ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​រឿងរ៉ាវទាំងអស់ ​ដែល​​ធ្វើឱ្យ​នាងបំពុល​សម្លា.ប់​កូនប្រុស​​ទាំង២

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ស្ត្រី​ដែល​នាំ​កូនប្រុស​២​នាក់​មក​ដេក​នៅផ្ទះ​សំណាក់​យីហោ​«​សុខ​មនោ​រម្យ​» ក្នុងស្រុក​អង្គរ​ជ័យ ដែល​បាន​ប៉ុនប៉ង​បញ្ចប់ជីវិត​ទាំង​៣​នាក់​ម្តាយ​និង​កូន​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់ ប៉ុន្តែ​ស្លាប់​តែ​កូនប្រុស​ទាំង​២ ចំណែក​ខ្លួនឯង​ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ជួយ​សង្គ្រោះ​រួច​ផុត​ពី​សេចក្តីស្លាប់​ហើយ ដែល​កោះសន្តិភាព​បាន​ផ្សាយ​មួយ​ឈុត​រួចមកហើយ ។…

ខេត្តកំពត ៖ ស្ត្រី​ដែល​នាំ​កូនប្រុស​២​នាក់​មក​ដេក​នៅផ្ទះ​សំណាក់​យីហោ​«​សុខ​មនោ​រម្យ​» ក្នុងស្រុក​អង្គរ​ជ័យ ដែល​បាន​ប៉ុនប៉ង​បញ្ចប់ជីវិត​ទាំង​៣​នាក់​ម្តាយ​និង​កូន​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់ ប៉ុន្តែ​ស្លាប់​តែ​កូនប្រុស​ទាំង​២ ចំណែក​ខ្លួនឯង​ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ជួយ​សង្គ្រោះ​រួច​ផុត​ពី​សេចក្តីស្លាប់​ហើយ ដែល​កោះសន្តិភាព​បាន​ផ្សាយ​មួយ​ឈុត​រួចមកហើយ ។

ព័ត៌មាន​ច្បាស់​ការណ៍​ឱ្យ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​ទី​៣០ ខែមករា ស្ត្រី​រូប​នេះ ​ត្រូវបាន​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ខេត្ត នាំ​ខ្លួន​ចេញពី​មន្ទីរពេទ្យ​បង្អែក​ខេត្តតាកែវ យក​មក​សង្គ្រោះ​បន្ត​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពត​វិញ ហើយ​នៅ​ពេល​បាន​ធូរស្រាល​សមត្ថកិច្ច​ជំនាញ​នឹង​ធ្វើការ​សាកសួរ​បន្ត ជុំវិញ​ករណី សម្លាប់​កូនប្រុស​២​នាក់​ស្លាប់​នៅ​ក្នុងផ្ទះ​សំណាក់ នោះ​បាន​រក​ឃើញ​ថា​ម្តាយ​ដោយ​ដាក់​ថ្នាំ​បំពុល​នៅ​ក្នុង​បាយ​កញ្ចប់ ។ ពេល​មក​ដល់​មន្ទីរពេទ្យ​ខេត្តកំពត ខណៈ​សមត្ថកិច្ច​ធ្វើការ​សាកសួរ ស្ត្រី​ឈ្មោះ ផុ​ន សុខ​ហេង បាន​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​នាង​ឈ្មោះ ផុ​ន សុខ​ហេង ហៅ ប៉ាក សុខ​ហេង អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ក្តី ឃុំ​សិង្ហ ស្រុក​សំរោង​ខេត្តតាកែវ មុខរបរ​លក់​ថ្នាំបុរាណ ។ នៅ​ក្នុង​ខែមិថុនា ឆ្នាំ​២០១៧ កន្លង​មក ខ្លួន​នាង​និង​ប្តី​បាន​ព្រមព្រៀង​លែងលះ​គ្នា​នៅ​ត្រឹម​សាលាឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ខេត្តតាកែវ ដោយ​មិន​បាន​ឡើង​ដល់​តុលាការ​នោះ​ទេ ។

ចំពោះ​មូលហេតុ​នៃ​ការ​លែងលះ​គ្នា ត្រូវ​បាន​ស្ត្រី​រូប​នេះ​ឱ្យ​ដឹង​ថា គឺ​បណ្តាល​មក​ពី​ប្តី​របស់​នាង​ទៅ​ស្រឡាញ់​ស្រី្ត​ម្នាក់​ទៀត ហើយ​បាន​ទៅ​រស់នៅ​ជាមួយ​គ្នា ឯ​ខ្លួន​នាង​ជា​ប្រពន្ធ​រៀប​ការ​ពេញ​ច្បាប់​និយាយ​អ្វី​ក៏​មិន​ស្តាប់​គ្នា​ទាល់តែ​សោះ​។ នៅ​ពេល​មាន​បញ្ហា​នេះ​កើតឡើង ខ្លួន​នាង​និង​ប្តី​រួម​ទាំង​កូនប្រុស​២​នាក់ រស់នៅ​ផ្ទះ​ម្តាយ​ឪពុក​ខាង​ប្តី ។ ស្ត្រី​រូប​នេះ​រៀបរាប់​ទៀត​ថា ស្រី​ថ្មី​ដែល​ប្តី​របស់​ខ្លួន​ស្រឡាញ់​នោះ​ឈ្មោះ សីហា ធ្វើការ​នៅ​ភ្នំពេញ ហើយ​ប្តី​បាន​និយាយ​មក​កាន់​នាង​ជា​ប្រពន្ធ​ថា គេ​សុខចិត្ត​បោះបង់​ប្រពន្ធ និង​កូនប្រុស​ទាំង​២​នាក់ ទៅ​យក​ស្ត្រី​ឈ្មោះ សីហា ជា​ប្រពន្ធ​ថ្មី​វិញ ។

ស្ត្រី​រូប​នេះ​និយាយ​ទៀត​ថា ខ្លួន​នាង​ខ្ញុំ​ចង់​ជួប​នាង​សីហា​ដោយ​ផ្ទាល់មាត់ តែ​មិន​បាន​ជួប​ទេ បាន​ជួប​តែ​តាម​ទូរស័ព្ទ ។ មូលហេតុ​ដែល​ខ្លួន​នាង​ចង់​ជួប​នេះ គឺ​ចង់​និយាយ​ប្រាប់​ស្រី​ម្នាក់​នេះ​ឲ្យ​ដឹង​ថា ខ្លួន​នាង​មានកូន​ដល់​ទៅ​២​នាក់​ជាមួយ​ប្តី​រួច​ទៅ​ហើយ តើ​គិត​យ៉ាងម៉េច​ជាមួយ​ប្តី​នាង ។ឯ​នាង​សីហា ជា​ស្រី​ថ្មី​របស់​ប្តី​បាន​ប្រាប់​នាង​តាម​ទូរស័ព្ទ​ថា ទាល់តែ​ជួប​គ្នា​ផ្ទាល់មាត់​ទាំង​៣​នាក់​ទើប​និយាយ​គ្នា​បាន ។ ស្ត្រី្ត​ឈ្មោះ ផុ​ន សុខ​ហេង រៀបរាប់​ទៀត​ថា ជា​ចុង​ក្រោយ​ប្តី​នាង​និយាយ​ថា គេ​សម្រេចចិត្ត​ជ្រើសរើស​យក​អ្នក​ថ្មី​ហើយ ចំណែក​រូប​នាង​ទៅណា​ក៏​ទៅ​ចុះ ។ ពេល​នោះ​នាង​សុំ​ប្តី​រយៈពេល​១០​ថ្ងៃ​ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា តែ​ប្តី​នៅ​តែ​មិន​ព្រម ទើប​សម្រេចចិត្ត​នាំ​កូនប្រុស​២​នាក់​ចាក​ចេញពីផ្ទះ​នៅ​ថ្ងៃអាទិត្យ​ទី​២៨ មក​រា ដោយ​ជិះ​ម៉ូតូ​សេ​១២៥​សេ​៊​រី​២០០៤​មួយ​គ្រឿង ដឹក​កូនប្រុស​២​នាក់​គឺ​ឈ្មោះ សុវណ្ណ មិ អាយុ​៨​ឆ្នាំ និង​ឈ្មោះ សុវណ្ណ វិមាន អាយុ​៣​ឆ្នាំ​២​ខែ មក​ជួល​ផ្ទះសំណាក់​«​សុខ​មនោ​រម្យ​» ស្ថិត​ក្នុងភូមិ​ត្រពាំង​ខ្វា ឃុំ​ភ្នំ​កុង ស្រុក​អង្គរ​ជ័យ ខេត្តកំពត ដេក​ចំនួន​២​យប់ ។ ការ​ប្រាប់​ឈ្មោះ​កូន​នេះ​គឺ​ខុស​ពី​បុរស​ជា​ប្តី ដែល​មុន​នេះ​ប្រាប់​ថា កូន​បង​ឈ្មោះ ហ៊ា​ល សុវណ្ណ និង​កូន​ប្អូន​ឈ្មោះ ហ៊ា​ល ក្តាន់ ។

លុះ​នៅ​វេលា​ម៉ោង​ប្រហែល​៨​យប់ ថ្ងៃ​ទី​២៩ ខែមករា នាង​បាន​ទៅ​ទិញ​ថ្នាំ​ងងុយដេក​ចំនួន​៤​បន្ទះ ក្នុង​នោះ​ថ្នាំ​ល្អ​៣​បន្ទះ មិនល្អ​១​បន្ទះ ពី​ពេទ្យ​ផ្សារ​តានី រួច​ត្រឡប់​មក​បន្ទប់​ផ្ទះសំណាក់​វិញ ។ នៅ​យប់​នោះ​នាង​ដេក​មិន​លក់​ទេ ហើយ​នៅ​ម៉ោង​ជិត​៩​យប់ កូនប្រុស​ទាំង​២​នាក់​បាន​លេបថ្នាំ​ងងុយដេក​ម្នាក់​អស់​១​បន្ទះ ដែល​តាម​ស្ត្រី​រូបនេះ​អះអាង​ថា នាង​មិន​បាន​ប្រាប់​ឲ្យ​លេប​នោះ​ទេ ។ លុះដល់​ម៉ោង​១២​យប់ នាង​ក៏​លេបថ្នាំ
ងងុយដេក​អស់​២​បន្ទះ និង​ថ្នាំ​ស្ល​ពណ៌​ខ្មៅ (​ថ្នាំបុរាណ​ខ្មែរ​) អស់​ចំនួន​៦០​គ្រាប់ ដើម្បី​បញ្ចប់ជីវិត តែ​មិន​ស្លាប់​គ្រាន់តែ​មាន​អាការ​វិល​ៗ​អាច​នៅ​និយាយ​បាន ឯ​កូន​ទាំង​២​នាក់​ប្រហែលជា​ស្លាប់​ទៅ​ហើយ ។

ទោះបីជា​បែប​ណា ប្រការ​ដែល​ស្ត្រី​នេះ​និយាយ​ថា កូន​ៗ​នាំ​គ្នា​លេបថ្នាំ​ងងុយដេក​អស់​ម្នាក់​១​បន្ទះ​នោះ អាច​ជា​ការ​ដោះសា​ឬ​ជា​ការ​និយាយ​ឱ្យ​រួច​តែ​ពី​មាត់ ខណៈ​ដែល​សមត្ថកិច្ច​ជំនាញ​បាន​រក​ឃើញ​សារធាតុពុល​នៅ​ក្នុង​បាយ​កញ្ចប់​ដែល​ពួក​កូន​ៗ​បរិភោគ ។ ពិតជា​គ្មាន​នរណា​ជឿ​នោះ​ទេ ព្រោះ​គ្មាន​ក្មេង​ណា​លេបថ្នាំ​អស់​១​បន្ទះ​នោះ​ទេ អាច​បញ្ជាក់​ថា ក្រោយ​ពេល​ប្តី​លែង​នាង​ហាក់ដូច​អស់សង្ឃឹម​ក្នុង​ជីវិត​រស់នៅ ។ស្ត្រី​រូប​នេះ​និយាយ​ទៀត​ថា នៅ​វេលា​ម៉ោងជាង​៦​ព្រឹក​ថ្ងៃ​ទី​៣០ ខែមករា នាង​បាន​ទូរស័ព្ទ​ទៅ​ប្រាប់​ប្តី​ថា កូន​ទាំង​២​នាក់​បាន​ស្លាប់​ហើយ ។ចំណែក​រូប​នាង នៅ​ម៉ោង​ប្រហែល​១០​ព្រឹក​ថ្ងៃ​ដដែល ត្រូវ​បាន​បងប្អូន​ដឹក​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តតាកែវ លុះ​អាការ​ពុល​បាន​ធូរស្រាល​បន្តិច នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ ក៏​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​បញ្ជូន​មក​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពត តាម​ការ​ស្នើ​របស់​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត ដើម្បី​សាកសួរ​ជុំវិញ​ករណី​ដាក់​ថ្នាំពុល​សម្លាប់​កូនប្រុស​២​នាក់​នៅ​ក្នុងផ្ទះ​សំណាក់ កាលពី​យប់​ថ្ងៃ​ទី​២៩ ខែមករា ។

លោក​វរសេនីយ៍ទោ ឈិ​ន ឈាង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត បាន​ប្រាប់​កោះ​សន្តិភាព​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពត កាលពី​ល្ងាច​ថ្ងៃ​ទី​៣០ ខែមករា​ថា ស្ត្រី​ដែល​ប៉ុនប៉ង​ធ្វើ​អត្តឃាត​ដោយ​ចេតនា​តែ​មិន​បាន​សម្រេច ហើយ​ស្លាប់​តែ​កូនប្រុស​២​នាក់​នេះ អាច​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ប៉ុនប៉ង​ធ្វើឃាត​ដោយ​ចេតនា ហើយ​ប្រឈម​មុខ​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​នៅ​ពេល​ជំងឺ​បាន​សះស្បើយ ។

មន្ត្រី​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​បានឲ្យ​ដឹង​ថា ស្ត្រី​រូប​នេះ​ត្រូវ​នាំ​ខ្លួន​ទៅ​សាលាដំបូង​នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែមករា ។អាការ​ស្ត្រី​រូប​នេះ​ហាក់​មិន​ទាន់​ប្រក្រតី​នោះ​ទេ ដូច្នេះ​ការ​ឆ្លើយ​ទាក់ទង​នឹង​ការ​ប៉ង​ធ្វើ​អត្ត​ឃាត​ទាំង​ខ្លួន​ជា​ម្តាយ​និង​កូន ហាក់ដូចជា​នៅ​រវើរវាយ ។ តាម​ព័ត៌មាន​ចុង​ក្រោយ​ថា កូនប្រុស​ទាំង​២​នាក់​ដែល​​ស្លាប់​យ៉ាង​អយុត្តិធម៌​ដោយសារ​តែ​ម្តាយ​មាន​វិបត្តិ ត្រូវ​បាន​ឪពុក​យក​សព​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ខេត្តតា​កែវ ៕

អត្ថបទសរសេរ ដោយ