ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​មក​ពី​១៧​ប្រទេស ពិភាក្សា​គ្នា​អំពី​ការ​គ្រប់គ្រង​ទេសចរណ៍​ក្នុង​តំបន់​បេតិកភណ្ឌ

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កិច្ចប្រជុំ​ពិភាក្សា​មួយ​នៅ​សាលសន្និសីទ​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ធ្វើ​ឡើង​រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​០៥ ដល់ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៨ ដែល​បាន​រៀបចំ​សហ​ការណ៍​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា…

ខេត្តសៀមរាប ៖ កិច្ចប្រជុំ​ពិភាក្សា​មួយ​នៅ​សាលសន្និសីទ​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ធ្វើ​ឡើង​រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​០៥ ដល់ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៨ ដែល​បាន​រៀបចំ​សហ​ការណ៍​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា និង​មជ្ឈមណ្ឌល SEAMEO SPAFA តាម​រយៈ​សិក្ខាសាលា​អន្តរជាតិ​ស្តី​ពី និរន្តរភាព និង​ការ​គ្រប់គ្រង​ទេសចរណ៍ ក្នុង​តំបន់​បេតិកភណ្ឌ​ពិភពលោក ដោយ​មាន​អ្នក​ស្រាវជ្រាវ និង​មន្ត្រី​ជំនាញ​មក​បណ្តា​ប្រទេស​ទាំង​១៧​ប្រទេស ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ជប៉ុន និង​អឺរ៉ុប នេះ​ជា​សិក្ខាសាលា​ដែល​ប្រមូលផ្តុំ​ដោយ​វាគ្មិន​ដែល​ភាគច្រើន​ជា​អ្នក​ស្រាវជ្រាវ​អ្នក​ទេសចរណ៍ និង​មន្ត្រី​គ្រប់គ្រង​នៅ​តំបន់​ទេសចរណ៍​ក្នុង​តំបន់​បេតិកភណ្ឌ​ផ្សេង​ៗ​នៃ​ពិភពលោក​ផង​ដែរ ។

លោក Rujaya Abhakhorn នាយក​មជ្ឈមណ្ឌល SEAMEO SPAFA បាន​លើក​ឡើង​ថា យើង​បាន​អញ្ជើញ​វាគ្មិន​ដែល​មាន​ជំនាញ​លើ​ការ​គ្រប់គ្រង​ទេសចរណ៍ ក្នុង​តំបន់​បេតិកភណ្ឌ មក​ជួបជុំ​គ្នា​នៅ​អង្គរ ដើម្បី​ឲ្យ​ពួក​គេ​បានឃើញ នូវ​ការ​គ្រប់គ្រង​ទេសចរណ៍​នៅ​ទី​នេះ ព្រោះ​អាជ្ញាធរ​ជាតិ​អប្សរា​មិន​ត្រឹមតែ​ធ្វើការ​លើ​ការ​អភិរក្ស​ប៉ុណ្ណោះ​ទេ តែ​បាន​ធ្វើការ​យ៉ាងច្រើន​លើ​ការ​រៀបចំ​ទេសចរណ៍​យ៉ាង​មាន​ប្រសិទ្ធភាព​ទៀត​ផង ។

លោក សុខ សង្វារ អគ្គនាយករង ទទួល​បន្ទុក​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ បញ្ជាក់​ថា តាម​រយៈ​ប្រធាន​ដែល​ប្រមូលផ្តុំ​ដោយ​អ្នកជំនាញ និង​អ្នកគ្រប់គ្រង​តំបន់​ទេសចរណ៍​ក្នុង​តំបន់​បេតិកភណ្ឌ​ជា​ច្រើន​នេះ​នឹង​បង្ហាញ​ថា យើង​ធ្វើការ​ក្នុង​គោលដៅ​មួយ​ដូច​គ្នា ។ រមណីយដ្ឋាន​អង្គរ ជាទី​តាំង​ដ៏​សំខាន់​សម្រាប់​ជា​មេរៀន​នៃ​ការងារ​អភិរក្ស និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ដែល​អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​បន្ត​អនុវត្ត​សព្វថ្ងៃ ។

លោក​បន្ថែម​ថា អង្គរ​កំពុង​តែ​ក្លាយជា​ទិស​ដៅ​ទេសច​ណ៍​ដ៏​សំខាន់ ដែល​ទាមទារ​ឲ្យ​យើង​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​លើ​បញ្ហា​ប៉ះពាល់​ផ្សេង​ៗ​ដែល​តែង​កើត​មាន​ឡើង​ពី​វិស័យ​ទេសចរណ៍ ។ យើង​សង្ឃឹមថា កិច្ច​ពិភាក្សា​នេះ នឹង​ផ្តល់​នូវ​ចំណុច​ល្អ​ៗ​ជា​ច្រើន​ទៀត ដើម្បី​ជំរុញ​ឲ្យ​ការ​គ្រប់គ្រង​ទេសចរណ៍​នៅ​អង្គរ ក៏​ដូច​ជា​តំបន់​បេតិកភណ្ឌ​ផ្សេង​ៗ​ទទួល​នូវ​ប្រសិទ្ធ​ភាពល្អ​បំផុត​នា​ពេល​អនាគត ។

លោក ជុច ភឿន រដ្ឋលេខាធិការ និង​ជា​តំណាង​លោក​ជំទាវ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​បញ្ជាក់​ថា នេះ​ជា​សិក្ខាសាលា​ដ៏​មាន​តម្លៃ​ដែល​នឹង​អនុញ្ញាត​ឲ្យ​អ្នកគ្រប់គ្រង​ទេសចរណ៍​ក្នុង​តំបន់​បេតិកភណ្ឌ​មានគំនិត​បន្ថែម​លើ​ការ​រៀបចំ​ផែនការ​បាន​ល្អ និង​អនុវត្ត​ការ​គ្រប់គ្រង​ទេសចរណ៍​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ។

ដោយឡែក យើង​ជឿជាក់​ថា បទ​ពិសោធន៍​ជាង​២៥​ឆ្នាំ នៃ​ការងារ​គ្រប់គ្រង​អង្គរ​ប្រកបដោយ​ភាព​ជោគជ័យ​កន្លង​មក អាច​ជា​មេរៀន​ដ៏​ល្អ​ដែល​អាច​រៀនសូត្រ​បានជា​សាកល ពោល​គឺ​កិច្ចការ​ពីរ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បាន​អនុវត្ត​ជា​ប្រចាំ គឺ​ការ​អភិរក្ស និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ