ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាន់ សំអាត ត្រូវ​គេ​អះអាង​ថា ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ជំនួប​ជាមួយ​ថៃ​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​៣ កុម្ភៈ ស្អែក​នេះ ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ នៅ​បន្ត​បើក​ការ​ប្រដាល់​ជា​លក្ខណៈ​អន្តរជាតិ នៅ​ក្នុង​សង្វៀន​របស់​ខ្លួន​ដែល​ស្ថិត​នៅ​ព្រែកកំ​ពិស ម្ដុំ​ព្រែក​ហូរ…

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​៣ កុម្ភៈ ស្អែក​នេះ ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ នៅ​បន្ត​បើក​ការ​ប្រដាល់​ជា​លក្ខណៈ​អន្តរជាតិ នៅ​ក្នុង​សង្វៀន​របស់​ខ្លួន​ដែល​ស្ថិត​នៅ​ព្រែកកំ​ពិស ម្ដុំ​ព្រែក​ហូរ ជាយ​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ទើប​រើស​បាន​ជើងឯក​ក្នុង​ចំណោម​៣២​រូប ហើយ​បន្ត​បើក​រេញ​ប្រកួត​ជ្រើសរើស​ជើងឯក​រដូវ​កាល​ថ្មី ។ កីឡាករ​កម្ពុជា គឺ ចាន់ សំអាត បាន​ក្លាយជា​សមាសភាព​របស់​កម្ពុជា​តែ​មួយ​រូប​គត់ ដែល​នឹង​ស្វាគមន៍​ការ​ប្រកួត​អន្តរជាតិ​នៅ​ស​ប្ដា​ហ៍នេះ​ជាមួយ​កីឡាករ​ថៃ ខណៈ​ដែល​ការ​ប្រកួត​ទាំងមូល​ក៏​មានការ​ប្រកួត​ជម្រុះ​ជើងឯក​វគ្គ​ថ្មី​រដូវ​កាល​ទី​២​រវាង​កីឡាករ​ខ្លាំង​ៗ៤​រូប​ក្នុង​ស​ប្ដា​ហ៍ទី​៣​ផង​ដែរ ដើម្បី​បន្ត​ស្វែងរក​ជើង​ខ្លាំង​ឱ្យ​គ្រប់​១៦​រូប​ដើម្បី​បញ្ចប់​ការ​ប្រកួត​ជុំ​ទី​១​។

ការ​ប្រកួត​ដែល​នឹង​ចាប់ផ្ដើម​ឡើង​ពី​ម៉ោង៥​ល្ងាច​នៅ​ព្រែក​កំ​ពិស​នេះ​ត្រូវ​គេ​ឃើញ​មាន​ការ​រំពឹង​ខ្ពស់​មិន​ខុស​ពី​ការ​ប្រកួត​អន្តរជាតិ​មុន​ៗ​នោះ​ទេ ដោយសារ​តែ​ភាព​ជាក់ស្ដែង​គឺ​ព្រឹត្តិការណ៍​ដំណើរការ​ចំ​ពេល​ថ្ងៃ​សម្រាក ដែល​ជា​ថ្ងៃ​មនុស្ស​ម្នា​នៅ​តំបន់​ព្រែក​កំ​ពិស​និយម​មក​ទស្សនា​កកកុញ ស្របគ្នា​ដែល​នៅ​ប៉ុស្ដិ៍​លេខ​៥​ក៏​មាន​កំណើន​អ្នក​រស់នៅ​ច្រើន​ឡើង ក្រោយ​មាន​វត្តមាន​សំណង់​បុរី​ព្រោងព្រាត​ប្រដេញ​គ្នា​។

កីឡាករ​កម្ពុជា និង​ថៃ​២​រូប គឺ​ចាន់ សំអាត និង​ជើង​ខ្លាំង​មក​ពី​ប្រទេស​ថៃ​ឈ្មោះ សឿ៑ ដាំង នឹង​ក្លាយជា​គូប្រកួត​ស៊ីសាច់ហុតឈាម​ជាមួយ​គ្នា​នៅ​ក្នុង​ថ្ងៃ​នោះ ។ លោក សេង ក​ដិ​កាអ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា នៅ​ក្នុង​ថ្ងៃ​នោះ​កីឡាករ​កម្ពុជា​ចំនួន​៤​រូប​ក៏​ត្រូវ​ប៉ះ​គ្នា​ក្នុង​លក្ខណៈ​ចាញ់​ធ្លាក់​ៗ ដើម្បី​បន្ត​ការ​ជម្រុះ​សម្រាប់​ស​ប្ដា​ហ៍​ទី​៣​ផង​ដែរ ទើប​មាន​អ្នក​ទស្សនា​ភាគច្រើន​យល់​ថា វត្តមាន​របស់​កីឡាករ​កម្ពុជា និង​ថៃ មិន​ថា​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ឬ​ការ​ប្រកួត​ជា​លក្ខណៈ​ជម្រុះ​យក​អ្នក​ខ្លាំង​ទៅ​ប្រកួត​យក​ជើងឯក ពិតជា​ធ្វើ​ឱ្យ​អ្នក​ស្នេហា​វិស័យ​ប្រដាល់​ចាប់អារម្មណ៍​។

លោក​អះអាង​ថា បើ​ទោះជា​ការ​ប្រកួត​ជ្រើស​រើស​ជើងឯក​មានការ​ចាប់អារម្មណ៍​រួច​ជា​ស្រេច ក៏​ប៉ុស្តិ៍​លេខ​៥​នៅ​តែ​បាន​បញ្ចូល​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​មួយគូ​ៗ​នៅ​ក្នុង​ការ​ប្រកួត​នោះ​ដើម្បី​ឱ្យ​រឹតតែ​ទាក់ទាញ ។ វត្តមាន​របស់​សមាសភាព​គូ​អន្តរជាតិ ក៏​ត្រូវ​បាន​សម្រាំង​យ៉ាង​ពិសេស​ផង​ដែរ ដើម្បី​ឱ្យ​អ្នក​ទស្សនា​កាន់តែ​កន្ត្រាក់​អារម្មណ៍ នៅ​ពេល​កីឡាករ​ប្រកួត​គ្នា​។

លោក សេង ក​ដិ​កា បញ្ជាក់​ថា សមាសភាព​ខាង​កម្ពុជា​សម្រាប់​ការ​ប្រកួត​ជាមួយ​ថៃ លោក​ជឿជាក់​ខ្លាំង​លើ​កីឡាករ ចាន់ សំអាត ដោយសារ​តែ​កីឡាករ​រូប​នេះ​ធ្លាប់​បាន​ឡើង​ប្រកួត​នៅ​លើ​សង្វៀន​អន្តរជាតិ​របស់​ប៉ុស្តិ៍​លេខ​៥​ច្រើន​លើក​មក​ហើយ​តែងតែ​ធ្វើ​ឱ្យ​រញ្ជួយ និង​ទាក់ទាញ​ដល់​អ្នក​ទស្សនា ។ លោក​ប្រកាស​ថា វត្តមាន​កីឡាករ​ថៃ សឿ៑ ដាំង មាន​តែ​ចាន់ សំអាត ប៉ុណ្ណោះ ដែល​លោក​ចាត់​ទុក​ថា​មានបទពិសោធន៍ និង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ប្រកួត​ជាមួយ ។

លោក​ក៏​បាន​កំណត់​ឱ្យ​កីឡាករ ចាន់ សំអាត ហ្វឹកហាត់​ជាប់លាប់​មិន​តិច​ជាង​១​ស​ប្ដា​ហ៍​មុន​ពេល​ផ្គូផ្គង​ទៀត​ផង ទើប​លោក​យល់​ថា សមាសភាព​របស់​កីឡាករ​កម្ពុជា​រូប​នេះ​គ្រប់គ្រាន់​សម្រាប់​ឱ្យ​ប៉ុស្តិ៍​លេខ​៥​ដាក់​ឱ្យ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ នៅ​ថ្ងៃ​សៅរ៍​នេះ​បាន ។ លោក​ថា កីឡាករ​កម្ពុជា និង​ថៃ​សុទ្ធតែ​ត្រូវ​បាន​អះអាង​ថា មានការ​ត្រៀមខ្លួន​ច្បាស់លាស់ ដោយសារ​តែ​ភាគី​ម្ខាង​ៗ​ចង់​ឈ្នះ​ការ​ប្រកួត​រៀងខ្លួន និង​មិន​ចង់​បាត់បង់​ក្រេ​ឌី​ត​ក្រោយ​ពេល​ប៉ះ​គ្នា ។

លោក សេង ក​ដិ​កា បន្ត​ថា ជំនួប​អន្តរជាតិ​ដែល​បាន​ធ្វើ​ឡើង​នៅ​ប៉ុស្តិ៍​លេខ​៥ មិនមែន​សុទ្ធតែ​រន្ថើន​ព្រឹត្តិការណ៍​ជើងឯក​ឱ្យ​អ្នក​ទស្សនា​កាន់តែ​មាន​អារម្មណ៍​កញ្ជ្រោល​នោះ​ទេ ប៉ុន្តែ​​សម្រាប់​ជំនួប​រវាង ចាន់ សំអាត និង​កីឡាករ​ថៃ សឿ៑ ដាំង គឺ​លោក​ជឿជាក់​ដោយ​សារ​កីឡាករ​ថៃ​លោក​ស្គាល់​ថ្វីដៃ​ច្បាស់ ហើយ កីឡាករ​កម្ពុជា​ក៏​ល្អ​ស្ថិត​ក្នុង​ទំនុកចិត្ត​លោក តាំងពី​មុន​ផ្គូផ្គង ។ បើ​ទោះជា​កីឡាករ​កម្ពុជា​ត្រូវ​ប្រឈម​នឹង​កីឡាករ​ថៃ​ជា​គូប្រកួត​ល្អ ក៏​លោក​នៅ​តែ​ប្រកាស​ថា ចាន់ សំអាត មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​តតាំង និង​មាន​សង្ឃឹម​ឈ្នះ​ច្រើន បើ​លោក​ផ្គូផ្គង​ដាក់​កីឡាករ​កម្ពុជា​ផ្សេង​ឱ្យ​ជំនួស ។

ជំនួប​រវាង​ពួក​គេ​លោក​នៅ​តែ​ថា​មិនមែន​ជា​រឿង​ចៃដន្យ និង​មិនមែន​ជា​រឿង​ធម្មតា ដោយ​សារ​មានការ​ព្រាង​ទុក​ពី​សំណាក់​រូប​លោក​ដែល​ជា​អ្នក​ផ្គូផ្គង​នៅ​ប៉ុស្តិ៍​លេខ​៥ និង​ការ​រៀបចំ​ទុក​ពី​សំណាក់​អ្នកដឹកនាំ​កីឡាករ​ថៃ​មក​តែ​ម្ដង ។ លោក​ថា មួយគូ​នេះ អ្នក​ណា​ឈ្នះ​ក្រៅពី​ទទួល​បាន​ទឹកប្រាក់​ច្រើន​ជាង ក៏​ទទួល​បាន​ទំនុកចិត្ត​ពី​អ្នកគាំទ្រ​កាន់តែ​ខ្លាំង​ផង​ដែរ ។ ផ្ទុយ​ទៅ​វិញ បើ​ចាញ់​ការ​ប្រកួត​ហើយ​ជា​កីឡាករ​កម្ពុជា​ទៀត គឺ​មិន​ត្រឹមតែ​អាម៉ាស់​ប៉ុណ្ណោះ​ទេ ក៏​នឹង​មានការ​រិះគន់​ធ្ងន់ធ្ងរ​នៅ​ក្នុង​ស្រទាប់​អ្នក​ចូល​ចិត្ត​កីឡា​ថា​ប្រកួត​លែង​កើត ឬ​ធ្លាក់ដៃ​ផង​ដែរ ។

សម្រាប់​ការ​ប្រកួត​ជម្រុះ​ជើងឯក​វគ្គ​ថ្មី​នៅ​ស​ប្ដា​ហ៍​ទី​៣​នេះ​វិញ​លោក​ថា​នឹង​មាន​វត្តមាន​សុទ្ធសឹងតែ​ជា​កីឡាករ​ល្អ​ៗ​នៅ​ក្នុង​ពិភព​ប្រដាល់​តែ​ម្ដង​ប៉ះ​គ្នា ដោយសារ​ក្នុង​ចំណោម​សមាសភាព​ថ្មី​ទាំង​៣២​រូប​គឺ​លោក​បាន​ដាក់​ចម្រុះ​កីឡាករ​ជើង​ចាស់ និង​កីឡាករ​ល្អ​ៗ​ដែល​ធានា​ថា​នឹង​ទាក់ទាញ​មិន​ចាញ់​ការ​ប្រកួត​អន្តរជាតិ​ដែល​បាន​សម្រិតសម្រាំង​ឡើយ ។

លោក សេង ក​ដិ​កា បញ្ជាក់​ថា ការ​ប្រកួត​លើក​នេះ ក៏​មិន​ខុស​ពី​រូបមន្ត​ដែល​ធ្លាប់​បាន​ធ្វើ​នោះ​ទេ គឺ​អ្នក​ឈ្នះ​បាន​ឡើង​វគ្គ​បន្ត ហើយ​អ្នក​ចាញ់​គឺ​ធ្លាក់​ហាលអាវ ។ លោក​អះអាង​ថា ការ​ប្រកួត​លើក​នេះ​គឺ​មិន​មាន​អ្នក​ឈ្នះ​ក្នុង​វគ្គ​ណាមួយ​ដោយ​គ្មាន​ការ​ប្រឹងប្រែង​នោះ​ទេ ដោយ​លោក​បញ្ជាក់​ថា អ្នក​បាន​ឡើង​អង្គុយ​កៅអី​៤​នាក់​បើក​ឆាក​ក្នុង​វគ្គ​១៦​នាក់​សម្រាប់​ស​ប្ដា​ហ៍​ទី​១ និង​ទី​២ បាន​ឡើង​ទាំង​វេទនា​នោះ​ផង ។ លោក​ថា ការ​ប្រកួត​ចាញ់​ធ្លាក់​ៗ សុទ្ធតែ​ទាមទារ​ឱ្យ​កីឡាករ​ម្នាក់​ៗ​ត្រៀមខ្លួន​ខុស​ពី​ការ​ប្រកួត​តាម​របៀប​សន្សំ​ពិន្ទុ ដោយ​សារ​តែ​អ្នក​មិន​ខំប្រឹង​ប្រែង គឺ​ដឹង​តែ​ធ្លាក់​ហើយ​បាត់​ឱកាស ដែល​តម្រូវ​ឱ្យ​អ្នក​មានមុខ​ឡើង​ប្រកួត​ត្រូវ​តែ​ប្រកួត​ប្ដូរ មិន​ខ្វល់​ពី​គ្រោះថ្នាក់ និង​លាក់​ថ្វីដៃ ពោល​គឺ​ធ្វើ​យ៉ាងម៉េច​ឱ្យ​តែ​ឈ្នះ​។

ទន្ទឹម​នឹង​ការ​ប្រកួត​នៅ​ប៉ុស្តិ៍​លេខ​៥ នៅ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ក៏​មានការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ផង​ដែរ ទាំង​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ មិន​ខុស​ពី​ស​ប្ដា​ហ៍​កន្លង​ទៅ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ