ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី និង​កីឡាករ​កាយ​វប្បកម្ម​សម្ដែង​ការ​បារម្ភ​ពី​អ្នក​បន្តវេន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ គេ​នៅ​តែ​ឃើញ​សមាសភាព​កីឡាករ​កាយ​វប្ប​កម្ម​កម្ពុជា​ដែល​មានឈ្មោះ​ទៅ​ប្រកួត​នៅ​ក្រៅ​ស្រុក គឺជា​កីឡាករ​ដដែល រហូត​មាន​គេ​ចោទ​ប្រកាន់​ថា​ជា​ការ​ជ្រើសរើស​ដោយ​បក្សពួក និង​ខ្សែរយៈ​ទៀត​ផង ។ ឆ្លើយ​តប​នឹង​ការ​ចោទប្រកាន់​នេះ កីឡា​ករ…

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ គេ​នៅ​តែ​ឃើញ​សមាសភាព​កីឡាករ​កាយ​វប្ប​កម្ម​កម្ពុជា​ដែល​មានឈ្មោះ​ទៅ​ប្រកួត​នៅ​ក្រៅ​ស្រុក គឺជា​កីឡាករ​ដដែល រហូត​មាន​គេ​ចោទ​ប្រកាន់​ថា​ជា​ការ​ជ្រើសរើស​ដោយ​បក្សពួក និង​ខ្សែរយៈ​ទៀត​ផង ។

ឆ្លើយ​តប​នឹង​ការ​ចោទប្រកាន់​នេះ កីឡា​ករ និង​មន្ត្រី​ដែល​ពាក់ព័ន្ធ​បាន​អះអាង​ថា បើ​ទោះជា​នៅ​ក្នុង​ប្រទេស​កម្ពុជា​គេ​ឃើញ​មាន​យុវជន​ច្រើន​ឡើង​និយម​ហាត់​លើក​សាច់ដុំ​ក៏​ដោយ ក៏​អ្នក​ទាំងនោះ​មិនសូវ​ចូល​ចិត្ត​ហាត់​ដំឡើង​សាច់​ឱ្យ​ដូច​កីឡាករ​អាជីព​ផ្នែក​កាយ​វប្ប​កម្ម​នោះ​ដែរ ដោយសារ​តែ​ការ​ហ្វឹកហាត់​ទៅ​ដល់​ដំណាក់​កាលនោះ គឺ​បាត់បង់​រូបរាង​សង្ហារ ហើយ​ឃើញ​រាង​កាយ​មិន​ខុស​ពី​កង្កែប​នោះ​ទេ ទើប​ជា​ការ​បារម្ភ​ថ្មី​មួយ នៅ​ពេល​កីឡាករ​អាជីព​សម្រេចចិត្ត​បោះបង់ ហើយ​តម្រូវ​ឱ្យ​រក​កីឡាករ​ជំនាន់​ក្រោយ​ដែល​មាន​សង្ឃឹម​ទៅ​ប្រកួត​ដណ្ដើម​បាន​មេដាយ​ត្រឡប់​មក​វិញ ទៅ​ជំនួស​។

លោក សុខ មង្គល​រស្មី ប្រធាន​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​កម្ពុជា បាន​អះអាង​ថា ឱ្យ​តែ​ដល់​ការ​ប្រកួត​នៅ​ក្រៅប្រទេស​ដែល​តម្រូវ​ឱ្យ​ជ្រើសរើស​កីឡាករ​តំណាង​ប្រទេស​ចេញ​ទៅ​ប្រកួត​ម្ដង​ៗ​គឺជា​រឿង​លំបាក ជា​ពិសេស​បើ​ការ​ប្រកួត​ទាំងនោះ​តម្រូវ​ឱ្យ​កំណត់​អាយុ​កីឡាករ​ក្មេង​ៗ​ជាដើម ។ លោក​ថា មក​ទល់​សព្វថ្ងៃ​បណ្ដា​ប្រទេស​ដែល​បាន​បើក​ការ​ប្រកួត​បង្អួត​សាច់ដុំ មិន​មានការ​កំណត់​អាយុ​នោះ ទេ​ដោយ​គេ​កំណត់​ត្រឹមតែ​ទម្ងន់​ប៉ុណ្ណោះ ដោយ​សារ​តែ​គេ​ក៏​បានដឹង​ថា កីឡា​ប្រភេទ​នេះ​មិន​សំបូរ​ក្មេង​ៗ​មក​ហាត់​តម្រូវ​តាម​ការ​ប្រកួត​នោះ​ទេ ។

យ៉ាងណាមិញ លោក​ថា នៅ​បណ្ដា​ស្រុក​គេ គឺ​សំបូរ​កីឡាករ​ក្នុង​វិស័យ​នេះ​ជាង​កម្ពុជា ដោយសារ​តែ​គេ​មាន​ទីផ្សារ​ឱ្យ​កីឡាករ​ដែល​មាន​សាច់ដុំ​ត្រូវ​តាម​ការ​ប្រកួត​ទទួល​បាន​ប្រាក់​ចំណូល ដែល​ខុស​ពី​កីឡាករ​កម្ពុជា​បាន​លុយ​តែ​ពេល​ប្រកួត​ឈ្នះ តែបើ​អត់​ការ​ប្រកួត​គឺ​ត្រូវ​ធ្វើការ​ផ្ទាល់ខ្លួន ។ លោក​បាន​ប្រកាស​ថា លុះត្រាតែ​អ្នក​ស្រឡាញ់​អាជីព​នេះ​ខ្លាំង​ទើប​សម្រេចចិត្ត​ហាត់​យក​សាច់ដុំ​ដល់​ម្លឹ​ង ដើម្បី​ចូល​ប្រកួត តែបើ​សម្រេចចិត្ត​ហ្វឹកហាត់​តាម​គ្នា គឺ​ម្នាក់​ៗ​ហាត់​យក​ត្រឹមតែ​ឱ្យ​រាង​ស្អាត​និង​សាច់ដុំ​ស្អាត​ប៉ុណ្ណោះ​។

លោក សុខ សុ​ភ័ក្ត្រ ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​កីឡាករ​ល្អ​ម្នាក់​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង​មិនធម្មតា ក្រោយ​ពី​មានឱកាស​បាន​ចេញ​ប្រកួត​នៅ​ក្រៅប្រទេស​ក្នុង​ព្រឹត្តិការណ៍​ដណ្ដើម​​ជើងឯក​បុរស​ដែល​មាន​សាច់ដុំ​ល្អ ក៏​បាន​បញ្ជាក់​ថា ធនធាន​កីឡាករ​ក្មេង​ៗ​ដែល​ចង់​ហាត់​យក​សាច់ដុំ​ឱ្យ​ធំ​ៗ ដើម្បី​អាច​ចូលរួម​ប្រកួត​បាន​ដូច​លោក​ក៏​ជា​រឿង​ពិបាក​ផង​ដែរ ។ លោក​ថា កីឡាករ​ម្នាក់ ដើម្បី​អាច​ក្លាយជា​ធនធាន​ចូលរួម​ប្រកួត​បាន​លុះ​ត្រាតែ​ហ្វឹកហាត់​ដំឡើង​សាច់ដុំ​ជា​រៀង​រាល់​ថ្ងៃ ហើយ​ហាត់​ឱ្យ​មាន​សាច់ដុំ​ធំ​ប៉ោង និង
ស្ងួត​មិន​មាន​ខ្លាញ់ ។

ជាក់ស្ដែង​ទម្រាំ​ទទួល​បាន​លទ្ធផល​ដូចដែល​មហាជន​បានឃើញ​គឺ​លោក​សុខចិត្ត​អត់បាយ និង​អត់​ដើរ​លេង ហើយ​តមចំណី និង​ប្រើ​ថ្នាំ​បំប៉ន​សាច់ដុំ​យ៉ាង​ម៉ត់​ចត់​នោះ​ផង។ លោក​ថា មនុស្ស​ជាច្រើន​បាន​សើចចំអក​ថា​លោក​បាត់​រូបរាង​ទាក់ទាញ ហើយ​មិន​ខុស​ពី​កង្កែប​ដោយសារ​តែ​លោក​ចង់បាន​សាច់ដុំ​ធំ​ណែន​ឱ្យ​ត្រូវ​នឹង​ការ​ប្រកួត​ដែល​បាន​ប្រកាស​ឡើង ។ ត្រង់ចំណុច​នេះ​ហើយ​ដែល​មនុស្ស​ប្រុស​ភាគច្រើន​មិន​ចង់បាន​រូបរាង​ដូច​លោក​នេះ​ទេ ជា​ពិសេស​អ្នក​ចង់បាន​មាឌធំ​ស្អាត និង​មើលទៅ​ឃើញ​សង្ហារ ។ លោក​បាន​ចំណាយពេល​មិន​តិច​ជាង​១០​ឆ្នាំ​នោះ​ទេ ទម្រាំ​ទទួល​បាន​លទ្ធផល​ដូចដែល​បាន​ឃើញ នៅ​ពេល​នេះ ហើយ​លោក​ក៏​មិន​អាច​បន្ត​អាជីព​មួយ​នេះ​បានជា​រៀង​រហូត​នោះ​ដែរ បើ​ទោះជា​លោក​ស្រឡាញ់​ការ​ហ្វឹកហាត់​យក​សាច់ដុំ និង​ស្រឡាញ់​ការ​ប្រកួត ដើម្បី​បង្អួត​មហាជន​ថា លោក​ជា​កីឡាករ​សាច់ដុំ​ល្អ​ម្នាក់​ក្ដី ។

លោក​អះអាង​ថា ត្រឹមតែ​ហាត់​យក​សាច់ដុំ​ស្មា​ក្រោយ​ឆ្អឹង​ស្មា និង​ដើមទ្រូង​ជាដើម គឺ​មិន​អាច​ក្លាយ​ខ្លួន​ជា​កីឡាករ​ផ្នែក​កាយ​វប្បកម្ម​បាន​ទេ គឺ​ទាល់តែ​ហាត់​យក​សាច់​លើ​ផ្នែក​ទាំងនោះ​ឱ្យ​ណែន និង​ហាត់​ឱ្យ​មើល​ទៅ​ឃើញ​ធំ​លើ​តូច​ក្រោម និង​មាន​សាច់ដុំ​ធំ​ប៉ោង​ហើយ​ហាប់​ទើប​អាច​ចូលរួម​ប្រកួត​បាន ។

លោក​បាន​ចំណាយពេល​ក្នុង​វិស័យ​មួយ​នេះ​ដោយ​ការ​អត់ធ្មត់​បំផុត​តាំងពី​ឆ្នាំ​២០០៥ ហើយ​ទម្រាំ​តែ​ទទួល​បាន​លទ្ធផល​ក៏​សុខចិត្ត​ទម្លាក់​ចោល​ទាំង​ការងារ​ព្រោះតែ​ស្រឡាញ់​​សាច់ដុំ​នោះ​ផង ដោយ​មិន​ទាន់​រាប់​បញ្ចូល​ការ​ចំណាយ​ដ៏​ច្រើន​ដែល​លោក​បាន​​ប្រើ​ក្នុង​អំឡុង​នៃ​ការ​ប្រឹង​ប្រែ​នោះ​ផង ។ មួយវិញទៀត នៅ​ពេល​មានការ​ប្រឡង​ប្រជែង​ម្ដង​ៗ លោក​ក៏​ត្រូវ​ចំណាយ​លុយ​ផ្ទាល់ខ្លួន​មួយ​ចំនួន​ផង​ដែរ មុន​ពេល​មានការ​យកចិត្តទុកដាក់​ពី​គណៈកម្មការ​អូ​ឡាំ​ពិ​ក ។

មក​ដល់​ពេល​នេះ លោក​នៅ​តែ​យល់​ថា ស្ថានភាព​របស់​កីឡាករ​កាយ​វប្បកម្ម​មាន​ភាព​ស្មុគស្មាញ និង​មិនមែន​ជា​ជម្រើស​សម្រាប់​កីឡាករ​ក្មេង​ៗ ទើប​លោក​យល់​ថាបើ​លោក​និង​ក្រុម​ជម្រើសជាតិ​លាឈប់​គឺ​ធនធាន​អ្នក​ត្រូវ​ប្រកួត​បន្ត​អាច​នឹង​ពិបាក​រក ជា​ពិសេស​អ្នក​ដែល​មាន​សាច់ដុំ​ធំ​ស្អាត ហើយ​ណែន​ដូច​ក្រុម​លោក​ប៉ុន្មាន​នាក់ ដែល​ឱ្យ​តែ​ទៅ​ប្រកួត​រមែង​ទទួល​បាន​មេដាយ​ត្រឡប់​មក​វិញ​មិន​ដែល​ខាន​នោះ ។ ប៉ុន្តែ​លោក​បាន​សរសើរ​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​អ្នក​ហាត់​យក​សាច់ដុំ​កើនឡើង ដោយ​អាច​និយាយ​បាន​ថាបើ​មានការ​យកចិត្តទុកដាក់ និង​លើកទឹកចិត្ត​ចំពោះ​ពួក​គេ​តែ​បន្តិច គឺ​ពួក​គេ​នឹង​ក្លាយជា​ធន​ធាន​កីឡា​កាយ​វប្បកម្ម​ដោយ​មិន​លំបាក​។

កីឡាករ​ជា​ម្ចាស់​មេដាយមាស​ផ្នែក​បង្អួត​សាច់ដុំ លោក សំបូរ ណា​ន កាលពី​ឆ្នាំ​២០១៧ មុន​នេះ ក៏​រឹតតែ​បញ្ជាក់​ថា អ្នក​ចង់​ហ្វឹកហាត់​ឱ្យ​មាន​សាច់ដុំ​ជា​របៀប​ដូច​លោក គឺ​មិនសូវ​មាន​ច្រើន បើ​ដក​ចេញ​នូវ​អ្នក​ហ្វឹកហាត់​ចាស់​ៗ​ប៉ុន្មាន​រូប​ក្នុង​ក្រុម​លោក ។ លោក​គឺជា​កីឡាករ​ដែល​យកចិត្តទុកដាក់​ខ្លាំង​លើ​ការ​ដំឡើង​សាច់ដុំ​ដងខ្លួន ដោយសារ​តែ​ការ​ស្រឡាញ់ និង​ចង់​បង្អួត​ប្រាប់​ពិភពលោក​ថា​កម្ពុជា​ក៏​មាន​ធនធាន​កីឡាករ​ល្អ​លើ​ឆាក​អន្តរជាតិ​ដែរ ។ លោក​ថា ខ្លួន​ចាប់ផ្ដើម​ស្រឡាញ់​សាច់ដុំ​បែប​នេះ ដោយ​មិន​ខ្វល់​ថា ការ​ហ្វឹកហាត់​របស់​លោក​ធ្វើ​ឱ្យ​លោក​បាត់បង់​រូបរាង​សង្ហារ​នោះ​ទេ ទើប​លោក​ទទួល​បាន
លទ្ធផល​ដោយ​ត្រូវ​បាន​សហព័ន្ធ​កីឡា​កាយ​វប្ប​កម្ម​ជ្រើសរើស​ឱ្យ​ក្លាយជា​កីឡាករ​ជម្រើស​ជាតិ ។ លោក​បាន​ប្រឹងប្រែង​នៅ​ក្នុង​វិស័យ​នេះ ដំបូង​បំផុត​ក្នុង​ពេល​បម្រើ​ការ​ជា​ពលករ​នៅ​ក្នុង​ប្រទេស​ថៃ និង​បាន​ចូល​ប្រកួត​ជាមួយ​កីឡាករ​ល្អ​ៗ​នៅ​ក្នុង​ប្រទេស​ថៃ​ហើយ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១ ជា​ហូរហែ​ស្ទើរតែ​គ្រប់ការ​ប្រកួត មក​ទល់​នឹង​បាន​ក្លាយជា​កីឡាករ​ជម្រើសជាតិ​នេះ ។

លោក​ថា អ្នក​ចង់បាន​សាច់ដុំ​ដូច​លោក មិនមែន​គ្រាន់តែ​ហាត់​យក​សាច់ដុំ និង​ចង់​បាន​​រាង​ស្អាត​ហើយ​ធ្វើ​ទៅ​បាន​នោះ​ទេ បើ​គ្មាន​ការ​តាំងចិត្ត គ្មាន​ការ​លះបង់ និង​គ្មាន​ការ
ចំណាយ​លុយកាក់ និង​ពេលវេលា​ស្ទើរតែ​កន្លះ​ជីវិត​ជាមួយនឹង​បច្ចេកទេស​ហ្វឹកហាត់ ។ លោក​នៅ​តែ​យល់​ថា កីឡា​កាយ​វប្បកម្ម គឺជា​ជម្រើស​ដែល​មាន​អ្នក​ចាប់អារម្មណ៍ តែ​មិន​តស៊ូ​ហ្វឹកហាត់​ឱ្យ​ក្លាយជា​អ្នកមាន​សាច់ដុំ​ស្រប​តាម​ការ​ចង់បាន​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួតប្រជែង ទើប​តំណាង​ប្រទេស​កម្ពុជា​ដែល​ត្រូវ​ទៅ​ប្រកួត​នា​ពេល​កន្លង​មក មាន​តែ​អ្នក​ដដែល ។

ជាក់ស្ដែងមុន​ពេល​ទទួល​បានការ​លើកទឹកចិត្ត​ពី​រដ្ឋាភិបាល​ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​មេដាយមាស​គឺ​លោក​សុខចិត្ត​បោះបង់​ការងារ​មក​ហាត់​ត្រៀម និង​ចំណាយ​លុយ​ផ្ទាល់ខ្លួន​ជា​ច្រើន​សម្រាប់​ការ​ប្រកួត​មួយ​លើក​ៗ គឺ​មិន​ស្រួល​ដូច​កីឡាករ​ក្នុង​វិស័យ​បាល់ទាត់​ដែល​មានការ​ជ្រោមជ្រែង​ពេញទំហឹង​នោះ​ទេ ។ ត្រង់​ចំណុច​នេះ​ហើយ​ដែល​ក្មេង​ៗ​ខ្លះ​មិនសូវ​តស៊ូ ហើយ​ធ្វើ​ឱ្យ​អ្នកមាន​បំណង​ចង់​បន្ត​អាជីព​ពី​ពួក​លោក ខ្វះ​ការ​អត់ធ្មត់ ។

លោក​ថា ចង់​ក្លាយជា​កីឡាករ​កាយ​វប្បកម្ម លុះត្រាតែ​កុំ​ខ្វល់​រឿង​អ្នក​ណា​ថា​មិន​ស្អាត ដោយ​ខ្វល់​តែ​រឿង​ហាត់​យ៉ាងម៉េច​ឱ្យ​បាន​ដើមដៃ និង​ទ្រូង​ស្អាត​ធំ​ប៉ោង គឺ​គ្រប់គ្រាន់ ។ លោក​ថា​ខ្លួន​លោក​ក៏​មិនមែន​ចេះ​តែ​បន្ត​តំណាង​ប្រទេស​ហើយ​ចេញ​ប្រកួត​បាន​រហូត​នោះ​ដែរ ទើប​លោក​ថា បើ​មាន​អ្នក​ជំនាន់​ក្រោយ​ពី​ឥឡូវ​ច្រើន​ក៏​ជា​រឿង​ល្អ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ