ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្និសីទ​ពិភពលោក​លើក​ទី​១ ស្តី​ពី​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​ឆ្លងកាត់​ព្រំដែន

6 ឆ្នាំ មុន

ឯកឧត្តម​បណ្ឌិត គុណ ញឹ​ម បាន​ដឹកនាំ​គណៈប្រតិភូ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ចូលរួម​សន្និសីទ​ពិភពលោក​លើក​ទី​១ ស្តី​ពី​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​ឆ្លងកាត់​ព្រំដែន “First Global Cross-Border…

ឯកឧត្តម​បណ្ឌិត គុណ ញឹ​ម បាន​ដឹកនាំ​គណៈប្រតិភូ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ចូលរួម​សន្និសីទ​ពិភពលោក​លើក​ទី​១ ស្តី​ពី​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​ឆ្លងកាត់​ព្រំដែន “First Global Cross-Border E-Commerce Conference” ចាប់​ថ្ងៃ​ទី​០៨ ដល់​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ទីក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន ដោយ​មានការ​ចូលរួម​ពី​គណៈប្រតិភូ​រដ្ឋបាល​គយ​ចំនួន​១២៥​ប្រទេស តំណាង​វិស័យ​ឯកជន​ផ្នែក​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច និង​អង្គការ​អន្តរជាតិ​សំខាន់​ផ្សេង​ៗ​ជា​ច្រើន​ទៀត សរុប​ប្រមាណ​១៦០០​នាក់ ។

ក្នុង​សុន្ទរកថា​បើក​សន្និសីទ ឯកឧត្តម WANG YANG ឧបនាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​មាន​ប្រសាសន៍​ថា ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​ឆ្លងកាត់​ព្រំដែន​កំពុង​មានការ​ពេញ​និយម និង​រីក​ចម្រើន​ជា​ខ្លាំង​នៅ​ពេល​បច្ចុប្បន្ន ។ លោក​ឧបនាយករដ្ឋមន្ត្រី​បាន​កត់សម្គាល់​ជា​ពិសេស​ថា អង្គ​សន្និសីទ​ដ៏​មាន​សារៈសំខាន់​នេះ ជា​ឱកាស​ដ៏​ប្រសើរ​សម្រាប់​អ្នកចូលរួម ដើម្បី​ប្រមែប្រមូល​គំនិត និង​វឌ្ឍនភាព​ចុង​ក្រោយ​ពី​គ្រប់​ទិដ្ឋភាព ដើម្បី​ជំរុញ​ការ​រីក​ចម្រើន​វិស័យ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​ឆ្លងកាត់​ព្រំដែន​ឲ្យ​ទទួល​បាន​ផលប្រយោជន៍​ប្រកបដោយ បរិ​យា​ប័​ន្ទ និង​ការ​បង្កើត​វិធានការ និង​ស្តង់ដារ​រួម​គ្នា ដើម្បី​គ្រប់គ្រង​វិស័យ​នេះ ។
ក្នុង​កម្មវិធី​បើក​លោក Jack Ma ស្ថាបនិក​ក្រុមហ៊ុន Alibaba ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​ឆ្លងកាត់​ព្រំដែន​បាន​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​ជា​ច្រើន ចំពោះ​ប្រទេស​ចិន និង​ពិភពលោក ហើយ​ពាណិជ្ជកម្ម​បែប​ថ្មី​នេះ​នឹង​ក្លាយជា​របៀប​ធ្វើ​ពាណិជ្ជកម្ម​នៅ​ពេល​អនាគត ដែល​អ្នកលក់​អាច​លក់​ផលិតផល​ទៅ​អតិថិជន​ជុំវិញ​ពិភពលោក អ្នកទិញ​អាច​ទិញ​ពី​អ្នក​ផ្គត់ផ្គង់​ជុំវិញ​ពិភពលោក ហើយ​ចែកចាយ និង​ទូទាត់​ទូ​ទាំង​ពិភពលោក​ជា​ពិសេស​ក្រុមហ៊ុន​តូច និង​មធ្យម​នឹង​ទទួល​បាន​ផលប្រយោជន៍​ជា​ច្រើន​ពី​ពាណិជ្ជកម្ម​បែប​នេះ ។

ជា​ការ​ឆ្លើយ​តប​នឹង​វឌ្ឍនភាព​នៃ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​ឆ្លងកាត់​ព្រំដែន លោក Kunio Mikuriya អគ្គលេខាធិការ​អង្គការ​គយ​ពិភពលោក​បាន​លើក​ឡើង​ថា អង្គការ​គយ​ពិភពលោក​បាន និង​កំពុង​ចូលរួម​គាំពារ​វិស័យ​ពាណិជ្ជកម្ម អេ​ឡិច​ត្រូ​និ​ច​ឆ្លងកាត់​ព្រំដែន​យ៉ាង​សកម្ម​ដោយ (១) សម្រួល និង​ជំរុញ​ការ​រីក​ចម្រើន​វិស័យ​នេះ ដើម្បី​ធានា​ឲ្យ​បានការ​អភិវឌ្ឍន​សេដ្ឋ​កិ​ច្ច្ និង​ការ​បង្កើត​ថ្មី (២) ការ​គ្រប់គ្រង​ហានិភ័យ ដើម្បី​ធានា​ឲ្យ​បាន​សុវត្ថិភាព និង​សន្តិសុខ​សង្គម (៣) ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ជាមួយ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច និង (៤) ការ​បង្កើត​វិធាន និង​ស្តង់ដារ​ដើម្បី​គ្រប់គ្រង និង​ការ​ប្រមូល​ចំណូល ។
គណៈប្រតិភូ​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ក៏​បាន​អញ្ជើញ​ទៅ​ចូលរួម​សន្និសីទ​ស្តី​ពី​ការ​បង្កើត​ថ្មី​នៃ​បច្ចេកវិទ្យា​រុករក​ផ្សេង​ៗ​សម្រាប់​កិច្ចការ​សន្តិសុខ របស់​ក្រុមហ៊ុន NUCTECH ប្រចាំឆ្នាំ​២០១៨ ហើយ​ក៏​បាន​ធ្វើ​ទស្សន​កិច្ចការ​តាំង​ពិ​ពណ៌​ផលិតកម្ម​ម៉ាស៊ីន​ស្កែ​ន និង​ឧបករណ៍​រុករក​ផ្សេង​ៗ​របស់​ក្រុមហ៊ុន ដើម្បី​ស្វែង​យល់​បន្ថែម​ទៀត​នូវ​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ និង​ប្រព័ន្ធ​ថ្មី​ៗ ដើម្បី​គាំទ្រ​ដល់​កិច្ចការ​គយ និង​កិច្ចការ​សន្តិសុខ​ជាដើម ។

ក្នុង​សន្និសីទ​នេះ ឯកឧត្តម​បណ្ឌិត គុណ ញឹ​ម បាន​ធ្វើ​បទ​បង្ហាញ​ស្តី​ពី​ការ​ប្រើប្រាស់​ម៉ាស៊ីន​ស្កែ​ន​ដោយ​រដ្ឋបាល​គយ​កម្ពុជា ។ ឯកឧត្តម​អគ្គនាយក​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​ចិន ក៏​ដូច​ជា​ក្រុមហ៊ុន NUCTECH​ដែល​បាន​ផ្តល់​ម៉ាស៊ីន​ស្កែ​ន​កុងតឺន័រ​ចំនួន​៨​គ្រឿង ដែល​បច្ចុប្បន្ន​កំពុង​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​តាម​មាត់ច្រក​សំខាន់​ៗ ហើយ​បាន​ក្លាយជា​ឧបករណ៍​យ៉ាង​សំខាន់​ក្នុង​ការ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ផ្សេង​ៗ ចូលរួម​ចំណែក​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​អនុលោម​ភាព និង​ជា​ពិសេស​បង្កើន​ប្រសិទ្ធិ​ភាព​នៃ​ការ​ប្រមូល​ចំណូល​ចូល​ថវិកាជាតិ ។
នៅ​ថ្ងៃ​ចុងបញ្ចប់ គណៈប្រតិភូ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​អញ្ជើញ​ធ្វើ​ទស្សនៈកិច្ច​ការងារ នៅ​អង្គភាព​គយ​ប្រចាំ​នៅ​កំពង់​ផែ​សៀង​ហៃ ដើម្បី​ប្រជុំ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​គ្នា​លើ​ការងារ​គយ ជា​ពិសេស​ការ​ប្រើប្រាស់ ម៉ាស៊ីន​ស្កែ​ន​ក្រោម​ក្របខ័ណ្ឌ​សហប្រតិបត្តិការ​រដ្ឋបាល​គយ​កម្ពុជា​-​ចិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ