ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មជ្ឈមណ្ឌល​បង្កាត់ និង​អភិរក្ស​ពូជឈើ នឹង​រួមចំណែក​ការពារ​ឈើ​មេ​នៅ​កម្ពុជា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង លើក​ទី​២ កាលពី​ថ្ងៃ​ទី​១១ មក​រា កន្លង​មក កម្ពុជា​-​ចិន​បាន​ចុះហត្ថលេខា​លើ​គម្រោង​ជា​ច្រើន ក្នុង​នោះ​គម្រោង «​ការ​បង្កើត​មជ្ឈមណ្ឌល​បង្កាត់…

រាជធានី​ភ្នំពេញ ៖ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង លើក​ទី​២ កាលពី​ថ្ងៃ​ទី​១១ មក​រា កន្លង​មក កម្ពុជា​-​ចិន​បាន​ចុះហត្ថលេខា​លើ​គម្រោង​ជា​ច្រើន ក្នុង​នោះ​គម្រោង «​ការ​បង្កើត​មជ្ឈមណ្ឌល​បង្កាត់ និង​អភិរក្ស​ពូជឈើ​មាន​តម្លៃ​នៅ​កម្ពុជា​» ត្រូវ​បាន​ចុះ​ហត្ថ​លេខា​រវាង​លោក​ទេស​រដ្ឋមន្ត្រី វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជាមួយ​លោក ចាង ចៀន​ឡុ​ង ប្រធាន​រដ្ឋបាល​ព្រៃឈើ​ប្រចាំ​ប្រទេស​ចិន ។

បើ​តាម​ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ព្រៃឈើ​-​សត្វព្រៃ គម្រោង​នៃ​ការ​បង្កើត​មជ្ឈមណ្ឌល​បង្កាត់ និង​អភិរក្ស​ពូជឈើ​នេះ មាន​ផ្ទៃដី​សរុប​២០០​ហិ​កតា និង​ចំណាយ​ទឹកប្រាក់​ចំនួន​៥,៥​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​គម្រោង​នេះ​អាច​នឹង​ចាប់ផ្ដើម​នៅ​ចុងឆ្នាំ​២០១៨​។ យ៉ាងណា​ក៏​ដោយ គម្រោង​មួយ​នេះ​អាច​នឹង​ជួប​បញ្ហា​ប្រឈម បើសិនជា​ខ្វះ​ការ​សហការ​ពី​មន្ត្រី និង​ប្រជាពលរដ្ឋ​ដែល​នៅ​ជុំវិញ​តំបន់​នោះ ប៉ុន្តែ​មិន​ទាន់​កំណត់​ថា នៅ​តំបន់​នៃ​ខេត្ត​មួយ​ណា​ឡើយ ។

លោក​បណ្ឌិត សុខ ហេង ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ព្រៃឈើ​-​សត្វព្រៃ បាន​ថ្លែងប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ កាលពី​ថ្ងៃ​ទី​២២ មក​រា ថា គម្រោង​នេះ​នឹង​ចាប់ផ្ដើម​ក្នុង​ត្រីមាស​ទី​៤ គឺ​អាច​នៅ​ចុងឆ្នាំ​២០១៨ ប៉ុន្តែ​យើង​មិន​ទាន់​កំណត់​ថា វា​អាច​ចាប់ផ្ដើម​នៅ​ខេត្ត ឬ​តំបន់​ណាមួយ​ទេ ព្រោះ​យើង​កំពុង​តែ​ធ្វើ​គម្រោង​បន្ត ។

លោក​បណ្ឌិត​បន្ត​ថា ៖« គម្រោង​មួយ​នេះ យើង​មិន​ទាន់​កំណត់​ទីតាំង​ថា នៅ​តំបន់​ណា​មួយ​បាន​ឡើយ ព្រោះ​ទើបតែ​ទទួល​បានការ​គាំទ្រ​ពី​ចិន ហើយ​យើង​កំពុង​តែ​សរសេរ​ជា​គម្រោង​លម្អិត ដែល​ត្រូវការ​រយៈពេល​យូរ​ទម្រាំ​បញ្ចប់ រួច​ត្រូវ​ធ្វើការ​ឯកភាព​គ្នា​ជា​មុន​សិន រហូត​ដល់​ពេល​គេ​ទម្លាក់​លុយ​មក ទើប​យើង​អាច​ចាប់ផ្ដើម​ធ្វើ​បាន » ។

ការ​បង្កើត​មជ្ឈមណ្ឌល​បង្កាត់ និង​អភិរក្ស​ពូជឈើ​មាន​តម្លៃ​ខ្ពស់​នៅ​កម្ពុជា គឺ​ធ្វើ​ឡើង​ដើម្បី​អភិរក្ស​ព្រៃឈើ​ដែល​ជា​ប្រភេទ​ឈើ​មេ​ឲ្យ​នៅ​គង់វង្ស ព្រោះ​ឈើ​សំខាន់​ៗ​មួយ​ចំនួន​ត្រូវ​បាន​បាត់បង់ និង​មួយ​ចំនួន​ទៀត​កំពុង​រង​ការ​គំរាមកំហែង​ពី​មជ្ឈដ្ឋាន​ជុំវិញ​ដូច​ជា ពពួក​គ្រញូង គគីរ នាងនួន កកោះ និង​ពពួក​ឈើ​ព្រៃ​មួយ​ចំនួន​ដែល​ប្រើ​សម្រាប់​គ្រឿងសំណង់ ប្រភេទ​រុក្ខជាតិ​ថ្នាំ និង​រុក្ខជាតិ​មួយ​ចំនួន​ទៀត​ដុះ​តែ​នៅ​តំបន់​ស្រុកស្រែ ។

លោក​បណ្ឌិត សុខ ហេង បន្ថែម​ថា ៖«​ដោយសារ​មិន​ចង់​ឲ្យ​មាន​បញ្ហា​នេះ​កើតឡើង​បន្ត​ទៀត ទាន់​យើង​នៅ​មាន​ដើមឈើ​មាន​តម្លៃ យើង​ត្រូវ​យក​វា​មក​បង្កាត់ បង្កើត​ទៅ​ជា​មេបា​ថ្មី រួច​យក​ទៅ​ដាក់​នៅ​ក្នុង​តំបន់​មួយ​ដែល​មាន​សុវត្ថិភាព គឺ​នៅ​ក្នុង​ចម្ការ​បង្កាត់​ហ្នឹង​តែ​ម្ដង​។ អីចឹង ថ្ងៃក្រោយ​ទៅ ទោះបីជា​បាត់បង់​មេ​នៅ​ក្នុង​ព្រៃ​ក៏​ដោយ ប៉ុន្តែ​នៅ​ក្នុង​តំបន់​យើង​អភិរក្ស វា​នៅ​មាន » ។

ចំពោះ​បញ្ហា​ប្រឈម លោក​មានការ​ព្រួយបារម្ភ ព្រោះ​វា​នឹង​អាច​កើតឡើង ដោយសារ​ការ​អនុវត្ត​គម្រោង​នីមួយ​ៗ​តែងតែ​ជួប​ការ​លំបាក​នៅ​ថ្ងៃក្រោយ ។

លោក​ថា ៖« គម្រោង​មួយ​នេះ​អាច​នឹង​ជួប​បញ្ហា​ច្រើន ទី​១ ទាក់ទង​នឹង​សមត្ថភាព​របស់​យើង ព្រោះ​ការ​បង្កាត់​ពូជឈើ គឺ​ត្រូវការ​អ្នកមាន​ចំណេះដឹង​ខ្ពស់ ហេតុនេះ យើង​ត្រូវការ​បណ្តុះបណ្ដាល​បន្ថែម​ទៅ​កាន់​ពួក​គាត់ រក​មន្ត្រី​ណា​ដែល​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ ។

មួយទៀត​ទាក់ទង​នឹង​ទីតាំង ដោយសារ​ការ​បង្កាត់​ពូជឈើ គឺ​ត្រូវការ​ទីតាំង​ថែរក្សា​ប្រកប​ដោយ​សុវត្ថិភាព ព្រោះ​យើង​ធ្វើ​វារ​ហូត​ទៅ​ដល់​២០០​ហិ​កតា​ឯណោះ និង​កំណត់​ប្រភេទ​ដើម​មេ​សំខាន់​ៗ គឺ​ចំនួន​១០០​ប្រភេទ ។ អីចឹង បញ្ហា​ទំនាស់​ដីធ្លី ព្រំប្រទល់​អត់​ច្បាស់ ការ​រំលោភ​បំពាន​ពី​អ្នក​ជុំវិញ​នឹង​កើតឡើង ព្រោះ​វា​មិន​ដូច​ដី​ធម្មតា​ទេ យើង​ត្រូវ​ការ​បង្កើត​វា​យ៉ាងតិច​១០​ឆ្នាំ​ទើបបាន​ផល ។ បើ​មានការ​រំលោភ​បំពាន​ហើយ គឺ​យើង​ពិបាក​នឹង​ធ្វើការ​ដោះស្រាយ​ណាស់ ពេល​នោះ ការ​ខាតបង់​កាន់តែ​ធ្ងន់ធ្ងរ​ទៅ ដោយ​សារ​យើង​ចំណាយ​ថវិកា​ទៅ​លើ​វា​ច្រើន ។ ដូចនេះ យើង​ត្រូវការ​សហការ​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ដូច​ជា​អាជ្ញាធរ​ដែនដី មន្ត្រី​រដ្ឋបាល​ព្រៃឈើ​មូលដ្ឋាន វិទ្យាស្ថាន​ស្រាវជ្រាវ​ពី​សហគមន៍​មូលដ្ឋាន និង​អ្នក​រស់នៅ​ក្បែរ​តំបន់​នោះ ពួក​គាត់​ត្រូវ​ផ្ដល់​ការ​គាំទ្រ ទើប​ទទួល​បាន​ជោគជ័យ​ទាំងអស់​គ្នា » ។

ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ព្រៃឈើ​-​សត្វព្រៃ លោក​បណ្ឌិត សុខ ហេង បាន​បញ្ជាក់​ថា ៖« រុក្ខជាតិ​មួយ​ចំនួន​វា​ដុះ​តែ​នៅ​ស្រុក​ខ្មែរ​ទេ អីចឹង យើង​អាច​ចាត់​ទុក​វា​ជា​ឈើ​សំខាន់ ទោះបី​វា​មាន​ប្រយោជន៍​សម្រាប់​សំណង់​ក្ដី ឱសថ​បុរាណ​ក្ដី ផ្នែក​លំហែ​កាយ ឬ​តុបតែង​ក្តី គឺ​វា​មាន​លក្ខណៈ​ពិសេស​ដែល​វា​ដុះ​នៅ​ស្រុក​ខ្មែរ អីចឹង យើង​ត្រូវ​ដើរ​រក​ប្រភេទ​រុក្ខជាតិ​ទាំងនោះ ដើម្បី​យក​មក​បង្កាត់​នៅ​ក្នុង​ចម្ការ​ពូជ​។ គោលដៅ​សំខាន់ គឺ​យើង​បង្កើត​ចម្ការ​សម្រាប់​បង្កាត់​ពូជឈើ​សំខាន់​ៗ​ក្នុង​រយៈពេល​១០​ឆ្នាំ គឺ​ធ្វើ​ឲ្យ​បាន​២០០​​ហិ​កតា បន្ទាប់​ពី​ឈើ​ទាំងនោះ​វា​ធំ​អស់​ទៅ យើង​បង្កាត់​វា​នៅ​ក្នុង​ចម្ការ​តែ​ម្ដង ហើយ​កូន​ដែល​ដុះ​មក​ល្អ គឺ​យើង​ទុក រីឯ​ដើម​អត់​ល្អ យើង​ដក​ចោល » ។

« យើង​មិនមែន​ដាំ​ដើម្បី​ធ្វើ​អាជីវកម្ម​ដើមឈើ​ទេ គឺ​យើង​បង្កាត់​វា​សម្រាប់​អភិរក្ស​ពូជ​ឲ្យ​នៅ​​រាប់​សិប​ឆ្នាំទៅ​មុខ ហើយ​អ្វី​ដែល​យើង​អាច​ដកហូត​ពី​ហ្នឹង គឺ​យក​គ្រាប់​ទៅ​ដាំ​នៅ​កន្លែង​​ផ្សេង​នៅ​ទូ​ទាំង​ប្រទេស » ។ នេះ​បើ​តាម​លោក​បណ្ឌិត សុខ ហេង បាន​បញ្ជាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ