ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​អូរ​ឫស្សី​ត្រៀម​ជ្រូក​ខ្វៃ​ចន្លោះ​ពី​4​ទៅ​5​ពាន់​ក្បាល​សម្រាប់​បុណ្យចូលឆ្នាំ​ចិន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឆ្នាំ​នេះ ក៏​មិន​ខុស​ប្លែក​ពី​ឆ្នាំ​កន្លង​ទៅ​ដែរ ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​ដែល​ជាប់សែស្រឡាយ​ចិន​-​វៀតណាម នឹង​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​តាម​ប្រពៃណី​ដែល​នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​១៥ កុម្ភៈ ខាង​មុខ​នេះ ហើយ​តង្វាយ​ដែល​សំខាន់​​ជាងគេ​បំផុត​ដើម្បី​ឧទ្ទិស​ជូន​ដល់​មាតាបិតា ដូនតា​ជីតា…

រាជធានី​ភ្នំពេញ ៖ ឆ្នាំ​នេះ ក៏​មិន​ខុស​ប្លែក​ពី​ឆ្នាំ​កន្លង​ទៅ​ដែរ ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​ដែល​ជាប់សែស្រឡាយ​ចិន​-​វៀតណាម នឹង​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​តាម​ប្រពៃណី​ដែល​នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​១៥ កុម្ភៈ ខាង​មុខ​នេះ ហើយ​តង្វាយ​ដែល​សំខាន់​​ជាងគេ​បំផុត​ដើម្បី​ឧទ្ទិស​ជូន​ដល់​មាតាបិតា ដូនតា​ជីតា កុងម៉ា ព្រមទាំង​សាច់​សាលោហិត​ដែល​បាន​ចែក​ឋាន​ទៅ​កាន់​លោក​ខាង​មុខ​នោះ គឺ​ជ្រូក​ខ្វៃ ។

បើ​តាម​ប្រធាន​គណៈកម្មការ​ផ្សារ​អូរ​ឫស្សី បាន​មាន​ប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ កុម្ភៈ​ថា សម្រាប់​ផ្សារ​អូរ​ឫស្សី​ឆ្នាំ​នេះ បាន​ត្រៀម​ជ្រូក​ខ្វៃ​លក់​ជូន​បងប្អូន​ដែល​ជាប់សែ​ស្រឡាយ​​ចិន​-​វៀតណាម​យក​ទៅ​រៀបចំ​សែនព្រេន​តាម​ទំនៀមទម្លាប់​ប្រពៃណី​ដូច​រាល់​ឆ្នាំ ។

លោក ឡេ​ង គឹ​ម​ស្រុង ប្រធាន​គណៈកម្មការ​រូប​នេះ​ថ្លែង​ថា ៖« ផ្សារ​អូរ​ឫស្សី​មាន​តូប​លក់​ជ្រូក​ខ្វៃ​ចំនួន​១២​តូប​ដែល​គ្រប់គ្រង​ផ្ទាល់​របស់​គណៈកម្មការ​ផ្សារ ។ ឆ្នាំ​នេះ ក៏​មិន​ខុស​ពី​ឆ្នាំ​កន្លង​ទៅ​ដែរ តម្រូវការ​ជ្រូក​ខ្វៃ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជាប់សែស្រឡាយ​ចិន​-​វៀតណាម គឺ​អាច​មាន​ចាប់ពី​៤​ទៅ​៥​ពាន់​ក្បាល​ឡើង​ទៅ » ។

លោក​បន្ត​ថា អ្នកលក់​ជ្រូក​ខ្វៃ​ទាំង​១២​តូប​នេះ អ្នកខ្លះ​មាន​ឡ​សម្រាប់​ខ្វៃ​ជ្រូក​ផ្ទាល់ខ្លួន និង​ខ្លះ​ទៀត​ទិញ​បន្ត ប៉ុន្តែ​តម្លៃ​លក់​ថ្ងៃ​ធម្មតា ក៏​មិន​ខុស​គ្នា​ដែរ វា​អាស្រ័យ​ទៅ​តាម​អតិថិ​ជន (​ម៉ូយ​) ឬ​អ្នកទិញ​ម្តងម្កាល ។ លោក​ថា ៖« ក្នុង​១​គីឡូក្រាម​តម្លៃ​តែ​៤​ម៉ឺន​រៀល​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ពេល​មានបុណ្យ​ទាន​អាច​ឡើង​ដល់​៥​ម៉ឺន ឬ​ជាង​៥​ម៉ឺន​រៀល ។ តម្លៃ​នេះ គណៈកម្មការ​ផ្សារ​មិន​អាច​កំណត់​បាន​ទេ ប៉ុន្តែ​មាន​ថ្ងៃ​ខ្លះ​អាច​ធ្លាក់​ថ្លៃ​នៅ​ក្រោម​នេះ​ក៏​មាន » ។

លោក​បន្ថែម​ថា ថ្ងៃ​ធម្មតា គឺ​មាន​លក់​តែ​១២​តូប​ទេ ប៉ុន្តែ​នៅ​ពេល​បុណ្យចូលឆ្នាំ ឬ​បុណ្យ​ទាន​ផ្សេង​ៗ អ្នកលក់​បាន​បំបែក​គ្នា​ច្រើន​តូប ហើយ​ក៏​មាន​អ្នក​ថ្មី​ធ្វើ​តូប​លក់រាយ​ប៉ាយ​ជា​ច្រើន​ទៀត​ផង​ដែរ គឺ​ចេញពី​ផ្សារ​រហូត​ដល់​មហាវិថី​ហ្សា​ដឺ​ហ្គោ​ល ដែល​គណៈកម្មការ​គ្រប់គ្រង​មិន​បាន ។

ទោះជា​យ៉ាងណា គណៈកម្មការ​ផ្សារ​អូរ​ឫស្សី មិន​ធ្វើ​អ្វី​ឲ្យ​ប៉ះពាល់​ដល់​មុខរបរ​រកស៊ី​ទទួលទាន​របស់​ពួក​គាត់​ទេ ដោយ​យល់​ឃើញ​ថា វា​ជា​រឿង​ម្តងម្កាល និង​ជា​ថ្ងៃ​បុណ្យ​ប្រពៃណី​របស់​ជាតិ​សាសន៍ ប៉ុន្តែ​គណៈកម្មការ​ត្រូវ​រៀបចំ​ឲ្យ​មាន​របៀបរៀបរយ និង​មិន​បណ្តែតបណ្តោយ​ឲ្យ​អ្នកលក់​ទាំងនោះ​ដាក់​តូប​លក់ដូរ​អនាធិបតេយ្យ ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​ឡើយ ។

ខណៈ​រដូវ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន និង​វៀតណាម​ចូល​មក​ដល់ តម្រូវការ​ជ្រូក​សម្រាប់​​ខ្វៃ​បាន​កើនឡើង​យ៉ាង​គំហុក ជា​ពិសេស​នៅ​ប្រទេស​វៀតណាម​ដែល​បាន​ជះ​ឥទ្ធិពល​ដល់​ជ្រូក​ក្នុងស្រុក​ផង​ដែរ ទើប​ធ្វើ​ឲ្យ​ថ្លៃ​ជ្រូក​ខ្មែរ​ហក់​ឡើង​ស្រឺ​ត ក្រោយ​ពី​ធ្លាក់​ចុះ​ងើប​មិន​រួច​អស់​ជា​ច្រើន​ខែ​មក ។

បើ​តាម​លោក ជេ​ត ភី​រម្យ អនុប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១១ កុម្ភៈ ថា បច្ចុប្បន្ន​នេះ ជ្រូក​វៀតណាម​បាន​ងើបឡើង​វិញ ស្រប​ពេល​តម្រូវការ​ជ្រូក​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន និង​វៀតណាម ដូចនេះ ក៏​បាន​ជះ​ឥទ្ធិពល​ដល់ទី​ផ្សារ​ជ្រូក​រស់​ខ្មែរ​ដែរ ថែម​ទាំង​បាន​ធ្វើ​ឲ្យ​តម្លៃ​ជ្រូក​ខ្មែរ ទាំង​ជ្រូក​របស់​កសិករ និង​ក្រុមហ៊ុន បាន​ឡើងថ្លៃ​វិញ ។

ទោះបី​យ៉ាងណា លោក​ថា ៖« បើ​ធៀប​នឹង​ថ្លៃដើម​សម្រាប់​ចិញ្ចឹម នៅ​មិន​ទាន់​ឲ្យ​កសិករ ឬ​ក្រុមហ៊ុន អាច​រក​ប្រាក់​ចំណេញ​បាន​នៅឡើយ តែ​យ៉ាងណា ក៏​ប្រសើរ​ជាង​មុន​បន្តិច​ដែរ » ។

លោក ស៊ុន ឡាយ ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​មួយ​កន្លែង​ក្នុង​ខេត្តកណ្ដាល បាន​ឲ្យ​ដឹង​ដែរ​ថា ជា​ការ​ពិត តម្លៃ​ជ្រូក​ពេល​នេះ​បាន​កើនឡើង​បន្តិច​មែន ព្រោះ​ជា​រដូវ​កំពុង​មាន​តម្រូវការ ក៏​ប៉ុន្តែ​តម្លៃ​នេះ​នៅ​មិន​ទាន់​អាច​ចំណេញ​បាន​នៅឡើយ​ទេ បើ​ធៀប​នឹង​ការ​ចំណាយ​ថ្លៃដើម ។

លោក​បន្ត​ថា កូនជ្រូក​ជំទើរ​ៗ​ដែល​គេ​ទុក​សម្រាប់​ខ្វៃ​ក្នុង​រដូវ​ចូល​ឆ្នាំ​ចិន និង​វៀតណាម​នេះ ក៏​មិន​មាន​ហាងឆេង​ច្រើន​ដូច​ក្នុង​ឱកាស​ឆេ​ង​ម៉េ​ង ឬ​សែន​ផ្នូរ​ដែរ ។ លោក​ថា ៖ «ចូល​​ឆ្នាំ​ចិន​ឆ្នាំ​នេះ មិន​មាន​អ្នករក​ជ្រូក​ខ្វៃ​ច្រើន​ដូច​ឆេ​ង​ម៉េ​ង ឬ​សែន​ផ្នូរ​នោះ​ទេ គឺ​មាន​តិចតួច​ប៉ុណ្ណោះ អីចឹង​ហើយ​ទើប​ខ្ញុំ​មិន​បាន​ត្រៀម​ជ្រូក​ជំទើរ​សម្រាប់​ផ្គត់ផ្គង់​ទៅ​អ្នក​ខ្វៃ»។

បើ​តាម​របាយការណ៍​ពី​សមាគម​អ្នក​ចិញ្ចឹមសត្វ បច្ចុប្បន្ន តម្លៃ​ជ្រូក​រស់​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ជ្រូក​កសិករ​អាច​លក់​បាន​ក្នុង​តម្លៃ​ប្រមាណ​៦.៥០០​រៀល និង​ជ្រូក​ចិញ្ចឹម​តាម​ក្រុម​ហ៊ុន អាច​លក់​បាន​ក្នុង​តម្លៃ​៧.០០០​រៀល​ក្នុង​១​គីឡូក្រាម ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ