ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​អ្នក​ប្រយុទ្ធ​កណ្ដាប់ដៃ​ដែក ប្រជុំ​ដោយ​កីឡាករ​ជើង​ខ្លាំង​កម្ពុជា​-​ថៃ​-​ឡាវ​8​រូប

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​អន្តរជាតិ​ដែល​មានឈ្មោះ​ថា កំពូល​អ្នក​ប្រយុទ្ធ​កណ្ដាប់ដៃ​ដែក ISI Palm នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​នឹង​ត្រូវ​ចាប់ផ្ដើម​នៅ​ថ្ងៃ​អាទិត្យ​ទី​៤ កុម្ភៈ ស​ប្ដា​ហ៍​នេះ ដោយ​មាន​កីឡាករ​ជើង​ខ្លាំង​កម្ពុជា​៤​នាក់…

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​អន្តរជាតិ​ដែល​មានឈ្មោះ​ថា កំពូល​អ្នក​ប្រយុទ្ធ​កណ្ដាប់ដៃ​ដែក ISI Palm នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​នឹង​ត្រូវ​ចាប់ផ្ដើម​នៅ​ថ្ងៃ​អាទិត្យ​ទី​៤ កុម្ភៈ ស​ប្ដា​ហ៍​នេះ ដោយ​មាន​កីឡាករ​ជើង​ខ្លាំង​កម្ពុជា​៤​នាក់ ថៃ​២​នាក់ និង​ឡាវ​២​នាក់​ប្រកួត​គ្នា​។

លោក ស៊ី​ថូ ណា​ថា​ន់ អ្នកគ្រប់គ្រង​កម្មវិធី​ប្រកួត​ប្រចាំ​ស្ថានីយទូរទស្សន៍​ស៊ី​អិន​ស៊ី​បានឱ្យ​ដឹង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​រសៀល​ថ្ងៃ​ទី​២៨ មក​រា ថា ការ​ប្រកួត​នេះ​ធ្វើ​ឡើង​​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម ដែល​មាន​កីឡាករ​កម្ពុជា​៤​រូប ដូច​ជា​ឡៅ ច​ន្ទ្រា
មក​ពី​ក្លិប​កងទ័ព​ឆត្រយោង​៩១១, ឆៃ សា​រ៉ា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួង​ការពារ
ជាតិ​, ពុទ្ធ ឆាយ​រិ​ទ្ធី មក​ពី​ក្លិប​ពុទ្ធ​សិរី​វង្ស​ពោធិ​សែន​ជ័យ និង​មាស សុ​ជាតិ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ។ ចំណែក​កីឡាករ​ថៃ​២​រូប​មាន​នឹង​ត្រា​កាន​ក​.​កា​មន្ត​វ៉ា​ត់ និង​កីឡាករ រុង​ណា​ក់​ផា ស​.​សំ​រ៉ូង យី​ម និង​កីឡាករ​ឡាវ​២​រូប​ទៀត​មាន​កីឡាករ​ ឆាន​ឆៃ ស៊ី​ត​.​ស​.​ថ ណា​ក់​រ៉ុ​ង និង​កីឡាករ ផា​ន់​ឆៃ រុង​រៀន​ក្រៈ​ធា​ម​វិ​ត្យា ។

ការ​ប្រកួត​នេះ​ធ្វើ​ឡើង​តាម​រូបមន្ត​ជម្រុះ​ក្នុង​ពូ​ល​ដោយ​ពូ​លកម្ពុជា​មាន​កីឡាករ​៤​រូប​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ និង​ឡាវ​រួម​គ្នា​។

លោក ហូរ រតនៈ អគ្គនាយក​ស្ថានីយ​ទូរ​ទស្សន៍​ស៊ី​អិន​ស៊ី បានឱ្យ​ដឹង​ថា កម្មវិធី​ប្រកួត​ពាន​អន្តរជាតិ​កំពូល​អ្នក​ប្រយុទ្ធ​កណ្ដាប់ដៃ​ដែក នា​ពេល​នេះ​កើតឡើង​ដោយ​ការ​សហការ​គ្នា​រវាង​ស្ថានីយទូរទស្សន៍​ស៊ី​អិន​ស៊ី និង​ក្រុមហ៊ុន ISI Steel ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ពី​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ។ លោក​ឱ្យ​ដឹង​ទៀត​ថា គោលបំណង​សំខាន់​ដែល​ស្ថានីយទូរទស្សន៍​ស៊ី​អិន​ស៊ី​រៀប​ចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​កំពូល​អ្នក​ប្រយុទ្ធ​កណ្ដាប់ដៃ​ដែក​នេះ​ឡើង​គឺ​ដើម្បី​ចូលរួម​ចំណែក​លើក​ស្ទួយ​ក៏​ដូច​ជា​ការ​អភិវឌ្ឍ​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​ឱ្យ​កាន់តែ​រីក​ចម្រើន​និង​ពង្រីក​មុខមាត់​ថែម​ទៀត​នៅ​លើ​ឆាក​អន្តរជាតិ ។ ជាង​នេះ​ទៅ​ទៀត​ក៏​ជា​ការ​រួមចំណែក​លើក​ស្ទួយ​ជីវភាព​កីឡាករ​ប្រដាល់​គុន​ខ្មែរ​ឱ្យ​កាន់តែ​ល្អ​ថែម​មួយ​កម្រិត​ទៀត​។

លោក សុខ វិចិត្រ នាយក​ផ្នែក​លក់​ក្រុមហ៊ុន ISI Steel​បានឱ្យ​ដឹងផង​ដែរ​ថា ក្រុមហ៊ុន​របស់​លោក​ដែល​បាន​សហការ​ជាមួយ​ស្ថានីយ​ទូរ​ទស្សន៍​ស៊ី​អិន​ស៊ី​ផលិតកម្ម​វិធី​ប្រកួត​ប្រដាល់​ដណ្ដើម​ពានរង្វាន់​អន្តរជាតិ កំពូល​អ្នក​ប្រយុទ្ធ​កណ្ដាប់ដៃ​ដែក​នេះ​ឡើង ដើម្បី​លើក​ស្ទួយ​និង​អភិ​រក្ស​វិស័យ​កីឡាប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ ក៏​ដូច​ជា​បម្រើ​អារម្មណ៍​ទស្សនិកជន​ដែល​និយម​ចូល​ចិត្ត​វិស័យ​កីឡាប្រដាល់​ផង​ដែរ ។ ការ​ប្រកួត​នេះ​ធ្វើ​ឡើង​រៀងរាល់ថ្ងៃ​អាទិត្យ​វេលា​ម៉ោង​១១​ថ្ងៃត្រង់​។

លោក ម៉ិ​ល កាដូ អគ្គលេខាធិការ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បានឱ្យ​ដឹង​ថា កន្លង​មក
សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា តែង​រួមចំណែក​និង​ផ្ដល់​នូវ​កិច្ចសហការ​យ៉ាង​ល្អជា​មួយ​ស្ថានីយទូរទស្សន៍​ស៊ី​អិន​ស៊ី​ក៏​ដូច​ជា​បណ្ដា​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​ចាប់អារម្មណ៍​ជាមួយ​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​នេះ ។

មិនតែប៉ុណ្ណោះ សហព័ន្ធ​តែងតែ​ដាស់តឿន​ដល់​កីឡាករ ក៏​ដូច​ជា​គ្រូបង្ហាត់ ធ្វើ​យ៉ាងណា​ត្រូវ​តែ​រក្សា​ឱ្យ​បាន​នូវ​ភាព​ថ្លៃថ្នូរ​ក្នុង​នាម​យើង​ជា​ម្ចាស់​ក្បាច់គុន​បុរាណ​ខ្មែរ ។ ជា​ពិសេស​ដូច​ជា​កម្មវិធី​កំពូល​អ្នក​ប្រយុទ្ធ​កណ្ដាប់ដៃ​ដែក​លើក​នេះ លោក​នឹង​គាំទ្រ​ឱ្យ​បាន​ពេញ​ទំហឹង ព្រោះ​ថាបើ​ពុំ​មាន​ដៃគូ​សហការ​ពី​វិស័យ​ឯកជន​ទេ​នោះ វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​ពិតជា​មិន​អាច​រីក​ចម្រើន​ទៅ​បាន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ