ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​វិនិយោគ​​ចិន​​និង​ម៉ាឡេស៊ី​​​ស្វែង​យល់​ឱកាស​​វិនិយោគ​​នៅ​កម្ពុជា

15 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ អាច​ជាលើក​ទី​១​ហើយ ដែល​ក្រុម​អ្នក​វិនិយោគ​ចិន​និង​ម៉ាឡេស៊ី​បាន​មក​​ស្វែង​យល់​ឱកាស​វិនិយោគ​នៅ​កម្ពុជា បន្ទាប់ពី​ទំហំ​ទុន​វិនិយោគ​​​ម៉ាឡេស៊ី​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​​ពី​លំដាប់​លេខ​​៣ ​នៃ​ការ​បណ្តាក់​ទុន​វិនិយោគ​នៅ​កម្ពុជា ។ 

ថ្លែងនៅ​ក្នុង​សន្និសីទ​សារព័ត៌​មាន​​នាល្ងាច​ថ្ងៃទី​២ ខែមីនា ឆ្នាំ២០១១ លោក​ Tan Sri Dato’ Soong Sieu Hoong ​ទីប្រឹក្សា​​ប្រតិបត្តិ​​សមាគម​​សភាពាណិជ្ជ​កម្ម​​ចិន និង​​ឧស្សាហកម្ម​ម៉ា​ឡេ​ស៊ី​ (ACCCIM) ​​បាន​ឱ្យ​ដឹងថា ក្រុម​អ្នក​​វិនិយោគ​​​ចិន​ ដែល​ជា​សមាជិក​ ACCCIM មក​បំពេញ​ទស្សនកិច្ច​ជាលើក​ដំបូង​នៅ​កម្ពុជា​ នាពេល​​នេះ​ គឺ​ដើម្បី​ស្វែង​យល់​អំពី​សក្តានុពល​ និង​ឱកាស​​វិនិយោគ​​នៅ​ប្រទេស​កម្ពុជា​ ដែល​​ពួក​គេ​សុទ្ធសឹង​ជាអ្នក​ជំនួញ​ធំៗ​នៅម៉ាឡេស៊ី ដែល​​ពួកគេ​​សុទ្ធ​សឹង​ជាអ្នក​ជំនួញ​ធំៗ​នៅ​ម៉ាឡេស៊ី ។ ក្នុង​ឱកាស​ស្នាក់​នៅរាជធានីភ្នំពេញ វិនិយោគិន​​ទាំង​អស់​​នោះ​នឹង​ផ្សព្វ​ផ្សាយ​​តាម​​រយៈ​​សារ​ព័ត៌​មាន​ស្វែងរក​ដៃគូ​វិនិយោគ​ក្នុង​​ស្រុក​ដែល​មាន​សក្តានុពល​​លើ​ផ្នែក​កសិកម្ម អចលនទ្រព្យ​​ ឧស្សា​ហកម្ម​ខ្នាត​តូច និង​ផលិត​​ផល​គ្រឿង​ចក្រជា​ដើម ។

លោក​បាន​​បញ្ជាក់​ថា ក្នុង​ចំណោម​​វិនិយោ​គិន​​ទាំង​២៨​នាក់ ដែល​មក​ទស្ស​ន​កិច្ច​នៅ​កម្ពុជា នាពេល​នេះ គឺ​មាន​ផ្នែក​កសិកម្ម​ដែល​ពួកគេ​ត្រូវ​ការ​ផ្ទៃដី​ប្រមាណ​១៦.០០០​​​ហិកតា ​សម្រាប់​ដំណាំ​ដូង​ប្រេង​ ទីតាំង​សាង​សង់​ទីក្រុង​ខ្នាត​​តូច​និង​សំណង់​អគារ​ធំ និង​ការ​សាង​សង់​​ផ្ទះ​សម្រាប់​អ្នក​ដែល​មាន​​ជីវភាព​ធូរធារ និង​ផ្ទះ​សម្រាប់​​អ្នក​ក្រីក្រ​ដោយ​ប្រើ​ប្រាស់​​គោល​នយោបាយ​​ឱ្យ​ខ្ចី​​ក្នុង​រយៈពេល​យូរឆ្នាំ ។ ទន្ទឹម​​នោះ ក៏​មាន​វិនិយោគ​ិន​ដែល​​ស្វែង​រក​ដៃគូ​ ជាមួយ​​ផ្នែក​ឧស្សា​ហកម្ម​​​ខ្នាត​តូច​ដែល​​មាន​កម្មករ​ក្នុង​រង្វង់​១០០​ទៅ១៥០​នាក់ ដើម្បី​ពង្រីក​ទំហំ​ផលិត​កម្ម​ឱ្យ​ទៅជាឧស្សាហកម្ម​​ខ្នាតធំជាដើម​ ។ ទាំង​អស់​នេះ​គឺជា​​ការ​​ទាក់​​ទាញ​មួយ​យ៉ាង​​សំខាន់​សម្រាប់​​អ្នក​វិនិយោគ​​ក្នុង​ស្រុក​ ដែល​​ចង់​ស្វែង​រក​ដៃគូ​វិនិយោគ​​ក្រៅប្រទេស ។ លោក​​​សង្ឃឹម​ថា តាម​រយៈ​​នៃដំណើរ​ទស្សនកិច្ច​​ របស់​ក្រុម​សមាជិក​សភា​ពាណិជ្ជកម្ម​និង​ឧស្សា​ហកម្ម​ម៉ាឡេស៊ី នាពេល​​នេះ​ ទំហំ​នៃទុន​វិនិយោគ​​​ម៉ាឡេស៊ី​នៅ​កម្ពុជា​​នឹង​មានការ​កើន​ឡើង​​​ខ្ពស់​​​ដូចជា​​ប៉ុន្មាន​​ឆ្នាំ​មុន​ដែល​ម៉ាឡេស៊ី​មាន​ចំណាត់​​ថ្នាក់​លេខ​៣​ ក្នុង​បណ្តា​ប្រទេស​ដែល​មាន​ទុន​វិនិយោគ​ច្រើន​ជាងគេ​នៅកម្ពុជា ។

លោក​ Datuk Pengiran’Hj  ឯកអគ្គ​​រាជទូត​​ម៉ាឡេស៊ី​ប្រចាំកម្ពុជា មាន​ប្រសាសន៍​ថា ទាំង​កម្ពុជា​​និង​ម៉ាឡេស៊ី​មានដំណើរ​អភិឌ្ឍន៍​​​ ប្រទេស​​​ប្រហាក់​​ប្រហែល​គ្នា​ ។ ក្រោយពី​​ទទួល​បាន​ឯករាជ្យ​នាឆ្នាំ​​១៩៥៨ ម៉ាឡេស៊ី​បាន​ចាប់​យក​វិស័យ​​កសិកម្ម​ជា​ផ្នែក​អាទិភាព​​ក្នុង​ការ​អភិវឌ្ឍប្រទេស ។ រហូត​មក​ដល់​​ឆ្នាំ​១៩៦០ ម៉ាឡេស៊ី​​បាន​ប្តូរ​ពី​កសិកម្ម​​មក​ឧស្សា​ហកម្ម​​វិញ​ ដែល​ធ្វើ​​ឱ្យ​ម៉ាឡេស៊ី​​​មានការ​​​រីក​ចម្រើន​​យ៉ាង​​ឆាប់​​​រហ័ស​​ ។  លោក​​​បញ្ជាក់​ថា  ទំហំ​វិនិយោគ​​​ម៉ាឡេ​​ស៊ី​នៅកម្ពុជា​ក្នុង​ឆ្នាំ​២០១០ មាន​ប្រមាណ​​៣.៣៣៩​​ពាន់​​លាន​​ដុល្លារ ដោយ​គ្រប​ដណ្តប់​​លើ​ផ្នែក​​សណ្ឋាគារ​ ធនាគារ​ រោងចក្រ​​កាត់​ដេរ ថាម​ពល​ និង​វិស័យ​ផ្សេងៗ​ជាច្រើន​ទៀត ។ លោក​​រំពឹង​​ថា នាប៉ុន្មាន​​​ឆ្នាំ​ខាង​មុខ​​នេះ​ទំហំ​នៃទុន​វិនិ​យោគ​​​​នឹង​កើន​ឡើង​ខ្ពស់​ ព្រោះ​វិនិយោគិន​​ម៉ាឡេស៊ី​ ជាច្រើន​កំពុង​ចាប់​អារម្មណ៍​​ និង​​ស្វែង​រក​ឱកាស​​​វិនិយោគ​នៅ​កម្ពុជា ៕