ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​កម្មករ​រោងចក្រ​YLT នាំ​គ្នា​ធ្វើ​បាតុកម្ម​ឲ្យ​ថៅកែ​គោរព​ច្បាប់​ការងារ

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ កម្មករ កម្មការិនី ប្រមាណ​ជិត​៣០០​នាក់ បាន​ប្រមូលផ្តុំ​គ្នា​នៅ​ខាង​មុខ​រោងចក្រ YLT (​រោងចក្រ​ធ្វើ​រាន​ទេវតា​) ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុង​ឃុំ​កំពង់​សឹ​ង្ហ…

ខេត្តព្រៃវែង ៖ កម្មករ កម្មការិនី ប្រមាណ​ជិត​៣០០​នាក់ បាន​ប្រមូលផ្តុំ​គ្នា​នៅ​ខាង​មុខ​រោងចក្រ YLT (​រោងចក្រ​ធ្វើ​រាន​ទេវតា​) ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុង​ឃុំ​កំពង់​សឹ​ង្ហ ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​១៣ កុម្ភៈ​នេះ ដោយ​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ គោរព​ច្បាប់​ការងារ និង​បើក​ប្រាក់ខែ​កម្មករ​ឲ្យ​បាន​ទៀងទាត់​។ ក្រុម​កម្មករ​ទាំងនោះ បាន​ប្រាប់​ឲ្យ កោះសន្តិភាព​ដឹង​ថា រោងចក្រ​នេះ​ថៅកែ​ជា​ជនជាតិ​កូរ៉េ មេការ​ជា​ជនជាតិ​វៀតណាម មាន​កម្មករ កម្មការិនី​សរុប​ជិត​៣០០​នាក់ និង​បាន​ដំណើរការ​រយៈពេល​៣​ឆ្នាំ​មក​ហើយ​។ ក្រុម​កម្មករ​ដដែល​នេះ បាន​បញ្ជាក់​ថា រយៈពេល​៣​ឆ្នាំ​នេះ ថៅកែ​រោងចក្រ​ធ្វើបាប​កម្មករ​ណាស់ ដោយ​បាន​បង្ខំ​កម្មករ ឲ្យ​ធ្វើការ​ថែម​ម៉ោង រហូត​ដល់​ម៉ោង​១១​យប់ ពេល​ខ្លះ​ដល់​ភ្លឺ​ក៏​មាន ហើយ​បើ​កម្មករ​ណា​ប្រកែក​មិន​ព្រម​ធ្វើ គេ​គំរាម​បញ្ឈប់​ការងារ ឬ​គំរាម​លែង​ឲ្យ​ថែម​ម៉ោង​រហូត​។

  ចំណែក​ប្រាក់ខែ​វិញ តែងតែ​ពន្យា​ហួស​ថ្ងៃ​រហូត ដែល​ធម្មតា​គ្រប់​រោងចក្រ​ទាំងអស់ គេ​បើក​ថ្ងៃ​ទី​១០ ចំណែក​រោងចក្រ​នេះ​ពន្យា​ដល់​ថ្ងៃ​ទី​១៥ ឬ​១៦​ឯណោះ ហើយ​ចុង​ក្រោយ​នេះ ស្រាប់តែ​ថៅកែ​រោងចក្រ​បិទ​ប្រកាស​ថា ប្រាក់ខែ​សម្រាប់​ខែមករា ត្រូវ​ពន្យា​ដល់​ថ្ងៃ​ទី​១៧​ខែកុម្ភៈ ទើប​ឲ្យ​កម្មករ​ខ្ចី​មុន​ម្នាក់​១០០​ដុល្លារ​សិន ហើយ​ដល់​ថ្ងៃ​ទី​២៤ ទើប​បើក​ប្រាក់ខែ​ឲ្យ​ទាំងអស់​។ ចំណុច​នេះ​ហើយ​ទើប​កម្មករ កម្មការិនី​ទាំងអស់ កើត​ទុក​មិន​សុខចិត្ត ហើយ​នាំ​គ្នា​ធ្វើ​បាតុកម្ម​តវ៉ា​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ កុម្ភៈ នេះ​តែ​ម្តង​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ពេល​ដែល​ក្រុម​កម្មករ​នាំ​គ្នា​ធ្វើ​បាតុកម្ម​នោះ គេ​ពុំ​ឃើញ​មាន​វត្តមាន​អាជ្ញាធរ ឬ​មន្ត្រី​មន្ទីរ​ការងារ​ណា​ម្នាក់ ចុះ​ទៅ​សម្របសម្រួល​ដោះស្រាយ​ឡើយ ចំណែក​ភាគី​ខាង​ថៅកែ​រោងចក្រ ក៏​មិនឃើញ​ចេញ​ធ្វើការ​ចរចា​សម្របសម្រួល ជា​មូ​យ​ក្រុម​កម្មករ​ដែរ គឺ​មាន​តែ​ក្រុម​កម្មករ រាប់រយ​នាក់ នាំ​គ្នា​ឈរ​ស្រែក​តវ៉ា​នៅ​ខាង​មុខ​រោងចក្រ​ប៉ុណ្ណោះ​។

ចំពោះ​បញ្ហា​នេះ កោះសន្តិភាព បាន​ព្យាយាម​ទំនាក់ទំនង​ទៅ​លោក សាញ សាម ប្រធាន​រដ្ឋបាល​រោងចក្រ YLT ជា​ច្រើន​ដង ដើម្បី​សុំ​ការ​បំភ្លឺ ប៉ុន្តែ​ទូរស័ព្ទ​របស់​លោក​ហៅ​ចូល​ហើយ​គ្មាន​អ្នក​ទទួល​។ ដោយឡែក​លោក ភុ​ន ស​ម្ភ​ស្ស អភិបាលស្រុក​ព្រះស្តេច បាន​ប្រាប់​តាម​ទូរ​សព្ទ័​ថា លោក​កំពុង​ជាប់រវល់​នៅ​ប្រទេស​វៀតណាម តែ​លោក​នឹង​ប្រញាប់​ត្រលប់​មក​វិញ ហើយ​ពិនិត្យ​មើល​រឿង​នេះ​។ រីឯ​លោក ណុ​ប សាវ៉ា​ត ប្រធាន​មន្ទីរ​ការងារ​ខេត្តព្រៃវែង មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​បាន​ទេ ដោយ​ទូរ​សព្ទ័​របស់​លោក​ហៅ​ចូល​ជា​ច្រើន​សារ តែ​គ្មាន​អ្នក​ទទួល​៕


https://youtu.be/fQl6RQUSXjw

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ