ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មី​ដើម្បី​ការពារ​ហានិភ័យ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​បច្ចេកវិទ្យា​វិវត្តន៍​យ៉ាង​ឆាប់រហ័ស ថ្មី​ៗ​នេះ​អនុ​ក្រិ​ត្យ​ស្តី​អំពី​ហត្ថលេខា​ឌី​ជី​ថ​ល​ឬ​«Digital Signature» ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​ដាក់​ឱ្យ​ប្រើប្រាស់​កាល​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៧ ។…

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​បច្ចេកវិទ្យា​វិវត្តន៍​យ៉ាង​ឆាប់រហ័ស ថ្មី​ៗ​នេះ​អនុ​ក្រិ​ត្យ​ស្តី​អំពី​ហត្ថលេខា​ឌី​ជី​ថ​ល​ឬ​«Digital Signature» ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​ដាក់​ឱ្យ​ប្រើប្រាស់​កាល​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៧ ។ ការ​រៀបចំ​អនុ​ក្រិ​ត្យ​នេះ​ឡើង គឺ​ឆ្លុះ​បញ្ចាំង​ទៅ​នឹង​ផែនការ​របស់​រាជរដ្ឋាភិបាល​មាន​ចែង​នៅ​ក្នុង​ផែនការ​សកម្មភាព​នៃ​គោល​នយោ​បាយ​អភិវឌ្ឍន៍​វិស័យ​ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ឆ្នាំ​២០២០ ។

ការ​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​អនុ​ក្រិ​ត្យ​នេះ​ដើម្បី​បញ្ជាក់​ថា កម្ពុជា​មាន​ប្រព័ន្ធ «​ហត្ថ​លេខា​​ឌី​ជី​ថ​ល »​ឬ​«Digital Signature» ដោយ​ប្រព័ន្ធ​នេះ នឹង​អាច​ការពារ​ហានិភ័យ​ពី​ការ​លួច​កែ​ទិន្នន័យ ឬ​ហេ​ក​ឃ័​រ​(Hackers)​។

បើ​តាម​ការ​បញ្ជាក់​របស់​លោក អ៊ូ ផា​ន់​ណា​រិ​ទ្ធ ប្រធាន​នាយកដ្ឋាន​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា លក្ខណៈ​ពិសេស​របស់​«​ហត្ថលេខា​ឌី​ជី​ថ​ល​»​ឬ​«Digital Signature»​នេះ ផ្តោត​លើ​៤​ចំណុច​សំខាន់​គឺ ៖

១-​ទាក់ទង​នឹង​«Authentication ឬ​ការ​បញ្ជាក់​ភាព​ត្រឹមត្រូវ​» ដែល​យើង​អាច​ដឹង​បាន​ថា តើ​ឯកសារ​ដែល​បាន​ផ្ញើ​តាម​អ៊ី​ម៉ែ​លម​ក​ពី​ខាង​ណា ហើយ​អ្នក​ណា​ជា​អ្នក​ផ្ញើ​មក​។

២-​ទាក់ទង​នឹង​សុចរិត​ភាព បាន​ន័យ​ថា​ព័ត៌មាន​ដែល​បញ្ជូន​ពី​អ៊ីម៉ែ​ល​ម្នាក់​ទៅ​ម្នាក់ អត់​មានការ​កែប្រែ​ពី​ជន​ទី​៣ មុន​នឹង​បញ្ជូន​ទៅ​បុគ្គលិក​ដែល​ត្រូវ​ផ្ញើ​ទៅ​នោះ​ទេ ។

៣-​រក្សា​ការ​សម្ងាត់ ដោយ​ប្រព័ន្ធ​នេះ​នឹង​បំ​លែង​មិន​ឱ្យ​ជន​ទី​៣ ឬ​ហេ​ក​ឃ័​រ​ដឹង​ថា ព័ត៌មាន​ដែល​ផ្ញើ​មក​នោះ​ជា​ព័ត៌មាន​អ្វី​នោះ​ទេ ។

៤-​ការ​មិន​អាច​បដិសេធ​បាន ឧទាហរណ៍​បើ​បុគ្គល​«​ក​» ផ្ញើ​សារ​ទៅ​បុគ្គល​«​ខ​» ប្រព័ន្ធ​នេះ​នឹង​បញ្ជាក់​យ៉ាង​ច្បាស់​ថា បុគ្គល​«​ក​»​ជា​អ្នក​ផ្ញើ​ទៅ ដោយ​បុគ្គល​នេះ​មិន​អាច​ប្រកែក​បាន​ឡើយ ថា ខ្លួន​មិន​បាន​ផ្ញើ​ទៅ ឬ​មាន​អ្នក​ហេ​ក​អ៊ីម៉ែ​ល​របស់​ខ្លួន ។

ថ្លែង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តី​អំពី «​ហត្ថលេខា​ឌី​ជី​ថ​ល​» កាលពី​ព្រឹក​ថ្ងៃ​៣០ ខែមករា ឆ្នាំ​២០១៨ នៅ​ក្រសួង​ប្រៃសណីយ និង​ទូរគមនាគមន៍ លោក អ៊ូ ផា​ន់​ណា​រិ​ទ្ធ បានឱ្យ​ដឹង​ថា ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មី​នេះ អាច​ប្រើប្រាស់​បាន​គ្រប់​វិស័យ ទាំង​វិស័យ​សាធារណៈ ,​ឯកជន និង​វិស័យ​ធនាគារ ។

លោក​ថ្លែង​ថា ៖« Digital Signature យើង​ប្រើប្រាស់​ច្រើន​ណាស់ បើសិនជា​យើង​និយាយ​ទាំងមូល​គឺ​វិស័យ​រដ្ឋាភិបាល ជា​ពិសេស E-Government វិស័យ​ឯកជន ទាក់ទង​នឹង E-banking mobile E-commerce និយាយ​រួម​ឱ្យ​តែ​វិស័យ​អន​ឡាញ​ទាំងអស់ គេ​អាច​ប្រើ​ទៅ​ដល់ E-contract E-Check »​។

ប្រធាន​នាយកដ្ឋាន​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​បាន​ប្រាប់​ថា ជំហាន​ដំបូង​នេះ ក្រសួង​នឹង​ដាក់​ឱ្យ​មានការ​ស្មើ​សុំ​អាជ្ញាប័ណ្ណ ដើម្បី​ក្លាយជា​វិ​ញ្ញា​ធរ​ហត្ថលេខា​ឌី​ជី​ថ​ល​សិន (​ក្រុមហ៊ុន​ដែល​សុំ​អាជ្ញាប័ណ្ណ​សម្រាប់​ចែកចាយ​បន្ដ​ហត្ថលេខា​ឌី​ជី​ថ​ល​) ។ បន្ទាប់​ពី​មានការ​ស្មើ​សុំ​អាជ្ញាប័ណ្ណ​នេះ​រួច ទើប​វិ​ញ្ញា​ធរ​ហត្ថលេខា​ឌី​ជី​ថ​ល អាច​ចែកចាយ Digital Signature​ទៅ​ដល់​អ្នក​ប្រើប្រាស់​ផ្ទាល់ខ្លួន ក្រុមហ៊ុន ធនាគារ ឬ​អ្នក​ដែល​មាន​បំណង​ប្រើប្រាស់​ប្រព័ន្ធ​នេះ ។

លោក​ឱ្យ​ដឹងផង​ដែរ​ថា បច្ចុប្បន្ន​នេះ​មិន​ទាន់​មាន​ក្រុមហ៊ុន​ណា​មក​ស្មើ​សុំ​អាជ្ញាប័ណ្ណ​នោះ​ទេ ដោយសារ​តែ​ក្រសួង​ទើបតែ​ដាក់​ប្រកាស ជា​បន្ត​ទៀត​ក្រសួង​នឹង​កំណត់​លក្ខណ​សម្បត្តិ​របស់​ក្រុមហ៊ុន​ដែល​អាច​ស្នើ​សុំ​អាជ្ញាប័ណ្ណ​នេះ ។ លោ​កថា​សម្រាប់​អ្នក​រកស៊ី​ដើមទុន​រាប់​សិប​ម៉ឺន​ដុល្លារ គួរ​ប្រើ​ប្រព័ន្ធ​នេះ ។

រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក ត្រាំ អ៊ីវ​តឹក មាន​ថ្លែង​ក្នុង​សិក្ខា​សាលា​នេះ​ដែរ​ថា «​ហត្ថលេខា​ឌី​ជី​ថ​ល​»​នឹង​ក្លាយទៅជា​ធាតុ​ផ្សំ​មួយ​ដ៏​សំខាន់​ក្នុង​ការ​ចូលរួម​ចំណែក​ការពារ​សន្តិសុខ សុ​វត្តិភាព និង​ភាព​ទុកចិត្ត​បាន​នៃ​ប្រតិបត្តិការ​តាម​ប្រព័ន្ធ​អ៊ីន​ធើ​រ​ណេ​ត​ទាំង​ក្នុង​រាជរដ្ឋាភិបាល វិស័យ​ឯកជន និង​អ្នក​ប្រើប្រាស់ ។

លោក​បន្ត​ថា ៖« នេះ​មិនមែន​ជា​ចំណុច​បញ្ចប់​នោះ​ទេ ប៉ុន្តែ​វា​គឺជា​ជំហាន​ដំបូង​នៃ​វិ​ថី ដ៏​វែង​ឆ្ងាយ​នៃ​ក្របខ័ណ្ឌ​សន្តិសុខ​បច្ចេកវិទ្យា គមនាគមន៍ និង​ព័ត៌មាន ក្នុង​ការ​កសាង​មជ្ឈដ្ឋាន​នៃ​ការ​ប្រើប្រាស់​អ៊ីន​ធើ​រ​ណេ​ត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ប្រកបដោយ​ទំនុកចិត្ត និង​សន្តិសុខ សម្រាប់​កិច្ចការ​ធុរកិច្ច សម្រាប់​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ និង​សម្រាប់​ទំនាក់ទំនង​ប្រចាំ »​។

រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ថ្លែង​ទៀត​ថា ខណៈ​ពេល​ដែល​ព្រះរាជា​ណាចក្រ​កម្ពុជា​កំពុង​តែ​ឈាន​ឆ្ពោះទៅ​កាន់ការ​ធ្វើ​ពាណិជ្ជកម្ម​អន​ឡាញ​កាន់តែ​ច្រើន​ជាង​មុន ក្រុមហ៊ុន សហគ្រាស និង​ស្ថាប័នហិរញ្ញវត្ថុ នឹង​ក្លាយជា​គោលដៅ​នៃ​ការ​វាយ​ប្រហារ​ពី​សំណាក់​ឧក្រិដ្ឋជន​នានា ដោយ​ព័ត៌មាន​សម្ងាត់​ពាណិជ្ជកម្ម​ត្រូវ​បាន​លួច កម្មសិទ្ធិបញ្ញា​ត្រូវ​បាន​ចម្លង ការ​បន្លំ​អត្តសញ្ញាណ និង​ឯកសារ និង​ការ​បោក​បញ្ឆោត​ក្នុង​ការ​ផ្ទេរ​ប្រាក់​ជាដើម​។ ការ​ការពារ​សុ​វត្តិភាព សន្តិសុខ សុចរិត​ភាព និង​ការ​កំណត់​អត្តសញ្ញាណ​អ្នក​ប្រើប្រាស់​នៃ​ប្រតិបត្តិការ​អន​ឡាញ គឺ​មាន​សារសំខាន់​បំផុត​ក្នុង​ការ​ធានា​ស្ថិរភាព​នៃ​ប្រព័ន្ធ​អេកូ​ហិរញ្ញវត្ថុ​ទាំងមូល​នៅ​ក្នុង​ប្រទេស និង​សំខាន់​ជាង​នេះ​ទៅ​ទៀត​ការ​អនុវត្ត​បច្ចេកវិទ្យា​នេះ​ដោយ​ជោគជ័យ គឺ​អាស្រ័យ​លើ​ទំនុកចិត្ត​របស់​សាធារណជន ។

សូម​ជម្រាប​ផង​ដែរ​ថា អ្នក​ជាវ​សេវា​ទូរស័ព្ទ​ចល័ត​នៅ​កម្ពុជា​បាន​កើនឡើង​ដល់​ចំនួន​ប្រមាណ​១៩​លាន​នាក់​ហើយ​គិត​ត្រឹម​ដំណាច់ឆ្នាំ​២០១៧​ដែល​គ្រប់​ដណ្តប់​នៅ​ទីប្រជុំជន​ចំនួន​១០០%​។ អា​ត្រា​នៃ​ការ​ជាវ​ទូរស័ព្ទ​ចល័ត​មាន​ចំនួន​ប្រមាណ​១២៥%​នៃ​ចំនួន​ប្រជា​ជន​សរុប ។ ចំនួន​នៃ​ការ​ជាវ​សេវា​អុ​ី​ន​ធើ​រ​ណេ​ត​បាន​កើន​ដល់​ចំនួន​៨,៥​លាន​នាក់​ត្រឹម​ចុងឆ្នាំ​២០១៧ ស្មើនឹង​អត្រា​ប្រើប្រាស់​ប្រមាណ​៦០% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ