រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលជប៉ុនបានសន្យាជំរុញអ្នកវិនិយោគជប៉ុនកាន់តែច្រើនមកវិនិយោគនៅកម្ពុជា ប៉ុន្តែបានស្នើសុំមន្ត្រីជាន់ខ្ពស់កម្ពុជាជួយការពារជនជាតិខ្លួនដែលបានរស់នៅ និងធ្វើការនៅកម្ពុជា ។
ក្នុងជំនួបជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនាល្ងាចថ្ងៃទី២៩ មករា លោក Kazuyuki Zakane អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនបានស្នើឲ្យលោកឧបនាយករដ្ឋមន្ត្រីជួយបង្កើនសន្តិសុខ និងសុវត្ថិភាពដល់ប្រជាជនជប៉ុន ដែលមកទស្សនានៅកម្ពុជាបន្ថែមទៀត ខណៈជប៉ុន បានសម្រេចបង្កើតអគ្គកុងស៊ុលមួយទៀតនៅខេត្តសៀមរាបនោះ ។ លោកបន្តថា ទាំងអ្នកវិនិយោគជប៉ុន និងអ្នកទេសចរជប៉ុននៅកម្ពុជា កាន់តែច្រើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ។
លោកបន្តថា ៖« ជប៉ុនសម្រេចបង្កើតអគ្គកុងស៊ុលមួយទៀតនៅខេត្តសៀមរាបនេះគឺដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាជនរបស់ខ្លួន ហើយក៏ដើម្បីបញ្ជាក់នូវទំនាក់ទំនងដ៏ល្អរវាង កម្ពុជានិងជប៉ុនផងដែរ »។
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថា ក្រុមហ៊ុនជប៉ុន បានមកដាក់ទុនរកស៊ីនៅប្រទេសកម្ពុជា មានរហូតដល់ជាង២៥០ក្រុមហ៊ុន ។
សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ប្រទេសជប៉ុនគឺជាមិត្តដ៏ល្អបំផុតជាមួយកម្ពុជា ហើយកម្ពុជាពិតជាអរគុណយ៉ាងខ្លាំងដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយដល់ប្រទេសកម្ពុជានាពេលកន្លងមក ក៏ដូចជាបច្ចុ ប្បន្ននេះ ។ យ៉ាងណាក៏ដោយ សម្រាប់ប្រជាជនជប៉ុន និងអ្នកវិនិយោគជប៉ុននៅប្រទេសកម្ពុជា ចាំបាច់បំផុតគឺក្រសួងមហាផ្ទៃត្រូវតែមើល និងថែរក្សាសុខសុវត្ថិភាពដល់ពួកគេ ។
សម្តេចបន្តថា ការដាក់សម្ពោធការិយាល័យកុងស៊ុលរបស់ជប៉ុននៅក្នុងទឹកដីខេត្តសៀមរាប កាលពីថ្ងៃទី២៨ ខែមករា កន្លងមកនេះ គឺជាការបង្ហាញពីការជឿជាក់របស់ភាគីជប៉ុនអំពីស្ថានការណ៍ប្រទេសកម្ពុជា ក៏ដូចជាការជំរុញឲ្យវិស័យទេសចរណ៍មានការរីកចម្រើនកាន់តែខ្លាំងផងដែរ ។
ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ លោកបណ្ឌិត ម៉ី កល្យាណ បានថ្លែងថា សេដ្ឋកិច្ចកម្ពុជាដែលសម្រេចបានកំណើនល្អប្រសើរ គួបផ្សំនឹងស្ថិរភាពនយោបាយ និងលំហូរទុនវិនិយោគផ្ទាល់ពីបរទេស(FDI) កើនឡើងជាបន្តបន្ទាប់ ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការទាក់ទាញអ្នកវិនិយោគជប៉ុនកាន់តែច្រើនចូលមកវិនិយោគនៅកម្ពុជា ។
លោកបន្តថា បច្ចុប្បន្ន ជប៉ុនបានវិនិយោគស្ទើគ្រប់វិស័យ ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ធ្វើការ និងរស់នៅរយៈពេលវែងនៅកម្ពុជា ។
លោកបន្តថា ៖« អ្នកវិនិយោគជប៉ុនពេលចូលទៅកាន់ប្រទេសណាហើយ ពួកគេតែងតែស្នាក់នៅ និងធ្វើការរយៈពេលវែងនៅប្រទេសនោះ ។ នេះជាមូលហេតុដែលពួកគេសិក្សារយៈពេលវែង មុនមកវិនិយោគនៅកម្ពុជា »៕
ចែករំលែកព័តមាននេះ