ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រកួត​កីឡា​តាម​ទី​សាធារណៈ​នានា​ ពេល​នេះ​ទៅ​ត្រូវ​សុំ​ការ​អនុញ្ញាត​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​ការ​ឱ្យ​ដឹង​ពី​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្ដល់​សិទ្ធិ​ដល់​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​(NOCC)​ជា​អ្នកគ្រប់គ្រង និង​ជា​អ្នក​ចេញ ស​.​ជ​.​ណ​ដល់​ការ​ប្រកួត​កីឡា​តាម​ទី​សាធារណៈ​នានា​ចាប់ពី​ពេល​នេះ​ទៅ​។…

រាជធានី​ភ្នំពេញ ៖ តាម​ការ​ឱ្យ​ដឹង​ពី​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ
ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្ដល់​សិទ្ធិ​ដល់​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​(NOCC)​ជា​អ្នកគ្រប់គ្រង និង​ជា​អ្នក​ចេញ ស​.​ជ​.​ណ​ដល់​ការ​ប្រកួត​កីឡា​តាម​ទី​សាធារណៈ​នានា​ចាប់ពី​ពេល​នេះ​ទៅ​។

លោក​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា រូប​នេះ​បាន​បន្ត​ថា ចាប់ពី​ពេល​នេះ​ទៅ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា មាន​សិ​ទិ្ធ​គ្រប់គ្រាន់​ក្នុង​ការ​ត្រួត​ពិនិត្យ​​ទៅ​លើ​ការ​ប្រកួត​កីឡា​ផ្សេង​ៗ​តាម​ទី​សាធារណៈ​ទាំង​កីឡា​លើគោក លើ​ទឹក និង​លើ​អាកាស អនុញ្ញាត​ឬ​មិន​អនុញ្ញាត​គឺ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ជា​អ្នក​ត្រួតប​ពិនិត្យ​លើ​ផល​ប៉ះពាល់​។ លោក​បញ្ជាក់​ថា សព្វ​ថ្ងៃនេះ​រាល់​កម្មវិធី​ប្រកួត​កីឡា​ផ្សេង​​តាម​ទី​សាធារណៈ​នៅ​មាន​ភាព​អនាធិបតេយ្យ​ច្រើន ។ មិនតែប៉ុណ្ណោះ​សព្វ​ថ្ងៃនេះ​មាន​បណ្ដា​ក្រុមហ៊ុន និង​អង្គការ​មួយ​ចំនួន​បាន​រៀបចំ​ការ​ប្រកួត​កីឡា​ផ្សេង​ៗ​ច្រើន​ណាស់​ដែល​មិន​មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​។

លោក​សង្កត់ធ្ងន់​ថា រាល់​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​កីឡា​នីមួយ​ៗ​បើ​ពុំ​មានការ​ត្រួតពិនិត្យ​ផល​ប៉ះពាល់​ឱ្យ​បាន​ត្រឹមត្រូវ មិន​អនុវត្ត​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​កីឡា​ទេ​នោះ វា​នឹង​អាច​នាំ​មក​នូវ​ផល​អាក្រក់​ហើយ​វា​ក៏​ក្លាយទៅជា​សោកនាដកម្ម​កីឡា​ទៀត​ផង ។

ដូច​យើង​ដឹង​ហើយ​ថា ការ​ប្រកួត​កីឡា​តែងតែមាន​គ្រោះថ្នាក់​ខ្លះ​ៗ​ដែរ ប៉ុន្តែ​បើសិនជា​យើង​អនុវត្ត​ឱ្យ​បាន​តាម​និយាម​បច្ចេកទេស​កីឡា វា​អាច​ចៀស​ផុត​នូវ​គ្រោះថ្នាក់​ទាំង​ឡាយ ។ រហូត​មក​ទល់​ពេល​នេះ​មាន​បណ្ដា​ក្រុមហ៊ុន​និង​អង្គការ​ជា​ច្រើន​បាន​មក​ដាក់​ពាក្យសុំ​ការ​អនុញ្ញាត​ពី​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ប៉ុន្តែ​យើង​ត្រូវ​តែ​មានការ​ត្រួត​ពិនិត្យ​ឱ្យ​បាន​ត្រឹមត្រូវ​ច្បាស់លាស់ បើ​មើលឃើញ​ថា​ គាត់​ពុំ​ទាន់​មានបទពិសោធន៍ បច្ចេកទេស​ប្រកួត​ទេ​នោះ​ក៏​យើង​មិន​អនុញ្ញាត​ឱ្យ​ដែរ ។

នៅ​ពេល​នេះ សាលា​រាជធានី​ភ្នំពេញ​ក៏​បាន​ចេញ លិខិត​គាំទ្រ​ចំណាត់ការ​របស់ NOCC ដែរ ដូច្នេះ​ចាប់ពី​ពេល​នេះ​ទៅ​រាល់​ការ​ប្រកួត​កីឡា​ផ្សេង​នៅ​តាម​ទី​សាធារណៈ​ទាល់តែ​មាន​លិខិតអនុញ្ញាត​ពី​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ទើប​អាច​ប្រកួត​បាន ។

លោក​បាន​លើក​ឡើង​ទៀត​ថា ការ​លេង​កីឡា​នាំ​មក​នូវ​សុខភាព ប៉ុន្តែ​បើសិនជា​យើង​មិន​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​វេជ្ជសាស្ត្រ​កីឡា​ទេ​នោះ អាច​នាំ​ឱ្យ​យើង​ជួប​នូវ​ផល​អាក្រក់​​មិន​ខាន​ឡើយ ។ តាម​ធម្មតា​ដូច​ជា​រត់​ល្បឿន​និង​មាន​ចម្ងាយ​ឆ្ងាយ​ហួស​ពី​សមត្ថ​ភាព​របស់​យើង ដែល​ពី​មុន​យើង​មិន​ធ្លាប់​អនុវត្ត ក៏​វា​អាច​ធ្វើ​ឱ្យ​ចង្វាក់បេះដូង​ដើរ​ខុស​ប្រក្រតី​ឈាន​ទៅ​ដល់​ការ​គាំង​មួយ​រំពេច នេះ​ហើយ​ជា​បញ្ហា​ចម្បង​នៅ​ចំពោះ​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ