ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​បរិបទ​សេដ្ឋកិច្ច​បច្ចុប្បន្ន ការ​ធ្វើ​ទំនើប​កម្ម​កសិកម្ម​ជា​តម្រូវការ​ចាំបាច់​បំផុត

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ថិត​ក្នុង​បរិបទ​សេដ្ឋកិច្ច​បច្ចុប្បន្ន ការ​ធ្វើ​ទំនើប​កម្ម​លើ​វិស័យ​កសិកម្ម គឺជា​រឿង​ចាំបាច់​បំផុត​ដើម្បី​ជួយ​សម្រួល​ដល់​ការ​លំបាក​នានា​របស់​កសិករ ។ ថ្លែង​ក្នុង​ពិធី​បិទ​វេទិកា​ស្រូវ​អង្ករ​លើក​ទី​៦ កាល​ថ្មី​ៗ​នេះ លោក វេ​ង…

រាជធានី​ភ្នំពេញ ៖ ស្ថិត​ក្នុង​បរិបទ​សេដ្ឋកិច្ច​បច្ចុប្បន្ន ការ​ធ្វើ​ទំនើប​កម្ម​លើ​វិស័យ​កសិកម្ម គឺជា​រឿង​ចាំបាច់​បំផុត​ដើម្បី​ជួយ​សម្រួល​ដល់​ការ​លំបាក​នានា​របស់​កសិករ ។

ថ្លែង​ក្នុង​ពិធី​បិទ​វេទិកា​ស្រូវ​អង្ករ​លើក​ទី​៦ កាល​ថ្មី​ៗ​នេះ លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​ទំនើប​កម្ម​កសិកម្ម គឺ​ដើម្បី​ឆ្លើយ​តប​នឹង​សេចក្តី​ត្រូវការ​ជាក់ស្តែង​របស់​ប្រជាជន ព្រោះ​ប្រជាជន​សព្វថ្ងៃ​អត់​ចង់​កាន់​ចប​ទៅ​កាប់​ដី ទៅ​បាច​ឬ​រែក​ទឹក​ដាក់​ស្រែ​ចម្ការ និង​ធ្វើ​កិច្ចការ​ធ្ងន់​ៗ​នោះ​ទេ ។ ដូច្នេះ ការ​ធ្វើ​ទំនើប​កម្ម​កសិកម្ម​នេះ ជា​ភាព​ចាំបាច់​ក្នុង​ដំណាក់កាល​ថ្មី​នៃ​បរិបទ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ។

ដើម្បី​ធ្វើ​ទំនើប​កម្មនេះ​បាន លោក​រដ្ឋមន្ត្រី​ថ្លែង​ថា កម្ពុជា​អាច​ធ្វើ​បាន​តាម​ជម្រើស​៣​ប្រភេទ​ផ្សេង​គ្នា​គឺ ទី​មួយ លទ្ធភាព ឯករាជ្យ​ម្ចាស់​ការ​ដែល​អាច​ធ្វើ​បាន​គឺ​ក្រុមហ៊ុន​ដែល​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច ពី​ប្រមុខ​រាជរដ្ឋាភិបាល​។ ធ្វើការ​រៀបចំ​ប្រព័ន្ធ​ហេដ្ឋារចនា​សម្ព័ន្ធ​ដោយ​ខ្លួនឯង ទាំង​ការ​ចាត់ចែង​ទឹក ទាំង​កា​រៀបចំ​ដី និង​ការ​រៀបចំ​ការ​ដាំ​ដុះ ការ​កែ​ច្នៃ ការ​វេច​ខ្ចប់​សម្រាប់​នាំ​ចេញ មាន​ន័យ​ថា ចាប់ផ្តើម​ធ្វើ​ទំនើប​កម្ម​ដោយ​ខ្លួនឯង​បាន ។ ទី​ពី បញ្ចូល​គ្រឿងយន្ត​កសិកម្ម ទាំង​ការ​ភ្ជូ​រ​រាស់ ពង្រាបដី ការ​ដាំ​ដុះ រួម​ទាំង​ការ​ប្រមូល​ផល​ផ្សេង​ៗ និង​ទី​៣ ជា​ជម្រើស​មួយ​ដែល​ត្រូវ​ធ្វើការ​រួម​គ្នា រវាង​រដ្ឋ វិស័យ​ឯកជន និង​សហគមន៍​កសិកម្ម ព្រោះ​គាត់​នៅ​មាន​ក្តី​សង្ឃឹម​ត្រង់​ថា​គាត់​នឹង​អាច​ធ្វើ​បាន ចូលរួម​ចំណែក​បាន ។ ចំណុច​នេះ​ត្រូវការ​ធ្វើ​រួម​គ្នា​ដោះស្រាយ​រួម​គ្នា ដែល​កសិករ​ត្រូវ​យ៉ាងម៉េច​ដើម្បី​បាន​ចំណូល ហើយ​ជជែក​គ្នា ដើម្បី​ឆ្ពោះទៅ​ការ​ធ្វើ​ទំនើប​កម្ម​កសិកម្ម ។

លោក​រដ្ឋមន្ត្រី​ថ្លែង​ថា ៖« ខ្ញុំ​សង្កេត​ឃើញ​ប្រទេស​មួយ​ចំនួន គេ​កំពុង​ដំណើរការ​ល្អ​ប្រសើរ​​ចំពោះ​បញ្ហា​នេះ [​ទំនើប​កម្ម​កសិកម្ម​] ដោយ​សហគមន៍​កសិកម្ម ស្រុះស្រួល​ជាមួយ​វិស័យ​ឯកជន ។ គេ​រៀបចំ​ប្លង់​កម្មសិទ្ធិ​ដីធ្លី ទុក​ឱ្យ​ទាំងអស់​មិន​ឱ្យ​បាត់ដី​សូ​ម្បី​តែ​១​មី​ល្លី​ម៉ែត្រ ។ គេ​បញ្ចូល​បច្ចេកវិទ្យា គ្រឿងយន្ត​កសិកម្ម ហើយ​កសិករ​ទាំងអស់​ចូលរួម​ចំណែក​កែ​ច្នៃ​នូវ​ផលិតផល​បាន​ប្រាក់​បៀរ​វត្ស​បន្ថែម​នៅ​ក្នុង​សហគមន៍​កសិកម្ម​នេះ »​។

ទាក់ទង​នឹង​ការ​លើក​ឡើង​នេះ លោក តាំង សុខ​ឃី កសិក​ជំនាញ​ខាង​កសិកម្ម បាន​និយាយ​ថា ៖« ចំពោះ​ការ​ធ្វើ​ទំនើប​កម្ម​កសិកម្ម​នេះ ខ្ញុំ​គិត​ថា​ទៅ​រួច ព្រោះ​យើង​មានការ​ប្រែប្រួល គ្រាន់តែ​ឆ្លងកាត់​វេទិកា​ស្រូវ​អង្ករ​លើក​ទី​៦​នេះ មាន​អ្នក​ចាប់អារម្មណ៍​កាន់តែ​កើនឡើង អីចឹង​យើង​សង្ឃឹមថានឹង​ជោគជ័យ »​។

លោក​បន្ត​ថា ៖« កសិករ​ធ្វើស្រែ​មាន​ផ្ទៃដី​តូច​ៗ បើជា​គំនិត​ខ្ញុំ ចង់ឱ្យ​បង្កើត​ជា​សហគមន៍​ឡើង ព្រោះ​ការ​ធ្វើ​ទំនើប​កម្ម ទាល់តែ​តំបន់​មួយ ពូជ​មួយ តំបន់​មួយ​សង្វា​ក់​ផលិតកម្ម​មួយ ទើប​រឹង​មាំ ហើយ​បើ​គាត់​ចងក្រង​ជា​សហគមន៍​ការ​ចំណាយ​នឹង​កាត់​បន្ថយ »​។

លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​លើក​ឡើង​ថា ផ្លូវ​ដែល​ធ្វើ​ទំនើប​កម្ម​កម្ម​កសិកម្ម ទាំង​៣​ខាងលើ​សម្រាប់​ជម្រើស​ទី​១ និង​ទី​២​នេះ​ភាគច្រើន​គឺ​ពឹងពាក់​ទៅ​លើ​ការ​ទទួល​បាន​នូវ​ប្រព័ន្ធ​ស្រោចស្រព​ពី​រាជរដ្ឋាភិបាល ហើយ​ផ្ទៃក្នុង​ស្រោចស្រព ចាត់ចែង ដោយ​ក្រុមហ៊ុន​សុទ្ធ​សាទ រួម​នឹង​សហគមន៍​កសិកម្ម​ដែល​អាច​ធ្វើ​ទៅ​បាន ។ វា​គឺជា​ជំហាន​ថ្មី​ដែល​ជួយ​បន្ធូរបន្ថយ​នូវ​សម្ពាធ​នៃ​ការ​គ្រប់គ្រង​ថវិកាជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ