ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍​កសិកម្ម​សាមគ្គី​ខណ្ឌដង្កោ​បង្កើត​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហគមន៍​កសិកម្ម​សាមគ្គី​ខណ្ឌដង្កោ បាន​បង្កើត​ឡើង​រយៈពេល​ជិត​៣​ឆ្នាំ​មក​ហើយ​ក្នុង​គោលបំណង​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ពង្រីក​មុខរបរ​ខ្នាត​តូច​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន បាន​ប្រារព្ធ​ធ្វើ​មហាសន្និបាត​ប្រចាំឆ្នាំ​លើក​ទី​៣ មានការ​ចូលរួម​ពី​លោកស្រី សឿង សេរី ចៅសង្កាត់​ដង្កោ…

រាជធានី​ភ្នំពេញ ៖ សហគមន៍​កសិកម្ម​សាមគ្គី​ខណ្ឌដង្កោ បាន​បង្កើត​ឡើង​រយៈពេល​ជិត​៣​ឆ្នាំ​មក​ហើយ​ក្នុង​គោលបំណង​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ពង្រីក​មុខរបរ​ខ្នាត​តូច​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន បាន​ប្រារព្ធ​ធ្វើ​មហាសន្និបាត​ប្រចាំឆ្នាំ​លើក​ទី​៣ មានការ​ចូលរួម​ពី​លោកស្រី សឿង សេរី ចៅសង្កាត់​ដង្កោ និង​លោក សៀង បូ​រិ​ន​ប្រធាន​មន្ទី​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​រាជធានី​ភ្នំពេញ អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​ប្រជាពលរដ្ឋ​ជាង​៤០​គ្រួ​សារបាន​ចូលរួម​ផង​ដែរ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

លោក សៀង បូ​រិ​ន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​រាជធានី​ភ្នំពេញ បាន​ថ្លែង​ឲ្យ​ដឹងផង​ដែរ​ថា សហគមន៍​កសិកម្ម​សាមគ្គី​ខណ្ឌដង្កោ​បាន​បង្កើត​ឡើង​រយៈពេល​៣​ឆ្នាំ​មក​ហើយ ដោយ​មានការ​បំផុស​ពី​រាជរដ្ឋាភិបាល ដោយ​មានការ​ចូលរួម​អង្គការ​ទស្សនៈ​ពិភពលោក បាន​សហ​ការណ៍​បង្កើត​សហគមន៍​នេះ​ឡើង ដើម្បី​កាត់​បន្ថយ​ភាព​ក្រី​ក្រី​អាច​ផ្តល់​ឥណទាន​ខ្នាត​តូច​ឲ្យ​ប្រជាពលរដ្ឋ​ខ្ចី​យក​ទៅ​ពង្រីក​មុខរបរ និង​ជួយ​កុមារ​ក្នុង​សហគមន៍​ឲ្យ​បាន​រៀនសូត្រ​ដែរ ។

ការ​បង្កើត​សហគមន៍​កសិកម្ម​សាមគ្គី​ខណ្ឌដង្កោ​នេះ​ឡើង ដោយ​មានការ​ចូលរួម​ពី​សប្បុរសជន​នានា ដូច​ជា លោក នុ​ត ពុត​ដា​រ៉ា អភិបាល​ខណ្ឌដង្កោ បាន​ចូល​ចូលរួម​ចំនួន​១០​ហ៊ុន ក្នុង​មួយ​ហ៊ុន​ស្មើនឹង​ថវិកា​១២​ម៉ឺន​រៀល លោក វើក សា​មឿ​ន ចូលរួម​១០​ហ៊ុន លោក សៀង បូ​រិ​ន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​រាជធានី​ភ្នំពេញ បាន​ចូលរួម​១០​ហ៊ុន លោកស្រី សឿង សេរី ចៅសង្កាត់​ដង្កោ ចំនួន​១១​ហ៊ុន លោកស្រី ជា ផា​ន់​រស់ ចំនួន​១០​ហ៊ុន លោកស្រី ផេ​ន ស្រី​ម៉ៅ ចំនួន​១០​ហ៊ុន លោកស្រី នៅ ស៊ី​នឿ​ន ចំនួន​១០​ហ៊ុន ផង​ដែរ និង​មាន​ប្រជាពលរដ្ឋ​ក្នុងភូមិ​ម័​ល​បាន​ចូលរួម​ទៅ​តាម​លទ្ធភាព​ផង​ដែរ ។ ចំពោះ​ហ៊ុន​ដែល​ដាក់​ចូលរួម​នេះ គឺ​អាច​ដាក់​ទៅ​តាម​លទ្ធភាព​មិន​បាន​កំណត់​ទេ ក្នុង​មួយ​ឆ្នាំ​អាច​ទទួល​បានការ​ប្រាក់​ដែល​ដាក់​ហ៊ុន​នោះ​តិចតួច ប៉ុន្តែ​សប្បុរសជន ដែល​ចូល​ហ៊ុន​ធំ​ៗ​ខាងលើ​នេះ​ភាគច្រើន​មិន​បាន​ទទួល​យកការប្រាក់​ត្រលប់​ទៅ​វិញ ទេ​គឺ​តម្កល់​ទុក​ក្នុង​សហគមន៍​ចាត់ចែង ។

លោក​បាន​បន្ត​ទៀត​ថា មហាសន្និបាត​នេះ​បាន​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ ដោយ​មានការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ ។ សម្រាប់​ឆ្នាំ​២០១៨​នេះ ជា​មហាសន្និបាត​លើក​ទី​៣ បាន​ធ្វើការ​បូក​សរុប​នៅ​ក្នុង​សហគមន៍​របស់​ប្រជាពលរដ្ឋ ។ កម្មវិធី​របស់​សហគមន៍​រួម​មាន​ឥណទាន​ទីផ្សារ​កសិកម្ម ផលិតកម្ម​កសិកម្ម និង​កែ​ច្នៃ​ដែល​បាន​ចុះបញ្ជី​ក្រោម​លេខ ០០៧/១៥ កសិក​/​ក​ភ ចុះ​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៥ ត្រូវ​បាន​ទទួលស្គាល់​ថា ជា​សហគមន៍​កសិកម្ម​សាមគ្គី​ដង្កោ ស្រប​តាម​ច្បាប់​ស្ដី​ពី​សហគមន៍​កសិកម្ម​ដែល​រដ្ឋសភា​បាន​អនុម័ត កាលពី​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០១៣ ។

កាលពី​ឆ្នាំ​២០១៧ សហគមន៍​កសិកម្ម​សាមគ្គី​ដង្កោ មាន​សមាជិក​មាន​ចំនួន​៥៨​នាក់ ចំនួន​ហ៊ុន​១២៥​ហ៊ុន ក្នុង​នោះ​មាន​ប្រាក់​ភាគហ៊ុន​សរុប​ចំនួន​១៥,០០០,០០០​រៀល ប្រាក់​សមាជិកភាព​ចំនួន​២១០,០០០​រៀល ប្រាក់​មូលនិធិ​បម្រុង​ចំនួន​១,៦៨៧,៥០០​រៀល ប្រាក់​មូលនិធិ​បណ្ដុះបណ្ដាល​ចំនួន​២៥៣,១០០​រៀល ។

ជា​លទ្ធផល​បន្ទាប់​ពី​ការ​បង្កើត​សហគមន៍​កសិកម្ម​សាមគ្គី​ខណ្ឌដង្កោ​រយៈពេល​ជិត​៣​ឆ្នាំ កន្លង​មកនេះ​សហគមន៍​បាន​ផ្តល់​ជា​ឥណទាន​កម្ចី​ប្រាក់​ដល់​សមាជិក​ក្នុង​សហគមន៍​បាន មួយ​ចំនួន​សម្រាប់​យក​ទៅ​ដោះស្រាយ​ជីវភាព​និង​ពង្រីក​មុខរបរ និង​ផលិតផល​កសិកម្ម សហគមន៍​មាន​លក់​អង្ករ​ដែល​គ្មាន​ជាតិ​គីមី មានគុណ​ភាព​ខ្ពស់​សម្រាប់​ទារក និង​កុមារ​ដែល​អាណាព្យាបាល​មិន​មាន​លទ្ធភាព​ទិញ​ទឹកដោះគោ​ឲ្យ​បៅ​អាច​យក​អង្ករ​នេះ​ទៅ​ដាំ​បបរ​ឲ្យ​ហូប​មាន​សុខភាព​ល្អ​ផង​ដែរ ។

ជា​ចុង​ក្រោយ អ្នកសម្របសម្រួល​ក្នុង​សហគមន៍​កសិកម្ម​សាមគ្គី​ខណ្ឌដង្កោ បាន​ថ្លែងអំណរគុណ​ដល់​សប្បុរសជន និង​អាជ្ញាធរ​មូលដ្ឋាន ដែល​បាន​ជួយ​ទ្រទ្រង់​សហគមន៍​ជា​រៀង​រាល់​ឆ្នាំ សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុង​សហគមន៍​យក​ទៅ​ផ្គត់ផ្គង់​ជីវភាព​នៅ​ពេល​ខ្វះខាត និង​យក​ទៅ​ពង្រីក​មុខរបរ​ខ្នាត​តូច​បាន ។ ជាមួយ​គ្នា​នោះ​ដែរ លោក​បាន​អំពាវនាវ​ដល់​សប្បុរសជន​មេត្តា​ជួយ​ឧបត្ថម្ភ​ដល់​សហគមន៍​បន្ថែម​ទៀត និង​ជួយ​ទិញ​ផលិតផល​កសិកម្ម​របស់​សហគមន៍​ដូច​ជា អង្ករ​គ្មាន​ជាតិ​គីមី​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ