ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ចាស់​នឹង​កើន​ដល់​ជាង​១,៥​លាន​នាក់ នៅ​ឆ្នាំ​២០២៥

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​លើក​ឡើង​ថា ចំនួន​មនុស្ស​ចាស់ ក្នុង​ប្រទេស​កម្ពុជា នឹង​កើនឡើង​ស្ទើរតែ​ទ្វេ​ដង​នៅ​ឆ្នាំ​២០២៥…

រាជធានី​ភ្នំពេញ ៖ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​លើក​ឡើង​ថា ចំនួន​មនុស្ស​ចាស់ ក្នុង​ប្រទេស​កម្ពុជា នឹង​កើនឡើង​ស្ទើរតែ​ទ្វេ​ដង​នៅ​ឆ្នាំ​២០២៥ ប្រមាណ​ជា ១,៥​លាន​នាក់ ហើយ​នេះ គឺជា​សារ​មួយ​ដ៏​មាន​សារៈសំខាន់ ដែល​តម្រូវ​ឲ្យ​ថ្នាក់ដឹកនាំ គ្រប់​លំដាប់ថ្នាក់​ត្រូវ​គិតគូរ យកចិត្តទុកដាក់ អំពី​យន្តការ​ដើម្បី​គាំពារ​ផ្តល់​នូវ​ភាព​កក់ក្តៅ​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត​ជូន​ដល់​ជន​ចាស់ជរា​ទាំង​អស់នោះ ចៀសវាង​ទុក​ពួក​គាត់​ឲ្យ​នៅ​ឯកា​គ្មាន​ទីស្នាក់អាស្រ័យ​។ លោក ឃួ​ង ស្រេង លើក​ឡើង​បែប​នេះ​កាលពី យប់​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​សាលា​ខណ្ឌ​ពោធិ៍​សែន ក្នុង​ឱកាស​ដែល​លោក​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី​ជួបជុំ​មនុស្ស​ចាស់​អតីតមន្ត្រី​រាជការ កងកម្លាំង ចូល​និវត្តន៍ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ លោក​បាន​បន្ត​ទៀត​ថា រាជរដ្ឋាភិបាល​បាន​ដាក់​ឲ្យ​ប្រើប្រាស់ ឯកសារ គោលនយោបាយ​ជាតិ​ស្តី​ពី​មនុស្ស​វ័យចាស់ ២០១៧-២០៣០ ដែល​ជា​ឯកសារ​ដ៏​មាន សារៈសំខាន់ សំដៅ​ជួយ​កសាង​សំណាញ់​សុវត្ថិភាព​មួយ និង​អភិវឌ្ឍន៍​នូវ​ប្រព័ន្ធ​គាំពារ​សង្គម ដល់​មនុស្ស​ចាស់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ប្រកបដោយ​សង្គតិភាព​ទៅ​នឹង​ស្ថានភាព​វិវឌ្ឍន៍​នៃ​សង្គម​ជាតិ និង​បំណងប្រាថ្នា​ប្រជាជន​កម្ពុជា​។

ជាក់ស្តែង​ក្រប​ខណ្ឌ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បង្កើត​ឲ្យ​មាន សមាគម​មនុស្ស​ចាស់​នៅ​តាម​បណ្តា​សង្កាត់​ទាំងអស់ ក្នុង​រាជធានី​ភ្នំពេញ ក្នុង​នោះ​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា​រាជធានី​ភ្នំពេញ គឺ​សេនាធិការ​ដ៏​សំខាន់​ក្នុង​ការងារ​នេះ​។ លោក​បន្ត​ថា សម្តេច​តេ​ជោ មិន​ដែល​បោះបង់​ចោល​មនុស្ស​ចាស់ ឬ​អ្នក​ចូល​និវត្តន៍​ឡើយ មិន​មាន​ន័យ​ថា​ឲ្យ​តែ​ចូល និវត្តន៍ ត្រូវ​បាន​បោះបង់​ចោល​នោះ​ទេ ពោល​គឺ​មាន​តែ​ការ​បន្ថែម​ការ​ថែទាំ​តាម​រយៈ​ការងារ​សង្គម​នានា ជា​ច្រើន​បន្តបន្ទាប់ ក្នុង​នោះ​អ៊ុំ ពូ មីង អាច​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​របស់​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន សាធារណៈ រថយន្តក្រុង នៅ​រាជធានី​ភ្នំពេញ ដោយ​មិន​គិត​កម្រៃ​សេវា​។ លើស​ពី​នេះ​ទៀត ការ​ជួបជុំ​ប្រារព្ធ​ពិធី​នេះ គឺ​ដើម្បី​ជា​ការ​រំលឹក​ដល់​គុណូបក្ការៈ​ចំពោះ​បង​ៗ​មន្ត្រីរាជការ​អ៊ុំ​ពូ​មីង​ទាំងអស់ ដែល​ធ្លាប់​បាន​ចូលរួម​ចំណែក​ស្តារ កសាង និង​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ កន្លង​មក​។ លោក​ក៏​បាន​ស្នើ​ដល់​មន្ទីរ អង្គភាព​ជំនាញ​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដៃគូ​អភិវឌ្ឍ អង្គការ​សង្គម​ស៊ី​វិល វិស័យ​ឯកជន និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ពិសេស​មន្ត្រី​វ័យក្មេង ត្រូវ​យកចិត្តទុកដាក់ គាំពារ​ថែរក្សា ផ្តល់​តម្លៃ​ទំនុកបម្រុង និង​លើកទឹកចិត្ត​ចំពោះ​មនុស្ស​ចាស់ តាម​គ្រប់​មធ្យោបាយ ដើម្បី​ភាព​សុខដុមរមនា​រវាង​មនុស្ស​ចាស់ និង​សង្គមមនុស្ស​ក្មេង ក៏​ដូច​ជា​រក្សា​បាន​នូវ​ប្រពៃណី ដ៏​ល្អ​ផូរផង់​របស់​បុព្វបុរស​យើង ដែល​មាន​វប្បធម៌​នៃ​ការ​គោរព ឱនលំទោន​ពី​មនុស្ស​ក្មេង ទៅ​កាន់​មនុស្ស​ចាស់ និង​ចាត់​ទុក​មនុស្ស​ចាស់​ជា​ឧបការី​ជន ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​។

លោក ឃួ​ង ស្រេង ក៏​បាន​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ជំហរ​ជា​អ្នក​ការពារ និង​បម្រើប្រជាជន​ដោយ​ស្មោះត្រង់ តាម​រយៈ​ការ​ធានា​ឲ្យ​បាន​នូវ​សន្តិសុខ សុវត្ថិភាព​សង្គម និង​សណ្តាប់ធ្នាប់​របៀបរៀបរយ ផ្តល់​ការ​អភិវឌ្ឍន៍ និង​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ដោយ​ឈរ​លើ​គោលការណ៍​អភិបាលកិច្ច​ល្អ និង​ត្រូវ​ចូលរួម​ទប់ស្កាត់​ឲ្យ​បាន​ទាន់​ពេលវេលា រាល់​ទ​ង្វើ​អសកម្ម ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សតិអារម្មណ៍ ឬ​អាច​បង្ក​ឲ្យ​មានការ​ថ្នាំងថ្នាក់​ពី​សំណាក់ បងប្អូន​ប្រជាពលរដ្ឋ ពិសេស​ត្រូវ​ដោះស្រាយ​រាល់​សំណូមពរ​របស់​បងប្អូន​ប្រជាពលរដ្ឋ តាម​រយៈ​បណ្តាញ ទូរស័ព្ទ និង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ឲ្យ​បាន​ទាន់​ពេលវេលា ដោយ​មិន​គិត​ពី​និន្នាការ​នយោបាយ ឡើយ​។ សូម​បញ្ជាក់​ថា ក្នុង​ឱកាស​ពិសា​អាហារ​សាមគ្គី​នោះ លោក ឃួ​ង ស្រេង បាន​នាំ​យក​អំណោយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផ្តល់​ជូន​ក្នុង​ម្នាក់​ៗ ទទួល​បាន​១០​ម៉ឺន​រៀល​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ