ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការ​ជិត​១០០​ម៉ោង​ញ័រ​កក្រើក​ពេញ​ផ្ទៃ​ប្រទេសជន​ដៃដល់​ជា​ប៉ូលិស​ត្រូវ​ចាប់ខ្លួន

6 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ប្រតិបត្តិការ​តាម​ប្រមាញ់​ជន​ដៃដល់​ដែល​បាន​បាញ់​សម្លាប់​មន្ត្រី​ការពារ​ឈើ​ព្រៃ​៣​នាក់​ដែល​ធ្វើ​ឱ្យ​ញ័រ​កក្រើក​ពេញ​ផ្ទៃ​ប្រទេស​នោះ​ក្នុង​រយៈពេល​មិន​ដល់​១០០​ម៉ោង សមត្ថកិច្ច​ខេត្តមណ្ឌលគិរី ក្រោម​កិច្ចសហការ​ជាមួយ​កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហា​ផ្ទៃ និង​កម្លាំង​នគរបាល​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ចាប់ខ្លួន​ជនសង្ស័យ​បាន​ហើយ ដែល​ជន​នេះ​ត្រូវ​ចាប់ខ្លួន​ក្នុង​ហាង​គុយទាវ​យីហោ​ឥន្ទ្រី…

ខេត្តមណ្ឌលគិរី ៖ ប្រតិបត្តិការ​តាម​ប្រមាញ់​ជន​ដៃដល់​ដែល​បាន​បាញ់​សម្លាប់​មន្ត្រី​ការពារ​ឈើ​ព្រៃ​៣​នាក់​ដែល​ធ្វើ​ឱ្យ​ញ័រ​កក្រើក​ពេញ​ផ្ទៃ​ប្រទេស​នោះ​ក្នុង​រយៈពេល​មិន​ដល់​១០០​ម៉ោង សមត្ថកិច្ច​ខេត្តមណ្ឌលគិរី ក្រោម​កិច្ចសហការ​ជាមួយ​កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហា​ផ្ទៃ និង​កម្លាំង​នគរបាល​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ចាប់ខ្លួន​ជនសង្ស័យ​បាន​ហើយ ដែល​ជន​នេះ​ត្រូវ​ចាប់ខ្លួន​ក្នុង​ហាង​គុយទាវ​យីហោ​ឥន្ទ្រី ។

យោង​តាម​ប្រភព​ព័ត៌មាន​បាន​រាយការណ៍​ពី​ខេត្ត​ត្បូងឃ្មុំ​មក​ថា ជន​ដៃដល់​ដែល​ជា​នាយ​នគរ​បាល​ប៉ុស្តិ៍​អូរ​រ​លែ ដែល​សង្ស័យ​ជា​អ្នក​បាញ់​សម្លាប់​ជន​រង​គ្រោះ​ទាំង​៣​នាក់​នោះ ត្រូវ​បាន​ចាប់ខ្លួន​នា​ព្រឹក​ថ្ងៃ​ទី​២ កុម្ភៈ នៅ​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ខណៈ​ជន​ដៃដល់​រូប​នេះ​បម្រុង​រត់គេច​ខ្លួន​ទៅ​ស្រុក​កំណើត​នៅ​ខេត្តព្រៃវែង ។


លោក​ឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការ​រង​ខេត្តមណ្ឌលគិរី​បានឱ្យ​ដឹង​ថា នាយ ប៉ុស្តិ៍​នគរបាល​អូរ​រ​លែ​ឈ្មោះ ផល ពេញ បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា រូបគេ​គឺជា​អ្នក​បាញ់​សម្លាប់​មន្ត្រី​ទាំង​៣​នាក់​ពិតប្រាកដ​មែន ដោយ​ផ្តើម​ចេញពី​ការ​ទាស់ទែង​គ្នា ។ តែ​លោកស្នងការ​មិន​បាន​លម្អិត​ថា​ពួក​គេ​មាន​វិវាទ​រឿង​អ្វី​នោះ​ទេ ។ ក្រោយ​សាកសួរ​បន្តិច​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​មក​សាកសួរ​បន្ថែម​នៅ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ហើយ​ត្រូវ​នាំ​ខ្លួន​ត្រឡប់​ទៅ​កាន់​ខេត្តមណ្ឌលគិរី​វិញ​ដើម្បី​បន្ត​នីតិវិធី ។

លោក​ឧត្តមសេនីយ៍ត្រី សូ សុវណ្ណ បាន​ប្រាប់​បញ្ជាក់​ទៀត​ថា ជន​ដៃដល់​បាន​សារភាព​ហើយ​ថា ខ្លួន​គឺជា​អ្នក​បាញ់​សម្លាប់​ជន​រង​គ្រោះ​ទាំង​៣​នាក់​មែន ដោយ​គាត់​ថា​មក​ពី​មាន​គំនុំ​និង​ឈ្លោះ​ជាមួយ​គ្នា ។ យ៉ាងណា​ក៏​ដោយ លោក​ឧត្តមសេនីយ៍ត្រី សូ សុវណ្ណ មិន​អាច​បញ្ជាក់​ឱ្យ​លម្អិត ចំពោះ​ដំណើររឿង​ពាក់ព័ន្ធ​ការ​ទាស់ទែង​គ្នា​នោះ​ឡើយ ។ តែ​គេ​នៅ​ចាំ​បាន​តាម​សេចក្តីរាយការណ៍​ព័ត៌មាន​មុន​នេះ​ថា មុន​ពេល​មានការ​បាញ់ប្រហារ​នោះ គឺ​មន្ត្រី​ទាំង​៣​នាក់​បាន​ប្រទះ​ឃើញ​ក្រុម​ជនជាតិ​វៀតណាម កំពុង​អារឈើ​នៅ​ចំណុច​អូរ​ហុច និង​បាន​រាយការណ៍​មក​ថ្នាក់លើ​របស់​ខ្លួន និង​ទទួល​បានការ​ណែនាំ​ឱ្យ​ដកថយ​សិន​ចាំ​នាំ​កម្លាំង​ទៅ​បង្ក្រាប​តែ​ម្តង ។

តាម​ប្រភព​នោះ​ថា មានការ​ចេញ​មុខ​សម្របសម្រួល​ជាមួយ​មន្ត្រី​ទាំង​៣​នាក់​ពី​នាយ​ប៉ុស្តិ៍​អូរ​រ​លែ និង​យោធា​ព្រំដែន​តែ​មិន​ត្រូវ​គ្នា​ទេ ។ ខណៈ​មន្ត្រី​ទាំង​៣​ដកថយ​ពី​ចំណុច​នោះ ក៏​មានការ​បាញ់ប្រហារ​តែ​ម្តង ដូច្នេះ​ការ​សម្លាប់​មិន​ញញើត​ដៃ នេះ​អាច​មានការ​ពាក់ព័ន្ធ​និង​បទល្មើស​ព្រៃឈើ ។ អ្វី​ដែល​ជា​អនុស្សាវរីយ៍​របស់​អ្នក​ស្លាប់​គឺ​លោក តើន សុខ​ណៃ ជា​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​គឺ​បាន​ថតរូប​ជា​ច្រើន​នៅ​ចំណុច​នោះ​រហូត​ដល់​ពួក​គេ​ទាំង​៣​នាក់​បាន​ថត​រួម​គ្នា​ដោយ​អ្នក​ភូមិ​ដែល​រួម​ដំណើរ ។ គិត​ត្រឹម​យប់​ថ្ងៃ​២ កុម្ភៈ មន្ត្រី​យោធា​ការពារ​ព្រំដែន​៣​នាក់ និង​មន្ត្រី​នគរបាល​ការពារ​ព្រំដែន​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​ការ​បាញ់​សម្លាប់​មនុស្ស​៣​នាក់ នៅ​ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី ខណៈ​ជន​ដៃដល់​ជា​នាយ​នគរបាល​ប៉ុស្តិ៍​អូរ​រ​លែ ឈ្មោះ ផល ពេញ បាន​ព្យាយាម​រត់គេច​ខ្លួន ខណៈ​យោធា​ម្នាក់​ឈ្មោះ កើត វេហា ហៅ​ឆៃ បាន​ចូលខ្លួន​សារភាព ។

យោង​តាម​លោក​ឧត្តមសេនីយ៍ឯក ហុង វិ​ណុ​ល មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ជា​សមាជិក​គណៈ​ក​មា្ម​ធិ​ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ថ្នាក់​ជាតិ ដែល​កំពុង​ដឹកនាំ​កម្លាំង​ចុះ​ស្រាវជ្រាវ​ករណី​នេះ បាន​ថ្លែង​ថា មុន​ពេល​មានការ​ចាប់ខ្លួន​ឈ្មោះ ផល ពេញ នេះ​គឺ​កម្លាំង​រុករក​ប្រមាណ​១០០​នាក់​បាន​តាម​ប្រមាញ់​ក្នុង​ព្រៃ ដើម្បី​ចាប់ខ្លួន​ជន​ដៃដល់​ដែល​ពាក់ព័ន្ធ​និង​ការ​បាញ់​សម្លាប់​ជន​រង​គ្រោះ​ទាំង​៣​នាក់ ។ ជនសង្ស័យ​ដែល​ត្រូវ​បាន​កំណត់​តាំងពី​ដំបូង​គឺ​ឈ្មោះ ផល ពេញ បូក​រួម​ទាំង​ឈ្មោះ កើត វេហា និង​ឈ្មោះ ងួ​រ ជាម​ន្ដ្រី​យោធា​ការពារ​ព្រំដែន​នៅ​តំបន់​អូរ​រ​លែ ព្រមទាំង​ជន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ។

ការ​បាញ់ប្រហារ​នេះ​បាន​កើតឡើង​នៅ​ចំណុច​ប៉ុស្ដិ៍​អូរ​រ​លែ ក្នុងភូមិ​សាស្ដ្រ​ភូមិ​ពូ​ហ្សា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី នៅ​ចន្លោះ​ម៉ោង​៤ ទៅ​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៨ បាន​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​៣​នាក់​រួម​មាន​៖ មន្ដ្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់​ឈ្មោះ សេក វ​ឌ្ឍ​នា​,​មន្ដ្រី​ឧ​ទ្យា​នុ​រក្ស នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ឈ្មោះ តើន សុខ​ណៃ និង​បុគ្គលិក​អង្គការ​សមាគម អភិរក្ស​សត្វព្រៃ Wildlife Conservation Society (WCS)​ឈ្មោះ ថុ​ល ខ្នា ដែល​ការ​បាញ់ប្រហារ​នេះ​ផ្តើម​ចេញពី​បទល្មើស​ព្រៃឈើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ