ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​មិន​ប្រាកដប្រជា​នៃ​ទីផ្សារ ធ្វើ​ឱ្យ​តម្លៃ​ផលិតផល​កសិកម្ម​ក្នុងស្រុក​មិន​ស្ថិតស្ថេរ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​ជា​ប្រទេស​កសិកម្ម​ដ៏​ល្បី​មួយ​នៅ​ក្នុង​តំបន់​អាស៊ី ថែម​ទាំង​បាន​នាំ​ចេញ​នូវ​ផលិតផល​កសិកម្ម​របស់​ខ្លួន​ទៅ​កាន់​បណ្ដា​ប្រទេស​ធំ​ៗ​ទាំង​ក្នុង​និង​ក្រៅ​តំបន់ ប៉ុន្តែ​ការ​នាំ​ចេញ​ទាំងនោះ​ហាក់​នៅ​មាន​កម្រិត​តិចតួច​នៅឡើយ ខណៈ​ដែល​ការ​នាំ​ចូល​មាន​ចំនួន​ច្រើន​លើសលប់ ។ កត្តា​ទាំងនេះ​ហើយ បាន​ធ្វើ​ឲ្យ​កសិករ​ជា​អ្នក​ផលិត​មួយ​ចំនួន​បាន​បោះបង់ ហើយ​ងាក​ទៅ​គាំទ្រ​ផលិតផល​បរទេស​វិញ…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​ជា​ប្រទេស​កសិកម្ម​ដ៏​ល្បី​មួយ​នៅ​ក្នុង​តំបន់​អាស៊ី ថែម​ទាំង​បាន​នាំ​ចេញ​នូវ​ផលិតផល​កសិកម្ម​របស់​ខ្លួន​ទៅ​កាន់​បណ្ដា​ប្រទេស​ធំ​ៗ​ទាំង​ក្នុង​និង​ក្រៅ​តំបន់ ប៉ុន្តែ​ការ​នាំ​ចេញ​ទាំងនោះ​ហាក់​នៅ​មាន​កម្រិត​តិចតួច​នៅឡើយ ខណៈ​ដែល​ការ​នាំ​ចូល​មាន​ចំនួន​ច្រើន​លើសលប់ ។ កត្តា​ទាំងនេះ​ហើយ បាន​ធ្វើ​ឲ្យ​កសិករ​ជា​អ្នក​ផលិត​មួយ​ចំនួន​បាន​បោះបង់ ហើយ​ងាក​ទៅ​គាំទ្រ​ផលិតផល​បរទេស​វិញ ដែល​ធ្វើ​ឲ្យ​ផលិត​ផល​ក្នុងស្រុក​មិន​អាច​ផ្គត់ផ្គង់​គ្រប់គ្រាន់ ទីផ្សារ​មិន​ប្រាកដប្រជា និង​តម្លៃ​មិន​ស្ថិតស្ថេរ ពោល​គឺ​ស្ថិត​នៅ​លើ​ប្រទេស​ជិតខាង​ជា​អ្នក​កំណត់ ។

ជា​ការ​កត់សម្គាល់ ផលិតផល​កសិកម្ម​ក្នុងស្រុក ជា​ពិសេស​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​កម្ពុជា ប្រែប្រួល​ទៅ​តាម​ស្ថានភាព​ប្រទេស​ជិតខាង​។ ជាក់ស្ដែង ផលិតផល​ដំឡូង​មី ពោត សណ្ដែក និង​ស្រូវ ហាក់ដូចជា​ឈ្មួញ​នៅ​ប្រទេស​ជិតខាង​ទាំងនោះ​ជា​កំណត់​តម្លៃ ពោល​គឺ​នៅ​មាន​តម្រូវការ គេ​ឲ្យ​តម្លៃ​ខ្ពស់​បន្តិច ប៉ុន្តែ​នៅ​ពេល​ទីផ្សារ​គ្រប់គ្រាន់​ហើយ​នោះ ក៏​ទម្លាក់​តម្លៃ​វិញ​តែ​ម្ដង ឬ​ហៅ​ថា​គ្មាន​ទីផ្សារ ។ ទាំងនេះ​ហើយ​ដែល​ធ្វើ​ឲ្យ​កសិករ​គ្មាន​​ទឹកចិត្ត​ក្នុង​ការ​ផលិត ហើយ​ងាក​មក​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ដើម្បី​បំពេញ​តម្រូវការ​ក្នុងស្រុក ។

បើ​តាម​តំណាង​សហគមន៍​គ្រឹ​ង​លាវ ក្នុង​ខេត្តកំពង់ឆ្នាំង លោក គង់ វុ​ទ្ធី បាន​ឲ្យ​ដឹង​ថា ផលិតផល​កសិកម្ម​របស់​ប្រជា​កសិករ​ក្នុង​សហគមន៍ គឺ​សម្បូរ​ទៅ​តាម​រដូវ​កាល ហើយ​នៅ​ពេល​ផលិត​សម្បូរ បែរជា​តម្លៃ​មិនសូវ​បាន​ខ្ពស់ ប៉ុន្តែ​នៅ​ពេល​រដូវ​ខ្សត់ បែរជា​តម្លៃ​ឡើង​ខ្ពស់ ។ លោក​ចង់​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ និង​ថ្នាក់ដឹកនាំ​ជួយ​រក្សា​ទីផ្សារ​ច្បាស់លាស់​សម្រាប់​ផលិតផល​កសិកម្ម​ក្នុងស្រុក ។

លោក ហ៊ា​ង លេ​វ ប្រធាន​សមាគម​ដំឡូង​មី​ក្នុង​ខេត្ត​ប៉ៃលិន ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ឈ្មួញ​ពី​ប្រទេស​ជិតខាង​តែងតែ​មក​ក្រឡុក​តម្លៃ​ដំឡូង​មី​ក្នុងស្រុក ដោយពេល​ខ្លះ​គេ​ក៏​ឲ្យ​តម្លៃ​ខ្ពស់ ហើយ​ពេល​ខ្លះ​ក៏​ឲ្យ​តម្លៃ​ទាប មិន​ស្ថិតស្ថេរ​ឡើយ ។ លោក​ថា ៖« តាម​រយៈ​ទីផ្សារ​មិន​ច្បាស់លាស់ កសិករ​ហាក់​មាន​ទំនោរ​ទៅ​តាម​តម្លៃ​កសិផល​។ ជាក់ស្ដែង ពេល​តម្លៃ​សណ្ដែក​ឡើងថ្លៃ​ក៏​នាំ​គ្នា​ដាំ​សណ្ដែក តែ​នៅ​ពេល​បាន​ផល​សណ្ដែក​ចុះថ្លៃ​វិញ ហើយ​តម្លៃ​ផលិតផល​ផ្សេង​ឡើង​វិញ​ដូច​ជា ដំឡូង ឬ​ពោត អីចឹង​ហើយ​កសិករ​នៅ​តែ​មិន​អាច​រក​ប្រាក់​ចំណូល​បាន​ខ្ពស់​ដដែល »​។

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ ធ្លាប់​បាន​លើក​ឡើង​ថា ក្នុង​នាម​ជា​ក្រសួង​ស្ថាប័ន​ដែល​ស្វែងរក​ទីផ្សារ​ជូន​ផលិតផល​ក្នុងស្រុក តែងតែ​ខិតខំ​ផ្សព្វផ្សាយ​ពី​ផលិតផល​ក្នុងស្រុក​ទៅ​កាន់​បរទេស​ឲ្យ​គេ​បាន​ស្គាល់ និង​ទទួលយក​ផលិតផល​ទាំង​នោះ​ទៅ​កាន់​ប្រទេស​គេ ។ ជាក់ស្ដែង ក្រសួង​តែងតែ​រៀបចំ​ជា​ព្រឹត្តិការណ៍​បង្ហាញ​ផលិតផល​ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ ដើម្បី​ផ្ដល់​ឱកាស​ដល់​អ្នក​ផលិត​នាំ​យក​ផលិតផល​របស់​ខ្លួន​មក​ដាក់​បង្ហាញ​ឲ្យ​មើល ។

លោក​បន្ត​ថា ម្យ៉ាងទៀត រាជរដ្ឋាភិបាល​ក៏​បាន​ខិតខំ​ប្រឹងប្រែង​ស្វែងរក និង​អំពាវនាវ​ឲ្យ​មានការ​វិនិយោគ​លើ​ការ​កែ​ច្នៃ​ផលិតផល​ក្នុងស្រុក​មុន​នឹង​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរ​ជាតិ ហើយ​ជា​លទ្ធផល ក៏​មាន​វិនិយោគិន​ក្នុងស្រុក និង​ក្រៅ​ស្រុក​មួយ​ចំនួន​បាន​មក​បណ្ដាក់ទុន​វិនិយោគ​លើ​រោងចក្រ​កែ​ច្នៃ​ផលិតផល​ក្នុងស្រុក ។ ទោះជា​យ៉ាងណា ក៏​មិន​ទាន់​ឆ្លើយ​តប​នៅឡើយ​ទេ ដូចនេះ យើង​ត្រូវ​តែ​បន្ត​អំពាវនាវ​ឲ្យ​មានការ​វិនិយោគ​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ