ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​មាន​បំណង​មក​វិនិយោគ​លើ​គម្រោង​ផលិត​ថាមពល​អគ្គិសនី​ពី​សំរាម​នៅ​កម្ពុជា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ប្រធាន​ក្រុមហ៊ុន Zhongde Waste Technology (ZDWT) ប្រទេស​ចិន មាន​បំណង​វិនិយោគ​ថាមពល​អគ្គិសនី​ចេញពី​សំរាម​នៅ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ប្រធាន​ក្រុមហ៊ុន Zhongde Waste Technology (ZDWT) ប្រទេស​ចិន មាន​បំណង​វិនិយោគ​ថាមពល​អគ្គិសនី​ចេញពី​សំរាម​នៅ​កម្ពុជា និង​ជួយ​បើក​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​នៅ​ទីក្រុង​ប៉េ​កាំ​ង ។

លោក Chen Zefeng ប្រធាន​ក្រុមហ៊ុន​នេះ​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​លោក​បាន​វិនិយោគ និង​មានបទពិសោធន៍​លើ​ការ​ផលិត​អគ្គិសនី​ចេញពី​ការ​ដុត​សំរាម​មាន​រយៈពេល​ជាង​២០​ឆ្នាំ​មក​ហើយ​។ បច្ចុប្បន្ន ក្រុមហ៊ុន​បាន​ពង្រីក​រោងចក្រ​ផលិត​អគ្គិសនី​ចេញពី​ការ​ដុត​សំរាម មាន​ទាំង​ខ្នាត​តូច និង​ធំ​នៅ​តាម​ខេត្ត​ជា​ច្រើន​ក្នុង​ប្រទេស​ចិន ព្រមទាំង​មាន​ដៃគូ​សហ​ការ​ជាមួយ​ប្រទេស​ជា​ច្រើន​ដូច​ជា ប្រទេស​ជប៉ុន ឥណ្ឌា អា​មេ​រិ​ក និង​អា​ល្លឺ​ម៉​ង់ ជាដើម ។

លោក​បន្ត​ថា ៖« ក្រុមហ៊ុន​មាន​បំណង​មក​វិនិយោគ​គម្រោង​ផលិត​ថាមពល​អគ្គិសនី​ចេញពី​ការ​ដុត​សំរាម​នេះ​នៅ​ប្រទេស​កម្ពុជា ហើយ​ក៏​ស្នើ​សុំ​បើក​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​នៅ​ទីក្រុង​ប៉េ​កាំ​ង ដោយ​សន្យា​ផ្តល់​នូវ​ទីតាំង​សម្រាប់​ការ​បង្កើត​មជ្ឈមណ្ឌល​នេះ » ។

លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម ប៉ាន សូរ​ស័ក្តិ បាន​សម្តែង​នូវ​ការ​កោតសរសើរ​ជា​ខ្លាំង​ចំពោះ​បច្ចេកវិទ្យា​ដ៏​ទំនើប​នេះ ដោយ​វា​មិន​ត្រឹមតែ​ជា​មធ្យោបាយ​ដ៏​ល្អ​ក្នុង​ការ​សម្អាត​សំរាម​និង​បរិស្ថាន​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ជួយ​រួមចំណែក​ផ្គត់ផ្គង់​បន្ថែម​នូវ​ថាមពល​អគ្គិសនី​ផង​ដែរ ។

លោក​រដ្ឋមន្ត្រី​បាន​សន្យា​ថា នឹង​ជួយ​សម្របសម្រួល​ជូន​លោក​ប្រធាន​ក្រុមហ៊ុន​ទៅ​ពិភាក្សា និង​សិក្សា​គម្រោង​នេះ ព្រមទាំង​ធ្វើការ​លម្អិត​ជាមួយ​ក្រសួងបរិស្ថាន​កម្ពុជា ។ ចំណែក​ការ​ស្នើ​សុំ​ការ​បើក​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​នៅ​ទីក្រុង​ប៉េ​កាំ​ង លោក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ការ​បើក​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា ពិតជា​ការ​រួមចំណែក​មួយ​យ៉ាង​ខ្លាំង​ក្នុង​ការ​ផ្សព្វផ្សាយ​គោលនយោបាយ​វិនិយោគ ព័ត៌មាន ទេសចរណ៍ និង​វប្បធម៌ ព្រមទាំង​ព័ត៌មាន​ទាក់ទង​ទៅ​នឹង​វិស័យ​ផ្សេង​ៗ​ទៀត​ជូន​ប្រជាជន​ចិន និង​វិនិយោគិន​ចិន​ដែល​មាន​បំណង​ទៅ​ទេសចរណ៍ ឬ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា បច្ចុប្បន្ន កម្ពុជា​បាន​បើក​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​ទីក្រុង​ស៊ី​អាន និង​ទីក្រុង​ក្វា​ង​ចូ​វ ហើយនឹង​បន្ត​បើក​នៅ​តាម​បណ្តា​ខេត្ត និង​ក្រុង​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ប្រទេស​ចិន ។ ចំពោះ​ការ​សុំ​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​ទីក្រុង​ប៉េ​កាំ​ង លោក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា នឹង​ចាត់​មន្ត្រី​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​មក​ធ្វើការ​សិក្សា​សិន មុន​នឹង​សម្រេច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ