រាជធានីភ្នំពេញ ៖ គណៈរដ្ឋមន្ត្រីបានបើកិច្ចប្រជុំពិភាក្សាលើសេចក្តីស្នើវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន៥មាត្រា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ គណៈរដ្ឋមន្ត្រីកំពុងចាប់ផ្តើមពិភាក្សាលើរបៀបវារៈលើសេចក្តីព្រាងច្បាប់ស្តីពីច្បាប់ធម្មនុញ្ញ «ស្តីពីវិសោធនកម្មមាត្រា៣៤ថ្មី មាត្រា៤២ មាត្រា៤៩ មាត្រា៥៣ និងមាត្រា១១៨ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា» ។
ព្រះរាជាណាចក្រកម្ពុជាគឺជាប្រទេសដែលធ្លាប់មានអារ្យធម៌ដ៏ឧត្តុង្គឧត្តម មានឥស្សរភាព និងកិត្យានុភាពខ្ពស់ខ្ពង់។ នេះបើតាមលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានឲ្យដឹងនៅថៃ្ងនេះ ។ លោកបានសរសេរលើបណ្តាញសង្គមថា ប្រវិត្តសាស្ត្រនាទសវត្សឆ្នាំ៧០ បានបង្ហាញប្រាប់ប្រជាជនសខ្មែរគ្រប់រូបឲ្យបានយល់ដឹង និងចងចាំឥតមានថ្ងៃភ្លេចថា នយោបាយវាតទីនិយមរបស់បរទេស និងការជ្រៀតជ្រែកពីខាងក្រៅ បានធ្វើឲ្យប្រជាជាតិមួយនេះស្គាល់នូវការបែកបាក់ និងបានធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្គ្រាមអស់ជាងពីរទសវត្ស ធ្វើឲ្យប្រជាជនខ្មែររាប់លាននាក់បានស្លាប់បាត់បង់ជីវិត និងបង្កឲ្យប្រទេសជាតិរងនូវសោកវិនាសអន្តរាយគួរឲ្យសោកស្តាយជាទីបំផុត ។
លោកបន្តថា កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយ នៃជម្លោះកម្ពុជា នាទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ បានបង្កលក្ខណៈឲ្យមានការរៀបចំការបោះឆ្នោតថ្នាក់ជាតិមួយនៅក្នុងឆ្នាំ១៩៩៣ ហើយសភាធម្មនុញ្ញដែលកើតចេញពីការបោះឆ្នោតនេះ បានរៀបចំនូវរដ្ឋធម្មនុញ្ញថ្មីមួយសម្រាប់កម្ពុជា ដែលត្រូវបានប្រកាសឲ្យប្រើកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ។
ទន្ទឹមនឹងនេះ នយោបាយឈ្នះ-ឈ្នះ បានរំលាយចោលនូវអង្គការចាត់តាំងខាងនយោបាយ និងយោធារបស់ខ្មែរក្រហមនៅឆ្នាំ១៩៩៨ និងបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងឯកភាពទឹកដីពេញលេញ ដែលជាបុរេលក្ខខណ្ឌមិនអាចខ្វះបានសម្រាប់ស្ថិរភាព និងការអភិវឌ្ឍរបស់កម្ពុជារហូតមកដល់បុច្ចប្បន្ន ។
ព្រះរាជាណាចក្រកម្ពុជា គឺជារដ្ឋដែលមានឯករាជ្យ និងអធិបតេយ្យពេញបរិបូរណ៌ ជារដ្ឋស្មើភាព និងស្មើសិទ្ធិជាមួយ និងរដ្ឋដទៃទៀត នៅក្នុងសាកលលោក ។ ឯករាជ្យជាតិ និងអធិបតេយ្យជាតិ គឺជាដួងព្រលឹងមួយរបស់ជាតិ ហើយត្រូវតែទទួលបានការគោរពដោយពេញលេញ ។ លោកគូសបញ្ជាក់ថា «រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិចែងយ៉ាងច្បាស់ថា ព្រះរាជាណាចក្រកម្ពុជាជារដ្ឋឯករាជ្យ និងអធិបតេយ្យ ហើយរាជរដ្ឋាភិបាលកម្ពុជា មានកាតព្វកិច្ចត្រូវការពារជាដាច់ខាតនូវឯករាជ្យ និងអធិបតេយ្យនេះ» ។
ចំណែកធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏ចែងការពារអធិបតេយ្យ នៃរដ្ឋជាសមាជិកយ៉ាងច្បាស់ថា គ្មានរដ្ឋណាមួយមានសិទ្ធិទៅលូកលាន់ដោយផ្ទាល់ ឬដោយប្រយោល ទោះក្នុងហេតុផលណាក៏ដោយ នៅក្នុងកិច្ចការផ្ទៃក្នុង ឬបញ្ហាដែលប៉ះពាល់ដល់បូរណភាពទឹកដី ឬឯករាជ្យភាពនយោបាយរបស់ប្រទេសដទៃបានឡើយ (មាត្រា២.៤ និង២.៧ នៃធម្មនុញ្ញ អង្គការសហប្រជាជាតិ) ។
លោកផៃស៊ីផាន ក៏បានលើកឡើងថា រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាកំណត់ថា ព្រះរាជាណាចក្រកម្ពុជា អនុវត្តនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ។ ក្នុងន័យនេះ គណបក្សនយោបាយ គឺជាតួអង្គដ៏សំខាន់ នៅក្នុងកិច្ចដំណើរការនៃប្រជាធិតេយ្យកម្ពុជា ដើម្បីប្រកួតប្រជែងក្នុងការដឹកនាំប្រទេស ។ ដូចនេះទាំងគណបក្សនយោបាយ ទាំងប្រជាពលរដ្ឋខ្មែរ ត្រូវគោរពគោលការណ៍អធិបតេយ្យជាតិ និងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ហើយត្រូវមានកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ ។ ការការពារឯករាជ្យ អធិបតេយ្យជាតិ និងការតម្កល់ផលប្រយោជន៍ខ្មែរជាធំ គឺជាកាតព្វកិច្ចរបស់គណបក្សនយោបាយ អ្នកនយោបាយ អ្នកនយោបាយខ្មែរពីគ្រប់និន្នាការ និងជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ។
ក្នុងស្មារតីនេះដែរ រដ្ឋធម្មនុញ្ញក៏បានកំណត់ឲ្យសមាជិករដ្ឋសភា ព្រឹទ្ធសភា និងរាជរដ្ឋាភិបាល ត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់ដំណែង នៅចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រ ព្រះភ័ក្ត្រ នៃសម្តេចសង្ឃរាជ និងទេវតារក្សាសេត្វច្ឆត្រ ដោយសច្ចាបេ្តជ្ញា ដាច់ខាតការពារឯករាជ្យទាំងស្រុងនៃមាតុភូមិកម្ពុជា អធិបតេយ្យជាតិពេញបរិបូរណ៍ និងមិនអនុញ្ញាតជាដាច់ខាត ឲ្យជនណាមួយក៏ដោយ ដែលចង់ជ្រៀតជ្រែកចូលក្នុងផ្ទៃក្នុង នៃកម្ពុជា ឬមកបង្គាប់បញ្ជាចំពោះគោលនយោបាយជាតិ និងអន្តរជាតិរបស់កម្ពុជាបានឡើយ ព្រមទាំងមិនបម្រើជាដាច់ខាតនូវផលប្រយោជន៍បរទេស ហើយធ្វើឲ្យខូចប្រយោជន៍របស់ប្រជារាស្ត្រ ប្រជាជាតិ និងមាតុភូមិកម្ពុជា ៕
ចែករំលែកព័តមាននេះ