ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​កោះ​ខេ​រមណីយដ្ឋាន​ធម្មជាតិ​»ត្រជាក់​កាយ​ត្រជាក់​ភ្នែក​កណ្តាលទន្លេ​មេគង្គ

6 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ធ្វើ​ដំណើរ​ចេញពី​ក្រុង​ស្ទឹង​ត្រែង​ពី​ត្បូង​ទៅ​ជើង​ប្រមាណ​ជា​២០​នាទី​ឆ្លងកាត់​ស្ពាន​សេ​កុង​ចម្ងាយ​៣០​គីឡូម៉ែត្រ​នឹង​បានឃើញ​ស្លាក​មួយ​ដាក់​ថា​«​កោះ​ខេ​» រួច​ធ្វើ​ដំណើរ​តាម​ស្លាក​ដែល​បាន​បង្ហាញ រហូត​ដល់​ដង​ទន្លេមេគង្គ អ្នកទេសចរ​ដែល​ចូល​ចិត្ត​ដំណើរ​កម្សាន្ត​បែប​ធម្មជាតិ​នឹង​បានឃើញ​កោះ​មួយ​នោះ​នៅ​កណ្តាលទន្លេ​មេគង្គ ស្ថិត​នៅ​ភូមិ​ខាំ​ផា​ន់ សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង ។…

ខេត្តស្ទឹងត្រែង ៖ ធ្វើ​ដំណើរ​ចេញពី​ក្រុង​ស្ទឹង​ត្រែង​ពី​ត្បូង​ទៅ​ជើង​ប្រមាណ​ជា​២០​នាទី​ឆ្លងកាត់​ស្ពាន​សេ​កុង​ចម្ងាយ​៣០​គីឡូម៉ែត្រ​នឹង​បានឃើញ​ស្លាក​មួយ​ដាក់​ថា​«​កោះ​ខេ​» រួច​ធ្វើ​ដំណើរ​តាម​ស្លាក​ដែល​បាន​បង្ហាញ រហូត​ដល់​ដង​ទន្លេមេគង្គ អ្នកទេសចរ​ដែល​ចូល​ចិត្ត​ដំណើរ​កម្សាន្ត​បែប​ធម្មជាតិ​នឹង​បានឃើញ​កោះ​មួយ​នោះ​នៅ​កណ្តាលទន្លេ​មេគង្គ ស្ថិត​នៅ​ភូមិ​ខាំ​ផា​ន់ សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង ។

អ្នកទេសចរ​ជាតិ និង​អន្តរជាតិ តែងតែ​ឆ្លង​ទៅ​លេង ដោយ​សម្រាក​បោះ​តង់​នៅ​លើ​កោះ​លំហែកាយ​សប្បាយ​អារម្មណ៍ គយគន់​ទេសភាព​ស្រស់​ត្រកាល​ជាមួយនឹង​សត្វ​ស្លាប​ហោះហើរ​ទាំង​ហ្វូង​ៗ នោះ​គឺជា​រមណីយដ្ឋាន​កោះ​ខេ ។ សហគមន៍​នៅ​ទីនោះ​បាន​ផ្តួចផ្តើម​បង្កើត​រមណីយដ្ឋាន​ធម្មជាតិ​កោះ​ខេ ដើម្បី​ជួយ​ទ្រង់​ទ្រង់​ជីវភាព​របស់​ខ្លួន ដូច​ជា​សង់​ខ្យូ​ស និង​ធ្វើ​ម្ហូបអាហារ​លក់​ជូន​អ្នកទេសចរ​ជាដើម ។ ចំពោះ​ឈ្មោះ​រមណីយដ្ឋាន​កោះ​ខេ គឺ​អ្នក​ភូមិ​ជា​អ្នក​ដាក់ ។ ទីនោះ​គឺជា​តំបន់​សហគមន៍​ទេសចរណ៍ធម្មជាតិ​ស្រស់បំព្រង​នៃ​ដែនទឹក​សាប មាន​បណ្តុំ​ទេសភាព​ព្រៃ​លិច​ទឹក មាន​ដើមឈើ ធំ​ៗ​ដុះ​ស្រោង​ចំ​កណ្តាលទន្លេ​មេគង្គ និង​ជា​ដែន​នៃ​ជម្រក​ក្រុម​សត្វ​ស្លាប​ដ៏​កម្រ​ជិត​ផុត​ពូជ​មួយ​ចំនួន​ថែម​ទៀត ។

លោក​លី មី​ណា អភិបាលរង​ក្រុង​ស្ទឹង​ត្រែង​បានឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​៖ រមណីយដ្ឋាន​កោះ​ខេ ទើបតែ​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០១៦ ជា​ការ​ផ្តួចផ្តើម​របស់​សហគមន៍​កោះ​ខេ ដែល​ពី​ដើម​ឡើយ​ពុំ​មាន​នរណា​ចាប់អារម្មណ៍​ឡើយ តែ​ក្រោយមក​ឃើញ​មាន​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ ជិះទូក​ឆ្លងកាត់​តំបន់​នោះ ហើយ​ឆៀង​ចូល​ទៅ​លើ​ដី​កោះ​យ៉ាង​រីករាយ ។ អ្នកខ្លះ បោះ​តង់​សម្រាក​លំហែកាយ​១​យប់ ឬ​២​យប់​គយគន់​ទេសភាព ទើប​ប្រជាពលរដ្ឋ​ក្នុង​សហ​គន៍ បង្កើត​ជា​រមណីយដ្ឋាន​ឡើង ។ រមណី​ដ្ឋា​ន​នេះ​អាច​កម្សាន្ត​តែ​ក្នុង​រដូវ​ទឹក​ស្រក​ប៉ុណ្ណោះ ដោយឡែក​ក្នុង​រដូវ​ទឹក​ឡើង គឺ​មិន​អាច​ទៅ​លេង​បាន​ទេ ពីព្រោះ​ទឹក​លិច​អស់ហើយ ។

ប្រធាន​សហគមន៍​ទេសចរណ៍​កោះ​ខេ​លើ លោក​ផែង សុ​ផាត ធ្លាប់​ឱ្យ​ដឹង​កាលពី​ពេល​កន្លង​ទៅ​ថា​៖ «​កោះ​ខេ​មាន​២ គឺ​កោះ​ខេ​ក្រោម និង​កោះ​ខេ​លើ ប្រសិនបើ​ខាង​សហគមន៍​យើង​មាន​លទ្ធភាព​គ្រប់គ្រាន់​នោះ គឺ​អាច​រៀបចំ​ទីកន្លែង និង​សេវាកម្ម​នានា ដើម្បី​ទទួលភ្ញៀវ​មក​កម្សាន្ត​បាន​មុន​តំបន់​កោះ​ខេ​ក្រោម​ទៀត ។ កោះ​ខេ​មាន​ម្លប់ឈើ​ធំ​ជា​ច្រើន ទីវាល​ខ្សាច់​ធំ​ទូលាយ​អាច​ដើរ​លេង​កម្សាន្ត ឬ​អាច​បោះ​តង់​ដេក​លេង​ក្រោម​ម្លប់​ដ៏​ត្រឈឹងត្រឈៃ អង្គុយ​ស្ទូចត្រី​លើ​ផ្ទៃ​ទឹក​ហូរ រឹម​ៗ នែបនិត្យ​ជាមួយ​ហ្វូង​ត្រី តូច​ៗ ហែល​មក​រោម​ចឹក​ជើង »​។

អ្នកទេសចរ​ទៅ​លេង​កោះ​ខេ​លើ បាន​តាំងពី​អំឡុង​ខែតុលា ឯ​កោះ​ខេ​ក្រោម ទាល់តែ​ដល់​ខែ មក​រា នា​រដូវ​ទឹក​ស្រក​នៃ​រដូវប្រាំង ទើប​អាច​ឱ្យ​ភ្ញៀវ​ទៅ​លេង​បាន ព្រោះ​ទឹក​នៅ​ជ្រៅ​នៅឡើយ ។ កោះ​​ខេ​លើ​មាន​តំបន់​មួយ​ផ្នែក​ធំ​អាច​សង់​ក្យូ​ស​លេង​បាន បណ្តើរ​ៗ​នៅ​ខែតុលា ។ ចំពោះ​ទេស​ភាព​វិញ គឺ​ស្រស់​ស្អាត​បែប​ធម្មជាតិ​ពិត​ៗ​ដូច​គ្នា ហើយ​ទីកន្លែង​វិញ​អាច​ទទួលភ្ញៀវ​បាន​រាប់​ពាន់​នាក់ គឺ​បាន​ចំនួន​ច្រើន​ជាង​កោះ​ខេ​ក្រោម ។ ចំណែក​កន្លែង​ជាទី​ចំណត​យានយន្ត​ធំ​ទូលាយ ហើយ​ចំណាយពេល​ខ្លី តម្លៃ​ថោក​ក្នុង​ការ​ជិះទូក​ទៅ​លេង​តំបន់​កោះ​ខេ​នោះ​។

លោក​ប្រធាន​សហគមន៍​ទេសចរណ៍​កោះ​ខេ​លើ ឱ្យ​ដឹង​ថា​៖ «​បន្ទាប់​ពី​សហគមន៍​យើង​បាន​រៀបចំ​ឱ្យ​ដំណើរការ​នៅ​រដូវប្រាំង​រួច​នោះ យើង​ក៏​មាន​គម្រោង​សម្រាប់​ការ​បម្រើភ្ញៀវ​នៅ​ក្នុង​រដូវវស្សា​ផង​ដែរ ។ យើង​នឹង​ត្រៀម​ធ្វើ​ក្បូន​បណ្តែត​ទឹក ក្រោយ​ពី​បាន​សិក្សា​ពី​ស្ថានភាព​ជាក់ស្តែង​នៃ​ទីជម្រៅ​ទឹក និង​ចរន្តទឹក​ហូរ​» ។

នៅ​តំបន់​រមណីយដ្ឋាន​កោះ​ខេ មាន​ម្ហូបអាហារ​ប្រចាំ​តំបន់​ដែនដី​ខេត្តស្ទឹងត្រែង គឺ​ត្រី​ក្អែក ត្រី​ប៉ា​វ៉ា​មុខ​មួយ និង​ប៉ា​វ៉ា​មុខ​ពីរ មាន​សាច់​គោ សាច់​មាន់ និង​កូន​កង្កែប​អាំង​ក្លែម​យ៉ាង​ឆ្ងាញ់​ពិសា ។ ភ្ញៀវ​អាច​វេច​ខ្ចប់​ម្ហូបអាហារ​ផ្ទាល់ខ្លួន​ក៏​បាន ដោយ​ពួក​គាត់​គ្រាន់តែ​អស់​ថ្លៃ​ជួល​ខ្យូ​ស​អង្គុយ ឬ​ជួល​ទូក​ជិះ​លេង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ