ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ទីតាំង​គម្រោង​សាងសង់​ព្រ​លាន​យន្ដហោះ​ថ្មី នឹង​ប៉ះពាល់​ការ​ពង្រីក​ទីក្រុង​ឬ​យ៉ាងណា ?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​មួយ ដែល​មាន​តម្លៃ​ទឹកប្រាក់​ប្រមាណ​ជាង​១​ពាន់​លាន​ដុល្លារ លើ​ផ្ទៃដី​៧០០​ហិ​កតា ដែល​តាម​គម្រោង​ថា​នឹង​សាងសង់​នៅ​តំបន់​វាល​បឹង​កំ​ផ្លោ​ក​ដ៏​ធំ​មួយ​(​ហៅ​បឹង​រៀន​)​ស្ថិត​ក្នុងស្រុក​កណ្តាល​ស្ទឹង ខេត្តកណ្តាល ត្រូវ​បាន​អ្នកជំនាញ​សេដ្ឋកិច្ច​មើលឃើញ​ថា ទីតាំង​គម្រោង​នេះ​ហាក់​នៅ​កៀក​នឹង​ទីក្រុង​ពេក ខណៈ​កំណើនប្រជាជន​នៅ​ទីក្រុង​ភ្នំពេញ​ឡើង​ឥត​ឈប់​ឈរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ…

រាជធានី​ភ្នំពេញ ៖ គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​មួយ ដែល​មាន​តម្លៃ​ទឹកប្រាក់​ប្រមាណ​ជាង​១​ពាន់​លាន​ដុល្លារ លើ​ផ្ទៃដី​៧០០​ហិ​កតា ដែល​តាម​គម្រោង​ថា​នឹង​សាងសង់​នៅ​តំបន់​វាល​បឹង​កំ​ផ្លោ​ក​ដ៏​ធំ​មួយ​(​ហៅ​បឹង​រៀន​)​ស្ថិត​ក្នុងស្រុក​កណ្តាល​ស្ទឹង ខេត្តកណ្តាល ត្រូវ​បាន​អ្នកជំនាញ​សេដ្ឋកិច្ច​មើលឃើញ​ថា ទីតាំង​គម្រោង​នេះ​ហាក់​នៅ​កៀក​នឹង​ទីក្រុង​ពេក ខណៈ​កំណើនប្រជាជន​នៅ​ទីក្រុង​ភ្នំពេញ​ឡើង​ឥត​ឈប់​ឈរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដែល​អ្នកជំនាញ​ទាំងនោះ​យល់​ថា គួរតែ​សិក្សា​ឱ្យ​បាន​ច្បាស់លាស់ មុន​នឹង​សាងសង់ ហើយ​ប្រសិនបើ​រក​ទីតាំង​ដែល​ឆ្ងាយ​ជាង​នេះ កាន់តែ​ល្អ ។

បើ​តាម​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល លោក ស៊ិ​ន ចាន់​សិរី​វុ​ត្ថា ដែល​បានឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ ទីតាំង​ព្រ​លាន​យន្តហោះ​ថ្មី​ជា​ផ្ទៃ​បឹង ហើយនឹង​ត្រូវ​បូម​ខ្សាច់​បំពេញ​នា​ពេល​ខាង​មុខ​នេះ ដើម្បី​ចាប់ផ្តើម​សាងសង់​ព្រ​លាន​យន្តហោះ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជុំវិញ ។ គម្រោង​សាងសង់​នេះ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២១ នៅ​តំបន់​វាល​បឹង​កំ​ផ្លោ​ក​ដ៏​ធំ​មួយ​(​ហៅ​បឹង​រៀន​)​ដែល​ស្ថិត​ក្នុង​រង្វង់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​នា​ពេល​អនាគត ពោល បើសិនជា​គិត​ពី​កន្ទុយ​ផ្លូវ​៦០​ម៉ែត្រ គឺ​ទីតាំង​ព្រ​លាន​យន្តហោះ​ថ្មី​នេះ មាន​ចម្ងាយ​ប្រមាណ​៩​គីឡូម៉ែត្រ​ប៉ុណ្ណោះ ។

អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​វិនិយោគ​នៃ​ក្រុមហ៊ុន Emerging Markets Consulting លោក ង៉ែត ជូ បាន​ប្រាប់​កោះសន្តិភាព​ថា ប្រសិនបើ​សម្រេច​សាងសង់ ព្រ​លាន​យន្តហោះ​ថ្មី​នៅ​តំបន់​នោះ​មែន វា​ហាក់​នៅ​កៀក​ទីក្រុង​ពេក ដោយ​សារ​ទីក្រុង​ភ្នំពេញ​បច្ចុប្បន្ន​កំពុង​តែ​មានការ​អភិវឌ្ឍ​លឿន ជា​ពិសេស​កំណើន​ប្រជា​ពលរដ្ឋ​ដែល​កើន​ឡើងជា​លំដាប់ ដែល​រហូត​ដល់​ឆ្នាំ​២០៣៥ អាច​នឹង​កើន​រហូត​ទៅ​ជាង​៣​លាន​នាក់ ។

លោក​លើក​ឡើង​ដូច្នេះ​ថា ៖« វា​ប៉ះពាល់ ជា​ឧបសគ្គ​ក្នុង​ការ​ពង្រីក​ទីក្រុង ព្រោះ​យើង​អត់​បាន​សិក្សា​ច្បាស់លាស់ បើ​ដឹង​ថា​កំណើនប្រជាជន​យើង​នឹង​កើន យើង​ត្រូវការ​ទីតាំង​ច្រើន​ដើម្បី​ពង្រីក​ក្រុង ពេល​យើង​ដាក់​ព្រ​លាន​យន្តហោះ​នៅ​ជិត​ក្រុង​ពេក វា​ទៅ​ជា​ឧបសគ្គ »​។

លោក​បន្ថែម​ថា មុន​នឹង​សាងសង់​អ្វីមួយ គួរតែ​មានការ​សិក្សា​ឱ្យ​បាន​ច្បាស់ ៖« កន្លង​មក​យើង​អត់​ទាន់​ដឹង​ថា​មានការ​សិក្សា​ច្បាស់លាស់​ហើយ​ឬ​នៅទេ ប្រសិនបើ​មានការ​សិក្សា​ហើយ ខ្ញុំ​គិត​ថា​លទ្ធផល​នៃ​ការ​សិក្សា​គួរតែ​ចែករំលែក មុន​នឹង​ការ​ចែករំលែក​ព័ត៌មាន​នៃ​ការ​សម្រេចចិត្ត​សាងសង់ »​។

ព្រ​លាន​យន្តហោះ​អន្តរជាតិ​ថ្មី​នេះ គឺជា​ការ​វិនិយោគ​ដោយ​ក្រុមហ៊ុន «​ខេ​ម​បូ​ឌា អ៊ែ​រ​ផត អ៊ិ​ន​វេស​មិន ខូ អិ​ល​ធី​ឌី ( Cambodia Airport Investment Co,ltd » ដែល​ជា​ក្រុមហ៊ុន​ភាព​ជា​ដៃគូ​វិនិយោគ​រវាង​វិស័យ​សាធារណៈ​និង​ឯកជន (PPP) ដោយ​គ្រោង​នឹង​សាង​សង់​​លើ​ផ្ទៃដី​ទំហំ​ប្រមាណ​២.៦០០​ហិ​កតា ។ គម្រោង​សាងសង​ព្រ​លាន​យន្តហោះ​ខ្នាត​​យក្ស​មួយ​នេះ មាន​ទុន​វិនិយោគ​សរុប​១.៥០០​លាន​ដុល្លារ​អា​មេ​រិ​ក ។ ក្នុង​ចំណោម​ទឹកប្រាក់​វិនិយោគ​នោះ មួយ​ភាគ​ធំ​គឺជា​កម្ចី​ពី​ធនាគារ​ចិន ដែល​មាន​ចំនួន​ទឹកប្រាក់​១.១០០​ដុល្លារ និង​មួយ​ផ្នែក​ទៀត​គឺជា​របស់​ក្រុមហ៊ុន​អូ​ស៊ី​អាយ​ស៊ី​(OCIC)​របស់​លោក​ឧកញ៉ា ពុង ឃាវ​សែ ។

លោក​បណ្ឌិត គី សិរី​វឌ្ឍន៍ បណ្ឌិត​សេដ្ឋកិច្ច និង​ជា​អ្នក​ស្រាវជ្រាវ​នៅ​រាជបណ្ឌិត្យសភា មាន​ប្រសាសន៍​ដែរ​ថា វា​ជា​រឿង​ល្អ​ដែល​កម្ពុជា​សាងសង់​ព្រ​លាន​យន្តហោះ​ថ្មី ដោយ​សារ​កម្ពុជា ត្រូវការ​ព្រ​លាន​យន្តហោះ​ដែល​មាន​លទ្ធភាព​ឱ្យ​យន្ដហោះ​ធំ​ៗ​អាច​ចុះ​ចត​បាន ព្រោះ​កន្លង​មក កម្ពុជា​បាន​ខាត​ជើង​យន្ដហោះ​ច្រើន ព្រោះតែ​គ្មាន​កន្លែង​ឲ្យ​យន្ដហោះ​ប្រភេទ​ធំ​ៗ​ចុះ​ចត​បាន ។

ចំពោះ​ទីតាំង​គ្រោង​នឹង​សាងសង់​នេះ លោក​លើក​ឡើង​ថា វា​ហាក់​នៅ​ជិត​ក្រុង​ពេក បើ​បាន​ទីតាំង​ឆ្ងាយ​ជាង​នេះ រឹតតែ​ល្អ ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​ការ​ពង្រីក​ក្រុង​នា​ពេល​អនាគត ។ បែប​នេះ​ក្តី លោក​បញ្ជាក់​ថា ទីតាំង​នេះ​ក៏​អាច​ទទួលយក​បាន​ដែរ ព្រោះ​នៅ​តំបន់​វាល​ដែល​វា​សម​ស្រប ក្នុង​ការ​សាងសង់ និង​សម​ស្រប​កម្រិត​សេដ្ឋកិច្ច​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន ។

បណ្ឌិត​សេដ្ឋកិច្ច​រូប​នេះ​បាន​បន្ត​ថា ៖ « សម្រាប់​ពេល​អនាគត វា​នឹង​អាច​មាន​ផល​ប៉ះ​ពាល់​ទៅ​លើ​ការ​ពង្រីក​ទីក្រុង ព្រោះ​ទីក្រុង​នឹង​ធំ​ជាង​ហ្នឹង ដូច្នេះ​ហើយ ក្នុង​រង្វង់​៩​គីឡូ (​ពី​កន្ទុយ​ផ្លូវ​៦០​ម៉ែត្រ​) ហាក់ដូចជា​ជិត ។ ដូច​ខ្ញុំ​និយាយ​ថា ក្នុង​ចំណាក់​កាល​នេះ​ក្នុង​ចម្ងាយ​ប៉ុណ្ណេះ មិន​ទាន់​អី​ទេ ប៉ុន្តែ​នៅ​ពេល​អនាគត ប្រហែលជា​២០​ឬ​៣០​ឆ្នាំ​ទៀត ការ​ពង្រីក​ទីក្រុង​នឹង​អាច​ឈាន​ធំ​ជាង​ហ្នឹង ។ បើ​យើង​មើល​ពី​ប្រវត្តិ​នៃ​ការ​កសាង​ព្រ​លាន​យន្ត​ហោះ​​កន្លង​មក ដូច​ពោធិ៍​ចិន​តុង​ហ្នឹង កាលពីមុន​នៅ​ជាយក្រុង តែ​ឥឡូវ​វា​ក្លាយជា​កណ្តាល​​ក្រុង ព្រ​លាន​យន្តហោះ​មួយ​នៅ​បាត់ដំបង​ដែល​ហៅ​វាល​បែក​ចាន កាលពីមុន​ក៏​វា​នៅ​ជាយក្រុង​ដែរ តែ​ឥឡូវ​វា​នៅ​កណ្តាល​ក្រុង​ដែរ​»​។

លោក​បន្ថែម បើ​ពង្រីក​ក្រុង​នា​ពេល​អនាគត គួរ​កុំ​ពង្រីក​ទៅ​ទិស​ខាង​នោះ​ទៀត អាច​បង្វែរ​មក​ទិស​ផ្សេង​វិញ ដើម្បី​កុំ​ប៉ះពាល់​ដល់​ព្រ​លាន​យន្តហោះ​នេះ ។

បណ្ឌិត​សេដ្ឋកិច្ច​រូប​នេះ​បាន​ពន្យល់​បន្ថែម​ថា​៖ « ការ​ពង្រីក​ទីក្រុង​នឹង​មិន​ទៅ​ទិស​ហ្នឹង​ទៀត​​ទេ គួរ​ងាក​មក​ទិស​ខាងលិច ឬ​ទិស​ខាងជើង​វិញ​ដែល​អត់​មាន​ផល​ប៉ះពាល់​ទៅ​លើ​ទីក្រុង ព្រោះ​យន្តហោះ​ភាគច្រើន​ត្រូវ​ហោះ​លើ​តំបន់​វាលទំនាប បើប្រសិន​ព្រ​លាន​យន្ត​ហោះ​ធ្វើ​នៅ​ទីតាំង​ផ្សេង ក៏​វា​អត់​សម​ស្រប ព្រោះ​កន្លែង​ផ្សេង​មាន​តំបន់​ភ្នំ​ច្រើន​ណាស់ ឧទាហរណ៍​ដូច​ជា​នៅ​ខាង​កំពង់ស្ពឺ គឺ​មាន​ភ្នំ​ច្រើន​ណាស់ វា​គឺជា​ចំណុច​ពិបាក​។ ទី​២ ហេដ្ឋារចនាសម្ព័ន្ធ​ក៏​មានការ​លំបាក ព្រោះ​នៅ​ពេល​ធ្វើ​ព្រ​លាន​យន្តហោះ​ឆ្ងាយ យើង​ត្រូវធ្វើ​ផ្លូវ​សម្រាប់​ធ្វើ​ដំណើរ​ពី​ព្រ​លាន​យន្តហោះ និង​ទី​៣ ត្រូវធ្វើ​ឱ្យ​មាន​តំបន់​អភិវឌ្ឍន៍​ដើម្បី​រុញ​ឱ្យ​ព្រ​លាន​យន្ត​នេះ​មានដំណើ​ការ​សេដ្ឋកិច្ច »​។

យ៉ាងណាមិញ បើ​តាម​លោក ស៊ិ​ន ចាន់​សិរី​វុ​ត្ថា បាន​ថ្លែង​ឲ្យ​ដឹង​ថា ការ​សាងសង់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ អាច​នឹង​ចាប់ផ្តើម​នៅ​ដើមឆ្នាំ​២០១៩​ខាង​មុខ ដោយសារ​គម្រោង​នេះ​បាន​អនុម័ត និង​មាន​ប្លង់​ស្ថាបត្យកម្ម​រួច​ហើយ ហេតុនេះ​រង់ចាំ​តែ​ពេលវេលា​ចរចា​រវាង​រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន​វិនិយោគ​សាងសង់​ព្រ​លាន​នេះ​ប៉ុណ្ណោះ ។

ខណៈ​ដែល​ទីតាំង​នេះ មិន​ទាន់​សម្រេច​ជា​ផ្លូវការ លោក ង៉ែត ជូ យល់​ថា គម្រោង​សាង​សង់​ព្រ​លាន​យន្តហោះ​ខា្ន​ត​ធំ ដែល​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យ​កាន់​ច្រើន​មក​កម្ពុ​ជាមួយ​នេះ គួរ​ធ្វើ​នៅ​ទីតាំង​ឆ្ងាយ​ជាង​នេះ ដូច​ជា​នៅ​ខេត្តកំពង់ឆ្នាំង​ជាដើម ។

លោក ង៉ែត ជូ ថ្លែង​ថា ៖« ខ្ញុំ​មិនមែន​ជា​អ្នកបច្ចេកទេស​ទេ ប៉ុន្តែ​បើ​យើង​មើល​ពី​ចំណុច​មួយ​​ដែល​ទាក់ទង​ជាមួយនឹង​សក្តានុពល​ការ​អភិវឌ្ឍ​ក្រុង ហើយ​តម្រូវការ​ទៅ​តាំង​លំនៅ​ឋាន​ជុំវិញ​ទីក្រុង​ភ្នំពេញ​ហ្នឹង ជា​ពិសេស​វា​នៅ​តំបន់​ដែល​គេ​គ្រោងទុក​ថា​ប្រហែល​៩​គីឡូ​ពី​ផ្លូវ​៦០​ម៉ែត្រ​អីហ្នឹង ខ្ញុំ​គិត​ថា​កៀក​ពេក​ហើយ ដូច​នៅ​កំពង់ឆ្នាំង​អី​ក៏​ល្អ​ដែរ »​។

បើ​តាម​លោក ស៊ិ​ន ចាន់​សិរី​វុ​ត្ថា ព្រ​លាន​យន្តហោះ​នេះ​មាន​ទំហំ​ជាង​៧០០​ហិ​កតា ប្រហាក់ប្រហែល​នឹង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប​ថ្មី​ដែរ ។ ចំណែក​ផ្ទៃដី​ដែល​នៅ​សល់ គឺជា​ទីតាំង​សម្រាប់​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​លំនៅ​ឋាន​នានា ព្រោះ​ការ​វិនិយោគ​ព្រ​លាន​យន្តហោះ មិន​អាច​រក​ផល​ចំណេញ​បាន​ទេ គឺ​មាន​តែ​ការ​រៀបចំ​សេវាកម្ម និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​គាំទ្រ ទើប​អ្នក​វិនិយោគ​អាច​រក​ផល​ចំណេញ​បាន ។

បើ​តាម​ប្លង់​គោល​ទីក្រុង​ភ្នំពេញ ត្រូវ​បាន​ពង្រីក​វិសាលភាព​រហូត​ដល់​ឆ្នាំ​២០៣៥ ដែល​ជា​ប្លង់​តម្រង់​ទិស​មួយ​ត្រូវ​បាន​អនុម័ត​កាលពី​ចុងឆ្នាំ​២០១៥ បាន​ធ្វើ​ឲ្យ​ក្រឡា​ផ្ទៃ​ទីក្រុង​កើន​រហូត​ដល់​ទំហំ​៦៧៨​គីឡូ​ម៉ែត្រការ៉េ ហើយ​អាជ្ញាធរ​រាជធានី​បាន​ធ្វើការ​ពង្រីក​ភូមិ និង​សង្កាត់​មួយ​ចំនួន ដោយ​ផ្អែក​លើ​កត្តា​សំខាន់​ចំនួន​៣​គឺ​កត្តា​ប្រជាសាស្ត្រ​, កត្តា​ភូមិសាស្ត្រ និង​កត្តាសេដ្ឋកិច្ច​សង្គម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ