ខេត្តមណ្ឌលគិរី ៖ ២នាក់ប្តីប្រពន្ធបានរងគ្រោះឆេះខ្លោចពេញខ្លួនដោយសារតែត្រូវជនកំណាចម្នាក់លួចជះសាំងដុតនៅវេលាម៉ោង១២អធ្រាត្រ ថ្ងៃទី២១ កុម្ភៈកន្លងមក នៅចំណុចអូរពោត ឃុំប៊ូស្រា ស្រុកពេជ្រាដា។ ការធ្លាយព័ត៌មាននេះដោយសារតែគេប្រទះឃើញជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធស្ថិតនៅក្នុងមន្ទីរពេទ្យ។ ជនរងគ្រោះជាប្តីឈ្មោះឆេង បារាំង អាយុ៣១ឆ្នាំ ជាកម្មករធ្វើផ្លូវ និងស្ពាន រីឯប្រពន្ធឈ្មោះម៉ុង លីណា អាយុ៣៨ឆ្នាំ ធ្វើចុងភៅឱ្យកម្មករ។ ចំណែកជនដៃដល់ឈ្មោះធា អាយុ៣៨ឆ្នាំ ជាអ្នកទិញម្ហូបមកផ្គត់ផ្គង់កម្មករ មានស្រុកកំណើតនៅខេត្តក្រចេះ។
ជនរងគ្រោះជាប្តីនិយាយថា លោកជាកម្មករធ្វើផ្លូវស្ពានដែលមានថៅកែម៉ៅការឈ្មោះអេង ស្រ៊ុន។ កាលពីថ្ងៃទី២០ កុម្ភៈ ឈ្មោះធា ជាជនដៃដល់បានទៅដើរលេងបាត់តាំងពីថ្ងៃ ហើយប្រពន្ធលោកដែលជាចុងភៅមិនទុកបាយសម្លឱ្យទេ ព្រោះនឹកស្មានថាគេហូបរួចហើយ។ ដោយសារខឹងរឿងនេះ នៅម៉ោងជាង១២អធ្រាត្រថ្ងៃទី២១ កុម្ភៈ គេដាស់រូបលោក និងប្រពន្ធឱ្យក្រោកពីរោងដេក ពួកលោកមិនក្រោកទេ ហើយត្រូវជននោះចាក់សាំងដុតទាំងពីរនាក់តែម្តង។ អណ្តាតភ្លើងបានឆេះប្រពន្ធលោកពេញខ្លួនទាំងអស់ ចំណែករូបលោកវិញឆេះជើងខាងស្តាំ និងកែងដៃ។
ប្រភពដដែលបន្តថា ភ្លាមៗនោះជនដៃដល់មិនទាន់រត់គេចខ្លួនទេ។ លោកបានទូរស័ព្ទហៅប៉ូលិស ប៉ុន្តែប៉ូលិសមិនទាន់មកទេ លុះព្រឹកឡើងទើបមក ខណៈជនដៃដល់ជាប្អូនថ្លៃរបស់ថៅកែស្រីគេចបាត់ទៅហើយ។ រូបលោក និងប្រពន្ធត្រូវក្រុមកម្មករដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យស្រុក ហើយត្រូវគ្រូពេទ្យបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី។ ជនរងគ្រោះត្អូញត្អែរថា លោកជាកម្មករពុំមានប្រាក់សម្រាប់ចំណាយលើការព្យាបាលរបួសដ៏ធ្ងន់ធ្ងរនេះទេ ហើយក៏មិនដឹងថា ជំងឺរបស់លោកអាចជាសះស្បើយ ឬត្រូវពិការឡើយ។ បើពិការរូបលោកគ្មានអ្វីទីពឹងទេ រួមទាំងកូន៣នាក់នៅឯស្រុកកំណើតផង។
គ្រូពេទ្យឱ្យដឹងថា ស្ត្រីរងគ្រោះជាប្រពន្ធមានលក្ខណៈធ្ងន់ធ្ងរណាស់ត្រូវការពេលព្យាបាលយូរ ហើយទោះជាសះស្បើយក៏រាងកាយមិនដូចដើមទេ។ តាមអ្នករងគ្រោះនិយាយថា ថៅកែមិនដែលមកអើតមើលសោះ គឺទុករូបលោកទាំងពីរនាក់ប្តីប្រពន្ធចោលនៅក្នុងមន្ទីរពេទ្យ។ មន្ត្រីប៉ូលិសខេត្តមួយរូបនិយាយថា សមត្ថកិច្ចកំពុងចាត់ការលើសំណុំរឿងនេះ គឺត្រូវតែតាមចាប់ខ្លួនជនដៃដល់ឱ្យខាងតែបាន ដើម្បីប្រគល់ឱ្យតុលាការវិនិច្ឆ័យទោស៕


ចែករំលែកព័តមាននេះ