្រុម​គ្រួសារ​របស់​លោក​តែង​តែ​រៀបចំ​នូវ​គ្រឿង​សក្ការ ផ្សេង​ៗ​ដូច​ទៅ​នឹង​អ្នក​ជាប់សែស្រឡាយ​ចិន​ផង​ដែរ ក្រដាស​សែន នំ និង​សម្ភារ​មួយ​ចំនួន​ទៀត ។ សម្រាប់​ដើម​អង្គាសីល​គឺ​លោក​បាន​ទិញ​រួចរាល់​ហើយ សម្រាប់​ដាក់​តាំង​ជាមួយ​កន្លែង​សែន​នេះ ព្រោះ​ដើម​នេះ​គឺជា​របស់​នាំ​លាភ​សំណាង​​ដល់​ក្រុម​គ្រួសារ​របស់​លោក ។

បើ​តាម​លោក​វុ​ទ្ធី ចំណីអាហារ​សម្រាប់​សែនព្រេន​ផ្សេង​ទៀត​នោះ​ជា​ទម្លាប់​ក្រុម​គ្រួសារ​របស់​លោក គឺ​គ្មាន​អ្វី​ក្រៅពី​សម្លចាប់ឆាយ និង​ឆា​មីនោះ​ឡើយ ព្រោះ​ទាំង​ពីរ​មុខ​នេះ​វា​ហាក់ដូចជា​ប្រពៃណី​ដែល​បាន​ធ្វើ​ជា​រៀង​រាល់​ឆ្នាំទៅ​ហើយ ។

ដោយឡែក​សម្រាប់​ការ​ជួបជុំ​សប្បាយ​នា​ឱកាស​ចូល​ឆ្នាំ​នោះ​លោក​វុ​ទ្ធី និង​ក្រុម​គ្រួសារ​មិន​មាន​គម្រោង​ធ្វើ​ដំណើរ​កម្សាន្ត​តាម​បណ្តា​ខេត្ត​ណាមួយ​ឡើយ ក្រៅ​តែ​ពី​ការ​ជួបជុំ​បងប្អូន​សាច់ញាតិ​បន្តិចបន្តួច​នៅ​ឯ​ផ្ទះ​នោះ ។

ជា​មន្ត្រីរាជការ​មួយ​រូប​អ្នកស្រី​ណា​វី ឲ្យ​ដឹង​ថា ក្រុម​គ្រួសារ​របស់​អ្នកស្រី​មិន​ជាប់សែ​ស្រឡាយ​​ចិន​ច្រើន​ឡើយ ហើយ​ការ​សែន​នោះ​ទៀត​សោត​ធ្វើ​ឡើង​បន្តិចបន្តួច​ប៉ុណ្ណោះ។ សម្រាប់​ឱកាស​បុណ្យចូលឆ្នាំ​ចិន ក្រុម​គ្រួសារ​របស់​អ្នកស្រី​គ្រោង​នឹង​ទៅ​លេង​នៅ​ខេត្តកំពត ដោយសារ​តែ​អ្នកស្រី​មាន​ប្អូន​ខ្លះ​ដែល​ជាប់សែស្រឡាយ​ចិន​នៅ​ទីនោះ ។

ជា​និស្សិត​នៅ​សាលា​ឯកជន​មួយ​លោក​ហម រ៉ុ​ង និយាយ​ថា នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​នេះ​លោក​មាន​គម្រោង​ចង់ទៅ​ដើរ​លេង​ក្នុង​ប្រទេស​ចិន ឬ​ថៃ ព្រោះ​កន្លង​មក​លោក​មិន​សូវ​មានឱកាស​បាន​ដើរ​លេខា​ង​ក្រៅប្រទេស​នោះ​ឡើយ ។

ដោយ​កើត​ក្នុង​គ្រួសា​រដែ​លា​មាន​ជីវភាព​ខ្ពស់​លោក​បាន​ដាក់​គោលដៅ​ចម្បង​គឺ​ទៅ​ប្រទេស​​ចិន ស្រប​ពេល​ដែល​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ផង​នោះ​លោក​យល់​ថា​ប្រាកដជា​សប្បាយ និង​ប្លែក​ភ្នែក ។

បុណ្យចូលឆ្នាំ​ចិន ឬ​ហៅ​ម្យ៉ាងទៀត​ថា បុណ្យ​នា​និទាឃ​រដូវ គឺ​ថ្ងៃ​ឈប់​សម្រាក​ដ៏​សំខាន់​បំផុត​សម្រាប់​ជនជាតិ​ចិន ។ មាន​មនុស្ស​មួយ​ចំនួន ជា​ពិសេស​ជនជាតិ​ចិន​នៅ​ក្រៅ​ប្រទេស​បាន​ហៅ​ពិធីបុណ្យ​នេះ​ថា បុណ្យចូលឆ្នាំ​ចន្ទគតិ​ថ្មី ។ ជា​ប្រពៃណី ពិធីបុណ្យ​នេះ​ចាប់ផ្ដើម នៅ​ថ្ងៃ​ទី​មួយ​នៃ​ខែ​ទី​មួយ តាម​ចន្ទគតិ ក្នុង​ប្រតិទិន​ចិន ហើយ​បញ្ចប់​ទៅ​វិញ​នៅ​ថ្ងៃ​ទី​១៥ ដែល​គេ​ហៅ​ថ្ងៃនេះ​ថា ពិធីបុណ្យ​បង្ហោះគោម ។ ពិធីបុណ្យ​នេះ​ត្រូវ​ប្រារព្ធ​ឡើង នៅ​តំបន់​ដែល​មាន​ចំនួន​ប្រជាជន​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ដូច​ជា​ប្រទេស​កម្ពុជា​យើង​ជា​ដើម ។ ពិធី​បុណ្យចូលឆ្នាំ​ចិន ត្រូវ​បាន​ចាត់ទុកជា​ថ្ងៃ​ដ៏​មាន​សារសំខាន់​សម្រាប់​ជនជាតិ​ចិន ហើយ​វា​ក៏​មាន​ឥទ្ធិពល​ទៅ​លើ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​របស់​ប្រទេស​ជិតខាង​ផង​ដែរ ជា​ពិសេស​ចំណង​វប្បធម៌​ជាមួយ​ប្រជាជន​ដែល​ជនជាតិ​ចិន ធ្វើ​អន្តរ​កម្ម​ជាមួយ ។

មូលហេតុ​សំខាន់​ដែល​គេ​ប្រារព្ធ​ពិធី​នេះ​ឡើង មាន​តែ​២​ប៉ុណ្ណោះ គឺ​ដើម្បី​អបអរ​ការ​ខិតខំ​ធ្វើការ​ពេញ​មួយ​ឆ្នាំ​, ដើម្បី​ឲ្យ​មានការ​សម្រាក​ដ៏​ប្រសើរ និង​បាន​ជួបជុំ​ក្រុម​គ្រួសារ និង​ដើម្បី​ផ្សង​ឲ្យ​មានសំណាង​ល្អ និង​ភាព​រុងរឿង ថ្កុំថ្កើង នៅ​ឆ្នាំ​ខាង​មុខ ។

ជនជាតិ​ចិន​ជឿ​ថា ការ​ចាប់ផ្ដើម​ដ៏​ល្អ​នៅ​ដើមឆ្នាំ​ថ្មី​នឹង​នាំ​ឲ្យ​មានសំណាង​ល្អ​ពេញ​មួយ​ឆ្នាំ។ តាម​ប្រពៃណី ជនជាតិ​ចិន​បាន​ប្រារព្ធ​ការ​ចាប់ផ្ដើម​ឆ្នាំ​ថ្មី នៃ​ការ​ធ្វើ​កសិកម្ម ដោយ​ផ្សង​ឲ្យ​មានការ​ប្រមូល​ផល​ល្អ (​សម្រាប់​កសិករ​)​។ បច្ចុប្បន្ន​ការ​ប្រារព្ធ​ពិធី​មួយ​នេះ​មាន​កា​រវិ​វ​ឍ្ឍ​យ៉ាង​ខ្លាំង ដោយ​គេ​បាន​ប្រារព្ធ​ពិធី​ផ្ដើម​ឆ្នាំ​ថ្មី​នៃ​អាជីវកម្ម ផ្សេង​ៗ និង​ផ្សង​ឲ្យ​មាន​ប្រាក់​ចំណេញ​ច្រើន ព្រមទាំង​ទទួល​បាន​ជោគជ័យ​ក្នុង​ភារកិច្ច​នានា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ