ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចក្រុមព្រះ ៖ «​អ្នក​ណា​ប្តឹង​អ្វី​ប្តឹង​ទៅ ជា​សិទ្ធិ​របស់​គេ​»

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច បាន​អះអាង​បើកផ្លូវ​ឲ្យ​សមាជិក​បក្ស​ដែល​ត្រូវ​បណ្តេញចេញ ប្តឹង​ទៅ​តុលាការ បើ​ខ្លួន​មិន​ពេញចិត្ត…

រាជធានី​ភ្នំពេញ ៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច បាន​អះអាង​បើកផ្លូវ​ឲ្យ​សមាជិក​បក្ស​ដែល​ត្រូវ​បណ្តេញចេញ ប្តឹង​ទៅ​តុលាការ បើ​ខ្លួន​មិន​ពេញចិត្ត ។

ផ្តល់​បទ​សម្ភាស​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយ​ចូលរួម​សម័យប្រជុំ​វិសាមញ្ញ​រដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨ សម្តេចក្រុមព្រះ​បញ្ជាក់​ថា «​ខ្ញុំ នរោត្តម រណឫទ្ធិ ជា​ប្រធាន​គណបក្ស មិន​ដែល​បណ្តេញ​អ្នក​ចេញពី​បក្ស​ទេ ប៉ុន្តែ​គេ​ឲ្យ​ខ្ញុំ​ហើយ​ខ្ញុំ​ត្រូវ​តែ​ចុះហត្ថលេខា ដើម្បី​ឲ្យ​គណបក្ស ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ជា​គណបក្ស​រាជា​និយម​តែ​មួយ​គត់ ចេះ​រួបរួម​គ្នា​» ។

ព្រះ​អង្គ​ក៏​បាន​លើក​ឡើង​ថា បើ​មាន​បញ្ហា​អ្វីមួយ​គួរ​ដោះស្រាយ​ផ្ទៃក្នុង ដោយ​មិន​គួរ​ប្តឹង​ទៅ​តុលាការ​នោះ​ទេ ។ ប៉ុន្តែ​សម្តេច​បាន​បញ្ជាក់​ថា «​អ្នក​ណា​ប្តឹង​អ្វី​ប្តឹង​ទៅ ជា​សិទ្ធិ​របស់​គេ ។ ខ្ញុំ​សូម​ជម្រាប​អ្នកកាសែត​ថា អ្នក​ណា​ប្តឹង​ក៏​ប្តឹង​ទៅ ជា​សិទ្ធិ​របស់​គេ ក៏​ប៉ុន្តែ​ខ្ញុំ​សុំ​យោបល់​មួយ ក្នុង​ប្រជា​ធាន​គណបក្ស សុំ​កុំ​មានការ​បែកបាក់​គ្នា មាន​បញ្ហា​អ្វី​ត្រូវ​ដោះស្រាយ​គ្នា​» ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់ សម្តេចក្រុមព្រះ បន្ទាប់​ពី​សមាជិក​គណបក្ស ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ចំនួន​៥​រូប នៅ​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ប្រឆាំង​នឹង​សេចក្តីសម្រេច​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ដែល​បណ្តេញ​ពួក​គេ​ចេញពី​គណបក្ស កាលពី​ចុង​ខែមករា​កន្លង​ទៅ ។

ពាក្យបណ្តឹង​របស់​សមាជិក​ទាំង​៥​នាក់​របស់​គណបក្ស ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ដែល​រួម​មាន ៖ លោក សេង ហាក់​ស្រ៊ុ​ន​, លោក មៀ​ច សំរួល​, លោក កាន់ វុ​ឌ្ឍី​, លោក សួន ផ​ល្លី​, លោក គឹ​ម រ៉ា​វី និង​លោក ណុ​ប ផ​ន បាន​បញ្ជាក់​ថា ការ​សម្រេច​បណ្តេញ​ពួក​គេ​ចេញពី​គណបក្ស​នេះ គឺ​ផ្ទុយ​ទៅ​នឹង​លក្ខន្តិក​គណបក្ស ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ស្របច្បាប់ ប៉ះពាល់​ដល់​កិត្តិយស សេចក្តី​ថ្លៃថ្នូ​របស់​ពួក​គេ និង​អយុត្តិធម៌ ។ អតីត​សមាជិក ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ដែល​រង​ការ​បណ្តេញចេញ​ទាំងនោះ បាន​ស្នើ​ឱ្យ​តុលាការ​ជួយ​រក​យុត្តិធម៌​ដល់​ពួក​គេ និង​ផ្តល់​ភាព​ជា​សមាជិក​គណបក្ស ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ដល់​ពួក​គេ​វិញ ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០១៨ កន្លង​ទៅ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច បាន​ចេញ​សេចក្តីសម្រេច​មួយ​ដោយ​បណ្តេញ អគ្គលេខាធិការ​រង​ម្នាក់ និង​មន្ត្រី​៣​រូប​ផ្សេង​ទៀត ដែល​គណបក្ស​ចាត់​ទុក​ថា បាន​បំផុសបំផុល​ញត្តិ​ទាមទារ​ឲ្យ​ដក​តំណែង លោក ប៉ោ ប៊ុ​ន​ស្រ៊ឺ អនុប្រធាន​គណបក្ស និង​លោក យឹ​ម សា​វី អគ្គលេខាធិការ​បក្ស ។ សមាជិក​ជាន់ខ្ពស់​របស់​គណបក្ស ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ៤​រូប​នោះ រួម​មាន ៖ លោក សេង ហាក់​ស្រ៊ុ​ន អគ្គលេខាធិការ​រង​, លោក ណុ​ប ផ​ន​, លោក មៀ​ច សំរួល និង​លោក ភាព ភាជន៍ ។

សេចក្តីសម្រេច​របស់​គណបក្ស ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​សមាជិក​មួយ​ចំនួន​ដែល​គេ​សង្ស័យ​ដឹកនាំ​ដោយ លោក សេង ហាក់​ស្រ៊ុ​ន អគ្គលេខាធិការ​ង នៃ​គណបក្ស ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច បាន​បង្កើត​ញត្តិ​ជា​បន្តបន្ទាប់ ដើម្បី​ស្នើ សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ដក​តំណែង​លោក ប៉ោ ប៊ុ​ន​ស្រ៊ឺ អនុប្រធាន​គណបក្ស និង​លោក យឹ​ម សា​វី អគ្គលេខាធិការ​គណបក្ស ដោយ​ចោទប្រកាន់​មន្ត្រីជាន់ខ្ពស់​គណបក្ស​ទាំង​២​រូប​នេះ​ថា ប្រកាន់​បក្ខពួក​និយម និង​មាន​អំពើ​ពុក​រលួយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ