ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ក៏​មាន​ចំណែក​ចូលរួម​លើកកម្ពស់​វិស័យ​កីឡា​ដូច​បុរស​ដែរ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកស្រី ម៉ក់ វណ្ណ​ស៊ី​ថា ប្រធាន​គណៈកម្មការ​ស្ត្រី​និង​កីឡា​ប្រចាំ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​លើក​ឡើង​នៅ​ក្នុង​កម្មវិធី​ស្ត្រី​និង​កីឡា រត់​ដើម្បី​ក្ដី​ស្រឡាញ់​លើក​ទី​៥​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ​កាលពី​ព្រឹក​ថ្ងៃ​ទី​១១ កុម្ភៈ កន្លង​មកនេះ​ថា…

រាជធានី​ភ្នំពេញ ៖ លោកស្រី ម៉ក់ វណ្ណ​ស៊ី​ថា ប្រធាន​គណៈកម្មការ​ស្ត្រី​និង​កីឡា​ប្រចាំ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​លើក​ឡើង​នៅ​ក្នុង​កម្មវិធី​ស្ត្រី​និង​កីឡា រត់​ដើម្បី​ក្ដី​ស្រឡាញ់​លើក​ទី​៥​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ​កាលពី​ព្រឹក​ថ្ងៃ​ទី​១១ កុម្ភៈ កន្លង​មកនេះ​ថា ស្ត្រី​ក៏​មាន​ចំណែក​ក្នុង​ការ​ចូលរួម​លើកកម្ពស់​វិស័យ​កីឡា​ដូច​បុរស​ដែរ។

លោកស្រី​បន្ត​ថា កម្មវិធី​ស្ត្រី​និង​កីឡា​រត់​ដើម្បី​ក្ដី​ស្រឡាញ់​នា​ពេល​នេះ មិន​ត្រឹមតែ​បាន​ឆ្លុះ​បញ្ចាំង​ពី​ភាព​ស្និទ្ធស្នាល និង​ស្រឡាញ់​គ្នា​រវាង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ រវាង​បងប្អូន ឪពុក​ម្ដាយ ក៏​ដូច​ជា​មនុស្ស​ទូទៅ​លើ​ភព​ផែនដី​នេះ​ប៉ុណ្ណោះ​ទេ គឺ​បាន​ស្ដែង​ឱ្យ​ឃើញ​ពី​ការ​ចូលរួម​ចំណែក​យ៉ាង​សំខាន់​របស់​ស្ត្រី​គ្រប់​រូប​នៅ​ក្នុង​វិស័យ​កីឡា​ផង​ដែរ ។ ជាក់ស្ដែង​ពេល​នេះ ក្នុង​ចំណោម​អ្នកចូលរួម​រត់​ជាង​៣​ពាន់​នាក់​មាន​ស្ត្រី​ប្រហែលជា​៧០%​មក​ពី​គ្រប់​ទិស​ទី​ចូលរួម​រត់​។

ចំនួន​នេះ​មានការ​កើនឡើង​ជាង​បណ្ដា​ឆ្នាំ​មុន​ៗ​ដែល​វា​ជា​សញ្ញា​មួយ​បញ្ជាក់​ឱ្យ​ឃើញ​ថា ស្ត្រី​កាន់តែ​មានការ​យល់​ច្បាស់​អំពី​អត្ថន័យ​នៃ​ការ​លេង​កីឡា​ដើម្បី​សុខភាព ។

លោកស្រី​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា គោលដៅ​សំខាន់​នៃ​ការ​រៀបចំ​ឱ្យ​មានកម្ម​វិធី​ស្ត្រី​និង​កីឡា​ដើម្បី​សេចក្ដី​ស្រឡាញ់​នេះ ធ្វើ​ឡើង​សំដៅ​ទៅ​លើ​សេចក្ដី​ស្រឡាញ់​ខណៈ​ពេល​ដែល​ប្រទេស​កម្ពុជា មាន​សុខ​សន្តិភាព មាន​ស្ថេ​រ​ភាព ហើយ​អ្វី​ដែល​យើង​ធ្វើ​នេះ​ចង់ឱ្យ​យុវជន យុវនារី កុមា​រា កុមារី យល់​អំពី​សេចក្ដី​ស្រឡាញ់​របស់​វប្បធម៌​ខ្មែរ​ដ៏​ជ្រាលជ្រៅ និង​ល្អ​ផូរផង់​មួយ ។ មួយ​វិញទៀត​ក៏​ចង់ឱ្យ​ពួក​គេ​យល់​និង​ធ្វើការ​កែប្រែ​ទម្លាប់​មិនល្អ និង​វប្បធម៌​ដទៃ​ទៀត​ដែល​បាន​ជ្រៀតចូល​មក​ក្នុង​វប្បធម៌​របស់​យើង ក៏​ប៉ុន្តែ​យើង​នឹង​ជំរុញ​ឱ្យ​វប្បធម៌​របស់​យើង​កាន់តែ​ភ្លឺ​ចិញ្ចាច​ឡើង ។

លោកស្រី​ប្រធាន​គណៈកម្មការ​ស្ត្រី និង​កីឡា​បន្ត​ថា ថ្វី​ដ្បិតតែ​រហូត​មក​ទល់​ពេល​នេះ​យុវជន​យុវនារី​ភាគច្រើន​មិនសូវ​ស្វែង​យល់​បាន​ច្រើន​មែន ក៏​ប៉ុន្តែ​វា​ក៏​ជា​មោទនភាព​មួយ​ដែល​គណៈកម្មការ​ស្ត្រី​និង​កីឡា​ខិតខំ​ប្រឹងប្រែង​រៀបចំ​រហូត​ទទួល​បាន​ជោគជ័យ និង​មានការ​គាំទ្រ​កាន់តែ​ច្រើន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ រហូត​មក​ទល់​ពេល​នេះ​លោកស្រី​បាន​កត់សម្គាល់​ឃើញ​ថា មាន​ក្រសួង​ពាក់ព័ន្ធ​ជា​ច្រើន​ដូច​ជា​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ជាដើម បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការងារ​នេះ និង​មាន​គោលនយោបាយ​ចូលរួម​សកម្មភាព​នេះ​ឱ្យ​ក្លាយជា​សកម្មភាព​វប្បធម៌​មួយ​របស់​យើង ដើម្បី​សុខភាព ដើម្បី​សន្តិភាព និង​ដើម្បី​សេចក្ដី​ស្រឡាញ់​ដ៏​ពិតប្រាកដ ។ លោកស្រី​មាន​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​ថា សម្រាប់​ឆ្នាំ​ក្រោយ​ៗ​នឹង​មានការ​ចូលរួម​ពី​ស្ត្រី​យ៉ាងច្រើន​កុះករ​ជាង​ឆ្នាំ​នេះ​មិន​ខាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ