ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ចង់ឱ្យ​ប្រើប្រាស់​ប្រាក់​យន់​ក្នុង​ការ​ទូទាត់​ពាណិជ្ជកម្ម ប៉ុន្តែ​សេដ្ឋវិទូ​ថា​«​កុំ​»

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ប្រទេស​ចិន​បាន​បង្ហាញ​ចេតនា​ចង់​ឲ្យ​កម្ពុជា​ប្រើប្រាស់​ប្រាក់​យន់​ក្នុង​ការ​ទូទាត់​សកម្មភាព​ពាណិជ្ជកម្ម​ជាមួយ​ចិន ប៉ុន្តែ​សេដ្ឋវិទូ​នានា​លើក​ឡើង​ថា វា​នឹង​បង្ក​ការ​លំបាក​ច្រើន ប្រសិនជា​មានការ​ប្រើប្រាស់​រូបិយប័ណ្ណ​ចម្រុះ​បែប​នេះ ។ ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា លោក ប៉ាន…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ប្រទេស​ចិន​បាន​បង្ហាញ​ចេតនា​ចង់​ឲ្យ​កម្ពុជា​ប្រើប្រាស់​ប្រាក់​យន់​ក្នុង​ការ​ទូទាត់​សកម្មភាព​ពាណិជ្ជកម្ម​ជាមួយ​ចិន ប៉ុន្តែ​សេដ្ឋវិទូ​នានា​លើក​ឡើង​ថា វា​នឹង​បង្ក​ការ​លំបាក​ច្រើន ប្រសិនជា​មានការ​ប្រើប្រាស់​រូបិយប័ណ្ណ​ចម្រុះ​បែប​នេះ ។

ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា លោក ប៉ាន សូរ​ស័ក្តិ កាលពី​ព្រឹក​ថ្ងៃ​ទី​៥ កុម្ភៈ លោក អ៊ៅ​យ៉ាង វ៉ី​មីង អភិបាលរង​ខេត្ត​ក្វា​ង​ទុង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ថ្លែង​ថា ខេត្ត​ក្វា​ង​ទុង​នឹង​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​ដាក់​តាំង​ផលិតផល​មក​ពី​អាស៊ី​អាគ្នេយ៍ ក្នុង​នោះ​ក៏​មាន​ផលិតផល​មក​ពី​កម្ពុជា​ដែរ​សម្រាប់​ប្រជាជន​ចូល​ទស្សនា និង​ឈ្វេងយល់​ថា ប្រទេស​កម្ពុជា​មាន​ផលិតផល​អ្វីខ្លះ និង​មាន​តម្លៃ​យ៉ាងណា ។ ធ្វើ​យ៉ាងនេះ ទំនិញ​ពី​កម្ពុជា នឹង​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​កាន់តែ​ទូលំទូលាយ​នៅ​ប្រទេស​ចិន ។

លោក​បន្ត​ថា ៖« ចិន​មាន​គោលនយោបាយ​ធ្វើ​ពាណិជ្ជកម្ម​ជា​ប្រាក់​យន់​ចិន ជា​ជាង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ។ ដូចនេះ ខ្ញុំ​ស្នើ​ឲ្យ​កម្ពុជា​ជួយ​គាំទ្រ និង​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​ជា​ប្រាក់​យន់ ដើម្បី​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច​ក្នុង​តំបន់ » ។ សំណើ​នេះ​មិន​ទាន់​មានការ​ឆ្លើយ​តប​បែប​ណា​ពី​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា​នៅឡើយ​ទេ ប៉ុន្តែ​សេដ្ឋវិទូ​កម្ពុជា​បាន​លើក​ឡើង​ស្រ​ដៀង​គ្នា​ថា ការ​ប្រើប្រាស់​លុយ​យន់ នឹង​មាន​ផលវិបាក​កាន់តែ​ខ្លាំង​ក្នុង​សេដ្ឋកិច្ច​កម្ពុជា ។

លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Market Consulting បាន​ថ្លែង​ថា ប្រសិនជា​កម្ពុជា​ប្រើប្រាស់​លុយ​យន់​ក្នុង​ការ​ទូទាត់​ពាណិជ្ជ កម្ម​បន្ថែម​ទៀត វា​នឹង​ធ្វើ​ឲ្យ​កាន់តែ​ស្មុគស្មាញ ក្នុង​ការ​គ្រប់គ្រង​រូបិយប័ណ្ណ បើ​ទោះជា​ការ​ចរាចរ​ប្រាក់​យន់​មិន​លំបាក​ក្តី ប៉ុន្តែ​ការ​រៀបចំ​គោលនយោបាយ​ដើម្បី​គ្រប់គ្រង​ប្រាក់​យន់​ក្នុង​ម៉ាក្រូសេដ្ឋកិច្ច ពិតជា​លំបាក ។ លោក​បន្ត​ថា បច្ចុប្បន្ន ចិន​បាន​វិនិយោគ និង​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​ច្រើន ដែល​ជំរុញ​ឲ្យ​ធ្វើការ​ទូទាត់​ប្រាក់​យន់​បាន​លឿន ប៉ុន្តែ​ប្រទេស​មួយ​ប្រើប្រាស់​រូបិយប័ណ្ណ​ចម្រុះ​បែប​នេះ វា​នឹង​ជា​រឿង​លំបាក​ស្មុគស្មាញ​មួយ ។

លោក​បន្ត​ថា ៖« ភាព​ស្មុគស្មាញ​នឹង​ចៀស​មិន​ផុត តែ​វា​ក៏​ផ្តល់​ភាព​វិជ្ជមាន​ច្រើន​ដែរ ។ រឿង​អវិជ្ជមាន គឺ​ធ្វើ​ឲ្យ​គោលនយោបាយ​ជំរុញ​ការ​ប្រើប្រាស់​ប្រាក់​រៀល ដែល​ជា​រូបិយប័ណ្ណ​ជាតិ​កាន់តែ​លំបាក » ។

អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យសភាកម្ពុជា លោក​បណ្ឌិត ហុង វណ្ណៈ បាន​ថ្លែង ស្រ​ដៀង​គ្នា​ថា ក្នុង​ការ​ទូទាត់​ពាណិជ្ជកម្ម តែងតែ​មានការ​ទូទាត់​លុយ​ចម្រុះ ប៉ុន្តែ​កម្ពុជា​មាន​លុយ​របស់​ខ្លួនឯង ។ បើ​យើង​យក​លុយ​របស់​គេ​ចូល​វា​នឹង​មាន​ផល​ប៉ះពាល់ ព្រោះ​លុយ​ដូច​ជា​ទំនិញ​មួយ ។ ដូច្នេះ បើ​បើក​ឲ្យ​ចរាចរណ៍ វា​នឹង​មាន​ស្ថិរភាព​ជាង​លុយ​របស់​យើង ហើយ​នៅ​ពេល​យើង​ប្រើ​លុយ​របស់​គេ​យូរ​ៗ​ទៅ វា​នឹង​ធ្វើ​ឲ្យ​លុយ​រៀល​របស់​យើង​កាន់តែ​អស់​តម្លៃ ។

លោក​បន្ត​ថា ៖« លុយ​រៀល​ជា​អត្តសញ្ញាណ​ជាតិ អត្តសញ្ញាណ​ជាតិ​សំខាន់​ណាស់ បើ​យើង​បណ្តែតបណ្តោយ វា​នឹង​មាន​បញ្ហា ហេតុនេះ​យោបល់​ផ្ទាល់ខ្លួន​របស់ខ្ញុំ​ថា «​កុំ​» ។ លោក​បន្ត​ថា ៖« បច្ចុប្បន្ន មានការ​ចរាចរ​លុយ​យន់​នៅ​ជុំវិញ​ផ្សារ​អូ​ឡាំ​ពិ​ករួច​ទៅ​ហើយ ដោយ​មិន​បាន​ឆ្លងកាត់​ធនាគារ​ឡើយ ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ខាតបង់ ហេតុនេះ ការ​រឹត​បន្តឹង​ជា​ការ​ប្រសើរ​ណាស់ » ។
ជាមួយ​គ្នា​នេះ ធនាគារជាតិ​នៃ​កម្ពុជា​បាន​និង​កំពុង​ជំរុញ​ការ​ប្រើប្រាស់​លុយ​រៀល​នៅ​ក្នុង​ការ​ទូទាត់​ពាណិជ្ជកម្ម​របស់​ខ្លួន​ផង​ដែរ តាម​រយៈ​ការ​ដាក់​ចេញ​នូវ​គោលនយោបាយ​ជា​ច្រើន ដើម្បី​លើកកម្ពស់​រូបិយប័ណ្ណ ដែល​ជា​អត្តសញ្ញាណ​ជាតិ​របស់​ខ្លួន ។

ទោះជា​យ៉ាងណា លោក អុិ​ន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី​មាន​សុទិដ្ឋិនិយម​ជាង​នេះ ដោយ​លោក​ថ្លែង​ថា នៅ​ក្នុង​គោលការណ៍​ទីផ្សារសេរី វា​អាស្រ័យ​លើ​តម្រូ​វការ និង​ការ​ផ្គត់ផ្គង់ ។ នៅ​ពេល​មាន​តម្រូវការ ការ​ផ្គត់ផ្គង់​នឹង​កើត​មាន ហើយ​ច្បាប់​របស់​ធនា​គារជាតិ​នៃ​កម្ពុជា ក៏​មិន​បាន​ហាមឃាត់​ចំពោះ​ការ​ចរាចរ​ប្រាក់​យន់​ក្នុង​ទីផ្សារ​ដែរ ។

លោក​បន្ត​ថា វិនិយោគិន​ចិន​បាន​បោះទុន​វិនិយោគ​ជា​ច្រើន​នៅ​កម្ពុជា ជា​ពិសេស វិស័យ​រោងចក្រ សហ​គ្រាស​នានា និង​វិស័យ​លំនៅ​ដ្ឋា​ន​នា​ពេល​បច្ចុប្បន្ន​នេះ ហើយ​ពេល​ពួក​គេ​នាំ​ចេញ គឺ​នាំ​ចេញ​​ទៅ​អា​មេ​រិ​ក ក៏​មានការ​យក​ត្រឡប់​នូវ​ប្រាក់​ដុល្លារ ហេតុនេះ អ្វី​ៗ​វា​ស្ថិត​នៅ​លើ​តម្រូវការ និង​ការ​ផ្គត់ផ្គង់ ។

លោក​ថ្លែង​ថា ៖« ការ​ទូទាត់​ប្រាក់​យន់ វា​នឹង​មិន​ធ្វើ​ឲ្យ​បាត់​លុយ​រៀល​របស់​យើង​ទេ ព្រោះ​ការ​ទូទាត់​ប្រាក់​យន់ វា​ស្ថិត​នៅ​ក្នុង​ក្របខ័ណ្ឌ​ជញ្ជីងពាណិជ្ជកម្ម​យើង​ប៉ុណ្ណោះ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ