ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​ពិជ័យ​សេនា​ទៀ បា.ញ់ កំណត់​ឱ្យ​គណៈកម្មការ​រៀបចំ​ស៊ី​ហ្គេ​ម​ឆ្នាំ​2023​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ សម្ដេច​ពិជ័យ​សេនា​ទៀ បាញ់ បាន​ផ្ដល់​អនុសាសន៍​ចំនួន​៨​ចំណុច​ក្នុង​នោះ​បាន​កំណត់​ឲ្យ​គណៈកម្មការ​រៀបចំ​ស៊ី​ហ្គេ​ម​ត្រូវ​បើក​កិច្ចប្រជុំ​ជា​រៀង​រាល់​៣​ខែ​ម្ដង​ដើម្បី​ជជែក​ពិភាក្សា​អំពី​ការ​ត្រៀមខ្លួន​ឲ្យ​បាន​ទៀត​ទាត់​។ សម្តេច​ពិជ័យ​សេនា ទៀ…

រាជធានី​ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ សម្ដេច​ពិជ័យ​សេនា​ទៀ បាញ់ បាន​ផ្ដល់​អនុសាសន៍​ចំនួន​៨​ចំណុច​ក្នុង​នោះ​បាន​កំណត់​ឲ្យ​គណៈកម្មការ​រៀបចំ​ស៊ី​ហ្គេ​ម​ត្រូវ​បើក​កិច្ចប្រជុំ​ជា​រៀង​រាល់​៣​ខែ​ម្ដង​ដើម្បី​ជជែក​ពិភាក្សា​អំពី​ការ​ត្រៀមខ្លួន​ឲ្យ​បាន​ទៀត​ទាត់​។

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ផ្ដល់​អនុសាសន៍​និង​កំណត់​បែប​នេះ​ក្នុង​ឱកាស​អញ្ជើញ​​ចូលរួម​ជា​អធិបតី​ក្នុង​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី​៦​ឆ្នាំ​២០១៤-២០១៨ ឈាន​​ចូល​អាណត្តិ​ថ្មី​ឆ្នាំ​២០១៨-២០២២​របស់​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​(NOCC)​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ កាលពី​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០១៨ ម្សិលមិញ​នេះ​។

អនុសាសន៍​ទាំង​៨​ចំណុច​ដែល​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ដាក់​ឱ្យ​គណៈកម្មការ​រៀបចំ​ស៊ី​ហ្គេ​ម​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​រួម​មាន​៖

ទី​១-​ថ្នាក់ដឹកនាំ​មន្ដ្រី​ជំនាញ​ក្នុង​គណៈក​ម្មា​ធិ​ការ​ជាតិ​ស៊ី​ហ្គេ​ម​ទាំងអស់ ត្រូវ​ចូលរួម​ប្រជុំ​លើក​ដំបូង និង​ចូលរួម​ប្រជុំ​៣​ខែ​ម្ដង​ជា​ទៀងទាត់​។

ទី​២-​អគ្គលេខាធិការ និង​លេខាធិការដ្ឋាន ត្រូវ​ចាប់ផ្ដើម​រៀបចំ​ទីតាំង និង​ដំណើរការ​យន្ដការ​រដ្ឋបាល​។

ទី​៣-​គណៈកម្មការ​ជំនាញ​ទាំងអស់​ត្រូវ​ចាប់ផ្ដើម​រៀបចំ​របៀបរបប​ការងារ និង​ផែន
ការ​ជំនាញ​របស់​ខ្លួន​ជា​បណ្ដើរ​ៗ​។

ទី​៤-​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រៀមលក្ខណៈ​រៀបចំ​កញ្ចប់​ថវិកា ពិសេស​របស់​រាជរដ្ឋាភិបាល តាម​សូចនាករ​នីមួយ​ៗ ដែល​មាន​ចែង​ក្នុង​ផែនការមេ និង​ផែនការ​សកម្មភាព​ដូច​ជា​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា ឧបករណ៍​សម្ភារ​កីឡា និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ជំនាញ​។

ទី​៥-​ក្រសួង​អប់រំ យុវជន និង​កីឡា សូមបង្កើត​ក្រុមការងារ​ចំពោះ​កិច្ច​មួយ ត្រៀម​លក្ខណៈ​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​ស៊ី​ហ្គេ​ម ដើម្បី​រួម​គ្នា​ពិនិត្យ​តាមដាន​វាយតម្លៃ វឌ្ឍនភាព និង​ការងារ​ក្នុង​ប្រសិទ្ធភាព​កីឡា និង​គុណ​ផល​កីឡា ។ ពិសេស​បំពេញ​ការ​ខ្វះខាត​បន្ថែម​ដល់​អត្ដ​ព​លិ​ក​ជាតិ និង​សហព័ន្ធ​កីឡា​ជាតិ​។

ទី​៦-​សូម​កម្លាំងប្រដាប់អាវុធ ទាំង​កង​យោធពលខេមរភូមិន្ទ និង​នគរបាល​ជាតិ ត្រូវ​ពង្រឹង និង​កែទម្រង់​ឡើង​វិញ​នូវ​ការ​ដឹកនាំ​គ្រប់គ្រង​វិស័យ​កីឡា ក្នុង​ស្ថាប័ន អង្គភាព​របស់​ខ្លួន ដោយ​សហការ​ជាមួយ​ក្រសួង​អប់រំ ពិសេស NOCC និង​គ្រប់​សហព័ន្ធ​កីឡា​ជាតិ ដើម្បី​ពង្រីក​បន្ថែម​ការ​ហ្វឹកហាត់​ជំនាញ​កីឡា​កម្រិត​ខ្ពស់ ដើម្បី​បង្កើន​គុណ​ផល​កីឡា​កម្រិត​ខ្ពស់​ចូលរួម​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ។

ទី​៧-​សូម​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រៀម​ជួយ​សហការ និង​ផ្ដល់​ភាព​ងាយស្រួល​ដល់​គណៈកម្មាធិការ​ជាតិ​ស៊ី​ហ្គេ​ម​ក្នុង​ករណី​ចាំបាច់ ដើម្បី​បំពេញ​ប្រសិទ្ធភាព​ការងារ​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ និង

ទី​៨-​សូម​អំពាវនាវ​ដល់​លោក​ឧកញ៉ា ក្រុម​ហ៊ុន​ឯកជន​ចូលរួម​គាំទ្រ​សកម្មភាព​ក្នុង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​។

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បន្ដ​ថា គណៈកម្មការ​រៀបចំ​ស៊ី​ហ្គេ​ម​ត្រូវ​អនុវត្ត​តាម​តួនាទី ភារកិច្ច​រៀង​ៗ​ខ្លួន ពិសេស អគ្គលេខាធិការ​ត្រូវ​យកចិត្តទុកដាក់​រៀបចំ​របៀបរបប​ការងារ និង​ដាក់​ឲ្យ​ដំណើរការ​អង្គ​រដ្ឋបាល​ក្នុង​លេខាធិការដ្ឋាន​ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​ជំរុញ​ឲ្យ​ប្រព័ន្ធ​ការងារ​រៀបចំ​ផ្សេង​ៗ​ខណៈ​ទំហំ​ការងារ​ច្រើន និង​ស្មុគស្មាញ​ដែល​ទាមទារ​ឲ្យ​ជំនាញ​​នីមួយ​ៗ​ត្រូវ​រួសរាន់​រៀបចំ​ខ្លួន​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​ធ្វើ​ឲ្យ​ស៊ី​ហ្គេ​ម​ឆ្នាំ ២០២៣​ទទួល​បាន​ជោគជ័យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ