ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទ​មួយនេះ​កំពុង​​លាក់​ខ្លួននៅកណ្តាលព្រៃ​ជ្រៅបំផុត​

6 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ប្រាសាទ​មួយ​ស្ថិត​នៅត្រើយ​ខាងលិច​ដង​ទន្លេមេគង្គ ចំណុច​អូរ​ក្រាក់ ឃុំ​សៀម​បូក ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង ជាប់​ព្រំប្រទល់​ស្រុក​សំបូរ ខេត្តក្រចេះ ត្រូវ​អ្នក​ភូមិ​ដាក់​ឈ្មោះ​ថា…

ខេត្តស្ទឹងត្រែង ៖ ប្រាសាទ​មួយ​ស្ថិត​នៅត្រើយ​ខាងលិច​ដង​ទន្លេមេគង្គ ចំណុច​អូរ​ក្រាក់ ឃុំ​សៀម​បូក ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង ជាប់​ព្រំប្រទល់​ស្រុក​សំបូរ ខេត្តក្រចេះ ត្រូវ​អ្នក​ភូមិ​ដាក់​ឈ្មោះ​ថា «​ប្រាសាទ​កំណប់» ។

តាម​ការ​ឱ្យ​ដឹង ត​ៗ​គ្នា មូលហេតុ​ដែល​អ្នក​ភូមិ​រស់នៅ​ក្បែរ​នោះ​ដាក់​ឈ្មោះ «​ប្រាសាទ កំណប់​» ព្រោះ​នៅ​ពេល​ប្រទះ​ឃើញ​ប្រាសាទ​នោះ​មាន​ក្រុម​មួយ​ចំនួន​ទៅ​គាស់កកាយ​យក​វត្ថុ​បុរាណ​ទៅ​លក់ និង​ខ្លះ​ទៀត
​គាស់​បាន​មាស ពេជ្រ កែវ កង ពី​បុរាណ ដែល​គេ​កប់​នៅ​ទីនោះ​យក​ទៅ​រក្សា​ទុក និង​មួយ​ចំនួន​យក​ទៅ​លក់ ដែល​រហូត​ដល់​ពេល​នេះ​បន្សល់​ទុក​តែ​ផ្ទាំង​ថ្ម​រដិបរដុប ដូច​ជា​ផ្ទាំង​ថ្ម​យោនី និង​ថ្ម​ឥដ្ឋ​កប់​នៅ​ក្នុង​រណ្តៅ​ដី​ប៉ុណ្ណោះ។

អ្នក​រស់នៅ​ក្បែរ​នោះ​ឱ្យ​ដឹង​ថា ទីតាំង​ប្រាសាទបុរាណ​នោះ​នៅ​ដាច់​ស្រយាល​ក្នុង​ព្រៃ​ជ្រៅ ហើយ​បាន​ឆ្លងកាត់​សង្គ្រាម​រាប់​ទស​វត្ស​មាន​ជនខិលខូច​មួយ​ចំនួន​ជីក​គាស់​កាយ​រក​បណ្តាល​ឱ្យ​ខូច​ទ្រង់ទ្រាយ​ប្រាសាទ ។ ម្យ៉ាងទៀត​ដោយសារ​តែ​ប្រាសាទ​សង់​រាប់រយ​ឆ្នាំ ហើយ​ធម្មជាតិ​បាន​បំផ្លាញ​បណ្តាល​ឱ្យ​បាក់​រលំ​កប់​ក្នុង​ដី​យ៉ាង​ជ្រៅ ។លាក់​ពួន​នៅ​ក្នុង​ព្រៃ​ក្រាស់ ពិបាកធ្វើ​ដំណើរ ទៅ​ដល់ ហើយ​កម្រ​មាន​អ្នក​ភូមិ ឬ​អាជ្ញាធរ​ឆ្លងកាត់​ណាស់​ធ្វើ​ឱ្យ​ប្រាសាទ​មួយ​នោះ​មិន​មានការ​ចាប់អារម្មណ៍ និង​ការ​អភិរក្ស​ពី​អាជ្ញាធរ​មុន​ៗ ។

លោក​ថោ​ង ស្រា​ន់ អភិបាលស្រុក​សៀម​បូក ទើបតែ​ទៅ​កាន់​តួនាទី​បាន​រយៈពេល​ជាង​២​ខែ​កន្លង​មកនេះ​ឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៨​ថា បន្ទាប់​ពី​បាន​ដឹកនាំ មន្ត្រី​ពិនិត្យ​ស្ថានភាព​ភូមិសាស្ត្រ ការ​រស់នៅ និង​ការ​បង្កបង្កើន​ផល​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ដាច់​ស្រយាល ។ ខណៈ​ពេល​នោះ​ក្រុមការងារ ក៏​បាន​ទៅ​ដល់​ប្រាសាទបុរាណ​មួយ​មាន​វ័យ​ចំណាស់​រាប់រយ​ឆ្នាំ កំពុង​តែ​លាក់ខ្លួន​ពួន​អាត្មា​ក្នុង​ព្រៃ ស្ថិត​នៅ​ចំណុច​អូរ​ក្រាក់ ឃុំ​សៀម​បូក ស្រុក​សៀម​បូក ជាប់​ព្រំប្រទល់​ស្រុក​សំបូរ ខេត្តក្រចេះ ។

តាម​ការ​ពិនិត្យ​លើ​ផ្ទាំង​ថ្ម​ដែល​នៅ​សេសសល់​ពី​ការ​គាស់កកាយ ប្រាសាទ​នោះ​មាន​សណ្ឋាន​ដូច​ប្រាសាទ​ព្រះ​គោ​នៅ​ទីរួមស្រុក​ថា​ឡា​បរិ​វ៉ា​ត់ និង​ប្រាសាទសម្បូរព្រៃគុក ខេត្តកំពង់ធំ ហើយ​ប្រាសាទ​នេះ​មាន​ទិស​ច្រើន និង​មាន​ស្រះ​ទឹក​នៅ​ក្បែរ​នោះ ។

លោក​អភិបាលស្រុក​ថ្លែង​ថា «​ប្រាសាទ​ដែល​ប្រទះ​ឃើញ​នេះ​មិន​ទាន់​ដឹង​ថា​មានឈ្មោះ​អ្វី​ទេ ហើយ​សាងសង់​ក្នុង​រជ្ជកាល​ណា​ដែរ ដោយ​ខ្ញុំ និង​អញ្ជើញ​ក្រុមបច្ចេកទេស អ្នកជំនាញ និង​មន្ត្រី​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​ចុះ​ត្រួតពិនិត្យ សិក្សា​ឈ្វេងយល់​ថា តើ​ប្រាសាទ​នោះ មានឈ្មោះ​អ្វី​សាងសង់​ក្នុង​សម័យ​កាលណា ? ហើយ​ក៏​នឹង​រៀបចំ​ឱ្យ​មាន​ផ្លូវ​ទៅ​កាន់​ទីនោះ ព្រោះថា​ទីតាំង​ភូមិសាស្ត្រ​មានទឹក​ទន្លេមេគង្គ​ព្រៃ​ព្រឹក្សា សមជា​តំបន់​គួរ​ឱ្យ​ទាក់ទាញ ដែល​ពេល​បច្ចុប្បន្ន​នេះ អាជ្ញាធរ​ស្រុក បាន​ចាត់វិធានការ​ហ៊ុម​ព័ទ្ធ​ចំណុច​ជុំវិញ​ប្រាសាទ​នោះ​២​គីឡូម៉ែត្រ​៤​ជ្រុង​ដើម្បី​រង់ចាំ​ក្រុម​ជំនាញ​មក​ពិនិត្យ​» ៕

អត្ថបទសរសេរ ដោយ