ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាក់ដឹកនាំ​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ជា​ពុទ្ធបរិស័ទ​ប្រារព្ធ​ពិធីបុណ្យ​មាឃបូជា

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០១៨ រដ្ឋបាល​ខេត្តកំពត​បាន​ប្រារព្ធ​ពិធីបុណ្យ​មាឃបូជា ក្រោម​វត្តមាន​ចូលរួម​ពី​សំណាក់​លោក ជាវ តា​យ អភិបាល…

ខេត្តកំពត ៖ នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០១៨ រដ្ឋបាល​ខេត្តកំពត​បាន​ប្រារព្ធ​ពិធីបុណ្យ​មាឃបូជា ក្រោម​វត្តមាន​ចូលរួម​ពី​សំណាក់​លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​លោក អ៊ឹ​ង ម៉េ​ង​ហ៊ួ​រ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក​ជំទាវ ។

កម្មវិធី​បុណ្យ​រៀបចំ​ឡើង​ដោយ​បាន​និមន្ត​ព្រះសង្ឃ និង​អញ្ជើញ​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ នៃ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត សីលវន្ត សីលវតី ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ ព្រមទាំង​សិ​ស្សា​សិស្ស និ​សិ​ត្ស​ចូលរួម​យ៉ាងច្រើន​កុះករ​សរុប​ប្រមាណ​ជាង​៥,០០០​នាក់ ។

ពិធីបុណ្យ​បាន​ប្រព្រឹត្តិ​ទៅ​ដោយ​ក្បួន​ដង្ហែ​រូប​បដិមា​ពី​សាលា​ខេត្តកំពត មក​កាន់​ទី​សក្ការ​ប្រាសាទ​ដើម​ពោធិ៍ ស្ថិត​នៅ​ក្នុង​សង្កាត់​កំពង់​កណ្ដាល ក្រុង​កំពត ។ រួច​វេរ​គ្រឿង​សក្ការ​ប្រគេន​ដល់​ព្រះសង្ឃ និង​និមន្ត​ព្រះសង្ឃ​សម្ដែងធម៌​ទេសនា​បុច្ឆា​វិ​សច្ច​នា​គ្រែ​៥ ។

លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​០១ ខែ​ឆ្នាំ​ដដែល ក៏​បាន​វេរចង្ហាន់​ប្រគេន​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​មគ្គផល​ជូន​បុព្វការី​ជន និង​ញាតិ​ការ​ទាំង​៧​សន្ដាន រួច​និមន្ត​ព្រះ​ចំនួន​៨០០​អង្គ​រាប់​បាត​ជា​កិច្ច​បង្ហើយ​ពិធីបុណ្យ ។

គួរ​រំឭក​ថា បុណ្យមាឃបូជា គឺជា​បុណ្យ​មួយ​ក្នុង​បណ្ដា​បុណ្យ​ធំ​ៗ​ទាំងឡាយ​ក្នុង​ព្រះពុទ្ធ​សាសនា ដែល​ប្រទេស​កាន់​ព្រះពុទ្ធ​សាសនា​លើ​ពិភពលោក តែងតែ​ប្រារព្ធ​ធ្វើ​ពុំដែល​ខាន​នោះ​ឡើយ ។ ដោយឡែក​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង នៅ​គ្រប់​វត្ត​អារាម​ទូ​ទាំង​ប្រទេស ក៏​ត្រូវ​បាន​ពុទ្ធសាសនិក​ខ្មែរ​យើង​តែងតែ​ប្រារព្ធ​ធ្វើបុណ្យ​មាឃបូជា​នេះ​ឡើង​ព្រម​ៗ​គ្នា​ផង​ដែរ ។

ដោយ​បាន​ចាត់​ទុក​ថា ជា​ការ​បំពេញ​មហាកុសល​ដ៏​ថ្លៃថ្លា​បំផុត​សម្រាប់​ពុទ្ធបរិស័ទ​អ្នក​កាន់​ព្រះពុទ្ធ​សាសនា ។ សម្រាប់​នៅ​ខេត្តកំពត រដ្ឋបាល​ខេត្ត​បាន​សហ​ការណ៍​រៀបចំ​ជាមួយ​មន្ត្រី​សង្ឃ និង​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត ក៏​តែងតែ​ប្រារព្ធ​ប្រតិបត្តិ​ធ្វើ​ឡើង​ពុំដែល​អាក់ខាន​ម្តងណា​ឡើយ​ជា​រៀង​រាល់​ឆ្នាំ គឺ​ដើម្បី​ឧទ្ទិស​មហាកុសល​ផង និង​ដើម្បី​រំឭក​ដល់​ថ្ងៃជា​មហា​មង្គល​ទាំង​ពីរ នៃ​ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ​នៃ​យើង ដែល​ទ្រង់​ប្រកាស​ដាក់​ព្រះ​ជន្មាយុ​សង្ខារ​ផង និង​ថ្ងៃ​ប្រជុំ​ចតុរង្គសន្និបាត នៃ​ព្រះអរហន្ត​ទាំង​១,២៥០​អង្គ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ