ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរ​លក់​ស៊ឹម​ទូរ​ស័ព្ទ​មិន​យក​អត្ត​សញ្ញាណ​ប័ណ្ណ​ប៉ូលិស​ឃាត់​ខ្លួន​ណែ​នាំ

15 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត ៖ បុរស​ស្ត្រី​២​នាក់​ត្រូវ​ប៉ូលិស​ក្រុង​ប៉ោយ​ប៉ែត​ឃាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង​៩​ព្រឹក​ ថ្ងៃទី​២២ មីនា នៅ​​ចំណត​រថ​យន្ត​តូច​មួយ​ដែល​ទើប​បង្កើត​ថ្មី​ក្នុង​ភូមិ​ក្បាល​ស្ពាន សង្កាត់​ប៉ោយ​ប៉ែត ក្រុង​ប៉ោយ​ប៉ែត​ ខណៈ​ពួក​គេ​ដើរ​លក់​ស៊ឹម​ទូរ​ស័ព្ទ​ពុំ​យក​អត្ត​សញ្ញាណ​​ប័ណ្ណ​​ ដែល​សកម្ម​ភាព​នេះ​​អាច​ឱ្យ​អ្នក​ទិញ​យកទៅ​​ប្រើ​ប្រាស់​ដោយ​ខុស​ច្បាប់​។

បុរស​ស្ត្រី​ដែល​សមត្ថ​កិច្ច​​ឃាត់​ខ្លួន​នោះ​ឈ្មោះ​អ៊ុំ ណា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ និង​ម្នាក់​ទៀត​​ឈ្មោះ​ម៉ាត់ រ៉ូ​អ៊ី​ អាយុ​៤០​ឆ្នាំ ប្រកប​របរ​ដើរ​ដូរ​លុយ និង​លក់​ស៊ឹម​ទូរ​ស័ព្ទ​​នៅ​រង្វង់​មូល​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​។ មន្ត្រី​ប៉ូលិស​ក្រុង​ប៉ោយ​ប៉ែត​ឱ្យ​ដឹង​ថា ដោយ​សារ​មាន​សេចក្តី​រាយ​ការណ៍​​ថា ជន​ទាំង​២​នោះ​​ដើរ​លក់​ស៊ឹម​ទូរស័ព្ទ​​មិន​យក​អត្ត​សញ្ញាណ​ប័ណ្ណ​​ទើប​សមត្ថ​កិច្ច​ឃាត់​ខ្លួន​តែ​ម្តង​។ សមត្ថ​កិច្ច​​ឆែក​ឆេរ​ក្នុង​ខ្លួន​ពួក​គេ​​ឃើញ​សុទ្ធ​តែ​ស៊ឹម​ទូរ​ស័ព្ទ​ប្រព័ន្ធ ០១២​ និង​០៩៧ ហើយ​ពេល​សួរ​នាំ​ពួក​គេ​ប្រាប់​ថា ស៊ឹម​មួយ​ចំនួន​ត្រូវ​គេ​យក​មក​ដាក់​ឱ្យ​លក់​។

ឈ្មោះ​ម៉ាត់ រ៉ូ​អ៊ី ប្រាប់ថា រូប​គេ​ពុំ​មាន​អត្ត​សញ្ញាណ​ប័ណ្ណ​​ដូច្នេះ​ហើ​យ​​យក​អត្ត​សញ្ញាណ​ប័ណ្ណ​របស់​ឪពុក​ទៅ​ទិញ​ស៊ឹម​ពី​ក្រុម​ហ៊ុន​ម្តង​១០​ទៅ​២០​ស៊ឹមសំរាប់​​លក់​បន្ត​យក​​ចំណេញ​ តែ​មិន​បាន​គិត​ពី​ផល​ប៉ះ​ពាល់​ដែល​អ្នក​ទិញ​យក​ទៅ​ប្រើ​ខុស​ច្បាប់​នោះ​ទេ​។ ផ្អែក​លើ​ការ​សួរ​នាំ​ពួក​គេ​ទាំង​ពីរ​ប្រាប់​ថា ក្នុង​ស៊ឹម​១​គឺ​លក់​ពី​តម្លៃ​៨​ពាន់​រៀល​ទៅ​១​ម៉ឺន​រៀល​។

លោក​អនុ​សេនីយ៍​ឯក​អ៊ុំ សុផល អធិការ​នគរ​បាល​ក្រុង​​ប៉ោយ​ប៉ែត​​ប្រាប់​កោះ​សនិ្ត​ភាព​តាម​ទូរ​ស័ព្ទ​ថា ការ​ឃាត់​ខ្លួន​បុរស​ស្ត្រី​ទាំង​២នោះ​ គឺ​គ្រាន់​តែនាំ​ទៅ​អប់រំ​​ឱ្យឈប់​​លក់​ស៊ឹម​បែប​អនា​ធិប​តេយ្យ​ត​ទៅ​ទៀត​ប៉ុណ្ណោះ ហើយ​ឱ្យ​ពួក​គេ​វិល​ទៅ​ផ្ទះ​វិញ។ ការ​លក់​ស៊ឹម​មិន​យក​អត្ត​សញ្ញាណ​ប័ណ្ណ​ គឺ​​ជន​ល្មើសនឹង​ទិញ​យក​ទៅ​ប្រើ​សំរាប់​គំរាម​ជន​ស្លូត​ត្រង់​ ឬ​ជំរិត​ទារ​ប្រាក់​ ហើយ​សមត្ថ​កិច្ច​ពិបាក​ស្រាវ​ជ្រាវ​រក​មុខ​សញ្ញា​ណាស់​ ៕