ឃុន ឌីម៉ា ក្រោយវាយថៃឱ្យសន្លប់ ប្រកាសថា មិនខ្លាចការសងសឹក
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ការប្រកួតដែលបានធ្វើឡើងនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី១១ កុម្ភៈ កីឡាករកម្ពុជា ឃឹម ឌីម៉ា ដែលបានប្រែមកដាក់ឈ្មោះពិតថា ឃុន…
រាជធានីភ្នំពេញ ៖ ការប្រកួតដែលបានធ្វើឡើងនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី១១ កុម្ភៈ កីឡាករកម្ពុជា ឃឹម ឌីម៉ា ដែលបានប្រែមកដាក់ឈ្មោះពិតថា ឃុន…
រាជធានីភ្នំពេញ ៖ ការប្រកួតដែលបានធ្វើឡើងនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី១១ កុម្ភៈ កីឡាករកម្ពុជា ឃឹម ឌីម៉ា ដែលបានប្រែមកដាក់ឈ្មោះពិតថា ឃុន ឌីម៉ា បានបញ្ចេញថ្វីដៃគួរឱ្យកត់សម្គាល់ដោយបានធ្វើឱ្យកីឡាករជើងខ្លាំងថៃឈ្មោះ Keo Kang Vann សន្លប់តែម្ដងក្នុងទឹក២ ។
ក្រោយការបរាជ័យរបស់កីឡាករថៃ តំណាងភាគីថៃបានអះអាងថានោះជាការភ្លាត់ស្នៀត ដោយតាមគម្រោងនឹងដាក់ឱ្យឡើងសងសឹកដើម្បីធ្វើឱ្យលោកបាក់មុខយ៉ាងណាក្ដី ក៏លោកបញ្ជាក់ថាមិនមានរឿងដែលត្រូវខ្លាចទេ ។ លោកថា បំណាច់វាយឈ្នះកីឡាករថៃមួយលើកនេះទៅហើយ បើទោះជាក្នុងពេលខាងមុខកីឡាករ Keo Kang Vann នឹងឡើងមកប្រកួត ហើយអាចនឹងធ្វើឱ្យលោកបាក់មុខលើរេញតាមអ្វីដែលចង់បាន ក៏លោកប្រកាសត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលយកដែរ ។
លោកនិយាយថា«ក្នុងនាមជាកីឡាករអត់ខ្លាចរឿងគេចង់សងសឹកទេ ស្វាគមន៍»។ មកទល់ពេលនេះ លោកបានត្រៀមខ្លួនប៉ះជាមួយកីឡាករថៃច្រើននាក់មកហើយ ដោយរួមមានទាំងកីឡាករជើងខ្លាំង និងកីឡាករជាម្ចាស់ខ្សែក្រវាត់រាប់មិនអស់នោះផង តែលោកមិនដែលញញើតក្នុងការឡើងរេញជាមួយទេ បើទោះជាបានដឹងមុនថាការប៉ះគ្នាជាមួយកីឡាករទាំងនោះអាចនឹងធ្វើឱ្យលោករងការអាម៉ាស់ក្ដី ។ លោកថា ធ្វើជាកីឡាករអត់ខ្លាចសង្វៀនដាច់ខាត ហើយសម្រាប់កីឡាករ Keo Kang Vann ដែលលោកបានវាយឱ្យសន្លប់ក្នុងទឹកទី២កាលពីថ្ងៃអាទិត្យនោះ គឺលោកពេញចិត្តក្នុងការប៉ះជាមួយជាថ្មី ដោយមិនខ្វល់ថាលទ្ធផលសម្រាប់ការប៉ះគ្នានោះយ៉ាងណានោះទេ ។ លោកនិយាយថា៖«អត់ខ្លាចទេ បើការប៉ះគ្នាជាថ្មីខ្ញុំចាញ់ក៏ល្អមើលដែរ»។
យ៉ាងណាមិញ លោកក៏មិនប្រាកដចិត្តថា នឹងអាចវាយឈ្នះបែបនេះជាថ្មីនៅពេលសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ និងអ្នកដឹកនាំកីឡាករថៃឱ្យមកប្រកួតដាក់ឱ្យប្រកួតជាមួយកីឡាករ Keo Kang Vannនោះទេ ក្នុងពេលដែលកីឡាករថៃរូបនេះ ក៏មិនទាន់ប្រកួតជាមួយលោកឱ្យអស់ពីសមត្ថភាពផង ស្រាប់តែត្រូវសន្លប់ឈឹងនៅពេលលោកវាយឱ្យត្រូវចំណុចខ្សោយដល់ថ្នាក់ក្រោកលែងរួច ។
ឃុន ឌីម៉ា បញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលលោកវាយឱ្យកីឡាករថៃសន្លប់ ប៉ុន្តែលោកបានទទួលស្គាល់ថាបើលោកមិនមានសំណាងក្នុងការវាយលុកនៅពេលនោះទេ ក៏មិនអាចឈ្នះដោយស្រួលដល់ម្លឹងដែរ អ៊ីចឹងហើយទើបលោកបញ្ជាក់ថា ការប្រកួតជាថ្មីជាមួយ Keo Kang Vann មិនដឹងជាទទួលបានលទ្ធផលបែបណាទេ បើទោះជាលោកពេញចិត្តឡើងរេញជាមួយដោយមិនញញើតក្ដី ។
លោក ថៃ អ៊ូ អ្នកដឹកនាំកីឡាករថៃឱ្យមកប្រកួតនៅសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍បានអះអាងថា ហេតុផលដែលកីឡាករខ្លួន គឺ Keo Kang Vann បរាជ័យដល់ថ្នាក់សន្លប់ក្នុងទឹកទី២ គឺដោយសារតែគេប្រហែស និងគេងមិនបានគ្រប់គ្រាន់នៅមុនពេលប្រកួត ដោយសារតែប្លែកកន្លែងក្រោយមកដល់កម្ពុជាប៉ុណ្ណោះ។ លោកថា បើឱ្យកីឡាកររបស់លោកមិនមានបញ្ហារឿងធ្វើដំណើរផ្លូវឆ្ងាយ និងមិនប្លែករបបអាហារគឺកីឡាករ ឃុន ឌីម៉ា មិនអាចឈ្នះស្រួលនោះទេ ដោយលោកយល់ថាជ័យជម្នះដែលបានកើតឡើងគឺដោយសារតែកីឡាកររបស់លោកមិនសូវស្រួលខ្លួនក្រោយមកដល់កម្ពុជាច្រើនជាង។
លោកនិយាយថា៖«វា(Keo Kang Vann)អត់បានដេកទេហើយវាមិនសូវស្រួលខ្លួនរឿងជិះផ្លូវឆ្ងាយផង បានវាអ៊ីចឹង»។ លោកនៅតែអះអាងថា បើឱ្យកីឡាកររបស់លោកមិនមានបញ្ហាសុខភាព គឺឃុន ឌីម៉ា នឹងពិបាកសម្រាប់ការប្រកួត ដោយលោកសន្និដ្ឋានថា នឹងបរាជ័យសម្រាប់ការប្រកួតនោះផង ។ លោកថា កីឡាករ Keo Kang Vann គឺជាជើងខ្លាំងមួយរូបមកពីប្រទេសថៃ ហើយការប្រកួតរបស់គេនាពេលកន្លងមក បើទោះជាប៉ះកីឡាករកម្ពុជាដែលខ្លាំងជាងឃុន ឌីម៉ា ក៏គេទទួលបានជ័យជម្នះច្រើនជាងបរាជ័យនោះដែរ ។
លោកប្រកាសថា នឹងឱ្យកីឡាកររបស់ខ្លួនឡើងប្រកួតសងសឹកក្នុងពេលដ៏ខ្លី ដោយលោករំពឹងថា បើគ្មានរឿងភ្លាត់ស្នៀត និងគ្មានបញ្ហាសុខភាព គឺនឹងល្អមើលជាងនេះ ដោយមិនអាចបញ្ចប់ការប្រកួតត្រឹមទឹកទី២ ហើយកីឡាកររបស់លោកជាអ្នកបរាជ័យអ៊ីចឹងឡើយ ។
យ៉ាងណាមិញលោកក៏បានបញ្ជាក់ថា កីឡាករកម្ពុជា ឃុន ឌីម៉ា ក៏ធ្វើដំណើរឆ្ងាយពីខេត្តបន្ទាយមានជ័យមិនសូវខុសគ្នាពីកីឡាកររបស់លោកនោះដែរ ប៉ុន្តែអាចមកពីកីឡាកររបស់លោកមានបញ្ហាមិនសូវស្រួលខ្លួនតាំងពីមកពីថៃ និងដោយសារតែគេសម្រាកមិនសូវលក់ផងនៅយប់ថ្ងៃមុនប្រកួត ទើបលទ្ធផលកើតមានបែបនេះ ។ លោកមិនទាន់កំណត់ពេលវេលាដើម្បីឱ្យការប្រកួតរបស់គូនេះកើតឡើងជាថ្មីនោះទេ ដោយរង់ចាំឱ្យកីឡាករម្ខាងៗមានពេលត្រូវគ្នា និងទទួលយកការប្រកួតដូចគ្នាសិន ដើម្បីកុំឱ្យមានបញ្ហារឿងអ្នកនេះមានបញ្ហាសុខភាព ឬអត់ពេលហ្វឹកហាត់ នាំឱ្យមានការប្រកាសថាមិនសុខចិត្តទៀត ។
លោកថា កីឡាកររបស់លោកបានអះអាងថា គេមានអាកាមិនសូវស្រួលខ្លួនក្នុងពេលសម្រុកខ្លាំង ដែលអាចបណ្ដាលមកពីការសម្រាកពេលយប់មិនសូវបានល្អ និងអាចបណ្ដាលមកពីរបបអាហារនៅកម្ពុជាមិនសូវស៊ាំសម្រាប់ការទទួលទានរបស់គេ។
លោកថា ការប្រកួតនៅក្នុងថ្ងៃនោះ លោកដឹងតាំងពីបើកឆាកការប្រកួតថា កីឡាករ Keo Kang Vann នឹងទទួលបរាជ័យ ដោយគ្រាន់តែមិនបានដឹងថានឹងចាញ់ក្នុងទឹកទី២ ដែលជាការបរាជ័យយ៉ាងលឿនដល់ម្ល៉ឹងប៉ុណ្ណោះ ជាពិសេសនៅពេលដែលកូនសិស្សរបស់លោកប្រកាសថាគេមិនបានដេកគ្រប់គ្រាន់ ព្រោះតែដេកមិនលក់ ហើយមានអារម្មណ៍ល្ហិតល្ហៃមិនសូវរឹងមាំ។
លោក ញាន សុធី អ្នកគ្រប់គ្រងកម្មវិធីកីឡាប្រចាំស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍បានសម្ដែងការខកចិត្តដែលកីឡាករទាំងពីរប្រកួតគ្នាបានតែ២ទឹកក៏ដឹងលទ្ធផលចាញ់ឈ្នះ ស្របគ្នាដែលការប្រកួតអន្តរជាតិមួយគូទៀត រវាងកីឡាករ អ៊ុ ចំរើន និងកីឡាករថៃ A Minn ក៏បានត្រឹមតែមួយទឹកក៏ដឹងលទ្ធផលថាកីឡាករថៃជាអ្នកចាញ់ដូចគ្នា ដែលលោកបានហៅការប្រកួតអន្តរជាតិទាំងពីរគូថាជាការប្រកួតដែលមិនបានជក់ចិត្ត ។
លោកថា កីឡាករថៃដែលបានមកប្រកួត គឺសុទ្ធតែជាកីឡាករល្អ ប៉ុន្តែអាចមកពីការប្រកួតរបស់ឃុន ឌីម៉ា និងអ៊ុំ ចំរើន មានបច្ចេកទេសល្អជាង និងអាចថាបណ្ដាលមកពីកីឡាករថៃ មានបញ្ហាសុខភាពដូចគ្នានឹងការបកស្រាយរបស់លោក ថៃ អ៊ូ ទើបមានលទ្ធផលបែបនេះ ។
យ៉ាងណាមិញ លោកសរសើរចំពោះកីឡាករ ឃុន ឌីម៉ា ដែលក្លាហានមិនខ្លាចក្នុងការប៉ះប្រកួតជាមួយកីឡាករ Keo Kang Vann ហើយលោកក៏រំពឹងថា កីឡាករថៃនឹងមិនមានលទ្ធផលដូចមុន មិនខុសគ្នាពីការអះអាងរបស់លោកថៃ អ៊ូ ផងដែរ៕
ចែករំលែកព័តមាននេះ