ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដែលដឹងសោះ! ខ្មែរ-ឡាវ​រក្សា​ទម្លាប់យ៉ាងស្និទ្ធិបំផុត​​ រាល់​ព្រឹកព្រលឹម​​អុរ

6 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ ​ប្រជាពលរដ្ឋ​ខ្មែរ ​រស់នៅ​ក្នុង​ឃុំ​កំពង់​ស្រឡៅ​១ ស្រុក​ឆែប ខេត្តព្រះវិហារ ជាប់​ព្រំដែន​កម្ពុជា​-​ឡាវ​ បាន​រក្សា​ទំនាក់ទំនង​តាំងពី​ដូនតា​រហូត​ដល់​បច្ចុប្បន្ន​នេះ ​ជាមួយប្រជាពលរដ្ឋ​ស្រុក​មឿង​ខូង ប្រទេស​ឡាវ…

ខេត្តព្រះវិហារ ៖ ​ប្រជាពលរដ្ឋ​ខ្មែរ ​រស់នៅ​ក្នុង​ឃុំ​កំពង់​ស្រឡៅ​១ ស្រុក​ឆែប ខេត្តព្រះវិហារ ជាប់​ព្រំដែន​កម្ពុជា​-​ឡាវ​ បាន​រក្សា​ទំនាក់ទំនង​តាំងពី​ដូនតា​រហូត​ដល់​បច្ចុប្បន្ន​នេះ ​ជាមួយប្រជាពលរដ្ឋ​ស្រុក​មឿង​ខូង ប្រទេស​ឡាវ ជាប់មាត់​ទន្លេមេគង្គ​លើ ក្នុង​ការ​ផ្ដោះ​ប្ដូរ​ទំនិញ​គ្នា​ជា​ប្រចាំ​ថ្ងៃ​នៅ​លើ​ទឹកដី​កម្ពុជា ព្រមទាំង​រក្សា​បាន​នូវ​កិច្ច​សហប្រតិបត្តិការ​គ្នា​យ៉ាង​ល្អ​ រវាង​អាជ្ញាធរ​ទាំង​ពីរ​ប្រទេស​ទៀត​ផង ។

តាម​ការ​លើក​ឡើង​របស់​លោក វ៉ា​ន់ ម៉ុ​ត មេឃុំ​កំពង់​ស្រឡៅ​១ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា ជា​ទម្លាប់​តម​ក​តាំងពី​ដូនតា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ ដែល​ការ​ដោះ​ដូរ​ទំនិញ​រវាង​ប្រជាពលរដ្ឋ​ខ្មែរ​ រស់នៅ​ភូមិ​កំពង់​ស្រឡៅ​១ ឃុំ​កំពង់​ស្រឡៅ​១ ស្រុក​ឆែប ខេត្តព្រះវិហារ នៃ​ប្រទេស​កម្ពុជា ជាមួយ​ប្រជាពលរដ្ឋ​ស្រុក​មឿង​ខូង ប្រទេស​ឡាវ ប្រកបដោយ​ភាព​ស្និទ្ធស្នាល ។ រីឯ​អាជ្ញាធរ​ទាំង​ពីរ​ប្រទេស​វិញ ​ក៏​សហការ​គ្នា​បាន​ល្អជា​ប្រចាំ​ផង​ដែរ ដោយ​ពុំដែល​មាន​ជម្លោះ​អ្វី​នឹង​គ្នា​នៅ​តំបន់​នោះ​ឡើយ ។

លោក​មេឃុំ​វ័យ​ចំណាស់​រូប​នេះ បាន​លើក​ឡើង​ទៀត​ថា ការ​ផ្តោះ​ប្តូរ​ទំនិញ​រវាង​ប្រជាជន​ទាំង​ពីរ​ប្រទេស​នេះ​មាន​ដូច​ជា​ចំណីអាហារ បន្លែ និង​ផ្លែ​ឈើ​ជា​ច្រើន​ប្រភេទ ។ កាលពីដើម​ឡើយ ប្រជាពលរដ្ឋ​ឡាវ​តែង​តែ​ដឹក​ទំនិញ​តាម​ទូក​ឆ្លងទន្លេ​មេគង្គ​លើ​មក​រែកលក់​នៅ​ទឹកដី​កម្ពុជា ដោយ​ដើរ​លក់​ពេញ​ក្នុងភូមិ ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ដោយ​ឃើញ​ថា កិច្ច​សហប្រតិបត្តិការ​គ្នា​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​ អាជ្ញាធរ​ឃុំ​កំពង់​ស្រឡៅ​១​របស់​កម្ពុជា បាន​រៀបចំ​ទីតាំង​មួយ​ជាប់មាត់​ទន្លេ​តែ​ម្តង​ សម្រាប់​អាជីវករ​ខ្មែរ​-​ឡាវ​ងាយស្រួល​ផ្តោះ​ប្តូរ​ទំនិញ​នៅ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​កំពង់​ស្រឡៅ ឃុំ​កំពង់​ស្រឡៅ​១ ។

លោក វ៉ា​ន់ ម៉ុ​ត បន្ត​ថា ចាប់តាំងពី​ឆ្នាំ​១៩៩៣​ដល់​ឆ្នាំ​២០០០​កន្លង​ទៅ ឃុំ​កំពង់​ស្រឡៅ​នេះ ពុំ​មាន​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​ព្រះ​វិហារ​នោះ​ទេ រាល់​ការ​ធ្វើ​ពាណិជ្ជកម្ម និង​វិស័យ​សុខាភិបាល​បាន​ពឹងផ្អែក​លើ​ភាគី​ឡាវ​ស្ទើរ​ទាំងស្រុង ។ រីឯ​ប្រជាពលរដ្ឋ​នៅ​ទីនោះ​វិញ ក៏​ពុំ​សូវ​ប្រើប្រាស់​ភាសា​ខ្មែរ​ដែរ ដោយ​ការ​និយាយ​ស្តី​សុទ្ធសឹងតែ​ភាសា​ឡាវ​ទាំង​ក្មេង​ទាំង​ចាស់ ។ លោក​បាន​រំលឹក​ថា កាលពីមុន នៅ​ពេល​ប្រជាពលរដ្ឋ​ឃុំ​កំពង់​ស្រឡៅ​មាន​ជំងឺ​ម្តង​ៗ​ពុំ​អាចដឹក​អ្នកជំងឺ​ទៅ​កាន់​មណ្ឌល​សុខភាព​នៅ​ទីប្រជុំជន​ស្រុក​ឆែប ឬ​ក្រុង​ព្រះ​វិហារ បាន​ទេ មាន​តែ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ខាង​ទឹកដី​ឡាវ ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ការ​អភិវឌ្ឍ​នៅ​ឃុំ​កំពង់​ស្រឡៅ ឃើញ​ថា​មានការ​រីក​ចម្រើន​ទាំង​វិស័យ​អប់រំ វិស័យ​សុខាភិបាល មាន​ផ្លូវ​គមនាគមន៍​ធ្វើ​ដំណើរ​ចេញចូល​ទៅ​កាន់​ទីប្រជុំជន​ក្រុង​ព្រះ​វិហារ​បាន​យ៉ាង​ងាយស្រួល​បំផុត ធ្វើ​ឲ្យ​តំបន់​ព្រំដែន​មួយ​នេះ កាន់តែ​មាន​សភាព​អ៊ូអរ​ខ្លាំង​ឡើង​ថែម​ទៀត ។

អាជីវករ​ខ្មែរ​ម្នាក់​នៅ​ទីនោះ​បាន​ឲ្យ​ដឹង​ថា ជា​ទូទៅ​នៅ​ទីនោះ​អាជីវករ​ខ្មែរ​-​ឡាវ​បាន​ចាប់ផ្តើម​ផ្តោះ​ប្តូរ​ទំនិញ​គ្នា​រៀងរាល់ថ្ងៃ​ចាប់ពី​ម៉ោង​៥​ភ្លឺ រហូត​ដល់​ម៉ោង​៨​ទៅ​ម៉ោង​៩​ព្រឹក ទើប​អាជីវករ​ឡាវ​ត្រឡប់​ទៅ​ទឹកដី​ពួក​គាត់​វិញ ។ អាជីវករ​ដដែល​បញ្ជាក់​ថា ការ​ផ្តោះ​ប្តូរ​ទំនិញបែប​នេះ បាន​ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​ប្រជា​ជនប្រទេស​ទាំង​ពីរ​ធូរធារ​មួយ​កម្រិត​ថែម​ទៀតក្រៅពី​ការងារ​ស្រែ​ចម្ការ ។ ជា​ពិសេស​នោះ បាន​រួម​ចំណែក​ថែរក្សា​ប្រពៃណី​នៃ​ការ​ផ្តោះ​ប្តូរ​ទំនិញ និង​ការ​ទំនាក់ទំនង​រវាង​ប្រជាពលរដ្ឋ​ប្រទេស​ទាំង​ពីរ​កាន់តែ​ល្អ​ថែម​ទៀត ។

គួរ​រំលឹក​ថា បើ​យើង​គិត​ពី​ចម្ងាយ​ផ្លូវ​ពី​ទីប្រជុំជន​ក្រុង​ព្រះ​វិហារ ឆ្ពោះទៅ​កាន់​ឃុំ​កំពង់​ស្រឡៅ មាត់ទន្លេ​មេគង្គ​លើ​ជាប់​ព្រំដែន​ឡាវ​នេះ​មាន​ចម្ងាយ​ប្រមាណ​ជា​១២៩​គីឡូម៉ែត្រ ដោយ​មាន​ផ្លូវ​គមនាគមន៍​ក្រាល​ក្រួស​ក្រហម ងាយស្រួល​ធ្វើ​ដំណើរ​ទៅ​កាន់​ទីនោះ​ទាំង​រដូវប្រាំង និង​រដូវវស្សា ។ បើ​ប្រៀប​នឹង​ឆ្នាំ​២០០០​កន្លង​ទៅ សូ​ម្បី​តែ​ផ្លូវ​ម៉ូតូ​ក៏​គ្មាន​ធ្វើ​ដំណើរ​បាន​ដែរ គឺ​អាច​ធ្វើ​ដំណើរ​បាន​តាម​រទេះគោ ឬ​ថ្មើរជើង​ប៉ុណ្ណោះ និង​ប្រើ​ពេល​ជា​ច្រើន​ថ្ងៃ​ទើប​ទៅ​ដល់​តំបន់​ព្រំដែន​កម្ពុជា​-​ឡាវ​នេះ ។ដោយឡែក​ការ​ផ្តោះ​ប្តូរ​ទំនិញ នៅ​ជាប់មាត់​ទ​ន្ល​មេគង្គ​លើ​ជា​ប្រចាំ​ថ្ងៃនេះ ភាគី​កម្ពុជា​មាន​ទំនិញ​ដូច​ជា សាច់​គោ សាច់​ជ្រូក ប្រេងសាំង ម្ហូបអាហារ ជាដើម រីឯ​ភាគី​ឡាវ​មាន​ដូច​ជា បន្លែ​ធម្មជាតិ នំចំណី មាន់ ទា ត្រី​ជាដើម ៕

អត្ថបទសរសេរ ដោយ