ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ផលិត​បន្លែ​ផ្លែ​ឈើ​របស់​កម្ពុជា ​ទើបតែ​បាន​50% និង​នាំ​ចូល​50%

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​អះអាង​ថា ទីផ្សារ​ដំណាំ​កសិកម្ម​របស់​កសិករ​មាន​ច្រើន​ណាស់​សម្រាប់​លក់​នៅ​ក្នុងស្រុក ជា​ជាង​ការ​នាំ​ចេញ​ទៅ​លក់​នៅ​ក្រៅប្រទេស ។ ទោះបី​យ៉ាងណា…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​អះអាង​ថា ទីផ្សារ​ដំណាំ​កសិកម្ម​របស់​កសិករ​មាន​ច្រើន​ណាស់​សម្រាប់​លក់​នៅ​ក្នុងស្រុក ជា​ជាង​ការ​នាំ​ចេញ​ទៅ​លក់​នៅ​ក្រៅប្រទេស ។ ទោះបី​យ៉ាងណា ការ​ផលិត​បន្លែ​ផ្លែ​ឈើ​នៅ​ក្នុងស្រុក​ពុំ​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​តាម​តម្រូវការ​នៅឡើយ និង​ត្រូវ​ពឹងផ្អែក​លើ​ការ​នាំ​ចូល​ពី​បរទេស ។

ថ្លែង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ពី​គម្រោង​សា​វប្បកម្ម​កម្ពុជា​ដើម្បី​បង្កើន​ប្រាក់​ចំណូល និង​អាហារូបត្ថម្ភ ជំហាន​ទី​២ នា​ព្រឹក​ថ្ងៃ​ទី​១ កុម្ភៈ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ទី សុគន្ធ បាន​ឲ្យ​ដឹង​ថា ការ​ផលិត​បន្លែ​ផ្លែ​ឈើ​របស់​កសិករ ទើបតែ​បាន​ចំនួន​៥០%​ប៉ុណ្ណោះ ហើយ​នាំ​ចូល​ពី​ប្រទេស​ក្រៅ​៥០% ។ ក្នុង​ករណី​នេះ ប្រជា​កសិករ​គួរ​ខិតខំ​ផលិត​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត​សម្រាប់​លក់​នៅ​ទីផ្សារ​ក្នុងស្រុក ព្រោះថា ទីផ្សារ​ក្នុងស្រុក​មាន​ភាព​ងាយស្រួល​ជាង ដោយ​មិន​ចាំបាច់​ដឹក​ជញ្ជូន​ច្រើន ។

លោក​ថ្លែង​ថា ៖« ខ្ញុំ​រីករាយ​នឹង​ធ្វើ​អត្តសញ្ញាណ​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​សក្តានុពល​ខ្ពស់​សម្រាប់​បន្លែ​ផ្លែ​ឈើ​ដែល​ផលិត​ដោយ​កសិករ​យើង​សម្រាប់​ទីផ្សារ​នៅ​ក្នុងស្រុក មាន​ន័យ​ថា យើង​មិន​ចាំបាច់​នាំ​ទៅ​ទីផ្សារ​ខាងក្រៅ​ទេ យើង​មាន​ទីផ្សារ​ក្នុងស្រុក​ច្រើន​ណាស់ » ។

លោក​រដ្ឋលេខាធិការ​ក៏​បាន​អះអាង​ថា ការ​ដាំ​ដុះ​បន្លែ​ត្រូវ​បាន​គេ​រក​ឃើញ​ថា បាន​ទទួល ផល​ចំណេញ​ច្រើន​ជាង​ផល​ស្រូវ​ពី​៧​ទៅ​៨​ដង ដែល​ការ​ធ្វើ​ស្រូវ​ក្នុង​១​ហិ​កតា​បាន​ប្រមាណ​១​ពាន់​ដុល្លារ ចំណែក​ការ​ធ្វើ​បន្លែ ក្នុង​១​ហិ​កតា​បាន​ប្រមាណ​៧​ពាន់​ទៅ​៨​ពាន់​ដុល្លារ ។

ជាមួយ​គ្នា​នេះ លោក ទី សុគន្ធ ក៏​បាន​លើក​ឡើង​ពី​ផែនការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ផលិត​ស្បៀង​សម្រាប់​វិស័យ​កសិកម្ម ដែល​ត្រូវ​អនុវត្ត​ដោយ​អគ្គនាយកដ្ឋាន​កសិកម្ម និង​ចំណាយ​ថវិកា​ជាង​២០​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​រយៈពេល​៣​ឆ្នាំ គឺ​ឆ្នាំ​២០១៦, ២០១៧ និង​២០១៨ ។

លោកស្រី Carin Salerno នាយក​ទីភ្នាក់ងារ​សហប្រតិបត្តិការ និង​ជា​មន្ត្រី​ប្រឹក្សា​អភិ​វឌ្ឍន៍​នៃ​ទីភ្នាក់ងារ​ស្វ៊ី​ស​សម្រាប់​អភិវឌ្ឍន៍ និង​សហប្រតិបត្តិការ​(SDC) ស្ថានទូត​ស្វ៊ី​ស​បាន​លើក​ឡើង​ថា គោលដៅ​អភិវឌ្ឍន៍ និង​កិច្ច​សហប្រតិបត្តិការ​រួម​របស់​ប្រទេស​ស្វ៊ី​ស គឺ​រួមចំណែក​ដល់​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ប្រកបដោយ​សម​ធម៌ និង​ចីរភាព និង​ដើម្បី​ជំរុញ​អភិបាលកិច្ច​តាម​បែប​ប្រជាធិបតេយ្យ ។ គោលដៅ​នេះ​ពង្រឹង​រដ្ឋាភិបាល​នៃ​ប្រទេស​CLMV និង​តួអង្គ​មិនមែន​រដ្ឋាភិបាល​ក្នុង​បំណង​ក្លាយជា​ដៃគូ​ស្មើភាព​គ្នា និង​ជា​ដៃគូ​មាន​សមត្ថភាព​នៅ​ក្នុង​សហគមន៍​អាស៊ាន ។

លោកស្រី​បញ្ជាក់​ថា ៖« ស្រប​ទៅ​នឹង​យុទ្ធសាស្ត្រ​តំបន់​មេគង្គ​របស់​SDC​ឆ្នាំ​២០១៨ ដល់​២០២១ យើង​កំពុង​ធ្វើ​អន្តរាគមន៍​ក្នុង​វិស័យ​សំខាន់​ៗ​ចំនួន​៣ រួម​មាន ៖ ទី​១-​អភិបាលកិច្ច​មូលដ្ឋាន និង​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ ។ ទី​២-​កសិកម្ម និង​សន្តិសុខ​ស្បៀង (AFS) និង​ទី​៣-​ការងារ​និង​ការ​អប់រំ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ » ។

លោកស្រី​បន្ថែម​ថា នៅ​ក្នុង​វិស័យ​កសិកម្ម និង​សន្តិសុខ​ស្បៀង SDC កំពុងធ្វើការ​ស្រប​ទៅ​នឹង​អាទិភាព​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​កំណត់​នៅ​ក្នុង​ផែន​ការ​អភិវឌ្ឍន៍​យុទ្ធសាស្ត្រ​វិស័យ​កសិកម្ម (ASSDP ២០១៤-២០១៨) ក្នុង​គោលដៅ​សម្រេច​ឲ្យ​បាន​នូវ​អត្រាកំណើន​ប្រចាំឆ្នាំ​៥% តាម​រយៈ​ការ​បង្កើន​ផលិតភាព ពិពិធ​កម្ម និង​ការ​ធ្វើ​ពាណិជ្ជកម្ម ទន្ទឹម​នឹង​ការ​ប្រើប្រាស់​ធនធានធម្មជាតិ​ឲ្យ​មាន​ប្រសិទ្ធភាព និង​និរន្តរភាព ។

ជាមួយ​គ្នា​នោះ​ដែរ លោកស្រី​ក៏​បាន​លើក​ឡើង​ថា ទោះជា​កម្ពុជា​មាន​វឌ្ឍនភាព​ផ្នែក​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស​គួរ​ឲ្យ​ចាប់អារម្មណ៍​ក្តី ក៏​កសិកម្ម​នៅ​តែ​ជា​វិស័យសេដ្ឋកិច្ច​មួយ​ដ៏​សំខាន់​ដែល​ផ្តល់​ផ​.​ស​.​ស​ប្រហែល​២៧%​ក្នុង​ឆ្នាំ​២០១៧ និង​ផ្តល់​ការងារ​ចំនួន​៥៣%​នៃ​កម្លាំង​ពលកម្ម​នៅ​ជនបទ ។ ស្ត្រី​ជាង​៦០%​បាន​ចូលរួម​ក្នុង​វិស័យ​កសិកម្ម ។ ៩០%​នៃ​ប្រជាជន​ក្រីក្រ (២,៥​លាន​នាក់​) រស់នៅ​តាម​តំបន់​ជនបទ ហើយ​ភាគច្រើន​ជា​កសិករ​ខ្នាត​តូច ។ ប្រមាណ​ជា​១៩%​ជា​ជន​ងាយ​រង​គ្រោះ​ធ្លាក់​ទៅ​កាន់​ភាព​ក្រីក្រ​វិញ ដោយសារ​វិបត្តិ​សេដ្ឋកិច្ច និង​សង្គម​ពី​ខាងក្រៅ រួម​មាន គ្រោះ​មហន្តរាយ​ធម្មជាតិ និង​ការ​ខ្វះ​ប្រភព​ទឹក​បណ្តាល​មក​ពី​ការ​ប្រែប្រួល​អាកាសធាតុ ។

លោកស្រី​ក៏​គូសបញ្ជាក់​ថា ៖« ការ​កើនឡើង​នូវ​តម្រូវការ​ទីផ្សារ​បន្លែ និង​ផ្លែ​ឈើ គឺជា​ឱកាស​ដ៏​ធំ​មួយ​សម្រាប់​កសិករ និង​អ្នក​កែ​ច្នៃ​ខ្នាត​តូច​ជា​ពិសេស ស្ត្រី​ក្នុង​ការ​បង្កើន​ប្រាក់​ចំណូល និង​សន្តិសុខ​ស្បៀង ។ ទន្ទឹម​នឹង​នេះ តម្រូវការ​បន្លែ និង​ផ្លែ​ឈើ​កំពុង​កើនឡើង ប៉ុន្តែ​ថ្មី​ៗ​នេះ ភាគច្រើន​ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​ថៃ និង​វៀតណាម​នៅឡើយ » ។

លោកស្រី​បន្ថែម​ថា គម្រោង CHAIN ដំណាក់កាល​ទី​២ នឹង​បន្ត​កសាង​លើ​សក្តានុពល​ទីផ្សារ​ដែល​បង្កើត​ឡើង​ដោយ​កំណើនសេដ្ឋកិច្ច​ឆាប់រហ័ស ទោះជា​ស្ថិត​នៅ​តំបន់​ដាច់​ស្រយាល​និង​សហគមន៍​កសិករ​ក្តី ។ គម្រោង​នេះ​ចាប់ផ្តើម​ពី​តម្រូវការ និង​អាទិភាព​របស់​កសិករ​ស្ត្រី ហើយ​ភ្ជាប់​ពួក​គេ​ជាមួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់ និង​ពាណិជ្ជករ​នៅ​តាម​ខ្សែ​សង្វា​ក់​តម្លៃ ទន្ទឹម​នឹង​ការ​លើកកម្ពស់​វិស័យ​ផ្លែ​ឈើ និង​បន្លែ​ដែល​មាន​និរន្តរភាព សុវត្ថិ​ភាព និង​ទីផ្សារ​សម្រាប់​ពេល​អនាគត ។

លោកស្រី​បញ្ជាក់​ថា ៖« ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា ជាមួយនឹង​លទ្ធផល និង​មេរៀន​ល្អ​ៗ​ដែល​បាន​រៀនសូត្រ ព្រមទាំង​សហប្រតិបត្តិការ និង​កិច្ច​សហប្រតិបត្តិការ​ដែល​ត្រូវ​បាន​បង្កើត​ឡើង យ៉ាង​ល្អ​រវាង​វិស័យ​សាធារណៈ វិស័យ​ឯកជន និង​កសិករ​ក្នុងស្រុក​ក្នុង​អំឡុងពេល​ដំណាក់កាល​ទី​១ យើង​មាន​គ្រឹះ​ដ៏​រឹង​មាំ​ដែល​យើង​ទាំងអស់​គ្នា​អាច​ធ្វើ​ជា​មូលដ្ឋាន​សម្រាប់​អនុវត្ត​ក្នុង​ដំណាក់កាល​ទី​២ ។ ខ្ញុំ​ជឿជាក់​ថា CHAIN ដំណាក់កាល​ទី​២ នឹង​ផ្តល់​លទ្ធផល​ដ៏​ល្អជា​ថ្មី​ម្តងទៀត​ដើម្បី​សម្រេច​គោលដៅ​របស់​យើង​ក្នុង​ការ​គាំទ្រ​ដល់​គ្រួសារ​កសិករ​ខ្នាត​តូច និង​ប្រជាជន​ដែល​ពឹងផ្អែក​លើ​ធនធានធម្មជាតិ​ដើម្បី​បង្កើន​ប្រាក់​ចំណូល និង​សន្តិសុខ​ស្បៀង​របស់​ខ្លួន » ។

គួរ​បញ្ជាក់​ថា គម្រោង​សា​វប្បកម្ម​កម្ពុជា​ដើម្បី​បង្កើន​ប្រាក់​ចំណូល និង​អាហារូបត្ថម្ភ ជំហាន​​ទី​២ បាន​ដាក់​ដំណើរការ​នៅ​ខេត្ត​ដាច់​ស្រយាល​ដូច​ជា ខេត្តព្រះវិហារ ស្ទឹង​ត្រែង ក្រចេះ និង​ឧត្តរមានជ័យ ដែល​មាន​រយៈពេល​៣​ឆ្នាំ ចាប់ពី​ខែធ្នូ ឆ្នាំ​២០១៧ ដល់​ខែធ្នូ ឆ្នាំ​២០១៩ គឺ​មាន​ថវិកា​សរុប​ចំនួន​៤,៥​លាន​ដុល្លារ​អា​មេ​រិ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ