ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់បានឆក់ខ្សែភ្លើងឆេះស្លាប់ ខណៈពេលផ្ទៃមេឃកំពុងធ្លាក់ភ្លៀងស្រិចៗ នៅក្នុងឃ្លាំងលក់ទិញអេតចាយទំហំ២០ម៉ែត្រគុណ២៥ម៉ែត្រ ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងនៅវេលាម៉ោង០៨និង២៤នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅភូមិភ្នំតូចជើង ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យនេះ ឈ្មោះ ធូ តាំងហូវ ហៅតាំង ភេទស្រី អាយុ៤៧ឆ្នាំ ជាស្ត្រីមេម៉ាយមានកូនប្រុសស្រីចំនួន៣នាក់ រស់នៅភូមិភ្នំតូចជើង ឃុំភ្នំតូច ខេត្តបន្ទាយមានជ័យ ។
លោកអធិការបានបញ្ជាក់ថា តាមសាក្សីឃើញហេតុការណ៍នោះនិយាយថា មុនពេលកើតហេតុជនរងគ្រោះបានដេកនៅក្នុងបន្ទប់ម្នាក់ឯង ក៏ស្រាប់តែឃើញមានផ្សែងភ្លើងហុយចេញពីក្នុងបន្ទប់ ចំណែកកូនៗទៅរៀនអស់ ។ នៅពេលកើតមានគ្រោះអគ្គិភ័យនេះដែរ មានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាន ចំនួន៣គ្រឿង រួមទាំងកម្លាំងនគរបាលស្រុកមង្គលបូរី និងប្រជាពលរដ្ឋនៅក្បែរខាងជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ទើបរលត់អស់ទាំងស្រុង មិនរាលដាលឆេះសម្ភារក្នុងឃ្លាំងនោះបន្តទៀតឡើយ ។ ចំពោះសម្ភារដែលខូចខាតមានម៉ាស៊ីនត្រជាក់១គ្រឿង, គ្រែដេក១, ពួក១ និងភួយ១ ។
លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ បានបានបញ្ជាក់បន្ថែមថា តាមការពិនិត្យនៅលើដឹងខ្លួនសព ឃើញមានខ្សែភ្លើងព័ទ្ធលើខ្លួន ដូច្នេះបើតាមការសន្និដ្ឋានជំហ៊ានដំបូង សង្ស័យជនរងគ្រោះគាត់យកឌុយខ្សែភ្លើងដោយនឹងព្រីភ្លើង បណ្ដាលឲ្យទុស្សេឆេះហើយឆក់ស្លាប់តែម្តង ៕
ចែករំលែកព័តមាននេះ