ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្វឹក​ជា​ត្រីវិស័យ​បង្ហាញផ្លូវ​សម្រាប់​កីឡាករ​-​កីឡាការិនី

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ស៊ា​ន បូ​រ៉ាត រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែង​ថា គ្រូបង្វឹក…

រាជធានី​ភ្នំពេញ ៖ លោក ស៊ា​ន បូ​រ៉ាត រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែង​ថា គ្រូបង្វឹក គឺជា​ត្រីវិស័យ​ដ៏​សំខាន់ សម្រាប់​បង្ហាញផ្លូវ​ដល់​ក្រុម​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ ។ លោក​ថ្លែង​បែប​នេះ​នៅ​ក្នុង​ឱកាស​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្ដី​ពី​ការ​រៀន​រៀបចំ​ផែនការ និង​ទ្រឹស្ដី​ហាត់​ហ្វឹកហ្វឺន​របស់​គ្រូបង្វឹក​ជម្រើស ជាតិ​ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា កាលពី​ថ្ងៃ​ទី​១២ កុម្ភៈ​។

លោក ស៊ា​ន បូ​រ៉ាត បន្ត​ថា ទេព​កោសល្យ និង​ចិត្តសាស្ត្រ​គឺជា​ចំណុច​សំខាន់​ដែល​លោក​គ្រូ​អ្នកគ្រូ​ត្រូវ​ផ្ដោត​ការ​យកចិត្តទុកដាក​ក្នុង​ការ​បង្ហាត់បង្រៀន​ដល់​កីឡាករ​-​កីឡាការិនី​ជម្រើស​ជាតិ​នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ ។ បច្ចុប្បន្ន រាជរដ្ឋាភិបាល​ក៏​ដូច​ជា​ក្រសួង​អប់រំ យុវ​ជន និង​កីឡា​ដែល​ជា​សេនាធិការ​បាន​និង​កំពុង​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង ក្នុង​នោះ​ក៏​មានការ​ចូលរួម​ពី​លោកគ្រូ​អ្នកគ្រូ​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​អ្នកមាន​ចំណេះដឹង​ខ្ពង់​ខ្ពស់​នៅ​ក្នុង​ផ្នែក​វិស័យ​អប់រំ​កាយ​និង​កីឡា​នេះ​ផង​ដែរ ។ ដូច្នេះ​កត្តា​សំខាន់​ដែល​ត្រូវ​បន្ត​អនុវត្ត​គឺ​ត្រូវធ្វើ​យ៉ាងណា​បំពេញ​លក្ខខណ្ឌ ឱ្យ​បាន​គ្រប់គ្រាន់​ទៅ​តាម​ពេលវេលា​ដែល​បាន​កំណត់ ។ ក្នុង​រយៈពេល​៦​ខែ​នៃ​ការ​ប្រមូលផ្ដុំ​នេះ គឺជា​ការ​ត្រៀមលក្ខណៈ​សម្រាប់​ចូលរួម​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​នានា​លើ​ឆាក​អន្តរជាតិ​។

លោក​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​រូប​នេះ​ក៏​បាន​លើក​ឡើង​ពី​ចំណុច​សំខាន់ កាលពី​ឆ្នាំ​កន្លង​ទៅ​ដែល​ទាក់ទង​ទៅ​នឹង​ការ​រីក​ចម្រើន និង​វឌ្ឍនភាព​នៃ​ការ​ផ្ដល់​ឱកាស​ដល់​គ្រូ​បង្ហាត់ កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​ក្នុង​ការ​ចូលរួម​ប្រកួត​ថ្នាក់​តំបន់ ថ្នាក់​អន្តរជាតិ​ដែល​ជា​ព្រឹត្តិការណ៍​ធំ​ៗ​នៅ​លើ​ពិភពលោក​។​លោក​បាន​សង្កត់ធ្ងន់​ថា ការ​ខិតខំ​ប្រឹងប្រែង​របស់​យើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ចន្លោះ​ខ្វះខាត​តែងតែ​នៅ​មាន ។

ជាក់ស្ដែង​វិស័យ​កីឡាបាល់ទាត់ បើ​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទទួលស្គាល់​ថា​ខ្លាំង ប៉ុន្តែ​បើ​ចូល​ទៅ​លេង​ជាមួយ​គេ​នៅ​ក្នុង​អាស៊ាន​គឺ​នៅ​ខ្សោយ​ជាងគេ ហាក់ដូចជា​ចាញ់​ប្រៀប​គេ​ទៅ​វិញ ។ ដូច្នេះ​បើ​ចង់ឱ្យ​មាន​ភាពរឹងមាំ​ត្រូវ​ផ្ដោត​សំខាន់​ទៅ​លើ​សីលធម៌​ដែល​ជា​កត្តាចាំ​បាច់​​មិន​អាច​ខ្វះ​បាន ។ លោក​បញ្ជាក់​ថា បើកាលណា ខ្វះ​សីលធម៌​ហើយ ទោះបីជា​មានការ​តាំងចិត្ត​យ៉ាងណា​ក៏​មិន​អាច​ទទួល​បាន​ជោគជ័យ​ឡើយ ។

លោក​បាន​ផ្ដែផ្ដាំ​ដល់​លោកគ្រូ​អ្នកគ្រូ​ឱ្យ​បានដឹង​ថា ជំហាន​ដំបូង​ត្រូវ​គិត​ពី​សីលធម៌
ជា​ចម្បង​បន្ទាប់​មក​គិត​ពី​ពេលវេលា​នៃ​ការ​ហ្វឹកហាត់ ត្រូវ​មាន​វិធីសាស្ត្រ​ហ្វឹកហាត់​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ឯកសារ​ដែល​មាននៅ​ក្នុង​ដៃ​របស់​អស់លោក​គ្រប់​គ្នា​ស្រាប់ ។

សរុបសេចក្ដី​ទៅ​លោកគ្រូ​អ្នកគ្រូ​នេះ​ហើយ​ជា​ត្រីវិស័យ​បង្ហាញផ្លូវ​សម្រាប់​កីឡាករ​-​កីឡា​ការិនី​ក្នុង​ការ​ហ្វឹកហាត់​ឱ្យ​ទទួល​បាន​ជោគជ័យ ។ ដូច្នេះ​លោក​គិត​ថា សិក្ខាសាលា​រយៈ​ពេល​៣​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ទី​១២​ដល់​ថ្ងៃ​ទី​១៤ កុម្ភៈ វា​ពិតជា​គ្រប់គ្រាន់​ណាស់​ហើយ បើសិន​ជា​​យើង​យកចិត្តទុកដាក់​ក្នុង​ការ​រៀនសូត្រ​។

លោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​បានឱ្យ​ដឹង​ថា យុទ្ធនាការ​នៃ​ការ​ប្រមូលផ្ដុំ​ក្រុម​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​ហាត់​ហ្វឹកហ្វឺន​នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ​មាន​៣១​ប្រភេទ​កីឡា បូក​រួម​ទាំង​ក្រុមកីឡា​ជន​ពិការ​ទៀត​ផង​នោះ​មាន​ចំនួន​៣២ និង​មាន​កីឡា​ករ​៣៦៤​នាក់ កីឡាការិនី​៧៥​នាក់ គ្រូបង្វឹក​៧៣​នាក់ និង​អនុរក្ស​៣៣​នាក់ សរុប​៤៤៥​នាក់ ។ ដូច្នេះ​ការ​រៀបចំ​ផែនការ និង​វិធីសាស្ត្រ​ហាត់​ហ្វឹកហ្វឺន​របស់​គ្រូបង្វឹក​នា​ពេល​​នេះ សំដៅ​ធានា​ឱ្យ​គ្រូបង្វឹក​មានចំណេះ​ដឹង ជំនាញ សីលធម៌ និង​មាន​សមត្ថភាព​អនុវត្ត​វិជ្ជាជីវៈ​តាម​រយៈ​ការ​បណ្ដុះបណ្ដាល​មុន​ពេល​បំពេញការងារ និង​ក្នុង​ពេល​បំពេញ​ការងារ​។

ការ​រៀបចំ​ផែនការ និង​វិធីសាស្ត្រ​ហាត់​ហ្វឹក​ហ្វឺ​ន​នេះ​ទៀត បាន​បង្ហាញ​ពី​យុទ្ធសាស្ត្រ​សំខាន់​ៗ​សម្រាប់​យក​ទៅ​អនុវត្ត សំដៅ​សម្រេច​នូវ​ចក្ខុវិស័យ គោលបំណង និង​គោលដៅ​ដែល​បាន​កំណត់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ