រាជធានីភ្នំពេញ ៖ រថយន្តតន្ត្រីទិព្វខ្មែរនិងអង្គការសិល្បៈខ្មែរអមតៈ បានប្រកាសរួមគ្នាអំពីកិច្ចសហការ៥ឆ្នាំ ដែលរថយន្តតន្ត្រីទិព្វខ្មែរ នឹងក្លាយជាកម្មវិធីមួយរបស់អង្គការសិល្បៈខ្មែរអមតៈ ដើម្បីផ្សព្វផ្សាយសិល្បៈបុរាណនៅទូទាំងប្រទេស ។
ការចូលរួមនេះនឹងធ្វើឲ្យរថយន្តតន្ត្រីទិព្វខ្មែរកាន់តែមានសមត្ថភាពពេញលេញក្នុងការនាំទម្រង់សិល្បៈខ្មែរ កម្រៗទៅផ្សព្វផ្សាយ និងសម្ដែងទូទាំងប្រទេសកម្ពុជាកាន់តែច្រើនជាងមុន ក៏ដូចជាអភិរក្សទម្រង់សិល្បៈទាំងនោះឲ្យគង់វង្សស្ថិតស្ថិរសម្រាប់កូនខ្មែរជំនាន់ក្រោយ ជាពិសេសគម្រោង ថ្មីៗរបស់ខ្លួនដូចជាការផលិតឧបករណ៍ភ្លេង និងការឧបត្ថម្ភសកម្មភាពសិល្បករនៅសហគមន៍ចំនួនពីរនៅអារ៉ែង និងខេត្តឧត្តរមានជ័យ ។
កាន់តែពិសេស ទាំងរថយន្តតន្ត្រីទិព្វខ្មែរ និងសិល្បៈខ្មែរអមតៈ នឹងរួមគ្នាលើការពង្រីកការទាក់ទងជាមួយសហគមន៍ខ្មែរនៅបរទេស ដូចជាគម្រោងនាំយកសិល្បកររថយន្តតន្ត្រីទិព្វខ្មែរទៅធ្វើបទបង្ហាញ និងសម្ដែងទម្រង់សិល្បៈខ្មែរកម្រៗនៅសហគមន៍ខ្មែរនៅសហរដ្ឋអាមេរិក។ ព្រមទាំងការអនុវត្តបច្ចេកវិទ្យាទំនើប (កាមេរ៉ា៣៦០) ក្នុងការរក្សាទុក និងផ្សព្វផ្សាយអំពីទម្រង់សិល្បៈ និងឧបករណ៍ភ្លេង កម្រៗផងដែរ ។ តាមរយៈការងារទាំងនេះ រថយន្តតន្ត្រីទិព្វខ្មែរនឹងអាចរក្សាបេសកកម្មរបស់ខ្លួនប្រកបដោយនិរន្តរភាព និងពេញលេញក្នុងរយៈពេលវែង ។
ក្រៅពីការប្រកាសនេះក៏នៅមានការប្រគំឧបករណ៍តន្ត្រី កម្រៗជាច្រើនប្រភេទ ជាពិសេសឧបករណ៍គែន ដោយសិល្បករពីខេត្តឧត្តរមានជ័យ ដែលជាសិល្បករតែមួយគត់នៅកម្ពុជាចេះចាំ និងអាចប្រគំឧបករណ៍នេះបាន ។
ចាប់តាំងពីការបង្កើតឡើងនៅចុងឆ្នាំ២០១៣ រហូតមកដល់ពេលនេះ រថយន្តតន្ត្រីទិព្វខ្មែរ បានរៀបចំការប្រគំតន្ត្រី ធំៗ៣០ដង និងសកម្មភាពសិល្បៈរយៈពេលខ្លីជាច្រើននៅតាមតំបន់ និងសហគមន៍នានាទូទាំងប្រទេស ។
រថយន្តតន្ត្រីទិព្វខ្មែរមានបេសកកម្មនាំយកតន្ត្រីបុរាណទៅកាន់ភូមិនានាទូទាំងប្រទេសកម្ពុជា ជាពិសេសតំបន់ជនបទដាច់ស្រយាលដែលពុំសូវមានឱកាសបានទស្សនាផ្ទាំងទស្សនីយភាព ។ រថយន្តតន្ត្រីទិព្វខ្មែរ ជាគម្រោងឯករាជ្យបង្កើតឡើងដោយលោកអាន ចនផន ជាស្ថាបនិក និងSteve RIEGE ក្នុងឆ្នាំ២០១២ ។
ពួកគាត់ធ្លាប់បានទស្សនាការសម្ដែងរបស់តាហៃ នៅតំបន់ដាច់ស្រយាលមួយខេត្តឧត្តរមានជ័យ និងបានឃើញអ្នកភូមិចេញមកស្ដាប់ការប្រគំតន្ត្រីបុរាណដោយផ្ទាល់ជាលើកទីមួយក្នុងជីវិត ។ ដូច្នេះគម្រោងរថយន្តតន្ត្រីទិព្វខ្មែរក៏ចាប់ផ្ដើមឡើងដោយចេញសម្ដែងទូទាំងប្រទេសកម្ពុជា ដោយមានអ្នកនាងថន សីម៉ា ដឹកនាំ ។ រហូតមកដល់ពេលនេះគម្រោងបានចេញសម្ដែងគ្រប់ខេត្តនៅប្រទេសកម្ពុជាហើយរថយន្តតន្ត្រីទិព្វបានក្លាយជាកម្មវិធីមួយរបស់អង្គការសិល្បៈខ្មែរអមតៈក្នុងឆ្នាំ២០១៧ ដូច្នេះអាចធ្វើការរួមគ្នាដើម្បីពង្រីកវិសាលភាពការងារនិងឱកាសសម្ដែងផងដែរ ៕
ចែករំលែកព័តមាននេះ