ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​០៣​ថ្ងៃ​ត្រួតពិនិត្យ​រថយន្ដ​បាន​ចំនួន​១១៥៣​គ្រឿង

6 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ក្នុង​ឱកាស​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងទន្លេ​មេគង្គ​ថ្មី​ត​ភ្ជាប់​ពី​ខេត្តកំពង់ចាម ទៅ​ខេត្ត​ត្បូងឃ្មុំ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​មាន​ប្រសាសន៍​ធ្ងន់​ៗ​ថា ចាប់ពី​ម៉ោង​សូន្យ​ៗ​យប់​ថ្ងៃ​ទី​០៩…

ខេត្តពោធិ៍សាត់ ៖ ក្នុង​ឱកាស​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងទន្លេ​មេគង្គ​ថ្មី​ត​ភ្ជាប់​ពី​ខេត្តកំពង់ចាម ទៅ​ខេត្ត​ត្បូងឃ្មុំ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​មាន​ប្រសាសន៍​ធ្ងន់​ៗ​ថា ចាប់ពី​ម៉ោង​សូន្យ​ៗ​យប់​ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៨​តទៅ ចំពោះ​រថយន្ត​កាត់ត​កែ​ច្នៃ​គ្រប់​ប្រភេទ បើ​ឃើញ​មាន​បើកបរ​នៅ​ខេត្ត​ណា ឬ​ស្រុក​ណា គឺ​ត្រូវ​ចាប់​ទុក​ទាំងអស់​។ សម្ដេច​បាន​បញ្ជាក់​ច្បាស់​ថា ទាំង​រដ្ឋមន្ត្រី ទាំង​ចៅហ្វាយខេត្ត និង​ចៅហ្វាយស្រុក គឺ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​រឿង​នេះ បើ​មិន​ចាត់វិធានការ​ណ៍​ទេ គឺ​ប្រឈម​នឹង​ការ​ដក​តួនាទី​មុខ​តំណែង ព្រោះ​រថយន្ដ​កែ​ច្នៃ​កាត់ត​ទាំងនេះ ដឹក​ធ្ងន់​បង្ក​ការ​ខូចខាត​ផ្លូវថ្នល់ និង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​។

ក្រោយ​ពី​ទទួល​បាន​បទបញ្ជា​នេះ​ភ្លាម នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ សហការ​ជាមួយ​មន្ត្រី​ជំនាញ នៃ​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​បាន​បើក​យុទ្ធនាការ​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ រថយន្ដ​តូច​ធំ​ទាំងឡាយ ដែល​កំពុង​ចរាចរណ៍​លើ​ផ្លូវ​នានា​ក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់ ដើម្បី​រក​រថយន្ត​កែ​ច្នៃ​ខុស​បច្ចេកទេស​ដែល​ច្បាប់​ហាមឃាត់​ដូច​ជា ត​ទ្រុង​ឡើង​លើ ត​ទ្រុង​វែង​ទៅ​ក្រោយ និង​តរាន​ជាដើម​។

 ឧត្តមសេនីយ៍ត្រី ឱ ហ៊ា​ង ស្នងការ​រង​ទទួល​ផែន​សណ្តាប់ធ្នាប់​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹង​ថា រយៈពេល​៣​ថ្ងៃ​មកនេះ (​ថ្ងៃ​ទី​១០-១២ ខែកុម្ភៈ​) អាជ្ញាធរ និង​សមត្ថកិច្ច បាន​ត្រួតពិនិត្យ​រថយន្ត​ធន់​ធ្ងន់​សរុប​បាន​ចំនួន​១១៥៣​គ្រឿង ក្នុង​នោះ​រក​ឃើញ រថយន្ត​លើស​បណ្តោយ​ចំនួន​០២​គ្រឿង (​បញ្ជូន​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី​វាស់វែង​កាត់​ទ្រុង​ឲ្យ​ត្រឹមត្រូវ តាម​លក្ខណៈ​បច្ចេកទេស​) ធ្វើការ​ដោះ​ចង្អើរ​លើ​ចំនួន​៣​គ្រឿង​, ដោះ​កន្ទុយ​ក្រោយ​ចំនួន​១៩​គ្រឿង​, កាត់​ទ្រុង​រថយន្ត​លើស​កម្ពស់​ចំនួន​០២​គ្រឿង​, ត្រឹមត្រូវ​ចំនួន​១០៨៥​គ្រឿង និង​អប់រំ​ណែនាំ​ម្ចាស់​រថយន្ត​ចំនួន​៤២​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ