ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អី​ខេត្តពោធិ៍សាត់​យក​រូបសំណាក​ផ្តិល​ជា​និមិត្តរូប

6 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ បណ្ដា​ខេត្ត នីមួយ​ៗ​ក្នុង​ប្រទេស​កម្ពុជា​សុទ្ធតែ​មាន​និមិត្តរូប ផ្សេង​ៗ​គ្នា​។ សម្រាប់​ខេត្តពោធិ៍សាត់​មានរឿង​ពាក់ព័ន្ធ​ទៅ​នឹង​ដើម​ក្រូចពោធិ៍សាត់ និង​ឧកញ៉ា​ឃ្លាំងមឿង ជំទាវ​ខាន់ ខៀវ ប៉ុន្តែ​ថ្នាក់ដឹកនាំ​ខេត្ត​បាន​សម្រេច​យក​រូប​ផ្ដិល…

ខេត្តពោធិ៍សាត់ ៖ បណ្ដា​ខេត្ត នីមួយ​ៗ​ក្នុង​ប្រទេស​កម្ពុជា​សុទ្ធតែ​មាន​និមិត្តរូប ផ្សេង​ៗ​គ្នា​។ សម្រាប់​ខេត្តពោធិ៍សាត់​មានរឿង​ពាក់ព័ន្ធ​ទៅ​នឹង​ដើម​ក្រូចពោធិ៍សាត់ និង​ឧកញ៉ា​ឃ្លាំងមឿង ជំទាវ​ខាន់ ខៀវ ប៉ុន្តែ​ថ្នាក់ដឹកនាំ​ខេត្ត​បាន​សម្រេច​យក​រូប​ផ្ដិល ជា​និមិត្តរូប​ទៅ​វិញ ។ តើ​រូប​ផ្តិល​មាន​អត្ថន័យ​បែប​ណា ?

ទាក់ទិន​ទៅ​នឹង​រូបសំណាក​ផ្ដិល លោក ខូ​យ សុខា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ប​ឱ្យ​ដឹង​ថា រូប​សញ្ញា​របស់​ខេត្តពោធិ៍សាត់ ត្រូវ​បាន​ក្រុមប្រឹក្សា​ខេត្ត​ប្រជុំ​សម្រេច​ចុង​ក្រោយ តាម​សំណើ​របស់​គណៈ​អភិបាលខេត្ត​នា​សម័យប្រជុំ​សាមញ្ញ​លើក​ទី​៩ ឆ្នាំ​ទី​៤ អាណត្តិ​ទី​១ នៅ​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៣ កំណត់​យក​រូប​ផ្ដិល​មាន​គម្រប​ដែល​ឆ្លាក់​អំពី​ថ្មកែវ ស្ថិត​នៅ​លើ​ជើងពាន​ដែល​មាន​ខឿន​ថ្ម​ជា​ទម្រ មាន​កម្រង​កួរស្រូវ​ពណ៌​មាស​អម​សងខាង​ជា​រង្វង់​ស្នែងក្របី រុំ​ដោយ​ខ្សែបូ​ពណ៌​ខៀវ និង​ក្រហម​ផ្នែក​ខាងក្រោម ដែល​មាន​ចារិក​អក្សរ​ពណ៌​ស​ថា​«​ខេត្តពោធិ៍សាត់​» ទ្រ​ដោយ​កម្រង​ស្លឹក រុក្ខជាតិ​ក្រវាញ​ពណ៌​បៃតង និង​ផ្កា​ពណ៌​លឿង​នៅ​ចំ​កណ្ដាល ។ រូបសំណាក​រង្វង់​មូល​ផ្ដិល​នេះ​មាន​ទីតាំង​ចំ​កណ្ដាល​ផ្លូវជាតិ​លេខ​៥ ចម្ងាយ​ខាងកើត​ទីរួមខេត្ត​ប្រមាណ​៥​គីឡូម៉ែត្រ​នៅ​ក្នុង​ក្រុង​ពោធិ៍សាត់ ។ រង្វង់​មូល​មាន​អង្កត់ផ្ចិត​ប្រវែង​២០​ម៉ែត្រ ជើង​ទម្រ​ផ្ដិល​មាន​៣​ថ្នាក់ មាន​អង្កត់ផ្ចិត​១១,២០​ម៉ែត្រ កម្ពស់​៣,១៥​ម៉ែត្រ តួ​ផ្ដិល​មាន​កម្ពស់​ដល់​គម្រប​លើ​ប្រវែង​៨,៨៥​ម៉ែត្រ និង​អង្កត់ផ្ចិត​មាត់​ផ្តិល​ប្រវែង​៦​ម៉ែត្រ អាច​ផ្ទុក​ទឹក​ប្រមាណ​១៣៥​ម៉ែត្រគូប ។

រូបចម្លាក់​ផ្តិល​មាន​អត្តសញ្ញាណ សំខាន់​ៗ​ដូច​ខាងក្រោម​៖

១-​ផ្ដិល គឺជា​និមិត្តរូប​នៃ​ការ​តម្កល់​ទឹក​ទុក​។ ថ្មកែវ​គឺជា​ប្រភេទ​រ៉ែ​ដែល​មាននៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ឱ​រ៉ា​ល់​ក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់​តែ​ប៉ុណ្ណោះ ។ ថ្មកែវ​ជា​វត្ថុធាតុដើម​ពេញ​និយម ឆ្លាក់​ជា​រូបចម្លាក់ ផ្សេង​ៗ​ដូច​ជា រូប​បដិមា អប្សរា ស្រី​គ្រប់លក្ខណ៍ ផ្ដិល និង​ជា​វត្ថុ​អនុ​ស្សាវ​រី ផ្សេង​ៗ​ទៀត​ដែល​យើង​កំណត់​បាន​ថា​មុខរបរ​ចម្លាក់​ថ្មកែវ គឺជា​ភូមិ​មួយ​ផលិតផល​មួយ​របស់​ខេត្តពោធិ៍សាត់ ។

២-​ចម្លាក់ ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បាន​ទទួល​ការ​បណ្ដុះបណ្ដាល​មុខ​វិជ្ជា​ចម្លាក់​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​នៅ​សាលា​រចនា​ខេត្តពោធិ៍សាត់ ដែល​មា​នទី​តាំងនៅ​ជាប់​ផ្លូវជាតិ​លេខ​៥ ខាងលិច​ក្បាល​ស្ពានថ្ម ឆ្លងស្ទឹង​ពោធិ៍សាត់ និង​មានការ​រីក​ដុះដាល​មក​ដល់​សព្វ​ថ្ងៃនេះ ។ ក្បូរ​ក្បាច់រចនា​ដែល​បង្កប់​លើ​ជើង​ទម្រ​រឹង​មាំ​ដែល​ទ្រ​លើ​ជើងពាន និង​ផ្ដិល​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ខេត្តពោធិ៍សាត់​ជា​អ្នក​ឧស្សាហ៍​ព្យាយាម និង​មាន​ទេព​កោសល្យ​ក្នុង​មុខរបរ​ចម្លាក់​តាំងពី​យូរលង់​ណាស់​មក​ហើយ ។ បច្ចុប្បន្ន​នៅ​ក្នុង​ទីរួមខេត្ត​ពោធិ៍សាត់​សម្បូរ​ទៅ​ដោយ​កន្លែង​លក់​រូបចម្លាក់​ជា​ច្រើន ទាំង​កន្លែង​លក់ដុំ កន្លែង​លក់រាយ និង​នាំ​ចេញ​ទៅ​ក្រៅ​ខេត្ត ។

៣-​ទឹក ទឹក​គឺជា​ប្រភព​ដ៏​ធំធេង​មិន​ចេះ​រីងស្ងួត​នៅ​ជួរ​ភ្នំក្រវាញ និង​ភ្នំ​ឧិ​រ៉ា​ល់ ដែល​ប្រភព​ថាមពល​នៅ​ទីនោះ​អាច​កសាង​ទំនប់​វា​រី​អគ្គិសនី​ជា​ច្រើន​កន្លែង សំដៅ​ជំរុញ​ការ​អភិវឌ្ឍ​ប្រទេស​លើ​គ្រប់​វិស័យ និង​ការ​ចែកចាយ​ថាមពល​នៅ​ទូ​ទាំង​ប្រទេស ។ ទឹក និង​ធនធានធម្មជាតិ​នៅ​ជួរ​ភ្នំ​ទាំង​ពីរ​គឺជា​ទីតាំង​ទេសចរណ៍ធម្មជាតិ​ដ៏​សំបូរ​បែប​ក្នុង​ទឹកដី​ខេត្តពោធិ៍សាត់ ។ ទឹក​គឺជា​ប្រភព​មិន​ចេះ​រីងស្ងួត​នៅ​ក្នុង​បឹង​ទន្លេសាប ដែល​នៅ​ទីនោះ​មាន​ធនធានធម្មជាតិ ជីវៈចម្រុះ និង​មច្ឆជាតិ រួមចំណែក​ផ្គត់ផ្គង់​ជីវភាព​ប្រជាពលរដ្ឋ​បាន​ក្នុង​ប្រទេស​ផង និង​បម្រើ​វិស័យ​ទេសចរណ៍​ផង ។ ទឹក​គឺជា​ប្រភព​ហូរ​ចេញពី​ភ្នំក្រវាញ និង​ភ្នំ​ឱ​រ៉ា​ល់ ដែល​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​វិស័យ​ធារាសាស្ត្រ​ដោយ​អាច​ធ្វើ​ជា​តំបន់​ស្ដុក​និង​ស្ទាក់ទឹកជា​ច្រើន​កន្លែង​ក្នុង​ខេត្តពោធិ៍សាត់ ដើម្បី​ស្រោចស្រព​លើ​ផ្ទៃដី​កសិកម្ម និង​វាលទំនាប​បម្រើ​នូវ​សេចក្ដី​ត្រូវការ​របស់​ប្រជាពលរដ្ឋ ។

ក្រោម​ការ​ដឹកនាំ​ដ៏​ឆ្លាត​វៃ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាង​មួយ​ទស​វត្ស​កន្លង​មកនេះ សមិទ្ធផល​សំណង ់ធំ​ៗ​ជា​ច្រើន​បាន​រីក​ដុះដាល​ស្ទើរតែ​គ្រប់​រាជធានី​ខេត្ត ។ ដោយឡែក​ទឹកដី​ខេត្តពោធិ៍សាត់ បន្ទាប់​ពី​បាន​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​បុរី​កោះ​សំពៅ​មាស​ក្នុង​ឆ្នាំ​២០០៩​កន្លង​មក ក្នុង​ដើមឆ្នាំ​២០១៤​ខេត្ត​ក៏​បាន​ដាក់​សម្ពោធ​នូវ​សមិទ្ធ​ផល​ធំ​មួយទៀត គឺ​រង្វង់​មូល​ផ្ដិល​ថ្មកែវ ដែល​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ភាព​រីក​ចម្រើន​ឥត​ឈប់​ឈរ​របស់​ខេត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ