រាជធានីភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញបានអះអាងថា រាល់ការតវ៉ា ឬការទាមទានានានៅភ្នំពេញក្នុងរយៈពេលមួយឆ្នាំ២០១៧ កន្លងមកនេះ មិនធ្វើឲ្យប៉ះដល់ការងារកសាង និងអភិវឌ្ឃន៍ហេដ្ឋារចនាសម្ព័ន្ធ និងអសន្តិសុខ បង្កការភ័យខ្លាចរបស់ប្រជាពលរដ្ឋនោះទេ ។
យោងតាមរបាយការណ៍របស់អាជ្ញាធររាជធានីភ្នំពេញបានឲ្យដឹងថា នៅរាជធានីភ្នំពេញសម្រាប់រយៈពេលមួយឆ្នាំគិតចាប់ពីថ្ងៃទី០១ ខែមករា ដល់៣១ធ្នូ ឆ្នាំ២០១៧កន្លងមកនេះ មាន បាតុកម្ម ឬការតវ៉ានានាចំនួន១.៧៦០លើក ចំនួននេះកើនឡើង១៦២ដង បើប្រៀបធៀបទៅនឹងឆ្នាំ២០១៦ កន្លងទៅ ។ របាយការណ៍នេះត្រូវបានចែកជូន និងអានដោយលោក ហួត ហៃ នាយករដ្ឋបាលរាជធានីភ្នំពេញ នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលធ្វើឡើងកាលពីថ្ងៃទី០៦ ខែកុម្ភៈនេះ នៅក្នុងរដ្ឋបាលរាជធានីភ្នំពេញ ស្ថិតក្នុងអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញដោយមានការចូល រួមពីមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្រោម ឱវាទរដ្ឋបាលរាជធានីភ្នំពេញយ៉ាងកុះករ ។
របាយការណ៍ដដែលបានឲ្យដឹងទៀតថា ក្នុងចំណោមបាតុកម្ម ឬការតវ៉ានានា មានការតវ៉ារបស់ប្រជាពលរដ្ឋ សមាគម និងសាសនាមានចំនួន៦១៣លើក លើ២២១លើក , សហព័ន្ធ សហជីព កម្មករតាមរោងចក្រមានចំនួន៨៨៨លើក លើ៩៦៦លើក , អង្គការ សង្គមស៊ីវិល គ្រូបង្រៀន៦០លើក លើ៥២លើក , គណបក្សនយោបាយមានចំនួន១៩៥លើក លើ៣៥៩លើក បើប្រៀបធៀបទៅនឹងឆ្នាំ២០១៦កន្លងទៅ និងចលនាប្រឆាំងផ្សេងៗកើតមានចំនួន៤លើកផងដែរ ។
របាយការណ៍ដដែលបានបញ្ជាក់ថា ទាក់ទិន្នទៅនឹងបាតុកម្ម ឬការតវ៉ានានានោះ ភាគច្រើនជាការសម្តែងមតិ និងទាមទារ បញ្ហាជម្លោះដីធ្លី សិទ្ធិលំនៅដ្ឋាន ស្នើរសុំការដោះលែងសកម្មជន ដីធ្លី និងការគោរពសិទ្ធិមនុស្ស ជាដើម ៕
ចែករំលែកព័តមាននេះ